Tag: កូរ៉ូណា

  • ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

    ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

    ឱសថការីកំលោះជនជាតិចិនម្នាក់ បានធ្លាក់ខ្លួនឈឺ និងស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្វើការយ៉ាងខ្លាំងក្លាជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីដែលឆ្លងរាលដាលយ៉ាងសាហាវនៅក្នុងប្រទេសចិន។

    កាលពីថ្ងៃទី4 កុម្ភៈ ទីភ្នាក់ងារព័ត៌មាន វើលដ៍ អហ្វ បាហ្ស បានរាយការណ៍តាមរយៈសារព័ត៌មាន ដឹ ផេភើរ ថា ឱសថការីកំលោះជនជាតិចិនបានធ្លាក់ខ្លួនឈឺ និងបានស្លាប់ ក្រោយពីធ្វើការយ៉ាងខ្លាំងក្លាឥតឈប់សម្រាកជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូនឹងមេរោគវីរុសកូរ៉ូណាដ៏កាចសាហាវនោះ។

    ឱសថការី សុង យីងជី អាយុទើបតែ 28ឆ្នាំ ជាអនុប្រធានផ្នែកឱសថស្ថាន មានចំណែករួមយ៉ាងខ្លាំងក្នុងការថែរក្សាព្យាបាលអ្នកឆ្លងមេរោគទាំងអស់ នៅឯមជ្ឈមណ្ឌលសុខភាពក្នុងអនុមណ្ឌលហ៊ឹងសាន មណ្ឌលហ៊ូណាន ភាគកណ្ដាលប្រទេសចិន ដែលនៅជាប់នឹងមណ្ឌលហ៊ូពេយ ដើមកំណើតនៃការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មីពីទីក្រុងវូហាន។

    ឱសថការី សុង យីង ជី មានតួនាទីទទួលខុសត្រូវក្នុងការចែកចាយវេជ្ជភណ្ឌទៅឱ្យមិត្តរួមការងារ បានខំប្រឹងធ្វើការយ៉ាងឥតឈប់សម្រាកជាប់ៗគ្នា 9យប់ 10ថ្ងៃ ក្នុងអំឡុងពេលដែលប្រទេសចិនកំពុងប្រយុទ្ធតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    រហូតមកដល់ថ្ងៃទី3 កុម្ភៈ ឱសថការី សុង ធ្វើការរួចរាល់ក្នុងវេនពេលអធ្រាត្រ និងត្រឡប់ទៅបន្ទប់វិញដើម្បីគេងសម្រាក មុននឹងមិត្តរួមការងារប្រទះឃើញរូបគេបានដេកស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់របស់គេ។ សន្និដ្ឋានថា គេអាចនឹងស្លាប់ដោយសារបេះដូងឈប់ដំណើរការមួយខណៈពេលភ្លាមៗ ដោយសារតែការធ្វើការងារយ៉ាងខ្លាំងឥតឈប់សម្រាកកាលពីពេលកន្លងមក។ ខណៈនេះ មន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការស្លាប់នេះជាបន្ត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • គួរឱ្យអាសូរណាស់…ទារកទើបនឹងកើតបាន 30ម៉ោង តែមានផ្ទុកមេរោគវីរុសកូរ៉ូណា…

    គួរឱ្យអាសូរណាស់…ទារកទើបនឹងកើតបាន 30ម៉ោង តែមានផ្ទុកមេរោគវីរុសកូរ៉ូណា…

    មន្ត្រីសាធារណៈសុខាភិបាលចិនបានបញ្ជាក់ថា អ្នកផ្ទុកមេរោគដែលមិនទាន់បញ្ចេញអាការរោគ ក៏អាចចម្លងមេរោគបានដែរ ហើយអ្នកជំងឺដែលបង្ហាញអាការមិនច្រើនប៉ុន្មាន ក៏គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែកដែរ ដោយសារតែថ្មីៗនេះ មានទារកទើបកើតនៅក្នុងទីក្រុងវូហានបានឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ទាំងទើបតែបានបើកភ្នែកមើលពិភពលោកនេះត្រឹមតែ 30ម៉ោងប៉ុណ្ណោះ តែបច្ចុប្បន្នអាការមិនបង្ហាញពីភាពធ្ងន់ធ្ងរទេ។ ករណីនេះបានក្លាយជារឿងមួយដែលសាងនូវក្ដីវិតក្កកង្វល់ និងភ័យព្រួយយ៉ាងខ្លាំងអំពីការឆ្លងមេរោគតាំងតែពីនៅក្នុងគភ៌របស់ទារក។

    សារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី5កុម្ភៈ)ថា មានរបាយការណ៍មួយបានឱ្យដឹងថា ទារកទើបនឹងកើតនៅក្នុងទីក្រុងវូហានបានក្លាយជាអ្នកឆ្លងមេរោគវីរុសកូរ៉ូណា បន្ទាប់ពីប្រសូតចេញមកបានត្រឹមតែ 30ម៉ោងប៉ុណ្ណោះ…រឿងនេះបានសាងនូវក្ដីវិតក្កកង្វល់យ៉ាងខ្លាំងអំពីភាពដែលអាចទៅរួចដែលថា ទារកតូចៗទាំងឡាយអាចនឹងមានការឆ្លងមេរោគតាំងពីនៅក្នុងគភ៌ម្ដាយម្ល៉េះ។

    ដោយមានអំណះអំណាងពីប្រភពព័ត៌មាននៅក្នុងមន្ទីរពេទ្យកុមារក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ស្ថានីយទូរទស្សន៍របស់រដ្ឋចិន CCTV បានរាយការណ៍ថា រកឃើញទារក 2នាក់មានលទ្ធផលនៃការពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” ជាទារកដែលមានអាយុតិចបំផុតត្រឹមតែ 30ម៉ោងប៉ុណ្ណោះ។

    “ម្ដាយរបស់ទារកទើបនឹងកើតនោះជាអ្នកជំងឺមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តែបច្ចុប្បន្ននេះ សញ្ញាជីពចររបស់ទារកនៅស្មើរនៅឡើយ”

