Tag: កូរ៉ូណា

  • អភិបាល​តំបន់2រូប​របស់​ប្រទេស​អ៊ីតាលី បាន​ឆ្លង​ Covid-19! អ៊ីតាលី​ក្លាយ​ជា​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​ជាង​គេ​លំដាប់​ទី2 នៅ​ក្នុង​…

    អភិបាល​តំបន់2រូប​របស់​ប្រទេស​អ៊ីតាលី បាន​ឆ្លង​ Covid-19! អ៊ីតាលី​ក្លាយ​ជា​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​ជាង​គេ​លំដាប់​ទី2 នៅ​ក្នុង​…

    អភិបាល​តំបន់ Piedmont លោក Alberto Cirio ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា Covid-19 ក្លាយ​ជា​អ្នក​ដឹក​នាំ​តំបន់​ទី​2 របស់​អ៊ីតាលី ដែល​បាន​ឆ្លង​មេរោគ​នេះ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ 24ម៉ោង​កន្លងប៉ុណ្ណោះ​។

    តំបន់ Piedmont ស្ថិត​នៅ​ក្នុង​ភាគ​ពាយព្យ​នៃ​ប្រទេស​អ៊ីតាលី ដោយ​មាន​ទីក្រុង​ធំ​ឈ្មោះ Turin។ នេះ​គឺជា​តំបន់​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​បំផុត​លំដាប់​ទី4 ដោយ​សារ​វីរុស​ Covid-19 នៃ​ប្រទេស​នេះ​។

    អភិបាល​តំបន់ Piedmont លោក Alberto Cirio

    នៅ​មុន​ករណី​​ឆ្លង​រោគ​របស់​​​អភិបាល​តំបន់ Piedmont អភិបាល​តំបន់ Lazio លោក Nicola Zingaretti អាយុ​54ឆ្នាំ កាល​ពី​ថ្ងៃទី​7មីនា ក៏​បាន​ប្រកាស​ថា បាន​ឆ្លង​រោគ​រាតត្បាត​ Covid-19 នេះ​ដែរ​ ប៉ុន្តែ​ លោក​ឱ្យ​ដឹង​ថា លោក​នៅ​មាន​សុខ​ភាព​ល្អ​នៅ​ឡើយ​។ លោក Zingaretti ក៏ជា​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​អ៊ីតាលី ហើយ​បក្ស​នេះ​ បាន​រួម​ដៃ​ជាមួយ​ចលនា​ផ្កាយ5 (Five Star Movement) បង្កើត​បាន​ជា​រដ្ឋាភិបាល​ចម្រុះ​ ដឹក​នាំ​ប្រទេស​អ៊ីតាលីផងដែរ​។

    លោក Zingaretti ​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ និង​ជា​អភិបាល​តំបន់ Lazio

    ប្រទេស​អ៊ីតាលី បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ចំនួន​ 1,492​នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នកបាន​ឆ្លង​វីរុស​នេះ​ កើន​ដល់​ 7,375នាក់​។ បច្ចុប្បន្ន ប្រទេស​នេះ បាន​ក្លាយជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​ទី2 ជំនួស “តំណែង” របស់​​កូរ៉េខាង​ត្បូង៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជិត 110,000នាក់ បាន​ឆ្លង​វីរុស Covid-19 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​…

    មនុស្ស​ជិត 110,000នាក់ បាន​ឆ្លង​វីរុស Covid-19 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​…

    វីរុស​ Covid-19 បាន​ឆ្លង​រាល​ដាល​ទៅ​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ 104 នៅ​ទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ 109,840នាក់បាន​ឆ្លង​ជំងឺ​នេះ ក្នុង​នោះមាន​អ្នក​ជំងឺ​ 3,805នាក់​ បាន​បាត់​បង់​ជីវិត​។

