វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានប្រហារជីវិតបន្ថែមទៀត 77នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ អាជ្ញាធរបានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារ(ទី3មីនា) ខណៈដែលអគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានក្លាយជាមន្ត្រីលំដាប់ខ្ពស់ក្រោយគេបំផុតដែលឆ្លងមេរោគមរណៈមួយនេះ។ នេះបើតាមរបាយការណ៍ព័ត៌មានរបស់AFP។
អ៊ីរ៉ង់កំពុងប្រវេប្រវាក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុស COVID-19 ដែលកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ដោយបានកំណត់វិធានការផ្សេងៗជាច្រើន ទាំងបិទសាលារៀន និងមហាវិទ្យាល័យ រួមទាំងផ្អាករាល់កិច្ចការងារខាងផ្នែកវប្បធម៌ និងកីឡាសំខាន់ៗ ព្រមទាំងកែសម្រួលម៉ោងពេលធ្វើការទៀតផង។
នៅថ្ងៃអង្គារ(ទី3មីនា) អ៊ីរ៉ង់បានថ្លែងអំពីការរកឃើញអ្នកស្លាប់បន្ថែមទៀត 11នាក់ និងរកឃើញអ្នកឆ្លងមេរោគថ្មីទៀត 835នាក់ ដែលអាចរាប់បានថា ជាថ្ងៃដែលកើនឡើងច្រើនបំផុត រាប់ចាប់ពីមេរោគចាប់ផ្ដើមឆ្លងរាលដាលចូលមកក្នុងប្រទេសមួយនេះកាលពីជិត 2សប្ដាហ៍មុន។
“តាមរយៈព័ត៌មានចុងក្រោយបំផុត មានអ្នកជំងឺថ្មីកើនឡើង 835នាក់” លោក អាលីរេហ្សា រ៉ៃហ្ស៊ី រដ្ឋមន្ត្រីស្ដីទីក្រសួងសុខាភិបាលនៃប្រទេសអ៊ីរ៉ង់ថ្លែង “ជាគ្រោះដ៏សែនអាក្រក់ យើងមានអ្នកស្លាប់កើនឡើង 11នាក់ និងដោយចំនួននេះ ធ្វើឱ្យតួលេខអ្នកឆ្លងមេរោគរបស់យើងកើនឡើងដល់ 2,336នាក់ និងស្លាប់សរុប 77នាក់”។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានបង្ហើបឱ្យដឹងថា លោក ភីហស់ហ្សេន ខូលីវ៉ាន់ អគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ ដែលជាមន្ត្រីលំដាប់ខ្ពស់ គឺជាអ្នកឆ្លងមេរោគ COVID-19 ថ្មីបំផុតនៅក្នុងប្រទេស។
ការអះអាងនេះ បានកើតឡើង 1ថ្ងៃក្រោយពីទីភ្នាក់ងារព័ត៌មាន ថាស្នីម នីវស៍ បានរាយការណ៍ថា វីរុសបានប្រហារជីវិតលោក ម៉ូហាម៉ាដ មីម៉ូហាំម៉ាឌី សមាជិកសភាអ្នកសម្រេចកិច្ចការ ដែលជាទីប្រឹក្សារបស់មេដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់។
មូលហេតុនៃការស្លាប់នេះ មិនទាន់កើតមានឡើងទេ បន្ទាប់ពីលោក ម៉ាហ្ស៊ូមេ អេបតេការ អនុប្រធានាធិបតីផ្នែកកិច្ចការស្ត្រី និងគ្រួសារ និងលោក អ៊ិរ៉ាច ហារីឈី អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានរកឃើញថា ឆ្លងមេរោគ COVID-19។
អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ថា វិធានការបិទសាលារៀនទូទាំងប្រទេសអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃសៅរ៍(ទី29កុម្ភៈ) ដោយសារតែការឆ្លងរាលដាលរបស់វីរុស នឹងត្រូវពង្រីកពេលវេលាចេញទៅរហូតដល់ចុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតនៅក្រៅប្រទេសចិនដែលជាចំណុចចាប់ផ្ដើមនែការឆ្លងរាតត្បាត៕
ប្រភព ៖ សារព័ត៌មានបរទេស





លោក Duane Tanouye ដែលមានវត្តមាននៅក្នុងផ្សារ Costco បានឱ្យដឹងថា មនុស្សជាង200នាក់បានមកតម្រង់ជួរនៅខាងក្រៅផ្សារ រង់ចាំទិញទំនិញ។ នៅទីនេះ អតិថិជន មិនអាចទិញទំនិញឱ្យលើសពីការកំណត់របស់ផ្សារទំនើបនេះនោះទេ។ ប៉ុន្តែ មនុស្សជាច្រើននៅតែប្រឹងរើសយកទំនិញទៅតាមការចង់បានរបស់ពួកគេ។
នៅរដ្ឋ New York ប្រជាជនក៏មានការភ័យព្រួយ ខ្លាចខ្វះអាហារ និងរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ បន្ទាប់ពីស្រ្តីម្នាក់នៅក្នុងខណ្ឌ Manhanttan មានផ្ទុកមេរោគកូរ៉ូណា ក្រោយពីបានត្រឡប់មកពីប្រទេសអ៊ីរ៉ង់។ ពលរដ្ឋនៅតំបន់នេះ ក៏នាំគ្នាសម្រុកទៅទិញទំនិញឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បុគ្គលិកម្នាក់របស់ផ្សារទំនើប Whole Foods Market បានឱ្យដឹងថា ផ្សារទំនើបនេះ កំពុងតែខ្វះទំនិញជាច្រើនមុខ ក្នុងនោះក៏មានទឹកសុទ្ធ និងអាហារក្រៀមជាដើម។ ចំណែកទំនិញដែលលក់ដាច់់បំផុត មានដូចជាទឹកថ្នាំលាងដៃ ថ្នាំបញ្ចុះកម្ដៅ ទឹកសុទ្ធ អង្ករ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ដូចជាក្រដាសអនាម័យ កន្សែងត្រជាក់ និងក្រដាសជូតមុខ។ល។
ក្រៅពីបណ្ដាផ្សារទំនើបនានាខាងលើនេះ គេក៏ឃើញមានផ្សារទំនើបនៅក្នុងតំបន់ផ្សេងៗនៃសហរដ្ឋអាមេរិក ក៏ត្រូវប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ។
Nancy Messonnier ដែលជាមន្ត្រីម្នាក់ធ្វើការនៅមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងនៅអាមេរិក កាលពីថ្ងៃទី25កុម្ភៈ បានព្រមានអំពីផលប៉ះពាល់របស់រោគរាតត្បាត Covid-19 គឺពិតជាធំធេង ហើយការដែលមេរោគនេះឆ្លងរាលដាលទ្រង់ទ្រាយធំនៅអាមេរិក គឺជា “រឿងដែលមិនអាចគេចផុត”។ ក្រុមមន្ត្រីបានណែនាំឱ្យពលរដ្ឋចាប់ផ្ដើមអនុវត្តវិធានការទប់ស្កាត់រោគរាតត្បាតនេះ។
កាកបាទក្រហមសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានណែនាំឱ្យប្រជាជនត្រៀមអាហារក្រៀម និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងថ្នាំពេទ្យមួយចំនួនដែលអាចប្រើប្រាស់បាន30ថ្ងៃ ដើម្បីត្រៀមសម្រាប់គ្រាដែលអាសន្នរោគនេះឆ្លងរាលដាលខ្លាំង៕



អ៊ីរ៉ង់ គឺជាប្រទេសដែលមានអ្នកស្លាប់ដោយសារអាសន្នរោគកូរ៉ូណា ច្រើនជាងគេក្នុងលោក បន្ទាប់ពីប្រទេសចិន ដោយមានអ្នកស្លាប់66នាក់។