    ហ្សេង លីង កុង វេជ្ជបណ្ឌិតចាស់វស្សាប្រចាំផ្នែកទារកទើបនឹងកើតបាននិយាយថា ករណីនេះ ជាការបញ្ជូនសញ្ញាមួយឱ្យយើងដឹងថា “យើងត្រូវតែព្រួយបារម្ភអំពីការឆ្លងមេរោគបែបថ្មីរបស់មេរោគវីរុសកូរ៉ូណា”

    សៅ ម៉នីង ផូស្ត បានរាយការណ៍ទៀតថា មន្ត្រីសាធារណៈសុខាភិបាលចិនបានចង្អុលបង្ហាញថា អ្នកជំងឺឆ្លងមេរោគដែលមិនទាន់បង្ហាញអាការ ក៏អាចចម្លងមេរោគបានដែរ ដូច្នេះអ្នកជំងឺដែលបង្ហាញអាការមិនទាន់ច្បាស់ គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក។

    លី ស៊ិង វ៉ាង ប្រធានផ្នែកជំងឺឆ្លង ប្រចាំនៅមន្ទីរពេទ្យប៉េកាំង ឌិតាន់ យល់ឃើញថា អ្នកជំងឺដែលមិនទាន់បង្ហាញអាការច្រើននោះ “ពាក់ព័ន្ធ” និង “ទទួលមេរោគ” ពីអ្នកជំងឺដែលបញ្ចេញអាការច្បាស់លាស់។

    “ក្រុម “អ្នកចម្លង” ទាំងនោះ មានមេរោគវីរុស និងអាចចម្លងមេរោគបាន ហើយចំនួនវីរុសនេះ វាសម្ព័ន្ធជា មួយនឹងករណីដែលថា តើមានអាការឈឺថ្កាត់ច្រើន ឬតិចប៉ុនណា? ដែលមានន័យថា អ្នកជំងឺដែលមានផ្ទុកមេរោគក្នុងចំនួនតិចតួច នឹងមានសមត្ថភាពក្នុងការចម្លងតិចតួចដែរ”

    ក្នុងការណែនាំនៃវិធីការព្យាបាល និងការវិនិច្ឆ័យថ្មី ដែលចេញមកពីគណៈកម្មការសុខភាពជាតិចិន (National​ Health Commission) ដែលបានបញ្ចេញមកកាលពីថ្ងៃពុធម្សិលមិញ បានរៀបរាប់ថា ក្នុងក្រុមមនុស្សដែលបញ្ចេញអាការមិនច្រើនប៉ុន្មាន ដូចជា មានគ្រុនក្ដៅខ្លួន អស់កម្លាំង និងក្អក តែគ្មានការឆ្លងមេរោគនៅក្នុងសួត គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក ដើម្បីបញ្ឈប់ការចម្លងមេរោគបន្ថែម។

    ក្រៅពីនេះ នៅក្នុងការណែនាំនេះ បានរៀបរាប់ទៀតថា ការឆ្លងមេរោគតាមប្រព័ន្ធរំលាយអាហារ និងការឆ្លងមេរោគតាមរយៈខ្យល់អាកាស ជាច្រកផ្លូវមួយទៀតរបស់ការឆ្លងរាលដាលនៃជំងឺមេរោគវីរុសកូរ៉ូណា ក្រោយពីរកឃើញកាកសំណល់របស់វីរុសនៅក្នុងលាមករបស់អ្នកជំងឺ។

    យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី បានឱ្យដឹងទៀតថា ការឆ្លងមេរោគ 2ច្រកផ្លូវនេះ អាចនិយាយបានថា ជាភាពអាចទៅរួចមួយដែលប្រហែលជានៅត្រូវការការអះអាងបញ្ជាក់បន្ថែមទៀតជាបន្ត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​​កូរ៉ូណា កើន​ដល់ 565នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​​កូរ៉ូណា កើន​ដល់ 565នាក់

    វីរុសកូរ៉ូណា​ បាន​សម្លាប់​មនុស្ស​ 73នាក់​បន្ថែម​ទៀត​គិត​ត្រឹម​ថ្ងៃ​ទី​ 6កុម្ភៈនេះ ពោល​គឺ​កើន​ 14,8% បើ​ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ កើន​ដល់ 565នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ កើន​ 28,276នាក់។

    គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត Hubei នៃ​ប្រទេស​ចិន​ ថ្ងៃ​នេះ បាន​បញ្ជាក់​ថា មាន​ករណី​ស្លាប់​​ 70នាក់បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ក្នុងខេត្ត​នេះ ឡើង​ដល់ 549នាក់។ ចំនួន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ​ កើន​ដល់ 19,665នាក់។

    ក្នុង​ខេត្ត​ Hubei គិត​ត្រឹម​ថ្ងៃ​ទី​ 5កុម្ភៈ ចំនួន​អ្នក​ជំងឺ​ដែល​កំពុង​ទទួល​ការ​ព្យា​បាលសរុប​ 14,314នាក់ ក្នុង​នោះ​ មាន​ 2,328នាក់​ ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ នេះ​បើ​តាម​គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត Hubei។

    គណៈកម្ម​ការ​សុខា​ភិបាល​ចិន ក្នុង​ថ្ងៃ​នេះ​ ក៏​បាន​ប្រកាស​ថា​ ប្រទេស​ចិន មាន​ករណី​ឆ្លង​មេរោគ​ 3,887នាក់​បន្ថែម​ទៀត​ និង​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ 28,211នាក់​។ ក្រៅ​ពី​ 70នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ Hubei ក៏​មាន​ករណី​ស្លាប់នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​នៃ​ប្រទេស​ចិន​ ចំនួន​ 3នាក់​បន្ថែម​ទៀតដែរ។