    ចំនួន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ Covid-19 នៅ​ប្រទេស​អ៊ីតាលី និង​អ៊ីរ៉ង់ នៅ​តែ​បន្ត​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ អ៊ីតាលី បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ចំនួន​ 1,492​នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នកបាន​ឆ្លង​វីរុស​នេះ​ កើន​ដល់​ 7,375នាក់​ ខណៈ​ដែល​អ្នក​បាន​ឆ្លង​ជំងឺ​នេះ​នៅ​អ៊ីរ៉ង់​ គឺ 6,566នាក់​ កើន​ 743នាក់​ បើ​ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។ ដូច្នេះ អ៊ីតាលី បាន​ក្លាយជា​សម្បុក​មេរោគ​កូរ៉ូណា​ធំបំផុត​ទី2 ជំនួស “តំណែង” របស់​​កូរ៉េខាង​ត្បូង។

    អ៊ីតាលី នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 ច្រើន​ជាង​គេ​លំដាប់​ទី​2 បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ស្លាប់​366នាក់ កើន​133ករណី ធៀបនឹង​មុន​នេះ​1ថ្ងៃ​។ ប្រទេស​នេះ​បាន​ដាក់​បម្រាម​គោចរ​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​សម្បុក​មេរោគ Lombardy និង​ខេត្ត​ចំនួន​11 នៅ​ក្នុង​តំបន់ Emilia-Rmagna តំបន់ Veneto តំបន់ Piedmont និង​តំបន់ Marche ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​រោគ​រាតត្បាត​ Covid-19។

    ប្រទេស​កូរ៉េខាង​ត្បូងវិញ មាន​អ្នក​ឆ្លងរោគ​កូរ៉ូណា​នេះ​ ចំនួន​7,314​នាក់ គឺ​កើន​272ករណី ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។ ចំណែក​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​រលាកសួត​ដែល​បង្ក​ឡើង​ដោយ​វីរុស​ Covid-19នេះ បាន​ឡើង​ដល់​50នាក់​។

    ប្រទេស​ចិន មិន​ទាន់​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​តួលេខ​ថ្មី​សម្រាប់​ព្រឹក​នេះ​នៅឡើយ​ ប៉ុន្តែ ព័ត៌មាន​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ មានអ្នក​ផ្ទុកមេរោគ​រាត​ត្បាត​កូរ៉ូណាចំនួន​ 80,699នាក់ ក្នុង​នោះ អ្នក​ជំងឺ​ចំនួន 3,803នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​បារាំង​ មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ចំនួន 1,126​នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ចំនួន19នាក់ ខណៈប្រទេស​អាល្លឺម៉ង់​មាន​អ្នក​ឆ្លង​មេរោគ​នេះ ចំនួន 1,040នាក់។

     

    ក្រៅពី​បណ្ដា​ប្រទេស​ខាង​លើ ក៏នៅ​មាន​ប្រទេស​ជា​ច្រើន មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ច្រើន​ផង​ដែរ​ មាន​ដូច​ជា​ ប្រទេស​អេស្ប៉ាញ មាន​អ្នក​ផ្ទុក​មេរោគ​​កូរ៉ូណា​ចំនួន 673នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ 17នាក់​។ សហ​រដ្ឋ​អាមេរិក មាន​អ្នក​ផ្ទុក​មេរោគ​ 531នាក់ កើន​ឡើង​96នាក់ បើ​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​ដែរ អ្នក​ស្លាប់មាន​ចំនួន​21​នាក់​។

    មេរោគ​រាត​ត្បាត​ Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​នៅ​តំបន់ Wuhan ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​វា​បាន​ឆ្លង​រាល​ដាល​ទៅ​ប្រទេស និង​ដែនដី​ចំនួន 104​ ក្នុង​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ជិត 110,000​​នាក់​ បាន​ឆ្លង​រោគនេះ ក្នុង​នោះមាន​មនុស្ស​ 3,805​នាក់​បាន​ស្លាប់ និង​ជិត 61,000​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អ្នក​ផ្ទុកវីរុស​ Covid-19​ ម្នាក់នៅ​អាមេរិក បាន​ចូល​រួមក្នុង​កិច្ចប្រជុំ​​មួយ​ដែល​មាន​លោកក​ Trump និង​លោក Mike Pence

    អ្នក​ផ្ទុកវីរុស​ Covid-19​ ម្នាក់នៅ​អាមេរិក បាន​ចូល​រួមក្នុង​កិច្ចប្រជុំ​​មួយ​ដែល​មាន​លោកក​ Trump និង​លោក Mike Pence

    មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 បាន​ចូល​រួម​សន្និសីទ​នយោបាយ​មួយ​នៅ​ក្បែរ​​រដ្ឋធានី​ Washington ដែល​មាន​ការ​ចូល​រួម​របស់​លោក Trump និង​មន្ត្រី​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​​ជា​ច្រើន​រូប​​ផងដែរ​។

    នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ឈ្មោះ​ថា “សន្និសីទសកម្មភាពនយោបាយអភិរក្សនិយម” ហៅ​កាត់​ថា CPAC​(Conservative​ Political Action Conference) ដែល​មាន​វត្តមាន​របស់​អ្នក​ជំងឺ​កូរ៉ូណាម្នាក់​ខាង​លើនេះ និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Maryland នៃ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​26 ដល់​ថ្ងៃទី29 ខែ​មីនា​ ឆ្នាំ​2020នោះ គេ​ឃើញ​ថា​មាន​ការ​ចូល​រួម​របស់​មន្ត្រី​ជាន់​ខ្ពស់អាមេរិក​​ជា​ច្រើន​រូប​ ដូច​ជា​ប្រធានាធិបតី​អាមេរិក​ Donald Trump អនុប្រធានា​ធិបតីអាមេរិក​ Mike Pence។ល។

    សហភាព​អភិរក្ស​អាមេរិកាំង ACU (American Conservative Union) ដែល​ជា​អ្នក​រៀប​ចំកិច្ច​ប្រជុំ​នេះ បាន​ឱ្យ​ដឹង​ថា “ម្នាក់​នេះ​បាន​ឆ្លង​មេរោគ​ មុន​ពេល​មកចូលរួម​កិច្ច​ប្រជុំ។ មន្ទីរពេទ្យ​នៅ New Jersey បាន​បង្ខាំង​អ្នក​ជំងឺ​នេះ និង​បាន​​ធ្វើ​តេស្ត​រក​មេរោគ​ ហើយ​ក្រោយ​មក មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់ស្កាត់​រោគ​ឆ្លង​របស់សហរដ្ឋ​​អាមេរិក បាន​បញ្ជាក់​ថា​ មនុស្ស​នេះ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ពិត​មែន​”។

    “អ្នក​ជំងឺ​នេះ​មិន​បាន​នៅ​ក្បែរ​ប្រធានាធិបតី ឬ​អនុប្រធានាធិបតី​ និង​មិន​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការ​សំខាន់​​នៃ​កិច្ច​ប្រជុំ​នេះ​ទេ​” នេះ​បើ​តាម​ ACU។

    សហរដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​អ្នក​ជំងឺ​ Covid-19 ចំនួន 433នាក់​ ក្នុង​នោះ​មាន​ 17នាក់​បាន​ស្លាប់​ ខណៈ​នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​ និង​ដែន​ដី​ចំនួន102 បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​ដែរ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 106,165​នាក់ ដោយ​បូករួម​ទាំង​អ្នកដែល​បាន​​ស្លាប់​ចំនួន​ 3,594​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ជនជាតិ​ខ្មែរ​ដែល​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ

    លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ជនជាតិ​ខ្មែរ​ដែល​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ

    សមាជិក​ចំនួន​3​រូប (​ប្រពន្ធ ប្អូន និង​ប្អូនថ្លៃ) របស់​អ្នក​ជំងឺកូរ៉ូណា​ម្នាក់​ ដែល​ជា​បុរស​វ័យ​38ឆ្នាំ​នៅ​ក្រុង​សៀម​រាប ដែល​បាន​ឆ្លង​មេរោគពី​ជនជាតិ​ជប៉ុន ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ពួកគេ​មិន​មាន​ផ្ទុក​មេរោគ​នេះ​នោះ​ទេ​។

    ​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នានា បណ្តាល​​មក​ពី​រោគ​រាត​ត្បាត​ Covid-19 លោក ទៀ សីហា​ បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ជាប់ពាក់​ព័ន្ធ​​ផ្ទាល់ចំនួន​4​នាក់ ជាមួយ​ជនជាតិ​ជប៉ុន​កន្លង​មក គឺ​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ម្នាក់ គឺ​បុរស​វ័យ38ឆ្នាំ​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ម្សិល​មិញ។

