Tag: កូន

  • ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

    ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

    ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។

    ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។

    អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។

    បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។

    យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) វិញ គិតត្រឹមឆ្នាំ 2070 ចំនួនប្រជាជននឹងនៅសល់ 87 លាននាក់។

    Japan Times ឱ្យដឹងថា ចំនួនកុមារនៅប្រទេសជប៉ុន បានថយចុះនៅក្នុងរយៈពេលជាង 4 ទសវត្សរ៍កន្លង គ្រាដែលមានប្រជាជនកាន់តែច្រើនមិនចង់រៀបការ និងបង្កើតកូនចៅ ព្រោះតែការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ ចេះតែកើនឡើង៕

  • BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។

    ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​

    BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕

  • ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ កើន​ 31% ក្នុង​ឆ្នាំ 2023

    ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ កើន​ 31% ក្នុង​ឆ្នាំ 2023

    បរិមាណ​រថយន្ត​អគ្គិសនីសុទ្ធ​ និង​រថយន្ត​កូន​កាត់​អគ្គិសនី ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​សកលលោក​​​ក្នុង​ឆ្នាំ​កន្លង សម្រេច​បាន​​ជាង 13.6 លាន​គ្រឿង​ កើន​ 31% បើ​ធៀប​នឹង​ឆ្នាំ 2022​។ នេះ​បើ​តាម​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Rho Motion។

    ក្នុង​ចំណោម​នោះ រថយន្ត​អគ្គិសនី​សុទ្ធមាន​ប្រមាណ 9.5 លាន​គ្រឿង និង​រថយន្ត​កូន​កាត់​អគ្គិសនី​ (hybrid) មាន​ប្រមាណ 4.1 លាន​គ្រឿង​។ ក្រុម​ហ៊ុន Rho Motion ឱ្យ​ដឹង​ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 2023 រថយន្ត​អគ្គិសនី​ត្រូវ​បាន​លក់​ដាច់​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​មានប្រមាណ​​ 1.5 លាន​គ្រឿង​ត្រូវ​បាន​ទិញ​។

    ក៏​ប៉ុន្តែ ​កំណើន​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ 2023 មាន​ល្បឿន​​យឺត​ជាង​បើ​ធៀប​នឹង 60% របស់​ឆ្នាំ 2022​។

    ទីផ្សារ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន​ ពិសេស​គឺ​តម្រូវ​ការ​អាច​ទាប​ជាង​មុន​ ដោយ​សារ​តែ​អតិថិជន​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត​ ដើម្បី​រង់​ចាំ​រថយន្ត​ម៉ូដែល​ថ្មី​ ស៊េរី​ថ្មី​ដែល​ល្អ​ជាង​ តូច​ជាង និង​ថោក​ជាង​បច្ចុប្បន្ន ដែល​អាច​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​រង្វង់​ពី​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​៕

  • យន្តហោះ​អគ្គិសនីកូនកាត់ បំបែក​កំណត់​ត្រា​ហោះ​ហើរ​​ជាង 10 ម៉ោង

    យន្តហោះ​អគ្គិសនីកូនកាត់ បំបែក​កំណត់​ត្រា​ហោះ​ហើរ​​ជាង 10 ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ Electric EEL ហោះ​ហើរ​ជាង 2,200 គីឡូម៉ែត្រ ក្នុង​ដែន​អាកាស​កាលីហ្វ័រញ៉ា ប៉ុន្តែ​នៅ​សល់​ឥន្ធនៈ​ និង​ថាមពល​អគ្គិសនី​ជាង​ 2 ម៉ោង​ទៀត​។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​អាម៉េរិក Ampaire សម្រេច​បាន​ជោគ​ជ័យ​ នៅពេល​យន្ត​ហោះ​ Electric EEL បញ្ចប់​ការ​ហោះ​ហើរ​ 12 ម៉ោង នៅ កាម៉ារីឡូ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី 10 ធ្នូ​កន្លង​ទៅ​។ Ampaire ឱ្យ​ដឹង​ថា ជើង​ហោះ​ហើរ​នេះ​បាន​បំបែក​កំណត់ត្រា​មុន​នោះ ដែល​ទាក់​ទង​នឹង​ពេល​វេលា​នៃ​ការ​ហោះ​ហើរ​របស់​យន្តហោះប្រភេទ​កូន​កាត់​អគ្គិសនី​ – ឥន្ធនៈ​។

