Tag: កូនសម្លាញ់

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 2)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 2)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    6 . ក្នុងអំឡុងពេលតាំងគភ៌(ពោះធំ) តើត្រូវគេងផ្អៀងខាងណាទើបមានសុវត្ថិភាពបំផុត?

    សំណួរ ៈ ធ្លាប់បានដឹងមកថា ស្រ្តីមានផ្ទៃពោះ ពេលគេងគេឱ្យគេងផ្អៀងខាងស្ដាំ ព្រោះនឹងមិនធ្វើឱ្យសង្កត់លើបេះដូងរបស់យើងខ្លួនឯង តើជាការពិតឬទេ? ចុះចំពោះអ្នកដែលមានទម្លាប់គេងផ្អៀងខាងឆ្វេងវិញនោះ តើមានវិធីកែសម្រួលដំណេកខ្លួនឯងយ៉ាងណាខ្លះទៅ?

    ចម្លើយ ៈ ការពិតទៅ តាមដែលបានដឹងមក ចំពោះស្រ្តីមានគភ៌ គ្រូពេទ្យតែងតែណែនាំឱ្យគេងផ្អៀងមកខាងឆ្វេង ព្រោះនឹងធ្វើឱ្យស្បូនមិនរមួលខ្លួន ដោយសារតែស្បូន ជាប្រក្រតីនឹងរមួលខ្លួនទៅខាងស្ដាំស្រាប់ហើយ ដូច្នេះការគេងផ្អៀងមកខាងឆ្វេងនឹងជួយធ្វើឱ្យស្បូនរបស់ស្រ្តីក្នុងអំឡុងពេលតាំងគភ៌ស្ថិតនៅក្នុងទីតាំងដែលមានតុល្យភាពខ្លាំងឡើង និងមានផលជួយការពារការកើតសភាវឡើងសម្ពាធឈាមក្នុងអំឡុងពេលមានគភ៌ទៀតផង និងថែមទាំងមិនធ្លាប់ដែលរកឃើញថា មានផលប៉ះពាល់ដល់បេះដូងរហូតដល់ថ្នាក់មានគ្រោះថ្នាក់នោះឡើយ។

    7 . ឈឺខ្នងខណៈមានគភ៌

    ក្នុងអំឡុងខែទី5 ខណៈពេលតាំងគភ៌ ស្រ្តីមានគភ៌នឹងមានអាការឈឺខ្នង ដោយសារតែកម្លាំងបោកយោលរបស់ក្បាលពោះក្នុងខណៈពេលធ្វើការងារផ្ទះដែលត្រូវឱនងើប ឬអង្គុយចោងហោង ធ្វើឱ្យមកដល់ចំណុចដែលសាច់ដុំទទួលទ្រទម្ងន់លែងរួច ដូច្នេះដើម្បីសម្រាលអាការឈឺខ្នងនេះ ពេលគេងស្រ្តីមានគភ៌គួរគេងផ្អៀង មានខ្នើយកល់ទ្រពោះ និងខ្នើយឱបដាក់នៅចន្លោះជើងទាំងពីរ ដើម្បីជួយទ្រទម្ងន់គភ៌ និងចៀសវាងពីឥរិយាបថណាដែលត្រូវប្រើខ្នង និងចង្កេះ ដូចជា អង្គុយ ឬឈរយូរលើសពី 30នាទី ការឱនប្រមូលរបស់របរក្នុងលក្ខណៈចំកោងខ្នង និងការអង្គុយផ្ទាល់នឹងឥដ្ឋ ឬអង្គុយចោងហោងជាដើម។

    8 . អាការដែលសម្គាល់ថា មានគភ៌

    – បាត់វដ្តរដូវ។ – ឈឺ ឡើងតឹង និងណែនសុដន។ – បត់ជើងតូចញឹកញាប់។ – ទល់លាមកច្រើនជាងប្រក្រតី។ – មានអាការធ្លាក់សបន្តិចបន្តួច។ – មានអារម្មណ៍ឆាប់ហត់ ចង់តែគេងលក់សម្រាកគ្រប់ពេល។ – មានអារម្មណ៍ថា ល្វីងៗ សាបៗ និងមានរសជាតិប្លែកៗនៅក្នុងមាត់។ – មានអារម្មណ៍ធុំក្លិនស្អុយ ទ្រាំមិនបានជាមួយវត្ថុអ្វីម្យ៉ាង។ – មានអាការចាញ់កូន ៈ ក្អួតចង្អោរ វិលមុខ។ – ញ៉ាំអាហារមិនឆ្ងាញ់ ឬចង់ញ៉ាំរបស់ចម្លែកៗ។ – មានអារម្មណ៍ទន់ជ្រាយ ឆាប់ប្រែប្រួល។

    9 . ការត្រៀមសុខភាពស្រ្តីមានគភ៌

    ការមានសុខភាពល្អ មានន័យពីការមានរាងកាយដែលរឹងមាំល្អ ផ្លូវចិត្តរីករាយស្រស់ស្រាយ និងអាចដំណើរជីវិតនៅក្នុងសង្គមបានយ៉ាងមានសេចក្ដីសុខ។ សុខភាពដែលល្អចាប់ផ្ដើមពីក្នុងផ្ទះ មិនមែនពីក្នុងមន្ទីរពេទ្យនោះទេ។ សុខភាពដែលល្អ ចាប់ផ្ដើមពីខ្លួនឯង មិនមែនឱ្យគ្រូពេទ្យបញ្ជានោះទេ។ សុខភាពដែលល្អ ត្រូវស្វែងរក មិនមែនបានមកដោយឯកឯងនោះទេ។