    ចំណែកមនុស្ស​3នាក់ (ដែល​ជា​ប្រពន្ធ ប្អូន និង​ប្អូនថ្លៃរបស់​អ្នក​ជំងឺ​កូរ៉ូណាដែល​ជា​ជន​ជាតិ​ខ្មែរខាងលើ) ​ដែល​​ជាប់​ទាក់​ទិន​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​វ័យ​38ឆ្នាំខាងលើ​ គឺ​មិន​មាន​ផ្ទុក​មេរោគ​ Covid-19 នោះ​ទេ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ទៀ សីហា​ អភិបាលខេត្ត​សៀមរាប។

    គិត​មក​ដល់​ពេល​នេះ កម្ពុជា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​2នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ជន​ជាតិ​ចិន បាន​ជាសះស្បើយរួច​ហើយ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ ដែល​ពេល​នេះ​កំពុង​ទទួល​ការ​ព្យា​បាល​ និង​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ នៅ​ឯមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប។

    នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​ និង​ដែន​ដី​ចំនួន102 បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​ដែរ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 106,165​នាក់ ក្នុង​នោះ​មាន​ 3,594​នាក់​បាន​បាត់​បង់​ជីវិត​៕

  • មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​អ៊ីតាលី ឆ្លង​វីរុស​ Covid-19 ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ក៏ត្រូវ​បង្ខាំង​ខ្លួន…

    មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​អ៊ីតាលី ឆ្លង​វីរុស​ Covid-19 ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ក៏ត្រូវ​បង្ខាំង​ខ្លួន…

    Nicola Zingaretti ដែល​ជា​មេដឹក​នាំ​របស់​បក្ស​ប្រជាធិបតេយ្យ​ដែល​ស្ថិត​ក្នុង​សម្ព័ន្ធ​ភាព​នៃ​ក្រុម​គ្រប់​គ្រង​អំណាច​របស់​អ៊ីតាលី បាន​ឱ្យ​ដឹង​ថា លោក​បាន​ឆ្លង​មេរោគ Covid-19 បន្ទាប់​ពី​បាន​ធ្វើ​តេស្ត។

    “លោក​គ្រូពេទ្យ​ប្រាប់​ថា ខ្ញុំ​វិជ្ជ​មាន​ជាមួយ​នឹង​ Covid-19។ ប៉ុន្តែ ខ្ញុំ​មាន​សុខ​ភាព​ល្អ ហើយ​ខ្ញុំនឹង​នៅ​ផ្ទះ​មួយ​រយៈ​ពេល​។ ខ្ញុំ​នឹង​នៅ​តែ​បន្ត​តាម​ដាន​ការ​ងារ​ដែល​ត្រូវ​ធ្វើ​” នេះ​គឺជា​ការ​អះអាង​របស់​លោក Zingaretti អាយុ​54ឆ្នាំ ជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​របស់​អ៊ីតាលី។

    លោក Zingaretti ក៏បាន​ឱ្យ​ដឹង​ថា គ្រួ​សារ​របស់​លោក កំពុង​តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ ដើម្បី​​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ត​។

    មេដឹក​នាំ​រូប​នេះ​បន្ត​ថា “ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា ចូរ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរាត​ត្បាត​នេះ​។ ខ្ញុំ​នឹង​ធ្វើ​ជា​គំរូ និង​អនុវត្ត​តាម​ការ​កំណត់​របស់​ក្រុម​គ្រូពេទ្យ និង​អ្នក​វិទ្យា​សាស្ត្រ​ដែល​បាន​លើក​ឡើង​”។