    គិត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ នៅ​ទូទាំង​ពិភព​លោក កើន​ដល់​​ 565នាក់ និង​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​នេះ កើន​ដល់ 28,078នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • គួរឱ្យអាណិតណាស់! កូនកំលោះ និងកូនក្រមុំ ត្រូវ “ឃុំខ្លួនឯង” ក្នុងផ្ទះ ខណៈពិធីរៀបការធ្វើឡើងនៅឯសណ្ឋាគារ ព្រោះតែខ្លាច…

    គួរឱ្យអាណិតណាស់! កូនកំលោះ និងកូនក្រមុំ ត្រូវ “ឃុំខ្លួនឯង” ក្នុងផ្ទះ ខណៈពិធីរៀបការធ្វើឡើងនៅឯសណ្ឋាគារ ព្រោះតែខ្លាច…

    កូនកំលោះ និងកូនក្រមុំ រួមជាមួយឪពុកម្ដាយ ត្រូវបង្ខាំងខ្លួនឯងក្នុងផ្ទះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់ពួកគេប្រារព្ធឡើងនៅឯសណ្ឋាគារតាមការគ្រោងទុក។

    លោក Yu អាយុ 37ឆ្នាំ ធ្វើការផ្នែកសំណង់ បានត្រឡប់មកស្រុកកំណើតម្ដាយក្នុងខេត្ត Hunan ប្រទេសចិន មុនរដូវចូលឆ្នាំចិន ហើយបានត្រឡប់មកដល់សិង្ហបុរីវិញនៅថ្ងៃទី30 មករា។ ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់គាត់ និងភរិយាបានត្រូវធ្វើឡើងនៅក្នុងសណ្ឋាគារមួយកាលពីថ្ងៃទី2 កុម្ភៈ ប៉ុន្តែ ដោយសារតែគេទើបត្រឡប់មកពីតំបន់មានអាសន្នរោគកូរ៉ូណា គម្រោងរបស់ពួកគេក៏ត្រូវបានផ្លាស់ប្ដូរ។

    កូនកំលោះរូបនេះបាននិយាយថា ៖ “ភ្ញៀវដែលពួកខ្ញុំបានអញ្ជើញ មានការព្រួយបារម្ភនៅពេលដឹងថា ពួកខ្ញុំទើបត្រឡប់មកពីប្រទេសចិន ទើបយើងខ្ញុំសម្រេចចិត្តនៅដាច់ដោយឡែកពីមនុស្សម្នាក្នុងរយៈពេល 14ថ្ងៃ”។

    ពិធីជប់លៀងអាពាហ៍ពិពាហ៍ នៅតែប្រារព្ធឡើងតាមការគ្រោងទុក ភ្ញៀវដែលបានអញ្ជើញ បានមកចូលរួមគ្រប់គ្នា។ កូនកំលោះ និងកូនក្រមុំត្រូវបង្ខាំងខ្លួនក្នុងផ្ទះ ហើយទទួលភ្ញៀវតាមរយៈអេក្រង់ទូរទស្សន៍ដោយការផ្សាយផ្ទាល់តាមអ៊ីនធើណិត។ កូនកំលោះនិយាយថា៖ “សូមអរគុណលោក លោកស្រី និងមិត្តទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីមង្គលការរបស់យើងខ្ញុំ។ សូមមេត្តាអធ្យាស្រ័យផង​ដែលយើងខ្ញុំមិនអាច​និយាយ​ពាក្យអរគុណ​​ដោយ​ផ្ទាល់បាន”។ ភ្លាមនោះ សម្លេងទះដៃក៏លាន់កងរំពងឡើង។

    ជាងនេះទៅទៀត ពួកគេថែមទាំងឆ្លៀតធ្វើពិធីមង្គលការបែបប្រពៃណីចិន និងអញ្ជើញភ្ញៀវកិត្តិយសឡើង លើ ឆាកដើម្បីជល់កែវជាមួយពួកគេទៀតផង។ ដោយសារតែឪពុកម្ដាយរស់នៅជាមួយកូន ដូច្នេះពួកគេក៏ត្រូវនៅដាច់ដោយឡែកពីមនុស្សម្នា។ ក្នុងពិធីជប់លៀងនេះ មានតែប្អូនស្រីរបស់កូនកំលោះប៉ុណ្ណោះ ជាអ្នកទទួលភ្ញៀវដោយផ្ទាល់។

    ទីភ្នាក់ងារសារព័ត៌មានចិន Chinapress បានឱ្យដឹងថា បន្ទាប់ពីពិធីរៀបការនៅសិង្ហបុរីនេះ កូនកំលោះនិងកូនក្រមុំនឹងបន្តរស់នៅដាច់ដោយឡែកពីគេឯង ហើយពួកគេនឹងចូលធ្វើការវិញចាប់ពីថ្ងៃទី15កុម្ភៈខាងមុខ បើសិនជាពួកគេមិនមានផ្ទុកមេរោគវីរុសកូរ៉ូណា៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូង​គេ​ក្នុង​លោក ដែលបាន​អញ្ជើញ​ទៅដល់ប្រទេស​ចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ពី​មេរោគ​កូរ៉ូណា

    សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូង​គេ​ក្នុង​លោក ដែលបាន​អញ្ជើញ​ទៅដល់ប្រទេស​ចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ពី​មេរោគ​កូរ៉ូណា

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជាមេដឹកនាំ​ដំបូងគេ​ដែល​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេសចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​អាសន្ន​រោគ​រលាក​សួត​ដ៏សាហាវ​​បង្ក​ឡើង​ដោយ​​វីរុស​​កូរ៉ូណា​នៅ​ទូទាំង​ប្រទេស​ ដែល​គិត​មក​ដល់​ពេល​នេះ វា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ 493នាក់ និង​ជាង24,587នាក់ផ្សេង​ទៀត​កំពុង​​ផ្ទុក​មេរោគ​នេះ។

    ​រសៀល​ថ្ងៃ​ទី​5កុម្ភៈនេះ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន បាន​ដឹក​នាំ​គណៈប្រតិ​ភូកម្ពុជា​ ចេញ​ពី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បាន​អញ្ជើញ​ទៅ​ដល់អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ក៏​បាន​អញ្ជើញ​មក​​ទទួល​សម្ដេច​ ហ៊ុន​ សែន​ ដោយផ្ទាល់។