    យើងមកចាប់ផ្ដើមត្រៀមខ្លួនធ្វើជាម្ដាយគេ ដោយការត្រៀមសុខភាពចាំទទួលការតាំងគភ៌វិញប្រសើរជាង…ចាប់ផ្ដើមពីមានសេចក្ដីស្រឡាញ់ចំពោះខ្លួនឯងជាមុនសិន ផ្ដល់សេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមករវាងស្វាមីភរិយា សម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន គិតក្នុងន័យវិជ្ជមាន ព្រោះថាមពលអំណាចរបស់ការគិតបែបចម្រើន ឬការគិតក្នុងន័យល្អនេះ មានច្រើនជាងអ្វីដែលអ្នកគិតច្រើនណាស់ ជាពិសេសក្នុងរឿងរបស់ការមានបុត្រ និងការការពារការរលូតបុត្រ។

    10 . បន្ថែមឱ្យគ្រប់ដើម្បីរាងកាយរឹងមាំទាំងម្ដាយ និងកូន

    ផូស្វ័រ កាល់ស្យូម វីតាមីន K -ល- ដោយសារតែកូនតូចក្នុងផ្ទៃត្រូវទាញយកកាល់ស្យូមពីរាងកាយរបស់ម្ដាយដើម្បីបង្កើន និងសាងឆ្អឹង ធ្មេញ និងអវយវៈផ្សេងៗរបស់រាងកាយ ទើបអ្នកម្ដាយគួរបានទទួលកាល់ស្យូម និងផូស្វ័រពីត្រីតូចៗ សណ្ដែក និងញ៉ាំទឹកដោះក្នុងអំឡុងពេលមានគភ៌ឱ្យបានច្រើន ដើម្បីការពារមិនឱ្យអ្នកម្ដាយខ្លួនឯងកើតសភាវឆ្អឹងស្រួយ ឬឆ្អឹងពុកនៅពេលអនាគត ទើបចាំបាច់ខ្លាំងណាស់ដែលស្រ្តីមានគភ៌ត្រូវតែបន្ថែមកាល់ស្យូមដល់រាងកាយទាំងមុនពេលមានគភ៌ ក្នុងអំឡុងពេលតាំងគភ៌ និងក្រោយប្រសូតបុត្ររួច។ សម្រាប់វីតាមីន K មានចំណែកជួយក្នុងការកាត់បន្ថយការរលាយកាល់ស្យូមក្នុងរាងកាយ ដែលវីតាមីននេះមានច្រើននៅក្នុងសាច់សត្វ និងបន្លែស្លឹកបៃតង៕

  • កូនតូច និងការប្រើម្រាមដៃ

    កូនតូច និងការប្រើម្រាមដៃ

    សូមបង្ហាញអត្ថបទថ្មីមួយទៀតអំពីកូនតូច ដើម្បីឱ្យអ្នកម្ដាយបានឆ្អែតពេញលេញជាមួយនឹងសារៈខ្លឹមសារពាក់ព័ន្ធនឹងវិវឌ្ឍនាការលើផ្នែកផ្សេងៗរបស់កូនតូចតាំងពីវ័យកើតដំបូង រហូតដល់អាយុ 9ឆ្នាំ…និងមិនទាន់អស់ត្រឹមតែប៉ុណ្ណឹងទេ ព្រោះអ្នកគ្រូ ឆវី នៅបានរួបរួម និងនាំយកវិធីទប់ទល់ជាមួយបញ្ហាទង្វើដែលអាល្អិតកំពូលរពឹសយើងតែងតែធ្វើឱ្យលោកឪពុក អ្នកម្ដាយ លោកតា លោកយាយឈឺក្បាលវិលមុខមិនដែលខានមួយថ្ងៃណានោះមកជម្រាបជូនទៀតផង ដោយអ្នកគ្រូ ឆវី ធានាថា ចាប់ពីពេលនេះទៅ បញ្ហាផ្ទុះផែនដីនេះនឹងក្លាយជារឿងស្រួលៗសម្រាប់អ្នកម្ដាយតែម្ដង។ ដូច្នេះពេលនេះយើងនាំគ្នាមកមើលពីវិវឌ្ឍនាការនៃការប្រើប្រាស់ដៃមួយដំណាក់កាលទៀតរបស់កូនតូចវិញល្អជាង…។

    ក្នុងអំឡុងពេលដែលកូនតូចរៀនយល់ដឹងពីការហាត់អង្គុយដោយខ្លួនឯង គេនឹងប្រើដៃជួយរុញខ្លួនឡើង និងទប់ខ្លួនឯងមិនឱ្យដួលមកវិញ ធ្វើឱ្យដៃ និងបាតដៃរបស់កូនមិនទំនេរឡើយ រហូតទាល់តែកូនអាចអង្គុយបានដោយខ្លួនឯង ចេះទប់លំនឹងខ្លួនបានល្អឡើង ទើបពេលនោះដៃ និងបាតដៃរបស់កូនទំនេរឡើងវិញ។ ដូច្នេះ ចាប់ពីអំឡុងពេលនេះទៅ កូននឹងមានពេលពិនិត្យពិច័យមើលបាតដៃរបស់ខ្លួនឯងកាន់តែច្រើនឡើង កូននឹងមានអារម្មណ៍ដឹងថា ម្រាមដៃរបស់គេពិតជាឧបករណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះនៅពេលគេចង់ឱ្យវាកម្រើក វាក៏កម្រើកបាន គេអាចបញ្ជាវាបានតាមចិត្តនឹកឃើញ។ គឺពេលហ្នឹងហើយ ដែលគេចាប់ផ្ដើមប្រើម្រាមដៃកៀរគ្រវាសវត្ថុតូចៗដែលគេឃើញ និងប្រាកដណាស់ រឿងដំបូងគេដែលកូនសម្លាញ់បានហ្វឹកហាត់ម្រាមដៃនោះគឺ ការចាប់កាន់អាហារញ៉ាំដោយខ្លួនឯង ដែលវិវឌ្ឍនាការនេះ អ្នកម្ដាយនឹងបានឃើញក្នុងអំឡុងពេលដែលកូនតូចឈានចូលដល់ខែទី 8។ ដូច្នេះលោកឪពុកអ្នកម្ដាយគួរជំរុញវិវឌ្ឍនាការរបស់កូនដោយការរកអាហារដុំតូចៗដែលមានភាពទន់ជ្រាយ ងាយស្រួលលេប(ត្រូវឱ្យប្រាកដក្នុងចិត្តថា មិនស្លាក់កកូន)ឱ្យកូនបានសាកល្បងចាប់កាន់យកមកដាក់មាត់ដោយខ្លួនឯង។ អាចនឹងប្រឡាក់បន្តិច តែក៏ OK!។

    បន្ទាប់ពីនោះទៀតមិនយូរប៉ុន្មាន កូនតូចក៏នឹងចាប់ផ្ដើមរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃរបស់ខ្លួន គ្រាន់តែលើកចង្អុលភ្លែត ក៏នឹងបានអ្វីដែលចង់បានមកភ្លាមតែម្ដង។ ត្រូវហើយចា៎ស សុំត្រឹមតែឱ្យច្បាស់ក្នុងចិត្តថា អ្នកកំពុងសម្លឺងមើលគេតែប៉ុណ្ណោះ ហើយគេក៏នឹងលើកចង្អុលដៃចង្អុលទៅរកវត្ថុណាដែលគេចង់បាន និងបញ្ចេញសំឡេងអេះ អាស់ថែមបន្តិចទៀត មិនថាវត្ថុនោះជារបស់លេង ចំណីអាហារ ដបទឹកដោះគោ ឬការចេញទៅលេងខាងក្រៅផ្ទះក៏ដោយ អ្នកម្ដាយក៏នឹងឱ្យវត្ថុ ឬអ្វីដែលគេចង់បាននោះភ្លាមៗតែម្ដង ដោយទាំងគេមិនចាំបាច់ពោលពាក្យអ្វីចេញមកទាំងអស់ គ្រាន់តែលើកចង្អុលដៃខ្លីៗ តូចៗ ធាត់ៗឆ្លើយឆ្លងជាមួយអ្នកប៉ុណ្ណោះ។

    ក្រៅពីកូនរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃហើយ កូននៅតែព្យាយាមសិក្សាពីអ្វីៗគ្រប់យ៉ាងលើពិភពលោកនេះដោយម្រាមចង្អុលដៃរបស់គេទៅជារឿយៗ ហើយរឿងមួយក្នុងចំណោមនោះគឺ ការយកចង្អុលដៃលូកចូលទៅក្នុងរន្ធព្រីភ្លើង(អៃយ៉ា!)។ ដូច្នេះនៅពេលណាដែលកូនតូចបានបង្ហាញឥទ្ធិពលនៃម្រាមចង្អុលដៃជាមួយអ្នកហើយ នោះមានន័យថា ដល់ពេលដែលលោកឪពុកអ្នកម្ដាយត្រូវត្រួតត្រាមើលពីសុវត្ថិភាពក្នុងផ្ទះហើយ។ កន្លែងណាមានរន្ធប្រហោង ប្រឡោះអី ចូរធ្វើការញ៉ុកបិទឱ្យជិតៗ ចំណែកព្រីភ្លើងក៏គួរតែរកគម្រប ឬរកអ្វីមកបាំងបិទផងដែរ។

    លោកឪពុកអ្នកម្ដាយមិនគួរហាមឃាត់អ្នកសិក្សាចង់ដឹងតូចល្អិតម្នាក់នេះទេ តែគួររកវិធីការពារឧប្បត្តិហេតុជុំវិញខ្លួនកូនឱ្យបានល្អវិញប្រសើរជាង។ ទោះជាហត់នឿយបន្តិចមែន តែធានាថា យើងនឹងបានរីករាយជាមួយនឹងវិវឌ្ឍនាការរបស់កូនសម្លាញ់យ៉ាងពិតប្រាកដ៕

  • ភាពឆ្លាតវៃ…អាចសាងបានមែនឬ?

    ភាពឆ្លាតវៃ…អាចសាងបានមែនឬ?

    ឪពុកម្ដាយភាគច្រើនចង់ឱ្យកូនឆ្លាត មានខួរក្បាលល្អ និងព្យាយាមស្វះស្វែងរកវិធីដែលនឹងធ្វើឱ្យកូនឆ្លាតវាងវៃ តើលោកឪពុកអ្នកម្ដាយដឹងឬទេ? ភាពឆ្លាតវៃមានជាប់នឹងខ្លួនកូនមកតាំងពីពេលកើតដំបូង និងមួយផ្នែកមកពីអាហារ និងការចិញ្ចឹមមើលថែ ដូច្នេះថ្ងៃនេះ អ្នកគ្រូ ឆវីសូមបបួលលោកឪពុកអ្នកម្ដាយមករៀនយល់ដឹងពីវិធីចិញ្ចឹមកូនឱ្យក្លាយជាក្មេងឆ្លាត និងមានខួរក្បាលវាងវៃដូចតទៅ។

    កូនឆ្លាត មានខួរក្បាលវាងវៃដោយបច្ច័យច្រើនយ៉ាង

    តើលោកឪពុកអ្នកម្ដាយដឹងឬទេ? អាហារ និងការចិញ្ចឹមមើលថែមានចំណែកជួយបង្កើនវិវឌ្ឍនាការរបស់កូន។ អាហារដែលជួយបំប៉នខួរក្បាលកូនដែលល្អបំផុត គឺទឹកដោះម្ដាយ ព្រោះសារធាតុអាហារចម្បងៗនៅក្នុងទឹកដោះម្ដាយមានជាតិខ្លាញ់ ប្រូតេអ៊ីន លែកតូស និងសារធាតុអាហារផ្សេងៗទៀត ក្រៅពីនេះនៅមាន ស៊្វីងហ្គោម៉ៃអ៊ីលីន(Sphingomyelin) ខ្លាញ់ប្រភេទផូស្វ័រឡៃពីដ ដែលឃើញមានច្រើននៅក្នុងទឹកដោះម្ដាយដូចគ្នា។

    អត្រាចំណែក Sphingomyelin នៅក្នុងទឹកដោះម្ដាយ

    ចរន្តប្រសាទជាមួយការធ្វើការរបស់ខួរក្បាលរបស់កូនតូច

    “ខួរក្បាល” ជាអវយវៈដែលមានតួនាទីសំខាន់ក្នុងការទទួលដឹង ការគិតវិភាគសមត្ថភាពខាងសតិបញ្ញា ការទំនាក់ទំនង និងការធ្វើចលនារបស់រាងកាយ។ លោកឪពុកអ្នកម្ដាយដឹងឬទេថា ខួរក្បាលប្រកបដោយ ជាតិខ្លាញ់ដល់ទៅ 60% ដែលខ្លាញ់ជាចំណែកផ្គុំចម្បងរបស់ ម៉ៃអ៊ីលីនក្នុងខួរក្បាល។ សរសៃប្រសាទដែលមានម៉ៃអ៊ីលីន នឹងមានការបញ្ជូនសញ្ញាប្រសាទរហ័សជាងសរសៃប្រសាទដែលគ្មានម៉ៃអ៊ីលីនដល់ទៅ​ 60ដង ដោយមាន Sphingomyelin ជាសារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ក្នុងការសាងម៉ៃអ៊ីលីន។

    Sphingomyelin សារធាតុមួយក្នុងចំណោមសារធាតុអាហារសំខាន់ដើម្បីខួរក្បាលកូន

    ក្នុងពេលបច្ចុប្បន្ន ទោះជាគ្រូពេទ្យ និងអ្នកវិទ្យាសាស្រ្តមិនទាន់អាចកែសម្រួល ឬទៅគ្រប់គ្រងការសាងម៉ៃអ៊ីលីនឱ្យកើតឡើងតាមសេចក្ដីត្រូវការបានដោយត្រង់ក៏ដោយ តែក៏យើងអាចបង្កើនការសាងស្រោមម៉ៃអ៊ីលីនបានដោយ Sphingomyelin ព្រោះ Sphingomyelin ជាសារធាតុអាហារដែលមានតួនាទីក្នុងការសាងម៉ៃអ៊ីលីន ដែលម៉ៃអ៊ីលីននេះនឹងជួយឱ្យខួរក្បាលប្រមូលទិន្នន័យបានលឿន និងមានប្រសិទ្ធភាព។

    ស្រោមម៉ៃអ៊ីលីនមានអង្គប្រកប(ចំណែកផ្គុំ)ជាខ្លាញ់ដល់ទៅ 70% ដូច្នេះខ្លាញ់ដែលបានទទួលពីអាហារ ជាពិសេសខ្លាញ់ពីទឹកដោះម្ដាយ នឹងក្លាយជាប្រភពដ៏សំខាន់ក្នុងការសាងស្រោម៉ៃអ៊ីលីនក្នុងខួរក្បាលរបស់កូនសម្លាញ់។ សម្រាប់វ័យដែលចាប់ផ្ដើមឱ្យញ៉ាំអាហារបន្ថែមហើយ អាចបានទទួលសារធាតុអាហារ Sphingomyelin ពីប្រភពផ្សេងៗដូចជា ស៊ុត ក្រែម ឈីស ទឹកដោះ រួមទាំងផលិតផលធ្វើពីទឹកដោះផងដែរ។ ក្រៅពីបានទទួលសារធាតុអាហារដែលសំខាន់ក្នុងការបំប៉នខួរក្បាលហើយ ការជំរុញវិវឌ្ឍនាការខ្លះទៀតក៏ធ្វើឱ្យខួរក្បាលកើតមានការសាងស្រោនម៉ៃអ៊ីលីនបានដែរ ដូចជាក្នុងអំឡុងខួបឆ្នាំដំបូង ការស្ដាប់សំឡេងដែលសម្បូរបែប និងការស្ដាប់សំឡេងតន្រ្តី ការដោះស្រាយចំណោទបញ្ហា នឹងជួយអភិវឌ្ឍចរន្តប្រសាទ និងការសាងស្រោមម៉ៃអ៊ីលីនជាដើម។

    ការបង្កើនវិវឌ្ឍនាការកូនឱ្យឆ្លាតវាងវៃមិនពិបាកឡើយ បើមានការយល់ដឹង។ ការបង្កើនឱ្យកូនបានទទួលទឹកដោះម្ដាយយ៉ាងជាប់លាប់ជាបន្តបន្ទាប់ និងយូរបំផុតគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ និងឱ្យកូនញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមតាមរយៈអាហារដែលសម្បូរបែប ជាប់ជាប្រចាំ រួមទាំងការចិញ្ចឹមមើលថែកូនឱ្យទទួលបានភោជនាហារដែលល្អ សមនឹងវ័យ គួបផ្សំនឹងការជំរុញវិវឌ្ឍនាការជាប់ជានិច្ច នឹងជួយអភិវឌ្ឍខួរក្បាលរបស់កូនឱ្យក្លាយជាក្មេងដែលមានខួរក្បាលវាងវៃបានយ៉ាងពិតប្រាកដ៕

  • ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ចំណេះដឹងថ្មីៗ ល្អៗដែលស្រ្តីទាំងអស់គួរបានដឹង មុនពេលសម្រេចចិត្តមានគភ៌(ភាគទី 1)

    ការសម្រេចចិត្តមានគភ៌(យកបុត្រ)គឺជារឿងមួយដែលស្រ្តីទាំងឡាយបានគិតគូរ ពិចារណា និងថែមទាំងបានពិភាក្សាជាមួយគូជីវិត(ស្វាមី)យ៉ាងល្អិតល្អន់ច្បាស់លាស់ហើយទៀតផង។ ដូច្នេះខាងក្រោមតទៅនេះគឺជាចំណេះដឹងល្អៗដែលស្រ្តីទាំងឡាយគួរតែបានដឹងទុកជាចំណេះដឹងដើម្បីដំណើរជីវិតឱ្យបានល្អក្នុងអំឡុងពេលតាំងគភ៌(រយៈពេល 9ខែ) ព្រោះថា នៅពេលស្រ្តីមានគភ៌មានសុខភាពល្អទាំងកាយ និងចិត្តនោះ កូនសម្លាញ់ដែលនៅក្នុងផ្ទៃក៏នឹងមានសុខភាពល្អដូចគ្នាដែរ។

    1 . ស្រ្តីធាត់ ប៉ះពាល់ផ្លូវចិត្តទារក

    ការតាមដានលទ្ធផលថយទៅក្រោយវិញនៅលើមនុស្សចំនួន 2,303នាក់ដែលមានអាយុជាមធ្យម 20ឆ្នាំ និងមានបុរសជិតពាក់កណ្ដាលនោះ បានរកឃើញថា បន្ទាប់ពីកាត់ឥទ្ធិពលរឿងអាយុរបស់ម្ដាយ ការសិក្សា និងប្រាក់ចំណូល សភាវជ្រៀតជ្រែកនៅពេលប្រសូតចេញហើយ ការដែលពួកគេមានម្ដាយធាត់ ឬមានទម្ងន់ខ្លួនលើសពីកំណត់កម្រិតមុនពេលតាំងគភ៌នោះ បានបង្កើនភាពប្រថុយប្រថានដល់កូនដែលអាចនឹងមានអាការគិត ឬធ្វើអ្វីផ្ដេសផ្ដាស់នៅពេលមានអាយុ 20ឆ្នាំឡើង រហូតដល់ទៅ 54%ឯណោះ។

    យន្តការដែលនៅពីក្រោយសម្ព័ន្ធភាពនេះនៅមិនទាន់ប្រាកដច្បាស់នៅឡើយ តែអាចនឹងពាក់ព័ន្ធនឹងការដែលពួកគេមានម្ដាយធាត់ហើយបង្កើនភាពប្រថុយប្រថានដល់សភាវជ្រៀតជ្រែកនៅពេលកើត ជំងឺពាក់ព័ន្ធនឹងមេតាបូលីហ្ស៊ឹម និងម៉ូលីគុលដែលពាក់ព័ន្ធជាមួយការក្លាយរលាក ជាដើម។ ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្ដាយ ត្រូវចាប់ផ្ដើមតាំងពីពេលមុនតាំងគភ៌ឯណោះ ហើយភោជនាហារក៏រាប់ថាជាបច្ច័យមួយដែលនឹងនាំឆ្ពោះទៅរកការតាំងគភ៌ដែលទទួលបានជោគជ័យដែរ។

    2 . តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ?

    សំណួរ ៈ តើអាយុមានផលប៉ះពាល់ដល់ការតាំងគភ៌មែនឬ? តើអ្វីដែលគេតែងនិយាយថា បើមានកូនពេលអាយុច្រើន កូនប្រសូតចេញមកហើយអាចនឹងមានសតិបញ្ញាមិនសូវល្អ(មិនសូវគ្រប់ទឹក) តើមែនឬទេ? និងព្រោះអ្វី?

    ចម្លើយ ៈ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ស្រ្តីដែលតាំងគភ៌ក្រោយអាយុ 35ឆ្នាំឡើងទៅ មានឱកាសកើតបញ្ហាក្នុងការតាំងគភ៌ទាំងលើម្ដាយ និងទារក ច្រើនជាងស្រ្តីដែលតាំងគភ៌ក្នុងអាយុតិចជាង 35ឆ្នាំ ហើយបញ្ហាមួយទៀតនោះក៏គឺ ភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងគភ៌ ដូចជាមានឱកាសក្នុងការកើតមកមានបញ្ហាខាងខួរក្បាល និងរាងកាយបាន ដូច្នេះបើស្រ្តីណាម្នាក់តាំងគភ៌ក្រោយអាយុ 35ឆ្នាំនោះ គ្រូពេទ្យនឹងធ្វើការពិនិត្យទឹកភ្លោះដើម្បីវិនិច្ឆ័យទារកក្នុងគភ៌ថា តើមានភាពខុសប្រក្រតីខាងក្រូម៉ូហ្សូមឬទេ?។

    3 . ចង់បានកូនភ្លោះ ប្រុស1 ស្រី1 តើអាចធ្វើបានទេ?

    សំណួរ ៈ នាងខ្ញុំចង់បានកូនភ្លោះបែបប្រុស1 ស្រី1 តើសម័យនេះអាចធ្វើបានឬទេ?

    ចម្លើយ ៈ ការមានកូនភ្លោះ ជាការតាំងគភ៌ដែលមិនប្រក្រតីតាមធម្មជាតិ ដែលនឹងមានបញ្ហាកើតឡើងជាច្រើនក្នុងអំឡុងការមើលថែទាំគភ៌ ដូច្នេះប្រហែលជាពិបាកខ្លាំងណាស់ដែលនឹងមានលោកគ្រូពេទ្យណាម្នាក់ធ្វើបានតាមស្តង់ដារខាងវេជ្ជសាស្រ្តអាចផ្ដល់សេវាកម្មដល់អ្នកស្រីបានតាមតម្រូវការនេះ។ តែបើតាមទ្រឹស្ដីវិញ គឺអាចធ្វើបានដោយការធ្វើបដិសន្ធិខាងក្រៅរាងកាយ ដែលគេហៅថាទារកបំពង់កែវ និងពិនិត្យមើលក្រូម៉ូហ្សូមភេទពេលដែលនៅជាតួកំណើត មុននឹងដាក់ចូលទៅវិញ។ យ៉ាងណាក៏ដោយ ទោះជាដាក់ចូលទៅវិញមែន តែប្រភេទប្រុស1 ស្រី1នេះក៏មិនបានមានន័យថា ទាំងពីរនឹងចម្រើនធំធាត់ប៉ុនៗគ្នាដែរ អាចនឹងស្វិតមួយ ឬស្វិតទាំងពីរក៏មាន(ពិបាកថែទាំ) ហើយថ្លៃចាយវាយដ៏សែនថ្លៃកប់ពពកនោះក៏នឹងក្លាយជាអាសាឥតការទៅដែរ។

    4 . ផ្សែង និងក្លិនបារីបង្កគ្រោះថ្នាក់ដល់ទារកក្នុងគភ៌

    ក្នុងអំឡុងពេលតាំងគភ៌ ស្រ្តីមានគភ៌មិនគួរនៅជិតអ្នកជក់បារីជាដាច់ខាត ដើម្បីភាពរឹងប៉ឹងមាំមួនរបស់ទារកក្នុងផ្ទៃ ព្រោះសារធាតុផ្សេងៗពីផ្សែងបារិដែលអ្នកបានស្រូបចូលទៅដោយមិនបានជក់ដោយខ្លួនឯងនោះ មានផលប៉ះពាល់ខ្លាំងជាងសេពដោយខ្លួនឯងទៅទៀត ព្រោះវានឹងមានផលប៉ះពាល់ទាំងលើការចម្រើនធំធាត់ និងវិវឌ្ឍនាការរបស់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ គ្រាន់តែថាតិច ឬច្រើនតែប៉ុណ្ណឹងឯង។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ដែលបានរកឃើញថា បើសិនទទួលបានសារធាតុពុលពីផ្សែងបារី នឹងធ្វើឱ្យងាយនឹងកើតសភាវរលូតបុត្រខ្លាំងឡើង មានឱកាសប្រសូតបុត្រដែលមិនសមប្រកបមុនពេលកំណត់ឬទារកក្នុងគភ៌អាចនឹងកើតមកពិការតាំងពីកំណើតក៏មាន។ វិធីដែលល្អ អ្នកគួរឱ្យស្វាមីរបស់អ្នកចេញទៅជក់បារីនៅខាងក្រៅផ្ទះ ក្នុងកន្លែងដែលស្រឡះ និងហាមជក់បារីនៅក្នុងផ្ទះជាដាច់ខាត រួមទាំងនៅក្នុងរថយន្តដែលអ្នកជិះជាមួយទៀតផង។

    5 . ស្រ្តីមានគភ៌គេងលក់ស្រួល នឹងធ្វើឱ្យទារកក្នុងគភ៌គេងលក់ស្រួលដែរឬទេ?

    ការគេងលក់របស់មាតា ក្រៅពីនឹងជួយមិនឱ្យនឿយល្វើយអស់កម្លាំងហើយ ក្នុងអំឡុងពេលសម្រាកគេងលក់នោះនៅធ្វើឱ្យឱ្យការហូរវិលរបស់លោហិតក្នុងរាងកាយឆ្ពោះទៅរកស្បូនដំណើរការបានល្អផងដែរ ធ្វើឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារ និងអុកស៊ីហ្ស៊ែនក្នុងបរិមាណដែលគ្រប់គ្រាន់នឹងតម្រូវការក្នុងការចម្រើនធំធាត់ឡើងនៅក្នុងគភ៌។ ខណៈពេលជាមួយគ្នា នៅពេលដែលស្រ្តីមានគភ៌គេងលក់ស្រួល រាងកាយក៏នឹងសម្រាក ផ្លូវចិត្តក៏នឹងធូរស្រាលដូចគ្នា ទារកពិតជានឹងបានដឹងតាំងពីនៅក្នុងគភ៌អំពីសេចក្ដីសុខរបស់មាតាដែលកំពុងពពោះ ទារកក៏នឹងមានសេចក្ដីសុខសប្បាយទៅជាមួយដែរ ធ្វើឱ្យមានវិវឌ្ឍនាការខួរក្បាលល្អ។ ដូច្នេះហើយទើបកុមារដែលកើតចេញពីម្ដាយដែលមានសេចក្ដីសុខកាយសប្បាយចិត្ត មិនធុញថប់តានតឹងខឹងច្រើន និងគេងសម្រាកបានគ្រប់គ្រាន់គឺជាកុមារដែលងាយស្រួលចិញ្ចឹម និងមានសុខភាពរឹងមាំល្អហ្នឹងឯង៕

    (នៅមានត)

  • អាហារមានជាតិកាកសរសៃខ្ពស់ 2 មុខ (អាហារបន្ថែមសម្រាប់កូនតូចវ័យ 6 ខែ) ជួយដល់ការបន្ទោបង់

    អាហារមានជាតិកាកសរសៃខ្ពស់ 2 មុខ (អាហារបន្ថែមសម្រាប់កូនតូចវ័យ 6 ខែ) ជួយដល់ការបន្ទោបង់

    អាហារកុមារតូចក្នុងវ័យ 6 ខែឡើងទៅ ចាំបាច់ត្រូវតែបានទទួលសារធាតុអាហារដែលមានជាតិហ្វៃប៊ើរ(Fiber) ឬកាកសរសៃខ្លះហើយ ព្រោះជួយក្នុងការបន្ទោបង់របស់កូនសម្លាញ់មិនឱ្យកើតអាការទល់លាមក ព្រមទាំងទទួលបានគុណតម្លៃក្នុងផ្នែកសារធាតុអាហារផ្សេងទៀតជាច្រើនទៀតផង។ ថ្ងៃនេះ ឡារ៉ែនមានមុខម្ហូបជួយបំប៉នកូនៗមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសអ្នកម្ដាយដែលកំពុងចិញ្ចឹមមើលថែកូនក្នុងវ័យ 6 ខែឡើងទៅ​ ដូចខាងក្រោមនេះ។

    បេប៊ីតូចៗក៏ត្រូវការហ្វៃប៊ើរដូចមនុស្សធំដែរ តែដោយសារប្រព័ន្ធរំលាយអាហាររបស់កូនតូចនៅធ្វើការមិនទាន់បានពេញលេញ ទើបអ្នកម្ដាយត្រូវជួយកិន ក្រឡុក បន្លែ-ផ្លែឈើផ្សេងៗ និងបញ្ចុកឱ្យញ៉ាំម្ដងបន្តិចៗរហូតដល់ធំ ក៏ជាការជួយកូនសម្លាញ់ឱ្យចេះញ៉ាំបន្លែបានតាំងពីតូចដែរ។

    Apple Soup

    (សម្រាប់ក្មេង 8 ខែ)

    – គ្រឿងផ្សំ

    1 . ផ្លែប៉ោមពណ៌បៃតងកិនម៉ដ្ឋ 1/2 ផ្លែ(ផ្លែតូច)

    2 . សាច់មាន់ស្ងោរកិនម៉ដ្ឋ 1 ស្លាបព្រាបាយ

    3 . ទឹកដោះដែលកូនបៅ ឬទឹកដោះម្ដាយ 1 ពែង

    – វិធីធ្វើ

    ដាក់ដាំទឹកដោះឱ្យពុះ ដាក់សាច់មាន់ និងសាច់ផ្លែប៉ោមចូល កូរឱ្យចូលគ្នាសព្វ នឹងបានស៊ុបពណ៌បៃតងខ្ចី។

    Tip : លាងផ្លែប៉ោមពណ៌បៃតងនោះឱ្យស្អាត ហាន់ពាក់កណ្ដាលផ្លែ យកបណ្ដូលកណ្ដាល និងគ្រាប់ចេញ កិនឱ្យម៉ដ្ឋទាំងសម្បក ដើម្បីឱ្យបានហ្វៃប៊ើរ(ជាតិកាកសរសៃ)បែបរលាយក្នុងទឹកបានពេញបរិបូរណ៍។

    បាយកិនវីតាមីន – ហ្វៃប៊ើរខ្ពស់

    (សម្រាប់ក្មេងវ័យ 6 – 9 ខែ)

    – គ្រឿងផ្សំ

    1 . បាយអង្ករបីកំណាត់ 2 ស្លាបព្រាបាយ

    2 . មើមការ៉ុតស្ងោរឆ្អិនកិនម៉ដ្ឋ 2 ស្លាបព្រាបាយ

    3 . ស្លឹកបាសស្ងោរឆ្អិនកិនម៉ដ្ឋ 2 ស្លាបព្រាបាយ

    4 . ទឹកស្អាត 1 ពែង

    – វិធីធ្វើ

    ស្ងោរមើមការ៉ុត ស្លឹកបាស និងបាយអង្ករបីកំណាត់រហូតឡើងផុយ ហើយកិនបញ្ចូលគ្នាឱ្យទៅជាសាច់មួយ ក្លាយជាបាយកិនវីតាមីន។ បន្ថែមគ្រឿងផ្សំដទៃទៀតបានតាមអំឡុងវ័យ បន្ថែមគុណតម្លៃឱ្យអាហារមួយពេលនេះឆ្ងាញ់ឆ្អែត និងទទួលបានប្រយោជន៍៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • កូនសម្លាញ់ ថីបានជាកូនយំ?

    កូនសម្លាញ់ ថីបានជាកូនយំ?

    តើ​លោកអ្នក​ក្លាយជា​ឳពុក​ម្តាយ​ថ្មោងថ្មី​ដែល​មានកូន​តូច​មែនទេ​?​ ​តើ​លោកអ្នក​យល់ដឹង​ពី​ការ​ស្រែកយំ​របស់​កូនតូច​របស់​លោកអ្នក​បាន​កម្រិត​ណា​?​​ ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូមជម្រាប​ជូន​មូលហេតុ​ដែល​នាំឱ្យកូនតូច​របស់​លោកអ្នក​ស្រែកយំ​មាន5ចំណុច។​

    ​ ​“​ការ​ស្រែកយំ​”​ ​គឺជា​រឿង​ធម្មតា​របស់​ទារក​ទើបនឹង​កើត​ ​ដូច្នេះ​តោង​ឱ្យ​ឪពុកម្ដាយ​ថ្មោងថ្មី​យល់ដឹង​អំពី​កូនតូច​ ​និង​អាច​តបស្នង​តម្រូវការ​របស់​កូន​បាន​យ៉ាង​មាន​សេចក្ដីសុខ​។​ ​ពេល​កូនតូច​របស់​លោកអ្នក​យំ​អាច​បណ្តាល​មក​ពី​៖​
    ​កត្តា​ទី១​ ​គឺ​កូន​ឃ្លាន​ ​បើ​កូនតូច​របស់​អ្នកម្ដាយ​បៅ​ទឹកដោះ​បាន​តិច​ ​និង​ច្រើនតែ​ភ្ញាក់​ឡើង​យំ​ក្រោយពី​បៅ​ទឹកដោះ​បាន​ត្រឹមតែ​មួយ​ម៉ោង​រួចមក​នោះ​ ​មូលហេតុ​មក​ពី​កូនតូច​បៅ​ទឹកដោះ​ខុស​វិធី​ ​ឬ​បៅ​មិនបាន​ឆ្អែត​ ​ដូច្នេះ​អ្នកម្តាយ​គួរតែ​លើក​កូន​ឱ្យបៅ​ ​និង​ អង្អែល​កូនឱ្យគេង​បន្ត​ ​តែ​មិន​ត្រូវឱ្យ​កូន​បៅ​ឆ្អែត​ពេក​ទេ​ ​ចៀសវាង​ការ​ភើ​ចេញក្រៅ​។​ ​

    ​កត្តា​ទី២​ ​កូន​ឯកា​ ​មិនថា​កូនលោក​អ្នកមាន​អាយុ​ប៉ុន្មាន​នោះ​ទេ​ ​ពួកគេ​ពិតជា​ត្រូវការ​សេចក្ដី​ស្រឡាញ់​ ​ភាព​កក់ក្ដៅ​តាមរយៈ​ការ​ប៉ះពាល់​ដ៏​ទន់ភ្លន់​របស់​ឪពុកម្ដាយ​ជាប់​ជានិច្ច​ ​លោកអ្នក​ត្រូវតែ​ផ្តល់​ការ​ឱប​ ​និង​ថើ​បថ្មមៗ​ ​ឬ​​ជា​ការ​ប៉ះពាល់​ខាង​រាងកាយ​ដែល​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​កក់ក្ដៅ​ក្នុងចិត្ត​ ​និង​មាន​សេចក្ដីសុខ​ជាប្រចាំ​។​ ​

    កត្តា​ទី​៣​ ​កូន​យំ​ព្រោះ​មិន​ស្រួលខ្លួន​ ​ឬ​ឈឺថ្កាត់​ ​ដោយ​កូនតូច​ច្រើនតែ​យំ​រករឿង​ ​មិនព្រម​បៅ​ ​ឬ​មិន​គេង​ជា​នោះ​ ​អ្នកម្ដាយ​គួរ​វាស់​សីតុណ្ហភាព​ខ្លួន​កូន​ ​ដើម្បី​ពិនិត្យមើល​ថា​ ​តើ​កម្ដៅ​ខ្លួន​កូន​ស្ថិត​ក្នុង​កម្រិត​ប៉ុន្មាន​អង្សា​?​ ​បើ​ចាប់ពី37អង្សា​ឡើង​ទៅ​ ​មានន័យថា​ ​កូនតូច​មាន​អាការៈ​គ្រុនក្ដៅ​ខ្លួន​ហើយ​ ​ចូរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​។​ ​

    ​កត្តា​ទី៤​ ​កូន​ចាប់ផ្តើម​ដុះ​ពន្លក​ធ្មេញ​ ​ទារក​នឹង​មាន​ធ្មេញ​មួយគូ​ដំបូង​នៅពេល​អាយុ​បាន​ ​6ខែមុន​នឹង​ធ្មេញ​របស់​កូន​ដុះឡើង​ ​ច្រើនតែ​មាន​ទឹកមាត់​ហៀរ​ចេញ​មក​ក្រៅ​ ​មិន​ចង់​បៅ​ទឹកដោះ​ ​ឬ​ញ៉ាំ​អាហារ​ ​យំ​រករឿង​ ​មាន​អារម្មណ៍​រមាស់​អញ្ចាញធ្មេញ​ ​ចូលចិត្ត​យកដៃ​លូកចូល​មាត់​ ​ដូច្នេះ​អ្នកម្ដាយ​អាច​ជួយ​កាត់បន្ថយ​ភាព​រមាស់​អញ្ចាញធ្មេញ​កូន​បាន​ ​ដោយ​ឱ្យ​កូន​ខាំ​ដុំ​នំ​ប៉័ង​ទន់​ៗ​។​ ​

    ​កត្តា​ទី៥​ ​គឺ​កន្ទប​ ​ឬ​ខោ​ទឹកនោម​កូន​សើម​ខ្លាំង​ ​កូន​អាច​នឹង​មាន​អារម្មណ៍​ថា​សើម​ខ្លួន​ ​មិន​ស្រួល​ស្បែក​ ​ជួនកាល​អាច​ធ្វើ​ឱ្យ​កើត​កន្ទួល​រមាស់​ទៀតផង​ ​ទើប​កូនតូច​ស្រែកយំ​រករឿង​ ​ដូច្នេះ​អ្នកម្តាយ​ត្រូវ​ចេះ​ប្រើ​ម្សៅ​លាប​ ​បំបាត់​រមាស់​ ​រាល់ពេល​ប្តូរ​កន្ទប​ឲ្យ​កូន​ ​និង​ជ្រើសរើស​ម្សៅ​ដែល​បរិសុទ្ធ​ល្អ​ ​មិន​លាយ​ពណ៌​ ​មិន​លាយ​សារធាតុគីមី​ ​ការពារ​សំណើម​ ​ព្រោះ​ស្បែក​កូនតូច​នៅ​ខ្ចី​ណាស់​៕​