    លោក Zingaretti គឺជា​មេដឹក​នាំ​របស់​បក្ស​ប្រជា​ធិបតេយ្យ​ (PD) តាំង​ពី​ឆ្នាំ​2019។ គណបក្ស​នេះ បាន​រួម​ដៃ​ជា​មួយ​បក្ស​ ចលនា​ផ្កាយ​5 (Five Star Movement) បង្កើត​បាន​ជា​រដ្ឋា​ភិបាល​ចម្រុះ​របស់​អ៊ីតាលី​។ ករណី​របស់​លោក​ Zingaretti បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងពី​សំណាក់​មន្ត្រី​រដ្ឋា​ភិបាល​ចម្រុះ​នេះ​ ព្រោះ​ថា មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ធ្លាប់​នៅ​ក្បែរ​លោក មុន​ពេល​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុក Covid-19។

    ចំណែក​​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​នៃ​ប្រទេស​អ៊ីតាលី លោក Stefano Patuanelli ក៏បាន​បង្ខាំង​ខ្លួន​ឯង​ បន្ទាប់​ពី​ជំនួយ​ការ​ម្នាក់​របស់​លោក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​។ រីឯ Attilio Fontana ដែល​ជា​អភិបាល​តំបន់ Lombardy (ដែល​ជា​តំបន់​សម្បុកមេរោគមួយ​របស់​អ៊ីតាលី) ក៏បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង 106,000នាក់​បាន​ឆ្លង​មេរោគ​ Covid-19 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​…

    ជាង 106,000នាក់​បាន​ឆ្លង​មេរោគ​ Covid-19 នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​…

    Covid-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​102 នៅ​ទូទាំង​ពិភព​លោក បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 106,011​នាក់​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​វា​ក៏​បាន​សម្លាប់​មនុស្ស​ 3,570នាក់​ផងដែរ​។

    តួលេខ​នៃ​ករណី​ឆ្លង​នៅ​អ៊ីតាលី និង​អ៊ីរ៉ង់ បាន​កើន​ឡើង​យ៉ាង​រហ័ស​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។ បច្ចុប្បន្ន អ៊ីតាលី បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​បន្ថែម​ 1,247​នាក់​ ធ្វើ​ឱ្យចំនួន​អ្នក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី​នៅ​ប្រទេស​នេះ​ កើន​ដល់ 5,883​នាក់​ ​ខណៈដែល​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​នៅ​អ៊ីរ៉ង់​គឺ 5,823នាក់។​

    អ៊ីតាលី នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ Covid-19 ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​អ៊ីរ៉ង់​មាន​អ្នក​ស្លាប់​ 233នាក់​ គឺ​កើន​36ករណី​ បើ​ធៀប​នឹង​1ថ្ងៃ​មុន​។ ប្រទេស​នេះ កំពុង​ត្រៀម​ខ្លួន​សម្រាប់​បិទ​មិន​ឱ្យ​ចេញ​-ចូល​តំបន់ Lombardy ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ថែម​នៃ​មេរោគ​កូរ៉ូណា​។

    ប្រទេស​ចិន​ មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​នូវ​ស្ថិតិ​ស្ដីអំពី​តួលេខ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​កាល​ពី​ម្សិល​មិញ​នៅ​ឡើយ​។

    កូរ៉េខាង​ត្បូង​ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​ទី2នៅ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​ជាង 7,041នាក់ កើន​483ករណី បើ​ធៀប​នឹង​1ថ្ងៃ​មុន​ និង​មាន​​អ្នក​ស្លាប់​ចំនួន​48នាក់។

    អាល្លឺម៉ង់ និង​បារាំង បាន​រក​ឃើញ​ករណី​ថ្មី​ច្រើន​ ក្នុង​នោះ​ប្រទេស​អាល្លឺម៉ង់ មាន​អ្នក​ជំងឺ​ 800នាក់ និង​ប្រទេស​បារាំង​មាន​អ្នក​ជងឺ 949នាក់​។

    ប្រទេស Bulgaria, Moldova, Paraguay, Maldives និង Malta បាន​រក​ឃើញករណី​ឆ្លង​មេរោគ​ដំបូង​កាល​ពី​ថ្ងៃទី7មីនា​ផងដែរ​។

    Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​តំបន់ Wuhan កាល​ពី​ខែធ្នូ ឆ្នាំ​2019 និង​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន 102 នៅ​ពាស​ពេញ​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ចំនួន​ជាង 106,000នាក់​បាន​ក្លាយ​ជា​អ្នក​ជំងឺ និង​ជិត​ 3,600​បាន​ស្លាប់​ និង​ 58,635​នាក់​បាន​ជា​សះ​ស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អង្គ​រសង្ក្រាន្ត​ឆ្នាំ​នេះនឹង​ត្រូវ​បាន​ផ្អាក ខណៈ​ Covid-19 ចាប់​ផ្ដើមបង្កការ​ភ័យ​ខ្លាច​នៅ​ខេត្ត​សៀម​រាប

    អង្គ​រសង្ក្រាន្ត​ឆ្នាំ​នេះនឹង​ត្រូវ​បាន​ផ្អាក ខណៈ​ Covid-19 ចាប់​ផ្ដើមបង្កការ​ភ័យ​ខ្លាច​នៅ​ខេត្ត​សៀម​រាប

    នៅ​រសៀល​ថ្ងៃ​នេះ (7មីនា) កម្ពុជា​បានប្រកាស​ថា បាន​​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ម្នាក់​បន្ថែម​ទៀត​ បន្ទាប់​​ពី​បាន​ដាក់​មនុស្ស​ចំនួន​ជាង​ 40នាក់​ ឱ្យ​នៅ​ក្រោម​ការ​តាម​ដាន​ពិសេស នៅ​ឯខេត្ត​សៀម​រាប​។

    លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ទី​2នេះ បានធ្វើ​ឱ្យ​​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ចិត្ត​ចេញ​បញ្ជាឱ្យ​បិទ​សាលា​រៀន​នៅ​ក្នុង​​ទីរួម​ខេត្ត​សៀម​រាបជា​បណ្ដោះ​អាសន្ន​​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​។

    លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា

    ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ថ្មី​ ទី2នេះ ក៏នឹង​ធ្វើ​ឱ្យ​ព្រឹត្តិ​ការ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ខេត្ត​សៀម​រាប​ត្រូវ​បាន​ផ្អាក។

    លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​​នៅ​ឯទី​ស្ដីការ​ក្រសួង​សុខាភិបាល​ថា នា​ល្ងាច​នេះថា ជាមួយ​នឹង​ការ​បិទ​សាលា​រៀន​ក្នុង​ទីរួម​ខេត្ត​សៀម​រាប​ជា​បណ្ដោះ​អាសន្ន​ ព្រឹត្តិ​ការ​​អង្គរ​សង្ក្រាន្ត​​ដែល​គ្រោង​​នឹង​​ប្រារព្ធ​នៅ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​ខាង​មុខ​ក៏នឹង​ត្រូវ​បាន​ផ្អាក​ផងដែរ​។

    ព្រឹត្តិ​ការ​​អង្គរ​សង្ក្រាន្ត​​ដែល​គ្រោង​​នឹង​​ប្រារព្ធ​នៅ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​ខាង​មុខ​ក៏នឹង​ត្រូវ​បាន​ផ្អាក​ផងដែរ

    ​គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Covid-19 ចំនួន​2នាក់ និង​ជាង​40នាក់​កំពុង​ស្ថិត​ក្នុង​ការ​តាម​​​ដាន​​សុខ​ភាព​។ ចំណែកនៅទូទាំង​ពិភពលោកឯណោះ​វិញ ចំនួន​អ្នក​បាន​​ឆ្លង​មេរោគ​ Covid-19 បាន​កើន​ឡើង​ដល់​ 102,471​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជិត​ 3,500នាក់៕

  • Covid-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ទី2 បន្ទាប់​ពី​ដាក់​មនុស្ស​ជាង​40នាក់​ក្រោម​ការ​តាម​ដាន​សុខ​ភាព​ពិសេស​ នៅ​សៀម​រាប

    Covid-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ទី2 បន្ទាប់​ពី​ដាក់​មនុស្ស​ជាង​40នាក់​ក្រោម​ការ​តាម​ដាន​សុខ​ភាព​ពិសេស​ នៅ​សៀម​រាប

    លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលកម្ពុជា​ នៅ​ល្ងាច​នេះ បានប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​តេស្តលើ​ពល​រដ្ឋ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ម្នាក់​នៅ​ខេត្ត​សៀម​រាប​។ អ្នក​ជំងឺ​នេះ មាន​អាយុ​38ឆ្នាំ ជា​​ពលរដ្ឋ​ខ្មែរ​​ដំបូង​បង្អស់​ដែល​​បាន​ឆ្លង​មេរោគ​នេះ​។ ​អ្នក​ជំងឺ​នេះ​ ក៏បាន​ក្លាយ​ជា​មនុស្ស​​​ទី2 ដែល​ត្រូវ​បាន​​រក​ឃើញ​ថា​មាន​​ផ្ទុក​មេរោគ​កូរ៉ូណានៅ​កម្ពុជា​ បន្ទាប់​ពី​ករណី​ទី​1នៅ​ឯខេត្ត​ព្រះសីហនុ​។

    កម្ពុជា​ កាល​ពី​ចុង​ខែ​មករា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ជា​ជនជាតិ​ចិន​ម្នាក់ មក​ពី​ទី​ក្រុង​ Wuhan ប្រទេស​ចិន​។ អ្នក​ជំងឺ​នោះ​ ត្រូវ​បាន​ព្យា​បាល​ជា​សះ​ស្បើយ​ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ទៅ​កាន់​ប្រទេស​កំណើត​៕

  • 21នាក់​បាន​ឆ្លង​មេរោគ Covid-19 នៅ​លើ​នាវា​ទេសចរណ៍​អាមេរិក

    21នាក់​បាន​ឆ្លង​មេរោគ Covid-19 នៅ​លើ​នាវា​ទេសចរណ៍​អាមេរិក

    បុគ្គលិក​នាវា​ចំនួន​19នាក់ និង​អ្នក​ទេស​ចរ​ 2នាក់​នៅ​លើ​នាវា​ទេសចរណ៍ Grand Princess របស់​អាមេរិក ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​​ Covid-19 នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អនុប្រធានា​ធិបតី​អាមេរិក​ កាល​ពី​ម្សិល​មិញ​។

    ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃទី​6មីនា លោក​ Mike Pence ដែល​ជា​អនុប្រធានា​ធិបតី​អាមេរិក បាន​ឱ្យ​ដឹង​ថា “វត្ថុ​វិភាគ​ចំនួន​ 21 ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញថា​​មាន​វីរុស​ Covid-19 ចំណែក​វត្ថុ​វិភាគ​ចំនួន 24ផ្សេង​ទៀត​​មិន​មាន​មេរោគ។ វត្ថុ​វិភាគ​ក្រៅ​ពី​នេះ មិន​ទាន់​ចេញ​លទ្ធ​ផលនៃ​ការ​ធ្វើ​តេស្ត​​នៅឡើយ​។ វត្ថុ​វិភាគ​ដែល​មាន​វីរុស​គឺជា​របស់​នាវិក​19នាក់ និង​អ្នក​ទេសចរ​ចំនួន​2នាក់​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    អនុប្រធានា​ធិបតី​អាមេរិក ​បាន​បន្ត​ថា “នាវា​ Grand Princess នឹង​ត្រូវ​នាំ​ទៅ​កាន់កំពង់​ផែ និងតម្រូវ​ឱ្យ​​ផ្អាកធ្វើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​​នៅ​ចុង​សប្ដាហ៍​នេះ​ ហើយ​អ្នក​ទេសចរ និង​ក្រុម​នាវិក​សរុប 3,533​នាក់ ដែល​នៅ​លើ​នាវា​នេះ​ក៏​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​”។

    សូម​បញ្ជាក់​ថា នាវា​ Grand Princess ត្រូវ​បាន​ដាក់​ឱ្យ​ចត​នៅ​ដាច់​ដោយ​ឡែក​​លើ​លម្ហ​សមុទ្រ​ San Francisco កាល​ពី​ថ្ងៃទី​5មីនា បន្ទាប់​ពី​អ្នក​ទេស​ចរ​3នាក់​បាន​ឆ្លង​មេរោគ Covid-19 ក្នុង​នោះ​ មាន​អ្នក​ទេស​ចរ​វ័យ​71ឆ្នាំ​ម្នាក់ បាន​បាត់​បង់​ជីវិត​។ នាវា​នេះ បាន​ធ្វើ​ដំណើរ​ចេញ​ពី San Francisco ទៅកាន់​ Mexico កាល​ពី​ខែ​មុន​។