    ក្នុង​ក្រុម​ប្រតិភូ​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​លោក ហ៊ុន ម៉ាណែត រួម​និង​លោកឧកញ៉ា គិត​ ម៉េង​ផងដែរ​។

    សារ​ព័ត៌មាន​ CCTV បាន​រាយការណ៍​ថា សម្ដេច​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​អាសន្ន​រោគ​កូរ៉ូណា ហើយ​ថា កម្ពុជា​ជឿ​ជាក់​ថា ប្រទេស​ចិន​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ឆាប់​រហ័ស។

    សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ទៀត​ថា ប្រជា​ជន​កម្ពុជា នឹង​ចែក​រំលែក​ការ​លំបាក​របស់​ប្រជា​ជន​ចិន​ នេះ​បើ​តាម​ CCTV។

    ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ស្រី Hua Chunying (​អ្នក​នយោបាយ​ចិន​ និង​ជា​ប្រធាននាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ចិន​) បាន​ថ្លែង​ថា ប្រទេស​ចិនពិត​ជា​យល់​អំពី​ការ​ព្រួយ​បារម្ភ​របស់​​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ចំពោះ​និស្សិត​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Wuhan។

    លោក​ស្រី​ Hua Chunying បន្ត​ថា ប្រទេស​ចិន​យក​ចិត្តទុក​ដាក់​លើ​សុវត្ថិ​ភាព​របស់​និស្សិត​កម្ពុជា​ ហើយ​ថា​នឹង​បន្ត​ប្រឹង​ប្រែង​ការ​ពារ​ពួកគេ​ដូច​ទៅ​នឹង​ប្រជាជន​ចិន​៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ជប៉ុនរកឃើញអ្នកដំណើរក្នុងនាវាទេសចរណ៍កម្សាន្តមួយ ឆ្លងមេរោគ “វីរុសកូរ៉ូណា” យ៉ាងតិច 10នាក់

    ជប៉ុនរកឃើញអ្នកដំណើរក្នុងនាវាទេសចរណ៍កម្សាន្តមួយ ឆ្លងមេរោគ “វីរុសកូរ៉ូណា” យ៉ាងតិច 10នាក់

    រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលរបស់ប្រទេសជប៉ុនបានអះអាងនៅថ្ងៃនេះថា អ្នកដំណើរយ៉ាងតិច 10នាក់នៅលើនាវាទេសចរណ៍កម្សាន្តដែលត្រូវបានឃាត់ទុកពិនិត្យមេរោគនៅឯកំពង់ផែយ៉ូកូហាម៉ា មានលទ្ធផលពិនិត្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” និងរំពឹងថា នឹងរកឃើញអ្នកឆ្លងមេរោគនេះបន្ថែមទៀត ក្នុងអំឡុងពេលដែលក្រុមគ្រូពេទ្យកំពុងធ្វើការត្រួតពិនិត្យរាងកាយអ្នកដំណើរ និងក្រុមនាវិកជាង 3,000នាក់។

    ខាត់ស៊ីណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលជប៉ុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ(ថ្ងៃទី5 កុម្ភៈ)ថា អ្នកឆ្លងមេរោគទាំង 10នាក់ នឹងត្រូវបញ្ជូនទៅមន្ទីរព្យាបាលរោគមួយកន្លែង ចំណែកអ្នកដំណើរ និងក្រុមនាវិកប្រមាណជា 3,700នាក់ទៀត នឹងត្រូវបង្ខាំងការពាររោគនៅលើនាវាទេសចរណ៍កម្សាន្តរបស់ក្រុមហ៊ុន ខានីវ៉ាល់ ខប់ រយៈពេល 14ថ្ងៃ។

    លោក ខាតូ បានបញ្ជាក់ទៀតថា គ្រប់គ្នានៅលើនាវាទេសចរណ៍កម្សាន្តនោះ ធ្លាប់បានឆ្លងកាត់ការពិនិត្យសុខភាពរយៈដំបូងរួចមកហើយ ដែលតាមរយៈដំណាក់កាលនោះ នឹងនាំឆ្ពោះទៅរកការសុំពិនិត្យសុខភាពអ្នកដំណើរ និងក្រុមនាវិកចំនួនត្រឹមតែ 273នាក់ប៉ុណ្ណោះ ដោយក្នុងចំនួនអ្នកដែលដឹងលទ្ធផលហើយមានចំនួន 31នាក់ រកឃើញអ្នកផ្ទុកមេរោគវីរុសកូរ៉ូណា 10នាក់។ ទាំងអស់នេះ មន្ត្រីសុខាភិបាលជប៉ុននឹងនៅតែតាមដានសង្កេតមើលអ្នកដំណើរ និងក្រុមនាវិកទាំងនោះថា តើនឹងមានអាការឈឺថ្កាត់ដែរឬទេ និងអាចនឹងត្រូវមានការសុំពិនិត្យសុខភាពបន្ថែមទៀត។

    ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា ក្នុងចំណោមអ្នកឆ្លងមេរោគទាំងនោះ មានពលរដ្ឋជប៉ុន 3នាក់ និងទាំង 10នាក់នោះ មិនមានអាការធ្ងន់ធ្ងរទេ។ អ្នកឆ្លងមេរោគដែលរកឃើញ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាក្នុងប្រទេសជប៉ុនដែលបានអះអាងហើយ កើនឡើងដល់ 33នាក់។ កាលពីពេលមុននេះ NHK ធ្លាប់បានបញ្ជាក់ថា ក្រុមមន្ត្រីជប៉ុននឹងធ្វើការពិនិត្យសុខភាពអ្នកដែលបង្ហាញអាការគួរឱ្យសង្ស័យ ដូចជាមានអាការគ្រុនក្ដៅខ្លួន ឬធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលដែលមានអាការដូចខាងដើម ខណៈដែលមន្ត្រីក្រសួងសាធារណៈសុខាភិបាលម្នាក់បានអះអាងថា “មិនមែនគ្រប់គ្នាទេ” ដែលនឹងត្រូវឆ្លងកាត់ការពិនិត្យ PCR ឬ Polymerase Chain Reaction នេះ ដោយសារតែប្រើពេលវេលាយូរ និងមិនមានភាពចាំបាច់។

    ប្រតិបត្តិការពិនិត្យសុខភាពអ្នកដំណើរ និងក្រុមនាវិក បានចាប់ផ្ដើមតាំងពីពេលល្ងាចថ្ងៃចន្ទ(ទី3) បន្ទាប់ពីមានអ្នកក្រុងហុងកុងវ័យ 60ឆ្នាំម្នាក់ដែលធ្លាប់ធ្វើដំណើរតាមនាវាទេសចរណ៍កម្សាន្តនេះកាលពីខែមករា បានឆ្លងមេរោគវីរុសកូរ៉ូណា។

    ខានីវ៉ាល់ ជេភែន បានបញ្ជាក់កាលពីថ្ងៃអង្គារ ម្សិលមិញថា នាវាកម្សាន្តមួយទៀត គឺដាយម៉ន់ដ៍ ព្រីនសេស ចាំបាច់ត្រូវពន្យារពេលការចេញដំណើរចេញពីយ៉ូកូហាម៉ា និងកំពង់ផែកូបេ ក្នុងសប្ដាហ៍នេះ ដោយសារតែមានបញ្ជាឱ្យបង្ខាំងពិនិត្យមេរោគ។

    ជំងឺឆ្លងរាលដាលដែលមានដើមកំណើតមកពីមណ្ឌលហ៊ូពេយរបស់ចិន បានសម្លាប់ជីវិតមនុស្សរួចទៅហើយជាង 400នាក់ និងមានអ្នកឆ្លងជំងឺនេះជាង 20,000នាក់ទៀត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាងត្បូងដាក់ពន្ធនាគារច្រើនឆ្នាំ ចំពោះជនដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់

    កូរ៉េខាងត្បូងដាក់ពន្ធនាគារច្រើនឆ្នាំ ចំពោះជនដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់

    រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ឈ្មួញទាំងឡាយណាដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ និងផលិត​ផល​ជួយ​ទប់ស្កាត់វីរុសកូរ៉ូណា នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ពី 2ឆ្នាំ។

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងកាលពីម្សិលម៉្ងៃ (3កុម្ភៈ) ថា តម្រូវការរបស់ពលរដ្ឋបាន​កើនឡើងច្រើន ធ្វើឱ្យមានសកម្មភាពឆ្លៀតឱកាសដំឡើងតម្លៃម៉ាស់ និងផលិតផលការពារមេរោគនៅប្រទេសនេះ ក៏បានកើនឡើងច្រើនផងដែរ។ ផលិតផលទាំង 2មុខនេះ ត្រូវបានចាត់ចូលក្នុងមុខទំនិញពិសេស។

    នៅ​កូរ៉េ​ខាង​ត្បូង អ្នក​ជូញដូរ​ម៉ាស​ខុស​ច្បាប់ នឹងត្រូវប្រឈមមុខជាមួយការជាប់ពន្ធនាគាររយៈពេល 2ឆ្នាំ ឬត្រូវពិន័យជាប្រាក់ឡើងដល់ 50លានវ៉ុន (ជាង 42,000ដុល្លារអាមេរិក)។

    ចាប់ពីថ្ងៃនេះ (5កុម្ភៈ) តទៅ ឈ្មួញទាំងឡាយណាដែលរក្សាទុកផលិតផលទាំង 2មុខខាងលើ ក្នុងបរិមាណច្រើន​ជាង1,5ដង បើធៀបនឹងបរិមាណមធ្យមប្រចាំខែរបស់ពួកគេ នឹងត្រូវប្រឈមមុខជាមួយការជាប់ពន្ធនាគាររយៈពេល 2ឆ្នាំ ឬត្រូវពិន័យជាប្រាក់ឡើងដល់ 50លានវ៉ុន (ជាង 42,000ដុល្លារអាមេរិក)។

    នៅ​កន្លែង​មួយ​ក្នុង​តំបន់​ក្បែរ​ព្រំ​ដែន​ចិន-វៀតណាម ពលរដ្ឋ​ចិន​នាំ​គ្នា​មក​ទិញ​ដូរ​ម៉ាស​​យក​ទៅ​លក់​បន្ត​ដើម្បី​បាន​ចំណេញច្រើន​

    បទបញ្ញត្តិខាងលើនេះ ត្រូវបានធ្វើឡើងក្នុងស្ថានភាពអាសន្នរោគរលាកសួតពីវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) បាន និងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ចេញពីក្រុង Wuhan ប្រទេសចិនទៅដល់ប្រទេស និងតំបន់ចំនួន 28 ក្នុងពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ និងបណ្ដាលឱ្យមានអ្នកស្លាប់ 492នាក់ និងអ្នកឆ្លងមេរោគនេះមានចំនួន 24,469នាក់។

    ប្រជាជនកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីប្រទេសនេះបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 16នាក់។ ពលរដ្ឋចំនួនជាងកន្លះលាននាក់ បានចុះហត្ថលេខាលើញត្តិមួយផ្ញើទៅកាន់វិមានខៀវ (The Blue House) ស្នើឱ្យរដ្ឋាភិបាលហាមជនជាតិចិនចូលស្រុកជាបណ្ដោះអាសន្ន។ កូរ៉េខាងត្បូងបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ Wuhan ប្រទេសចិនរួចហើយ និងបានដាក់ពួកគេឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។

    ការ​រត់​ពន្ធ​ម៉ាស​ឆ្លង​ដែន ត្រូវ​បាន​ឈ្មួញ​ធ្វើ​ឡើង​ក្នុង​រូប​ភាព​ផ្សេង​ៗ​គ្នា

    ចំណែកឯរដ្ឋាភិបាលចិនវិញ បានប្រកាសថា ប្រទេសនេះកំពុងត្រូវការម៉ាស់ សម្លៀកបំពាក់ការពារ និងវ៉ែនតាការពារមេរោគក្នុងបរិមាណច្រើនជាបន្ទាន់ ដើម្បីទប់ទល់នឹងមេរោគកូរ៉ូណាប្រភេទ nCoV។ ជាការឆ្លើយតប​នឹងតម្រូវការខាងលើ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ជាដើម បានផ្ដល់ជំនួយសម្ភារវេជ្ជសាស្ត្រទៅឱ្យប្រទេសចិនជាបន្តបន្ទាប់ហើយ។

    ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ កាលពីថ្ងៃទី 29មករាកន្លងទៅ គណៈកម្មការគ្រប់គ្រងទីផ្សារនៃក្រុង​ប៉េកាំង​ បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនបានផ្ញើលិខិតពិន័យទៅកាន់ឱសថស្ថាន Beijing Jimin Kangtai Pharmacy ព្រោះតែឱសថស្ថានមួយនេះបានដំឡើងតម្លៃហួសហេតុទៅលើម៉ាស់ប្រភេទ N95។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

    ពលរដ្ឋ​វៀតណាម នាំ​គ្នា​បង្កើត​ផ្សារ​មួយ​កន្លែង​នៅ​ក្បែរ​ព្រំដែន​វៀតណាម-ចិន ដើម្បី​ជួញដូរ​ម៉ាស

    ទូរទស្សន៍ជាតិរបស់ចិន បានរាយការណ៍ថា ឱសថស្ថាននេះបានដំឡើងថ្លៃម៉ាស់ដែលមានរូបសញ្ញា 3M ឡើងដល់ 850យន់ (121ដុល្លារអាមេរិក)ក្នុង 1ប្រអប់ ខណៈនៅក្នុងទីផ្សារអនឡាញមានតម្លៃតែ 143យន់។ ជាមធ្យម ម៉ាស់នៅតាមឱសថស្ថាននានា 1ប្រអប់មានម៉ាស់ចំនួន 50បន្ទះ។

    អ្នក​រត់ពន្ធ​ម៉ាស​ឆ្លងដែន​ទៅ​ចិនម្នាក់ ត្រូវ​អាជ្ញាធរ​វៀត​ណាម​ចាប់​ឃាត់​ខ្លួន

    ទន្ទឹមនឹងនេះដែរ នៅឯប្រទេសជិតខាងចិន ដូចជាវៀតណាមជាដើម តម្លៃម៉ាស់ និងទឹកសម្អាតមេរោគ ក៏​បានឡើងថ្លៃខ្លាំងដែរ ព្រោះថា ឈ្មួញខ្លះបានប្រមូលទិញម៉ាស់ក្នុងស្រុកយកទៅលក់ឱ្យឈ្មួញនៅតាមព្រំដែនជាប់ជាមួយចិន។ ជាក់ស្ដែង កាលពីថ្ងៃទី3កុម្ភៈ អាជ្ញាធរខេត្ត Vinh Phuc នៅវៀតណាមខាងជើងបានឃាត់ខ្លួនឈ្មួញជាច្រើននាក់ ដែលនាំម៉ាស់ពីប្រទេសវៀតណាមទៅកាន់ប្រទេសចិនដោយខុសច្បាប់។ ម៉ាស់ដែលត្រូវបានរឹបអូសក្នុងថ្ងៃនោះ មានចំនួនសរុប 26,100បន្ទះ។ នេះបើតាមសារព័ត៌មាន Thanhnien៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា កើនដល់ 492នាក់ ខណៈ​អ្នក​ជំងឺ​ជាង 2,500នាក់​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា កើនដល់ 492នាក់ ខណៈ​អ្នក​ជំងឺ​ជាង 2,500នាក់​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ

    គិត​មក​ដល់​ព្រឹក​នេះ (5កុម្ភៈ) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា កើនដល់ 492​នាក់ ក្នុង​​នោះ​ 490​នាក់​​នៅ​ចិន​ដី​គោក ចំណែក​​អ្នក​ដែល​​កំពុង​ផ្ទុក​មេរោគ​នេះ កើន​ឡើង​ដល់ 24,551​នាក់។

    គណៈកម្ម​ការ​សុខាភិបាល​ខេត្ត Hubei ថ្ងៃ​នេះ បាន​បញ្ជាក់ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន 65នាក់​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​​ខេត្ត​នេះ​ ឡើង​ដល់ 479នាក់​។ ខេត្ត​ Hebei ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន 3,156នាក់​ផងដែរ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​សរុប​ដល់​ទៅ 16,678នាក់​។ ក្នុង​ចំណោម​អ្នក​កំពុង​មាន​ផ្ទុក​មេរោគ​កូរ៉ូណា មាន​អ្នក​ជំងឺ​ជាង 2,500នាក់​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ និង​ធ្ងន់​ធ្ងរ​បំផុត​។

    យោង​តាម​គណៈកម្ម​ការ​សុខាភិបាល​ចិន ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​រលាក​សួត​កើន​បន្ថែម 3,887 នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ 24,324នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នកដែលជាពីជំងឺរលាកសួត Corona អាចនឹងឆ្លងមេរោគនេះសាជាថ្មី?

    អ្នកដែលជាពីជំងឺរលាកសួត Corona អាចនឹងឆ្លងមេរោគនេះសាជាថ្មី?

    អ្នកវិទ្យាសាស្ត្រនៃគណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិន កាលពីថ្ងៃទី31មករា បានព្រមានថា អ្នកជំងឺរលាកសួត nCoV (Corona) ដែលបានជាសះស្បើយពីជំងឺនេះហើយ នៅតែអាចឆ្លងវីរុសនេះជាថ្មីម្ដងទៀតបានជានិច្ច។

    Zhan Qungyuan ប្រធានផ្នែកទប់ស្កាត់ និងព្យាបាលជំងឺរលាកសួតនៃមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុន ដែលជាអ្នកដឹកនាំក្រុមជំនាញផ្នែក nCoV បានព្រមានថា សូម្បីតែអ្នកដែលបានជាសះស្បើយពីជំងឺនេះហើយ ក៏នៅតែអាចឆ្លងសាជាថ្មីម្ដងទៀតបានដែរ។ ថ្វីបើរាងកាយរបស់ពួកគេអាចបង្កើតអង្គបដិប្រាណ (antibody)បានមែន ប៉ុន្តែសម្រាប់អ្នកខ្លះ អង្គបដិប្រាណនេះមិនអាចគង់នៅបានយូរអង្វែងទេ។

    លោក Zhan Qungyuan បានណែនាំឱ្យអ្នកដែលបានជាសះស្បើយពីជំងឺអាសន្នរោគនេះ លើកកម្ពស់ការការពារការឆ្លងមេរោគ ថែរក្សាសុខភាព និងចៀសវាងអាកាសធាតុត្រជាក់ខ្លាំង ឬរោគផ្ដាសាយ។ អ្នកវេជ្ជសាស្ត្រចិនរូបនេះ ក៏បានស្នើឱ្យអ្នកជំងឺដែលបានជាសះស្បើយហើយ ត្រូវពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យ។

    អម្បូរមេរោគ Corona គឺរួមទាំងវីរុសបង្កើតជំងឺផ្ដាសាយធម្មតា អាសន្នរោគ SARS និង MERS ។ ភាគច្រើននៃវីរុស Corona អាចបង្កជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ចាប់ពីស្រាល ដល់មធ្យម និងឆ្លងពីសត្វមកមនុស្ស។ នៅពេលមេរោគបានចូលក្នុងរាងកាយមនុស្ស វានឹងរកវិធីតោងទាម និងរុកចូលក្នុងកោសិកានៃរាងកាយមនុស្ស។ ដើម្បីទប់ទល់នឹងមេរោគនេះ ប្រព័ន្ធការពាររាងកាយរបស់មនុស្សនឹងបង្កើតអង្គបដិប្រាណ ដែលជាប្រូតិអ៊ីនមួយប្រភេទអាចកំណត់អត្តសញ្ញាណមេរោគ រួចបណ្ដេញវាចេញពីរាងកាយ។ នេះជាវិធីដែលជួយឱ្យមនុស្សមិនឆ្លងមេរោគមួយចំនួនដែលពួកគេធ្លាប់បានឆ្លងរួចមកហើយ។ វ៉ាក់សាំងក៏ជាវិធីសាស្ត្រមួយផ្សេងទៀតដើម្បីជួយចម្រើនអង្គបដិប្រាណនេះដែរ។

    Amira Roess សាស្ត្រាចារ្យផ្នែកសុខាភិបាល និងអាសន្នរោគ នៃសាកលវិទ្យាល័យ George Mason បាននិយាយថា៖ “ចំពោះជំងឺឆ្លងមួយចំនួន រាងកាយមនុស្សអាចបង្កើតប្រព័ន្ធអង្គបដិប្រាណដើម្បីទប់ស្កាត់មេរោគជាក់លាក់ណាមួយ ក្រោយពីបានឆ្លងមេរោគ។ ជាធម្មតា អ្នកដែលបានឆ្លងមេរោគម្ដងហើយ នឹងមិនឆ្លងម្ដងទៀតទេ បើទោះពួកគេបានប៉ះពាល់មេរោគនោះក៏ដោយ។ ក្នុងករណីអម្បូរមេរោគ Corona ថ្មី (nCoV) អ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកចម្លើយ ដើម្បីដោះស្រាយបញ្ហានេះ”។

    ក្រុមគ្រូពេទ្យ និងអ្នកមេរោគវិទ្យា មិនទាន់ដឹងច្បាស់នៅឡើយអំពី nCoV ដើម្បីប្រាកដថា តើរាងកាយមនុស្សអាចបង្កើតអង្គបដិប្រាណបានគ្រប់គ្រាន់ដែរឬទេ បន្ទាប់ពីបានឆ្លងមេរោគដ៏សាហាវនេះ?។ លោក Zhan Qungyuan បន្តថា ក្រុមអ្នកវិទ្យាសាស្រមិនទាន់ប្រាកដថា អង្គបដិប្រាណដែលរាងកាយមនុស្សផលិតនោះ អាចការពារពួកគេពីការឆ្លងមេរោគម្ដងទៀតឬយ៉ាងណានៅឡើយ?។ មេរោគ Corona ថ្មី ប្រភេទ nCoV ក៏អាចរីកចម្រើន និងប្រែកាយយ៉ាងលឿនដែរ ដូច្នេះអង្គបដិប្រាណដែលអាចទប់ស្កាត់មេរោគប្រភេទនេះ ក៏មិនអាចធានាបានថា អាចទប់ស្កាត់មេរោគប្រភេទផ្សេងបានដែរ។

    អង្គការសុខភាពពិភពលោក WHO បានប្រកាសភាពអាសន្នចំពោះមេរោគរាតត្បាត Corona ប្រភេទថ្មី (nCoV) នេះកាលពីថ្ងៃទី 30មករាកន្លងទៅ។ គិតមកដល់ថ្ងៃទី 4មករានេះ ចំនួនអ្នកស្លាប់ដោយសារអាសន្នរោគនេះបានកើនដល់ 427នាក់ និងអ្នកបានឆ្លងមេរោគនេះ កើនដល់ 20,622នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • “ខ្ញុំមិនមែនវីរុសទេ!!” ដាស់ស្មារតីមនុស្សជុំវិញពិភពលោក បញ្ឈប់ការដាក់បដាបិទហាង-ដេញ-និងបិទប្រទេស ហាមជនជាតិចិន

    “ខ្ញុំមិនមែនវីរុសទេ!!” ដាស់ស្មារតីមនុស្សជុំវិញពិភពលោក បញ្ឈប់ការដាក់បដាបិទហាង-ដេញ-និងបិទប្រទេស ហាមជនជាតិចិន

    មនុស្សជុំវិញពិភពលោកដែលកំពុងភ័យរន្ធត់ខ្លាំងអំពី “វីរុសកូរ៉ូណា” បានបណ្ដាលឱ្យកើតមានក្រសែស្អប់ខ្ពើម-រើសអើងជនជាតិចិន រហូតដល់នៅក្នុងប្រទេសថៃ មានការសរសេរបដាហាមជនជាតិចិនចូលទៀតផង!។ សង្គមមនុស្សជាតិបានដាក់សំណួរថា “តើធ្វើនេះត្រឹមត្រូវហើយ ឬធ្វើហួសហេតុជ្រុលពេក?”។ ថ្មីៗនេះ អ្នកជំនាញការផ្នែកទំនាក់ទំនង និងសម្ព័ន្ធភាពអន្តរជាតិ បានធ្វើការវិភាគពី “ការបិទប្រទេស” ថា “រឹតតែសាងស្នាមរបួសលើសម្ព័ន្ធភាពដ៏ល្អ” និងបានសង្កត់ធ្ងន់លើ “ការរួមដៃគ្នាខាងវេជ្ជសាស្ត្រទើបជាការប្រសើរបំផុត!”។

    ទូទាំងពិភពលោកភ័យខ្លាចវីរុស មិនស្វាគមន៍ជនជាតិចិន!

    “សូមអភ័យទោស មិនទទួលភ្ញៀវចិន និងអតិថិជនបរទេស…ដែលយើងមិនអាចផ្ដល់សេវាកម្មជូនលោកអ្នកបាននេះ គឺដោយសាតែបញ្ហាមេរោគវីរុសកូរ៉ូណា…សូមអរគុណដែលបានយល់ចិត្ត”

    អត្ថបទដែលមានទាំងភាសាថៃ និងអង់គ្លេស ត្រូវបានបំពាក់នៅផ្នែកខាងមុខមាត់ទ្វារនៃភោជនីយដ្ឋានមួយនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយសារតែការភ័យខ្លាចវីរុសកូរ៉ូណា រហូតដល់ត្រូវកំណត់អតិថិជនចំពោះតែជនជាតិថៃប៉ុណ្ណោះដែលអាចចូលបាន។

    រឿងនេះបានក្លាយជារឿងមួយដែលត្រូវបានជជែកដេញដោលគ្នាយ៉ាងទូលំទូលាយ ដែលមានទាំងយល់ស្រប និងមិនយល់ស្របថា ជាទង្វើដែលរើសអើង ឬតើនឹងធ្វើឱ្យអ្នកទេសចរខូចអារម្មណ៍ នឹកអន់ចិត្តដែរឬទេ? ខណៈដែលមនុស្សភាគច្រើនយល់ឃើញថា ខាងភោជនីយដ្ឋានបានធ្វើត្រឹមត្រូវហើយ ដែលផ្ដល់ភាពសំខាន់លើរឿងសុវត្ថិភាពជាចម្បង។

    មិនមែនមានតែជនជាតិថៃប៉ុណ្ណោះទេ ដែលមានកង្វល់រឿងការឆ្លងមេរោគពីជនជាតិចិន តែជនជាតិចិនគ្នាឯងនៅក្នុងប្រទេសចិនក៏បានរារាំងគ្នាឯងដែរ ខណៈដែលប្រទេសជាច្រើនទូទាំងពិភពលោកសុទ្ធតែមានវិធានការ និងការប្រតិបត្តិដែលហាក់ដូចជាដាច់ខាត ឬដែលអាក្រក់បំផុតនោះគឺ វាកើតជាក្រសែរើសអើងជនជាតិអាស៊ី បែបម៉ៅរួមទៅជាមួយគ្នាតែម្ដង។

    ឧទាហរណ៍ ហាងលក់ទំនិញ ឬភោជនីយដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង មានការដាក់បដាប្រកាសមិនស្វាគមន៍ជនជាតិចិន រួមទាំងសណ្ឋាគារមួយនៅក្នុងប្រទេសវៀតណាមក៏មានការដាក់បដាផងដែរថា “ប្រទេសរបស់អ្នក កំពុងតែចម្លងមេរោគ ទើបយើងមិនស្វាគមន៍ភ្ញៀវមកពីប្រទេសចិន”។ ខណៈដែលប្រទេសក្នុងតំបន់អឺរ៉ុបក៏មានប្រតិកម្មចំពោះជនជាតិចិន និងជនជាតិអាស៊ីក្នុងទំនងដូចគ្នាដែរ ដូចជានៅប្រទេសបារាំង មានការនិយាយគ្នាអំពីស្ត្រីម្នាក់ដែលជិះនៅក្នុងរថយន្តក្រុងថា “មានស្រីចិនម្នាក់ កំពុងចម្លងមេរោគមកពួកយើង”។ ដែលការពិតទៅ នាងគឺជាអ្នកទីក្រុងប៉ារីសដែលមានសែស្រឡាយវៀតណាម រហូតធ្វើឱ្យកើតក្រសែជជែកតវ៉ាគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង ព្រមជាមួយហេចថេក #je ne suis pas un virus ឬ ខ្ញុំមិនមែនជាវីរុសទេ!!។

    អ្នកជំនាញការផ្នែកទំនាក់ទំនង និងសម្ព័ន្ធភាពអន្តរជាតិ ខាងលើបានសរុបថា ក៏ចង់ផ្ដាំផ្ញើថា គួរយល់ចិត្ត និងអាណិតជនជាតិចិន ការពិតទៅគឺមនុស្សទូទាំងពិភពលោកហ្នឹងឯង! យើងជាពលរដ្ឋរួមពិភពលោកតែមួយ បញ្ហានេះ បើសិនតទៅមុខទៀត វាកើតលើប្រទេសណាមួយ ប្រទេសនោះច្បាស់ជាយ៉ាប់យ៉ឺនដូចតែគ្នាហ្នឹងឯង ដូច្នេះខ្ញុំជឿថា ទីបំផុតទៅ ទូទាំងពិភពលោកត្រូវតែជួយគ្នា ទើបអាចឆ្លងផុតទៅបាន៕