    ទន្ទឹម​នឹង​នេះ Electric EEL ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅពេល​វា​នៅ​សាល់​ឥន្ធនៈ និង​ថាមពល​អគ្គិសនី​ដែលអាច​ហោះ​ហើរ​បាន​ 2 ម៉ោង​ទៀត​ បន្ទាប់​ពី​បាន​ចុះ​ចត។ ក្នុង​ជើង​ហោះ​ហើរ​នេះ Electric EEL បាន​ហោះ​ហើរ​ប្រហែល 2,213 គីឡូម៉ែត្រ។

    Ampaire ឱ្យ​ដឹង​ថា ប្រព័ន្ធ​ម៉ាស៊ីនហាយព្រីតឆ្លាត​វៃ​ជំនាន់​​ដំបូង​ដែលបំពាក់​លើ​ Electric EEL ជួយ​កាត់​បន្ថយ​ការ​ចំណាយលើ​​ឥន្ធនៈ​ពី 50% ទៅ 70%​ និង​បន្ថយ​ការ​ចំណាយ​លើ​ការ​ថែទាំ​ពី 25% ទៅ 50%​ បើ​ធៀប​នឹង​យន្តហោះ​ប្រើ​ឥន្ធនៈ​សុទ្ធ​៕

  • ទីផ្សារ​រថយន្ត​អគ្គិសនីនៅ​អាស៊ាន​ នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​ នៅ​បួន​ឆ្នាំ​ទៀត

    ទីផ្សារ​រថយន្ត​អគ្គិសនីនៅ​អាស៊ាន​ នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​ នៅ​បួន​ឆ្នាំ​ទៀត

    យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ម៉ាឡេស៊ី Tengku Zafrul Abdul Aziz ទីផ្សារ​រថយន្ត​អគ្គិសនី​របស់​អាស៊ាន​ គ្រោង​នឹង​សម្រេច​បាន​ 2.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ 2027 កើន​ជាង 5 ដង បើធៀប​នឹង​ 500 លាន​ដុល្លារ​របស់​ឆ្នាំ 2021​។

    ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ និង​ពិព័រណ៍​រថយន្ត​អគ្គិសនី​អាស៊ី​ 2023 នៅ​រដ្ឋធានី​កូឡាឡាំពួ រដ្ឋមន្ត្រី​ Tengku Zafrul Abdul Aziz យល់​ថា ម៉ាឡេស៊ី​ មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់ជាង​ ដោយ​សារ​បាន​អភិវឌ្ឍ​បណ្ដាញ​ពេញ​លេញ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ EV និង​រថយន្ត​ជំនាន់​ថ្មី​។

    គោលដៅ​របស់​ម៉ាឡេស៊ី​ គឺ​ថា ដល់​ឆ្នាំ 2030 ប្រទេស​នេះ​នឹង​ធ្វើ​ឱ្យ​​​រថយន្ត​អគ្គិសនី និង​រថយន្ត​កូន​កាត់​សាំង​ – អគ្គិសនី រួម​ចំណែក​​ 20% ក្នុង​ចំណោម​រថយន្ត​ថ្មី និង 50% នៅ​ឆ្នាំ 2040 ខណៈ​ឆ្នាំ 2050 នឹង​មាន 80%​។

    លោក​រដ្ឋមន្ត្រី​ក៏​ឱ្យ​ដឹង​ថា លោក​សង្ឃឹម​ថា រថយន្ត​អគ្គិសនី​ផលិត​ក្នុង​ស្រុក​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ 2025​ ហើយ​ក៏​ជឿ​ជាក់​ថា ម៉ាឡេស៊ី​ នឹង​អាច​ផ្គត់​ផ្គង់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចំនួន 10,000 កន្លែង នៅ​ទូទាំង​ប្រទេស​​ក្នុង​ដំណាក់​កាល​នេះ​។

    បច្ចុប្បន្ន​ បណ្ដា​ក្រុម​ហ៊ុន​ធំៗ​ក្នុងវិស័យ EV ដូច​ជា Tesla (អាម៉េរិក), Geely, Chery, BYD (ចិន), Hyundai (កូរ៉េខាងត្បូង), Mercedes Benz, BMW (អឺរ៉ុប) សុទ្ធ​តែ​មាន​វត្តមាន​នៅ​ម៉ាឡេស៊ី​រួច​ហើយ​។

    សន្និសីទ និង​ពិព័រណ៍ EV អាស៊ី 2023 ត្រូវ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃទី 22 ដល់ 24 វិច្ឆិកា 2023 ដោយ​មាន​បញ្ជរ​ប្រហែល​មួយ​រយ​ដែល​ដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​ រួម​នឹង​សន្និសីទ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​បណ្ដាញ​ EV មាន​ដូច​ជា គោលនយោបាយ ទំនោរ និង​ឱកាស​ក្នុង​វិស័យ​ឧស្សាហកម្ម EV, ទីផ្សារ​ EV ទោចក្រយាននៅ​អាស៊ាន។ល។

  • រក​ឃើញ​ភព​មួយ​ស្រដៀង​​នឹង​ផែនដី ប៉ុន្តែ​​មួយ​ឆ្នាំ​មាន​តែ​ជាងបី​ថ្ងៃ​

    រក​ឃើញ​ភព​មួយ​ស្រដៀង​​នឹង​ផែនដី ប៉ុន្តែ​​មួយ​ឆ្នាំ​មាន​តែ​ជាងបី​ថ្ងៃ​

    ណាសា​បាន​រកឃើញ​​ភព​ថ្ម​មួយ​ដែល​មាន​ឈ្មោះ​ថា LTT 1445 Ac កំពុង​គោចរ​ជុំវិញកូន​​ផ្កាយ​​ក្រហម​មួយ​ដួង​។

    ភព​ LTT 1445 Ac ដែល​ត្រូវ​បាន​រកឃើញ​ដំបូង​ដោយ​តេឡេស្កុប​ TESS របស់​ណាសា ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​បី​ដ៏​ចម្លែក​មួយ​ និង​មាន​ចម្ងាយ​ពីផែនដី​ប្រហែល 22 ឆ្នាំ​ពន្លឺ​ ដែល​មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​ 9.46 លាន​លាន/ទ្រីលាន​ (9,460,000,000,000) ​គីឡូម៉ែត្រ​។

    LTT 1445 Ac គោចរ​ជុំវិញ​កូន​ផ្កាយ​ក្រហម​មួយ​ដួង​ដែល​មាន​ឈ្មោះ​ថា​ LTT 1445 A តែ​ប៉ុណ្ណោះ ប៉ុន្តែ​ បើ​សិន​អ្នក​ស្ថិត​នៅ​លើ​ភព​នេះ អ្នក​អាច​មើល​ឃើញ​ទាំង​ផ្កាយ​ LTT 1445 B និង LTT 1445 C ធ្វើ​ឱ្យ​ទិដ្ឋភាព​លើ​ភព​នេះ​ ស្រដៀង​ទៅ​នឹង​ភព​ប្រឌិត​មួយ​នៅ​ក្នុង​ខ្សែភាព​យន្ត​ Star Wars។

    ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​មួយ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Astronomical Journal ក្រុម​អ្នក​ស្រាវ​ជ្រាវដែល​ដឹក​នាំ​ដោយ​បណ្ឌិត Emili Pass មក​ពី​មជ្ឈមណ្ឌល​រូប​វិទ្យា​តារាសាស្ត្រ​ Harvard & Smithsonian (សហរដ្ឋ​អាម៉េរិក) បាន​រក​ឃើញ​ប្រការ​ពិសេស​មួយ នោះ​គឺ​ថា LTT 1445 Ac ស្ថិត​ក្នុង​ប្រភេទ​​ភព​ដែល​មាន​ទំហំ​ប៉ុន​ផែនដី​។

    យោង​តាម​ការ​សង្កេត​បន្ថែម​ដោយ​តេឡេស្កុប Hubble ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាម៉េរិក​បាន​គណនា​ឃើញ​ថា ភព​នេះ​មាន​ម៉ាស​ធ្ងន់​ជាង​ 1.37 ដង និង​កាំ​ធំជាង​ 1.07 ដង ធៀប​នឹង​ផែនដី​។ ដូច្នេះ ភព​ថ្ម LTT 1445 Ac មាន​ម៉ាស និង​ទំហំ​ប្រហាក់​ប្រហែល​នឹង​ផែនដី​។

    ប្រការ​ដែល​គួរ​ឱ្យ​ស្ដាយ​គឺ​ថា LTT 1445 Ac ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​របស់​វា​ពេក​ ធៀប​នឹង​ការ​ចង់​បាន​របស់​មនុស្ស​។ បើ​ទោះ​កូន​ផ្កាយ​នេះ​មាន​ពន្លឺ​តិច​ និង​ត្រជាក់​ជាង​ព្រះ​អាទិត្យ​របស់​មនុស្ស ប៉ុន្តែ​ដោយ​សារ​វដ្ដ​នៃ​គន្លង​គោចរ​ត្រឹម​តែ​ 3.12 ថ្ងៃ ​ផ្ទៃ​របស់ភព​ LTT 1445 Ac មាន​សីតុណ្ហភាព​​រហូត​ដល់ 260 អង្សាសេ​ ដែល​មិន​ងាយនឹង​ឱ្យ​ជីវិតដូច​លើ​ផែនដី ​អាច​កកើត​បាន​។

    ស្ថានភាព​របស់​​ភព​ LTT 1445 Ac អាច​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​យល់​ច្បាស់​ជាង​មុន​អំពី​របៀប​ដែល​ភព​ស្រដៀង​នឹង​ផែនដី​ អាច​កកើត​ និង​រីក​ចម្រើន​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ផ្សេង​ៗ​ ដែល​នេះ​ក៏​នឹង​ជួយ​កាត់​បន្ថយទំហំ​នៃ​​ ​ការ​ស្វែង​រក​ជីវិត​នៅ​ក្នុង​ចក្រវាល​៕

  • យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

    យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យានជំនិះ Switchblade អាច​ធ្វើដំណើរ​ក្នុងល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​បត់​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ហោះ​លើ​អាកាស​។

    យាន Switchblade របស់​ក្រុម​ហ៊ុន​ Samson Sky បាន​ហោះ​ហើរ​ជា​ផ្លូវ​ការ​​​លើក​ដំបូង​ ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មួយ​ឆ្នាំ​មុន​ ពី​អគ្គនាយករដ្ឋាន​អាកាសចរណ៍​អាម៉េរិក (FAA) និង​ 14 ឆ្នាំ​ក្រោយ​ពី​បង្ហាញ​ខ្លួន​ជា​លើក​ទីមួយ។ នេះ​បើ​តាម​សារព័ត៌មាន Sun ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 វិច្ឆិកា។

    យានជំនិះ​នេះ​អាច​ប្រែពី​ត្រីចក្រយានយន្ត​មក​ជា​យន្តហោះ ដោយ​គ្រាន់​តែ​ចុច​លើ​គ្រាប់​ចុច​មួយ​គ្រាប់​។ យាន Switchblade អាច​បើក​បរ​ក្នុង​​ល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​ស្ថិត​ក្នុង​រូប​រាង​​​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ប្រែ​ខ្លួន​ជា​យន្ត​ហោះ​ ហោះ​លើ​អាកាស​។

    នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខណ្ឌ​ Grant របស់​ទីក្រុង Moses Lake នៃរដ្ឋ Washington យាន Switchblade បាន​ហោះ​ឡើង​នៅក្នុង​ជើង​ហោះ​ហើរ​ដំបូង​ កម្ពស់ 150 ម៉ែត្រ និង​ហោះ​ជុំវិញគោលដៅ​ចំនួន 6 នាទី មុន​នឹង​ចុះ​ចត​លើដី​។

    ក្រុម​ហ៊ុន Samson Sky ឱ្យ​ដឹង​ថា បាន​ទទួល​ការ​បញ្ជាទិញ​សម្រាប់ Switchblade ពី 57 ប្រទេស​រួច​ហើយ​ នៅ​ក្នុង​តម្លៃ​ 170,000 ដុល្លារ​អាម៉េរិក​/គ្រឿង​។ យាន​ដែល​មាន​កៅអីពីរ​នេះ​អាចហោះ​ដល់​កម្ពស់​ 400 ម៉ែត្រ។ ដោយ​ប្រើប្រព័ន្ធ​អគ្គិសនី​កូន​កាត់​ Switchblade អាច​ធ្វើ​ដំណើរ​បាន​ 805 គីឡូម៉ែត្រ ពេល​ចាក់​ឥន្ធនៈ​មួយ​ពេញ 125 លីត្រ​។

    យោង​តាម New Atlas យន្តហោះ​កូន​កាត់​យាន​ជំនិះ​កង់​បី​ Switchblade នេះ មិន​មែនជា​យាន​ជំនិះ​ដែល​អាច​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ឈរត្រង់​នោះ​ទេ​ ប៉ុន្តែ​វា​ត្រូវ​ការ​​ផ្លូវ​រត់​ដែល​មាន​ប្រវែង 335 ម៉ែត្រ​។

    Samson Sky ឱ្យ​ដឹង​ថា ទិន្នន័យ​ដែល​បាន​ពី​ជើង​ហោះ​ហើរ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​​កំណត់​យក​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ និង​អភិវឌ្ឍ​គំរូ​ដំបូង​មួយចំនួន​៕

  • ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    Dragonfly ដែល​ជា​ដ្រូន​គំរូ​ដើម​ខ្នាត​ធំ​ ប៉ុនកូន​​រថយន្ត​ ហើយ​គ្រោង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​ចន្ទ​ធំបំផុត​របស់​ភព​សៅរ៍​ ទើបតែ​​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​បន្ទប់​ខ្យល់​។

    កន្លង​មក​ ណាសា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ហួស​ពី​គោលដៅ​នៃ​បេសក​កម្ម​ដំបូង​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ Ingenuity ហោះ​ហើរ​បាន​ 63 លើក​នៅ​លើ​ភព​អង្គារ​។ ណាសា​យល់​ដឹង​បាន​ច្រើន​ពី​ឧទ្ធម្ភាគ​ចក្រ​ដំបូង​នេះ​ និង​ត្រៀម​អនុវត្ត​ចំពោះ​យាន​ធំ​ជាង​នេះ​នៅ​លើ​ទីតាន (Titan) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​របស់​ភព​សៅរ៍​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 24 តុលា 2023​។

    ដ្រូន Dragonfly ប្រើ​ប្រាស់​ស្លាប​កង្ហារ​ចំនួន 8 និង​មាន​ទំហំ​ប៉ុន​កូន​ឡាន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Johns Hopkins រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​តេស្ត​ទៅ​លើ​ដ្រូន​គំរូ​ដើម​ដែល​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​ទំហំ​ផ្លូវ​ការ​ និង​បាន​ចែក​រំលែក​លើ​អ៊ីនធើណិត​។

    Dragonfly នឹង​ជា​បេសកកម្ម​ដំបូង​របស់​ណាសា​ ដែល​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​របស់​ «ពិភព​មហា​សមុទ្រ​» មួយ​ផ្សេង​ទៀត ក្រៅ​ពី​ផែនដី​។ ដូច​ទៅ​នឹង​ផែនដី ព្រះ​ចន្ទ​ទីតាន​មាន​ប្រព័ន្ធ​អាកាស​ធាតុ​ ទន្លេ និង​សមុទ្រ​នៅ​លើ​ផ្ទៃ​ ប៉ុន្តែ​ខុស​ត្រង់​ថា ធាតុ​រាវ​ដែល​ហូរ​នៅ​លើ​ទីតាន​មាន​ផ្ទុក​មេតាន​រាវ មិន​មែន​ទឹក​ឡើយ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿ​ថា ព្រះ​ចន្ទ​មួយ​នេះ​អាច​មាន​លាក់​ភាវៈ​រស់​។

    ដ្រូន​ថ្មី​នេះ​នឹង​ស្រាវ​ជ្រាវ​ផ្ទៃ​ខាងលើ​របស់​ព្រះចន្ទ​ទីតាន​ ជា​ទី​ដែល​មនុស្ស​ទើប​បាន​ដឹង​តិច​តួច​បំផុត​នៅ​ឡើយ​។

    តាម​គម្រោង​ Dragonfly នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​ទីអវកាស​នៅ​ឆ្នាំ 2027​។ បើ​សិន​អ្វី​ៗ​ដំណើរ​ការ​រលូន វា​នឹង​ទៅដល់​ព្រះចន្ទ​ទីតាន​នៅ​ឆ្នាំ ​2034​។

  • អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

    អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

    អាជ្ញាធរ​ទីក្រុង​ Perth បាន​អនុម័ត​គម្រោង​សាងសង់​អគារ​កម្ពស់ 191.2 ម៉ែត្រ​ ដែល​ប្រើ​ប្រាស់​ឈើ​បន្ទះ​កុងផ្លាកេ​ផ្សំ​ជាមួយ​នឹង​បេតុង​ស្នូល​ដែក​ថែប​។

    កាល​ពី​ថ្ងៃទី 05 តុលា​ អាជ្ញាធរទីក្រុង​ Perth បាន​អនុម័ត​សំណើ​សាងសង់​អគារ​កប់ពពក​ដែល​មាន​ឈ្មោះ​ថា C6 របស់​ Grange Development។​ យោង​តាម CNN អគារ​នេះ​នឹង​ខ្ពស់​ជាង​ជិត​ពីរ​ដង​បើធៀប​នឹង​អគារ​ឈើ-​បេតុង​ខ្ពស់​បំផុត​ក្នុង​លោក​នាបច្ចុប្បន្ន​។ ម្ចាស់​សំណង់​នេះ​ឱ្យ​ដឹង​ថា 42% នៃ​អគារ​នេះ​នឹង​សាងសង់​ពី​ឈើ​ ខណៈ​​សសរធ្វើ​ពី​បេតុង​ និង​ដែក​។

    ក្រោយ​ពីបាន​​សាងសង់​រួច​រាល់​ អគរ C6 នឹង​បំបែក​កំណត់​ត្រា​អគារ​ឈើ​-បេតុង​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ Ascent នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក​ ដែល​មាន 25 ជាន់ ​កម្ពស់ 86 ម៉ែត្រ​។ C6 នឹង​ស្ថិត​នៅ​ក្នុង​ក្រុង Charles ភាគ​ខាង​ត្បូង​ទីក្រុង Perth និង​ខ្ពស់​ជាង​អគារ​កូន​កាត់​ឈើ​-បេតុង​ Atlassian Headquarters ​នៅ​ទីក្រុង Sydney នា​ពេល​ខាង​មុខ​។ Atlassian Headquarters ក៏ត្រូវ​បាន​សាងសង់​ដើម្បី​​បំបែក​កំណត់​ត្រា​របស់ Ascent ប៉ុន្តែ​មិន​ទាន់​រួច​រាល់​។

    ដូច​ទៅ​នឹង Atlassian អគារ C6 នឹង​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​កុងផ្លាកេ​ច្រើន​ស្រទាប់​​ដែល​មាន​ស៊ុម​ដែក​​ការ​ពារ​។ យោងតាម Grange Development អគារ​កម្ពស់​ 50 ជាន់​ និង​​​មាន​ខុនដូ​​​ជាង​ 200 នេះ ​គឺជា​អគារ​ស្នាក់​នៅ​ដែល​មិន​បំភាយ​ឧស្ម័ន​កាបូន​ដំបូង​គេ​នៅ Western Australia។ C6 នឹង​ប្រើ​ប្រាស់​ឈើ​ 7,400 ម៉ែត្រ​គុប​ដែល​បាន​ពី​ដើម​ឈើ​ 600 ដើម​។

    ក្រៅ​ពី​ឈើ គម្រោង​របស់​ក្រុម​ហ៊ុន​ខាងលើ​ក៏​រួម​មាន​ទាំង​តំបន់​បៃតង​ជា​ច្រើន​ មាន​ដូច​ជា សួន​រុក្ខជាតិ​លើដំបូល​អគារ កសិដ្ឋាន​បែប​ទីក្រុង​ និងមាន​ការ​​ផ្ដល់​រថយន្ត​អគ្គិសនី​ Tesla Model 3s ចំនួន​ 80 គ្រឿង​ដល់​អតិថិជន​ផងដែរ​៕

  • Tesla របស់​អាម៉េរិក ជិត​បាត់​​តំណែង​លេខ​មួយ​ដោយ​សារ​​ក្រុម​ហ៊ុន​ចិន​?

    Tesla របស់​អាម៉េរិក ជិត​បាត់​​តំណែង​លេខ​មួយ​ដោយ​សារ​​ក្រុម​ហ៊ុន​ចិន​?

    BYD របស់​ចិន​ទំនង​ជា​នឹង​អាច​ហក់ផុត​ Tesla ដើម្បី​ក្លាយជា​ក្រុម​ហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ គ្រា​ដែល​​វិស័យ​ឧស្សាហកម្ម​រថយន្ត​របស់​ប្រទេស​ចិន​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារ​តែ​យាន​យន្ត​អគ្គិសនី​។

    យោង​តាម Fortune ការ​លក់ធ្លាក់​ចុះនៅ​​​ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​ 2023 របស់ Tesla កំពុង​​បង្ក​ឱកាស​ល្អ​ដល់​គូប្រជែង​ BYD ក្នុង​ការ​ដណ្ដើម​យក​តំណែង​នាំ​មុខ​គេ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ទូទាំង​សកល​លោក​។

    ក្នុង​ត្រីមាន​ទីបី​នៃ​ឆ្នាំ 2023 Tesla លក់​រថយន្ត​អគ្គិសនី​បានជាង 435,000 គ្រឿង​ គ្រាដែល​ BYD លក់​បាន​ជាង 431,000 គ្រឿង​។ គម្លាត​ដ៏​ខ្លី​នេះ​មាន​ន័យ​ថា BYD អាច​ជិត​យក​ឈ្នះ​លើ Tesla ទាក់​ទង​នឹង​បរិមាណ​រថយន្តអគ្គិសនី​ដែល​បាន​លក់​ចេញ​។

    បើ​គិត​ជា​សរុប​ BYD បាន​យក​ឈ្នះ​ Tesla តាំង​ពី​យូរ​មក​ហើយ​។ យោង​តាម Bloomberg បើ​គិត​ទាំង​រថយន្ត​កូន​កាត់​ម៉ូទ័រ​អគ្គិសនី​-ម៉ាស៊ីន​ចំហេះ​ក្នុង​ (hybrid) BYD លក់​បាន​ជាង 800,000 គ្រឿង​ក្នុង​ត្រីមាស​ទី​បី​ ច្រើន​ជាង​ជិត​ទ្វេ​ដង បើ​ធៀប​នឹង​ Tesla។

    ក្រុម​ហ៊ុន​ចិន BYD កាល​ពី​ឆ្នាំ​ 2022 លក់​រថយន្ត​បាន​ 1.8 លាន​គ្រឿង​ ក្នុង​នោះ​មាន​ជាង 911,000 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី​សុទ្ធ។ ក្នុង​ដំណាក់​កាល​នោះ​ដែរ Tesla លក់រថយន្ត​អគ្គិសនី​សុទ្ធ​​បាន​ 1.3 លាន​គ្រឿង​។