    គិត​មក​ដល់​ព្រឹក​នេះ សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​មេរោគ​ Covid-19 ចំនួន 330​នាក់ និង​អ្នក​ស្លាប់​ចំនួន​ 14នាក់​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា Covid-19 ឡើង​ដល់​ 3,491​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​នាំ​មេរោគ Covid-19 ពីខាង​ក្រៅ​ បញ្ច្រាស​ត្រឡប់​ចូល​ប្រទេស​ចិនវិញ កើន​ដល់​ 28នាក់

    ចំនួន​អ្នក​នាំ​មេរោគ Covid-19 ពីខាង​ក្រៅ​ បញ្ច្រាស​ត្រឡប់​ចូល​ប្រទេស​ចិនវិញ កើន​ដល់​ 28នាក់

    ក្រុម​មន្ត្រី​សុខាភិបាល​ខេត្ត Gansu នៃ​ប្រទេស​ចិន បាន​ឱ្យ​ដឹង​ថា ខេត្ត​នេះបាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 បន្ថែម​ 17ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ដែល​មក​ពី​ប្រទេស​អ៊ីរ៉ង់ កើនឡើង​ដល់​ 28នាក់​។

    អ្នក​ផ្ទុក​មេរោគ​ 17នាក់​​ខាង​លើ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ 283​នាក់​ដែល​កំពុង​ត្រូវ​បាន​បង្ខាំង​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ នា​ទី​ក្រុង ​Lanzhou នៃ​ខេត្ត​ Gansu ប្រទេស​ចិន។ អ្នក​ទាំង​ 283នាក់​នេះ មក​កាន់​ទីក្រុង​ Lanzhou តាម​យន្ត​ហោះ​ ចាប់​ពី​ថ្ងៃទី​ 2-5 ​ខែ​មីនា​ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្ម​ការ​សុខាភិបាល​ទីក្រុង​ Lanzhou កាល​ពី​ថ្ងៃទី​6 ខែ​មីនា។

    ប្រទេស​ចិន បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ឆ្លងមេរោគ Covid-19 បញ្ច្រាស​​ត្រឡប់​ចូល​​ប្រទេស​ចិន​​វិញ​ ពី​ប្រទេស​ផ្សេង​ៗក្នុង​ពិភពលោក នៅ​ពេល​ដែល​ស្ថាន​ភាព​រោគរាត​ត្បាត​នៅ​​ប្រទេស​ចិន មាន​ភាព​ធូរស្រាល​។ ខេត្ត​ Zhejiang កាល​ពី​ថ្ងៃទី​2 និង​ទី​3 ខែ​មីនា បានរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2ករណី​ ដែលពួក​គេ​​សុទ្ធ​តែជា​​អ្នក​ត្រឡប់​មក​ពីសង្កាត់​ Bergamo ក្នុង​តំបន់ Lombardy ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​​នៅ​​ប្រទេស​អ៊ីតាលី។

    Gansu គឺជា​ខេត្ត​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​បាន​ទម្លាក់​ការ​ប្រកាស​អាសន្ន​មក​នៅ​ត្រឹម​កម្រិត​ទី​3​ក្នុង​ចំណោម​4កម្រិត​នៃ​ការប្រកាស​អាសន្ន​ កាល​ពី​ខែ​កុម្ភៈ ដោយ​សារ​តែ​តំបន់​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាថ្មី​ មាន​កម្រិត​​ទាប​។ មុន​ពេល​រក​ឃើញ​​អ្នក​ផ្ទុក​មេរោគ​ Covid-19 មក​ពី​ប្រទេស​អ៊ីរ៉ង់ ខេត្ត​ Gansu ក៏​ធ្លាប់​មាន​អ្នក​ផ្ទុក​មេរោគ​ ​នេះ​ចំនួន 91នាក់ និង​អ្នក​ស្លាប់​ 2នាក់​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស