Tag: កូនមាន

  • នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    ខែទី 12

    លក្ខណៈរបស់កូនតូច

    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដង ធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។

    វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្រ្កានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ

    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូន និយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ

    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអ៊ីន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអ៊ីនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែន តែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយ ធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើន នោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯង ដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយ ព្រោះការដែលកូនបានរត់លេងច្រើននេះ វាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តា យាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

    អាការដែលអាចកើតឡើង

    . ធ្មេញកូននៅមិនទាន់ដុះឡើង

    ទោះជាដឹងថា ក្មេងខ្លះឆាប់ដុះធ្មេញ និងក្មេងខ្លះក្រដុះធ្មេញក៏ដោយ តែបើកូនអាយុមួយខួបហើយនៅមិនទាន់ឃើញមានធ្មេញផុសឡើងមួយគ្រាប់ណាសោះនោះ ឪពុកម្ដាយប្រហែលជានឹកកង្វល់ចិត្តមិនតិចឡើយ។ ការពិតទៅ កូនមានធ្មេញនៅក្រោមអញ្ចាញរួចរាល់ហើយ គ្រាន់តែក្រផុសឡើងមកលើសាច់អញ្ចាញប៉ុណ្ណោះ ដូច្នេះអ្នកម្ដាយមិនគួរនឹកកង្វល់ច្រើនពេកឡើយ គួររង់ចាំពេលវេលាបន្តិចទៀត។ មិនគួរទិញថ្នាំវីតាមីនបន្ថែមមកឱ្យកូនញ៉ាំដោយមិនបានប្រយ័ត្នប្រយែងនោះឡើយ ព្រោះនឹងធ្វើឱ្យកូនបានទទួលវីតាមីនច្រើនជ្រុល រហូតកើតអាការធុញទ្រាន់ទឹកដោះគោ ចង់ញ៉ាំតែទឹក ទឹកផ្លែឈើ និងអាចមានអាការជ្រៀតជ្រែកផ្សេងទៀតដូចជា ក្អួតចង្អោរ ហើមពោះ នោមច្រើន និងញឹកញាប់ ទាល់តែឈប់ឱ្យញ៉ាំវីតាមីនទើបបាត់ជាដើម ហើយការឱ្យកូនញ៉ាំកាល់ស្យូម ក៏មិនបានជួយឱ្យធ្មេញឆាប់ដុះឡើងដែរ។

    វិវឌ្ឍនាការរបស់កូន

    – រាងកាយ

    . ឡើងចុះជណ្ដើរកាន់តែពូកែឡើង។

    . ចេះរុញរបស់ផ្សេងៗចេញឆ្ងាយពីខ្លួនបាន។

    . ក្មេងខ្លះអាចដោះខោខ្លួនឯងបានហើយ។

    . ចេះប្រើដៃចាប់នេះ ចាប់នោះបានកាន់តែពូកែឡើង។

    . អាចកាន់វត្ថុ2 នៅក្នុងដៃតែម្ខាងបាន។

    . ចេះចាប់ស្លាបព្រាដើម្បីដួសអាហារដាក់ចូលមាត់បានខ្លះហើយ។

    . ព្យយាមចាប់របស់របរបង្វិលលេង និងចូលចិត្តមើលរបស់ដែលវិលបាន។

    – សង្គមជុំវិញខ្លួន

    . ចេះធ្វើត្រាប់តាមអាកប្បកិរិយាមនុស្សធំបានច្រើនឡើង។

    . ចេះនិយាយមួយម៉ាត់ៗបានច្រើនឡើង តែក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស។

    . ដឹងពីអារម្មណ៍របស់អ្នកដទៃបានច្រើនឡើង។

    . ខ្លាចមនុស្សមិនដែលស្គាល់(ប្លែកមុខ) និងទីកន្លែងថ្មីៗ ប្លែកៗដែលមិនធ្លាប់ស្គាល់។

    . យល់ដឹងពីហ្គេមដែលកំពុងលេងច្រើនជាងមុន និងចេះលេងហ្គេមបានច្រើនមុខហើយ។

    . កាន់តែចេះបដិសេធការញ៉ាំខ្លាំងជាងមុន និងចាប់ផ្ដើមហួងហែងរបស់លេងខ្លះៗហើយ។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . គួរឱ្យកូនហាត់ដើរដោយខ្លួនឯង ដោយរៀបចំបរិវេណជុំវិញទីនោះឱ្យមានសុវត្ថិភាព កុំឱ្យកូនមានគ្រោះថ្នាក់នៅពេលដួល។ របស់ជ្រុងៗ ស្រួចៗត្រូវប្រមូលទុកឱ្យអស់។ ពេលរៀបចំទីកន្លែងរួចហើយ មិនចាំបាច់ដើរតាមកូនគ្រប់ពេលនោះទេ កូនដួលខ្លះ អីខ្លះគឺជារឿងធម្មតាបើមានកម្រាលព្រំពីក្រោម តែដែលត្រូវប្រយ័ត្នគឺ កម្រាលឥដ្ឋ ឬក្ដារឈើ។

    . អ្នកម្ដាយគួរឧស្សាហ៍និយាយឈ្មោះអវយវៈផ្សេងៗឱ្យកូនបានស្ដាប់ ព្រមទាំងចង្អុលបង្ហាញផង ដើម្បីកូនបានរៀនយល់ដឹងអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើង។

    . កុំនិយាយពាក្យថា “កុំ” ជាមួយកូនតូចគ្រប់តែរឿងពេកបើជារឿងដែលមិនមានគ្រោះថ្នាក់ ឧស្សាហ៍ឱ្យកូនបានធ្វើដោយខ្លួនឯង ដើម្បីឱ្យកូនបានរៀនយល់ដឹង៕

  • ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។

    ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ

    ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។

    ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់

    ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។

    ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។

    ធ្វើឱ្យកូនខ្វះភាពជឿជាក់លើខ្លួនឯង មិនហ៊ានធ្វើអ្វី រហូតលែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតតែថា រឿងដែលចង់ធ្វើ អាចនឹងខុសទៀតក៏បានដែរ។

    ធ្វើបាបផ្លូវចិត្តកូនដោយមិនដឹងខ្លួន ព្រោះក្នុងគំនិតរបស់កូនៗ អ្នកដែលនៅមើលថែទាំ និងជិតស្និទ្ធជាមួយរូបគេដូចឪពុកម្ដាយ គឺត្រូវតែនៅចាំមើលថែទាំ និងការពាររូបគេ តែផ្ទុយទៅវិញ មនុស្សទាំងពីរនោះបែរជាធ្វើបាបលើរាងកាយ(ដាក់ទោសដោយការវាយ) និងផ្លូវចិត្តកូនទៅវិញ(តាមរយៈអារម្មណ៍ដែលទាំងក្រេវក្រោធផង ទាំងស្រឡាញ់ផងរបស់ឪពុកម្ដាយដែលលាយឡំចូលគ្នាខណៈពេលវាយកូន)។

    ធ្វើឱ្យភាពរឹងទទឹងច្រងេងច្រងាងដែលដក់ជាប់នៅក្នុងចិត្តកូន ដោយអារម្មណ៍ក្រោធខឹង ខូចចិត្ត ដែលកូនមិនអាចបង្ហាញចេញមកឱ្យឪពុកម្ដាយឃើញបាននោះ កូនអាចនឹងងាកទៅបង្ហាញភាពច្រងេងច្រងាងដាក់អ្នកដទៃ ដូចជាធ្វើបាបមិត្តភ័ក្តិ ជាដើម(ប៉ាម៉ាក់ចេះវាយកូនបាន រឿងអីកូនសាកវាយអ្នកផ្សេងខ្លះមិនបាន?)

    ធ្វើឱ្យកូនភ័យខ្លាចការត្រូវវាយធ្វើបាប សម្រាប់មនុស្សធំអាចមើលឃើញថា ការវាយ គឺដើម្បីបង្រៀនប្រដៅ តែសម្រាប់ក្មេងវិញ ការវាយធ្វើឱ្យកើតក្ដីភ័យខ្លាច និងមានអារម្មណ៍ថា កំពុងត្រូវធ្វើបាបលើរាងកាយធ្វើឱ្យមានអារម្មណ៍ឈឺចាប់ «ការវាយកូនគឺដើម្បី…ប្រដៅ តែខណៈពេលជាមួយគ្នា ពាក្យប្រដៅ ក៏ត្រូវបិទបាំងជិតដោយក្ដីភ័យខ្លាច ដែលកើតឡើងបន្តិចម្ដងៗនៅក្នុងផ្លូវចិត្តកូន»

    តាមរយៈផលប៉ះពាល់អវិជ្ជមានដែលបង្កប់នៅក្នុងនោះ អាចនិយាយបានថា ការវាយដំ ៈ ធ្វើឱ្យឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ទាំងឪពុកម្ដាយ និងកូនៗទៀតផង។ អ្នកគ្រូ ឆវី ចង់និយាយថា បើធាតុពិតរបស់ការវាយ គឺ ពាក្យប្រដៅ…ដូច្នេះនៅពេលកូនធ្វើខុស សូមសាកល្បងឆ្លងរំលងដំណាក់កាលហ្នឹងចោល…ហើយប្រើពាក្យប្រៀនប្រដៅ ប្រើការយល់ចិត្ត និងប្រើហេតុផលក្នុងការបង្រៀនប្រៀនប្រដៅកូនវិញម្ដង ល្អដែរទេ?។

    ព្រោះការប្រៀនប្រដៅកូនឱ្យស្គាល់ខុស និងត្រូវ…ដោយហេតុផល…ក៏ជាការបង្ហាត់ឱ្យកូនចេះប្រើទាំងហេតុ និងផលក្នុងការធ្វើទង្វើអ្វីផ្សេងៗនាពេលអនាគតដូចគ្នា៕

  • 30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    ការនិយាយជាមួយកូនដើម្បីឱ្យកូនស្ដាប់បង្គាប់ និងធ្វើតាម ពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។ ការនិយាយជាមួយកូនមានភាពសំខាន់ណាស់ ព្រោះវាគឺជាគំរូដើមក្នុងការបង្រៀនកូនឱ្យបានរៀនយល់ដឹងក្នុងការនិយាយស្ដីជាមួយអ្នកដទៃផងដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី មាន 30វិធីងាយៗពីអ្នកជំនាញខាងចិត្តវិទ្យាកុមារមកជម្រាបជូនដូចខាងក្រោម។

    ការនិយាយឱ្យកូនធ្វើតាមដោយមិនពិបាក មានដូចតទៅ

    1 . សម្លឹងមើលមុខមុននឹងនិយាយ មុននឹងចាប់ផ្ដើមនិយាយជាមួយកូន ចូរសម្លឹងមើលមុខកូនជាមុន ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនកំពុងស្ដាប់ រួចអង្គុយចុះក្នុងកម្ពស់ស្មើគ្នា និងសម្លឹងមើលកូនដោយខ្សែភ្នែកនៃសេចក្ដីស្រឡាញ់ មិនមែនការសម្លុតគំរាម។

    2 . ហៅឈ្មោះកូន ចាប់ផ្ដើមការនិយាយដោយការហៅឈ្មោះ ដូចជា កូនតូមី ម៉ាក់សុំឱ្យកូន…។

    3 . និយាយខ្លីៗ តែមានន័យ កុំនិយាយច្រើន ឬរអ៊ូច្រើន ព្រោះកូននឹងចាប់អត្ថន័យមិនបាន និងមិនដឹងថា យើងត្រូវការអ្វី។

    4 . ប្រើពាក្យងាយៗយល់ ប្រើពាក្យសម្ដីដែលងាយស្រួលយល់ និងមានន័យច្បាស់លាស់ជាមួយកូន កុំរអ៊ូ ឬរៀបរាប់ច្រើនពេក ព្រោះនឹងធ្វើឱ្យកូនមិនយល់ ឬធ្វើជាមិនដឹងតែម្ដង។

    5 . ពិសោធពីការយល់ដឹង ដោយឱ្យកូនឆ្លើយមកវិញ បើកូនមិនអាចឆ្លើយតបមកវិញបាន នោះបញ្ជាក់ថា ពិបាកយល់ និងវែងជ្រុលពេកហើយ ធ្វើឱ្យកូនមិនយល់។

    6 . ប្រើជម្រើសផ្សេងដែលមិនមែនជាការដាក់ទោស ជំនួសឱ្យការនិយាយថា បើមិនធ្វើ! ចាំមើលបន្តិចទៀតម៉ាក់មកវិញនឹងវាយឱ្យហើមគូទម្ដង តែគួរតែនិយាយថា បើកូនជួយលាងបន្លែម៉ាក់ កូននឹងអាចជួយម៉ាក់បានច្រើនណាស់ បន្តិចទៀតប៉ាមកវិញ យើងនឹងបានញ៉ាំបាយជុំគ្នាតែម្ដង…ជាដើម។

    7 . ដាក់សំណើដែលកូនមិនអាចបដិសេធបាន ជាពិសេសជាមួយក្មេងអាយុ 2 – 3ឆ្នាំ ជាវ័យដែលប្រកាន់យកខ្លួនឯងជាធំ( Egocentric)ដូច្នេះការដាក់សំណើណាមួយដែលកូននឹងស្ដាប់បង្គាប់ និងធ្វើតាម នឹងជួយកាត់បន្ថយការប្រកែកប្រណាំង ឬការឈ្លោះប្រកែកបាន ដូចជា ប្រាប់កូនថា ទៅស្លៀកពាក់ទៅ បន្តិចទៀតន្អាលនឹងបានចេញទៅលេងខាងក្រៅ។

    8 . និយាយក្នុងផ្លូវវិជ្ជមាន ដូចជា “កុំស្រែកគំហក!” តែយើងគួរនិយាយថា “កុំស្រែកខ្លាំងៗអី ព្រោះវានឹងធ្វើឱ្យយើងឈឺក”។

    9 . និយាយយ៉ាងមានគោលដៅ ដូចជា ម៉ាក់ត្រូវការឱ្យកូនចែកឱ្យប្អូនលេងផង (ជំនួសឱ្យពាក្យថា “ចែកឱ្យប្អូនដែរភ្លាម!”) វិធីនេះប្រើការបានល្អជាមួយក្មេងដែលចូលចិត្តការយកចិត្តយកថ្លើម និងក្មេងដែលមិនចូលចិត្តការបង្ខំ។

    10 . និយាយដល់ហេតុ និងផលដែលនឹងកើតឡើង ដូចជា នៅពេលកូនដុសធ្មេញរួច ម៉ាក់នឹងនិយាយរឿងនិទានឱ្យស្ដាប់ ឬនៅពេលកូនញ៉ាំបាយរួច យើងនឹងចេញទៅញ៉ាំការ៉េមជាមួយគ្នា។

    11 . កុំគិតថា កូនឌឺរឹង និងមិនសហការ តែផ្ទុយទៅវិញ ត្រូវសង្កេតមើលថា តើការនិយាយស្ដីរបស់យើងមានខុសឆ្គងត្រង់ណាទេ?។

    12 . រួមធ្វើកិច្ចការងារជាមួយកូន ជំនួសការចាំតែបញ្ជា ដូចជាថា បិទទូរទស្សន៍ភ្លាម ដល់ម៉ោងញ៉ាំបាយហើយ! តែយើងអាចប្រើវិធីដើរទៅអង្គុយជិតកូន មើលទូរទស្សន៍ជាមួយកូនប្រមាណជា 2 – 3នាទី លុះដល់ពេលផ្សាយពាណិជ្ជកម្ម ក៏ឱ្យកូនបិទទូរទស្សន៍ដោយខ្លួនឯង និងប្រាប់កូនថា ដល់ម៉ោងញ៉ាំបាយហើយ។

    13 . ផ្ដល់ជម្រើសដែលឆ្លាតវៃ ដូចជា តើចង់ស្លៀកខោអាវគេងមុន ឬចង់ដុសធ្មេញមុន? ចង់ពាក់អាវពណ៌ផ្កាឈូក ឬពណ៌បៃតងវិញ? ជាដើម។

    14 . និយាយត្រង់ទៅត្រង់មក ខ្លី និងងាយយល់ ឱ្យស័ក្តិសមនឹងវ័យ និងវិវឌ្ឍនាការក្មេង ដូចជា បើសួរក្មេងអាយុ 3ឆ្នាំថា ហេតុអីបានធ្វើអ៊ីចឹង? ក្មេងអាចនឹងឆ្លើយមិនរួចទេ ដូច្នេះគួរនិយាយជាមួយកូនថា ប្រាប់ម៉ាក់បន្តិចមើល៍ រឿងដែលកូនធ្វើហ្នឹងយ៉ាងម៉េចដែរ?។

    15 . និយាយយ៉ាងសុភាព និងផ្ដល់កិត្តិយស និយាយជាមួយកូនដូចដែលយើងចង់ឱ្យកូននិយាយជាមួយយើង។

    16 . មិនបង្ខំ ព្រោះការបង្ខំសម្លុតគំរាមនឹងធ្វើឱ្យកូនមិនរួមសហការ ដូចជានិយាយថា កូនត្រូវតែធ្វើនេះ ធ្វើនោះឱ្យហើយ! តែគួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនធ្វើរឿងនេះ រឿងនោះ…ម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនធ្វើ ឬជំនួសឱ្យពាក្យថា ជូតតុបាយឱ្យស្អាតភ្លាម! គួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនជូតតុបាយឱ្យស្អាត និងកុំឱ្យជម្រើសបែបអវិជ្ជមានទៅកូន ដូចជានៅពេលធាតុអាកាសរងា ចូរនិយាយជាមួយកូនថា ឱ្យយកអាវរងាមកពាក់ តែកុំប្រើពាក្យថា កូនចង់ពាក់អាវរងាទេ? ជាដើម។

    17 . ហាត់សង្កេតទស្សនគតិ វិធីគិត និងការនិយាយស្ដីរបស់កូន ៈ ដើម្បីនឹងបានតបស្នងតម្រូវការរបស់កូនបានត្រឹមត្រូវ។

    18 . ប្រើប៊ិច ខ្មៅដៃជំនួសការនិយាយ កូនវ័យជំទង់មិនត្រូវការឱ្យយើងនិយាយច្រំដែលៗទេ ព្រោះការនិយាយច្រំដែលៗនេះ សម្រាប់កូនក្នុងវ័យស្ទាវជំទង់ប្រៀបដូចជាការពន្យុះកំហឹង ឬមិនទុកចិត្ត ដូច្នេះការសរសេរកំណត់ត្រាដាស់តឿនគឺជាវិធីមួយដែលជួយឱ្យកូនវ័យជំទង់ផ្ដល់នូវការសហការបានល្អជាងការនិយាយច្រំដែលៗ។ សាកល្បងសរសេរសំណេរដាស់តឿនបែបកំប្លែងៗ នោះអ្នកនឹងឃើញថា វាពិតជាបានផលល្អមែនមិនខាន។

    19 . កុំគិតតែពីនិយាយ តែធ្វើឱ្យឃើញជាគំរូ ក្មេងៗរៀនយល់ដឹងពីទង្វើខ្លាំងជាងពាក្យសម្ដី ដូច្នេះធ្វើជាគំរូដែលល្អដល់កូន ដើម្បីឱ្យកូនធ្វើតាម។

    20 . បំពេញអារម្មណ៍របស់កូនជាមុន រួចសឹមនិយាយ ឬចង្អុលណែនាំដល់កូន ពិនិត្យមើលអារម្មណ៍របស់កូនជាមុន ឱ្យប្រាកដក្នុងចិត្តសិនថា តើគេព្រមនៅក្នុងការស្ដាប់យើងឬទេ? មិនដូច្នោះទេ អ្វីដែលយើងនិយាយទៅ នឹងមិនកើតជាប្រយោជន៍អ្វីឡើយ។

    21 . និយាយជាកំណាព្យកាព្យជួនឱ្យងាយចងចាំ ដូចជា ជួយគេឱ្យច្រើន អ្នកចម្រើនគឺខ្លួនយើង ជាដើម។

    22 . ឱ្យកូនធ្វើត្រាប់តាម ក្មេងតូចត្រូវប្រាប់ច្រើនៗដង ខុសពីកូនវ័យជំទង់។ ក្មេងវ័យ 3 – 6ឆ្នាំចូលចិត្តការធ្វើត្រាប់តាម ដូច្នេះនៅពេលនិយាយប្រាប់ហើយ ចូរធ្វើឱ្យឃើញ និងឱ្យកូនធ្វើតាម ធ្វើដូចជាការលេងសម្ដែងដូច្នោះដែរ។

    23 . ឱ្យកូនគិតដោយខ្លួនឯង បង្ហាត់ឱ្យកូនចេះគិតដោយខ្លួនឯង ដោយជំនួសឱ្យការនិយាយថា មើលចុះ របស់របរអីក៏រាយប៉ាយម្ល៉េះ! ចូរប្ដូរមកនិយាយថា កូនតូមី កូនសាកគិតទៅមើលថា តើយើងនឹងយកអាវយឺត ស្បែកជើង និងតុក្កតាខ្លាឃ្មុំនេះទៅទុកនៅកន្លែងណាស្រួល?។ ឱ្យកូនសាកល្បងគិត និងកែបញ្ហាដោយខ្លួនឯង។

    24 . ធ្វើឱ្យកូនស្ងប់ នៅពេលកូនរឹតតែស្រែក យើងរឹតតែនិយាយឱ្យតិច។ ជួនកាលការធ្វើជាអ្នកស្ដាប់ដ៏ល្អ នឹងជួយបន្ធូរក្ដីវិតក្កកង្វល់របស់កូនបាន ឱ្យកូនដឹងថាយើងកំពុងចាប់អារម្មណ៍ និងចង់ជួយ។ ប្រាប់ទៅកូនថា យើងយល់ និងមានអ្វីខ្លះដែលកូនត្រូវការឱ្យជួយ។ អ្វីទាំងអស់នេះនឹងធ្វើឱ្យកូនស្ងប់ស្ងាត់ទៅវិញ និងនៅពេលកូនខឹងមួម៉ៅ កុំខឹងមួម៉ៅទៅវិញ ព្រោះនឹងធ្វើឱ្យរឿងកាន់តែធំទៅ។

    25 . ផ្ដល់ជម្រើសដែលល្អ ប្រាប់ទៅកូនថា កូនចង់ទៅដើរលេងនៅទីធ្លាទាត់បាល់តែម្នាក់ឯងមិនបានទេ តែកូនអាចដើរលេងនៅក្នុងទីធ្លាមុខផ្ទះបាន។

    26 . ដាស់តឿនជាមុន ដូចជា 5នាទីទៀតយើងនឹងត្រឡប់ទៅផ្ទះវិញហើយ ចូរកូនបា៎យៗរបស់លេង និងពួកម៉ាកកូនទៅ។

    27 . និយាយឱ្យញាប់ញ័ររញ្ជួយចិត្ត វិធីនេះជាការបើកពិភពលោកសម្រាប់ក្មេងៗដែលអៀនខ្មាស់ច្រើន ដូចជាមិនគួរសួរថា ថ្ងៃនេះធ្វើអីខ្លះនៅសាលា? តែគួរប្ដូរមកជា ឯណា? និយាយឱ្យម៉ាក់ស្ដាប់បន្តិចមើល៍ថា ថ្ងៃហ្នឹងធ្វើអីដែលសប្បាយបំផុតនៅសាលា? ជាដើម។

    28 . និយាយពីអារម្មណ៍របស់យើងជាមួយកូន ដូចជា “កូនដឹងទេថា ពេលកូនរត់លេងនៅក្នុងសូភើរ ម៉ាខេត ពេលដែលយើងទៅទិញអីវ៉ាន់ជាមួយគ្នាថ្ងៃនេះ ម៉ាក់ភ័យខ្លាំងណាស់ ខ្លាចថាកូនវង្វេងបាត់…លើកក្រោយកុំធ្វើអ៊ីចឹងទៀតណា៎កូនណា៎”។

    29 . និយាយបញ្ចប់សេចក្ដី នៅពេលកូនមិនព្រមស្ដាប់ ងង៉ក់ ឬតវ៉ា ចូរប្រាប់ទៅកូនថា យ៉ាងណាក៏ម៉ាក់មិនព្រមប្ដូរចិត្តដែរ (ដោយប្រើសំឡេងធម្មតា និងម៉ឺងម៉ាត់) ឱ្យកូនដឹងថា ចាំបាច់ និងជារឿងដែលត្រូវធ្វើ។

    30 . ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ និងនិយាយលើកទឹកចិត្តជានិច្ច ដូចជាកុំនិយាយថា បើមិនញ៉ាំបាយ តិចម៉ាក់ឈប់ស្រឡាញ់ បើមិនគេង តិចឆ្កែព្រៃមកខាំ-ល- កុំដាក់លក្ខខណ្ឌជាមួយកូនដោយពាក្យសម្ដីដែលគ្មានហេតុផល តែចូរនិយាយដោយសេចក្ដីស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌជាមួយកូនជានិច្ច៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    សភាវស្លេកស្លាំង ជាអាការដែលគេប្រទះឃើញនៅលើកុមារតូចៗ បង្ហាញពីភាពខុសប្រក្រតីរបស់រាងកាយដែលស្បែក ឬសាច់ភ្នាសក្នុងរាងកាយមានពណ៌ស្លេក ដែលអាចកើតឡើងបានទូទាំងរាងកាយ ឬអាចកើតនៅលើតែបរិវេណណាមួយ និងច្រើនតែកើតឡើងនៅលើផ្ទៃមុខ សាច់ភ្នាសក្នុងមាត់ អណ្ដាត និងកែវភ្នែក។ នៅពេលដែលរាងកាយមានបរិមាណគ្រាប់ឈាមក្រហមថយចុះ ឬភាពខាប់របស់ “អេម៉ូគ្លោប៊ីន” ថយចុះនឹងធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ រួមទាំងមានវិវឌ្ឍនាការខាងផ្នែកផ្សេងៗយឺតយ៉ាវទៀតផង ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវសិក្សារឿងសភាវកូនស្លេកស្លាំងនេះផង ដើម្បីទុកជាគន្លងក្នុងការការពារ និងព្យាបាលដូចខាងក្រោមនេះ…។

    កូនស្លេកស្លាំង ធ្វើម្ដេចឪពុកម្ដាយដឹងបាន?

    ការសង្កេតមើលថា តើកូនស្លេកស្លាំងឬទេនោះ អ្នកម្ដាយអាចដឹងបានតាមរយៈការសង្កេតមើលថា កូនមានអាការនឿយដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ខុសប្រក្រតីពីពណ៌ស្បែកដើម។ អាចសង្កេតនៅលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម និងការមើលនៅលើស្បែកដូចជា លើផ្ទៃមុខអាចនឹងពិបាកសម្គាល់ បើក្មេងមានសម្បុរ-ស តែបើសិនជាត្រូវការចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។ បើរកឃើញថា កូនមានអាការទាំងនោះ ឪពុកម្ដាយមិនគួរប្រហែស និងបណ្ដែតបណ្ដោយឡើយ ព្រោះអាការទាំងនោះ បើមិនបានទទួលការព្យាបាល អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត។

    កូនស្លេកស្លាំង មានមូលហេតុមកពីអ្វី?

    បញ្ហារោគស្លេកស្លាំងអាចកើតឡើងដោយសារច្រើនមូលហេតុ ដោយអាចបណ្ដាលមកពីការដែលរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ដូចជាខ្វះសារធាតុដែក ប្រូតេអ៊ីន អាស៊ីតហ្វូលិក និងវីតាមីន B12 ដែលជាសារធាតុសំខាន់ក្នុងការផលិតឈាម។ ការខ្វះសារធាតុទាំងនេះនឹងធ្វើឱ្យក្មេងស្លេកស្លាំងបាន និងការប្រសូតមុនកំណត់ ការមានព្រូន ឬមានសភាវខាងពូជអម្បូរប្រភេទម្យ៉ាង

    ក៏ជាមូលហេតុដែលធ្វើឱ្យក្មេងកើតជំងឺស្លេកស្លាំង។ ភាគច្រើនជំងឺស្លេកស្លាំង ច្រើនបណ្ដាលមកពីការខ្វះសារធាតុដែក ឬអាចហៅម្យ៉ាងទៀតថា “ជំងឺឈាមស្លេក”។

    កូនស្លេកស្លាំង តើត្រូវព្យាបាលឬទេ?

    បើឪពុកម្ដាយរកឃើញថា កូនកើតជំងឺស្លេកស្លាំង ឬមានអាការប្រថុយនឹងការកើតជំងឺស្លេកស្លាំង ឪពុកម្ដាយមិនគួរប្រហែសឡើយ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល ព្រោះអាការរបស់ជំងឺស្លេកស្លាំងនេះ បើមិនបានទទួលការព្យាបាលទេនោះ អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត ដូចជាអាចបណ្ដាលឱ្យខួរក្បាលធ្វើការយឺតយ៉ាវ ដោយសារតែបានទទួលអុកស៊ីហ្ស៊ែនពីគ្រាប់ឈាមក្រហមតិចតួច បណ្ដាលឱ្យមានអារម្មណ៍មិនស្វាហាប់ ស្ពឹកស្រពន់ អាចហុចផលឱ្យកូនរៀនយល់ដឹងយឺតជាងក្មេងក្នុងវ័យដូចគ្នា ដោយសារតែសភាវស្លេកស្លាំងធ្វើឱ្យកូនមិនឃ្លានចំណីអាហារ ញ៉ាំបានតិច ធ្វើឱ្យរាងកាយកាន់តែខ្វះសារធាតុអាហារ ហុចផលប៉ះពាល់ដល់សុខភាពធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ ងាយឈឺថ្កាត់ និងថែមទាំងធ្វើឱ្យកូនមានការចម្រើនធំធាត់យឺតទៀតផង។

    កូនស្លេកស្លាំង តើត្រូវចិញ្ចឹម និងមើលថែទាំយ៉ាងណា?

    ការមើលថែទាំ ពេលកូនមានសភាវស្លេកស្លាំង ឪពុកម្ដាយអាចធ្វើបាន គឺប្រតិបត្តិតាមពាក្យណែនាំរបស់គ្រូពេទ្យ ឱ្យកូនញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា មើលថែទាំលើរឿងអនាម័យរបស់កូនដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងទៀត។ គួរឱ្យកូនញ៉ាំអាហារដែលមានប្រយោជន៍គ្រប់ 5ប្រភេទក្រុមឱ្យបានរាល់ថ្ងៃ ដើម្បីឱ្យកូនបានទទួលសារធាតុអាហារគ្រប់ចំនួន ដើម្បីឱ្យរាងកាយកូនបានរឹងមាំ និងដែលសំខាន់មួយទៀត គឺ​ត្រូវនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ និងប្រញាប់ទៅជួបមុនណាត់នៅពេលដែលអាការផ្សេងៗកាន់តែអាក្រក់ឡើង ឬមានអាការមិនប្រក្រតីណាមួយខុសពីមុន។

    សភាវស្លេកស្លាំងលើកុមារតូចជារឿងគួរឱ្្យខ្លាច តែក៏អាចការពារបានយ៉ាងងាយដែរ ដោយចាប់ផ្ដើមពីការឱ្យញ៉ាំអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ទាំងបាយ ស៊ុតក្រហម សាច់សត្វ បន្លែផ្លែឈើ និងអាហារដែលមានសារធាតុដែកដែលមាននៅក្នុងសាច់ក្រហម ស៊ុតក្រហម គ្រឿងក្នុងសត្វ ថ្លើមជ្រូក ឈាមជ្រូក គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង និងទឹកដោះ ជាដើម។ ចំពោះទារកទើបនឹងកើតបានទទួលសារធាតុអាហារពីទឹកដោះម្ដាយ អ្នកម្ដាយអាចបង្កើនបានដោយការញ៉ាំអាហារដែលមានសារធាតុដែកខ្ពស់។ ត្រឹមតែប៉ុណ្ណឹង អ្នកម្ដាយក៏អាចការពារកូនតូចពីសភាវខ្លួនប្រាណស្លេកស្លាំងបានហើយ៕

  • នៅពេលកូនតូចឈានចូលខែទី 11

    នៅពេលកូនតូចឈានចូលខែទី 11

    ខែទី 11

    លក្ខណៈរបស់កូនតូច

    – ធ្មេញរបស់កូនតូច

    ក្មេងខ្លះដែលធ្មេញដុះឡើងខាងមុខ 2គ្រាប់លើ និង 2គ្រាប់ក្រោមហើយ រយៈពេលនេះនឹងមានធ្មេញដុះឡើងខាងៗ 2គ្រាប់លើទៀត ក្លាយជាធ្មេញលើ 4គ្រាប់ តែក្មេងខ្លះធ្មេញលើ 2គ្រាប់កណ្ដាលនៅមិនទាន់ដុះឡើង ធ្វើឱ្យមានប្រឡោះនៅកណ្ដាល។ តែយ៉ាងណាក៏ដោយ នៅទីបំផុតធ្មេញ 2គ្រាប់កណ្ដាលក៏នឹងដុះឡើង ហើយក្មេងនឹងមានធ្មេញលើ ធ្មេញក្រោមមួយយ៉ាងៗ 4គ្រាប់។

    – ពេលវេលាគេងរបស់កូន

    ពេលវេលាគេងរបស់ក្មេងម្នាក់ៗខុសពីគ្នា។ វ័យនេះមានក្មេងចំនួនដ៏ច្រើនដែលធ្លាប់គេងពេលថ្ងៃ 2ដង ហើយនឹងបន្ថយបន្តិចម្ដងៗមកនៅសល់ត្រឹមតែមួយដង។ ក្មេងខ្លះគេងម្ដងៗកន្លះម៉ោង តែគេងញឹកញាប់មួយថ្ងៃ 3 – 4ដងក៏មាន។ ពេលភ្ញាក់ព្រឹកឡើងក៏ខុសគ្នាដែរ ក្មេងខ្លះបើកភ្នែកឡើងពេលម៉ោង 6ព្រឹក លុះបានមឹមៗហើយក៏លក់បន្តដល់ម៉ោង 8 – 9ព្រឹក។ ក្មេងខ្លះគេងរហូតតាំងពីម៉ោង 10យប់ដល់ម៉ោង 8ព្រឹក។ ក្មេងអាចភ្ញាក់មកនោម ហើយលក់បន្តពេលបានបៅទឹកដោះហើយ តែក្មេងខ្លះគេងលក់ស្រួល ទោះខោ ឬកន្ទបសើម រហូតផ្លាស់ឱ្យក៏មិនភ្ញាក់ដែរ។

    – ដល់ពេលញ៉ាំអាហារបន្ថែម

    អាហារក្នុងវ័យនេះ ខុសគ្នាទៅតាមស្ថានភាពជុំវិញខ្លួន និងតម្រូវការរបស់ក្មេង គ្មានការកំណត់ច្បាស់ៗថា ក្មេងក្នុងវ័យនេះត្រូវតែញ៉ាំបាយប៉ុន្មានកូនចាន ទឹកដោះគោប៉ុន្មានដបនោះទេ តារាងបញ្ជីអាហារបន្ថែមគ្រាន់តែជាការណែនាំសម្រាប់អ្នកម្ដាយប៉ុណ្ណោះ ។ បើកូនមិនញ៉ាំអាហារដូចដែលបានណែនាំ តែកូននៅរឹងប៉ឹងមាំមួនល្អ ទម្ងន់ខ្លួនកើនឡើងជាមធ្យមក្នុងមួយថ្ងៃពី 5 – 10ក្រាម អ្នកម្ដាយក៏មិនចាំបាច់កង្វល់ឡើយ។

    កូនក្នុងវ័យនេះមានទាំងញ៉ាំអាហារបន្ថែម 2ពេល និងម្ហូបគួរសង្កត់ធ្ងន់លើស៊ុត សាច់ត្រី ឬសាច់សត្វកិនម៉ដ្ឋ ដើម្បីកុំឱ្យខ្វះប្រូតេអ៊ីនពីសត្វ។ កូនវ័យនេះនៅឱ្យបៅទឹកដោះក្នុងមួយថ្ងៃមិនតិចជាង 500 cc(កន្លះលិត្រ) អ្វីដែលសំខាន់បំផុតក្នុងការឱ្យញ៉ាំអាហារគឺ “កុំបង្ខំ” គួរឱ្យកូនញ៉ាំយ៉ាងមានសេចក្ដីសុខ និងបន្ថែមបរិមាណសន្សឹមៗតាមតម្រូវការរបស់កូន មិនមែនថា អាយុកើនឡើង ត្រូវតែបន្ថែមអាហារឱ្យប៉ុននេះប៉ុននោះតាមក្នុងតារាងបញ្ជីឡើយ។

    – រឿងដែលត្រូវហាម

    ឪពុកម្ដាយគួរបន្ទោសកូនពេលកូនធ្វើអ្វីដែលមិនល្អ ដូចជា កូនគប់នំប៉័ងដែលកាន់នៅក្នុងដៃទៅដី ឪពុកម្ដាយគួរធ្វើឱ្យកូនដឹងថា ធ្វើបែបហ្នឹងមិនល្អទេ។ លើកដំបូងគួរបន្ទោសដោយទឹកមុខ និងពាក្យសម្ដីថា “ធ្វើអ៊ីចឹងអត់បានទេ” បើកូនធ្វើហាក់ដូចជាចង់ធ្វើទៀត ត្រូវស្រែកដាស់តឧនជាមុនថា “អត់បានទេណា៎”។ ដល់ពេលកូនយល់ពីអ្វីដែលម្ដាយហាម ហើយឈប់គប់នំប៉័ងលេង ម្ដាយត្រូវសរសើរថា “ល្អណាស់”។ សម្រាប់កូនតូចៗ អ្វីល្អ ឬមិនល្អមើលតាមរយៈទឹកមុខម្ដាយថា តើញញឹម ឬធ្វើមុខមាំ។ អ្នកម្ដាយខ្លះមិនបន្ទោស ព្រោះគិតថាទោះជាបន្ទោសទៅ ក៏កូនមិនដឹងរឿងអីដែរ។ ទោះជាកូននៅមិនទាន់ដឹងថា អ្វីល្អ មិនល្អក៏ដោយ តែក៏កូនមានភាពឆាប់ដឹងពីអារម្មណ៍របស់ម្ដាយដែរ តែការធ្វើមុខមាំបន្ទោស សំឡេងបន្ទោសដើម្បីហាមកូនត្រូវយូរៗធ្វើម្ដងទើបបានផលល្អ និងជ្រើសរើសបន្ទោសតែក្នុងរឿងដែលគ្រោះថ្នាក់ប៉ុណ្ណោះ និងមិនគួរប្រើវិធីវាយទះតប់ ឬធ្វើឱ្យកូនឈឺសាច់ពេលធ្វើខុសនោះឡើយ។

    – ពេលកូនមានរបួស

    បើកូនរអិលដួល ធ្លាក់ពីទីខ្ពស់ បោកក្បាលមានរបួស ចូរយកបង់រុំរបួសមកសង្កត់ពីលើស្នាមរបួស ហើយនាំទៅរកពេទ្យ។ បើមានរបួសរលាត់ដាច់ ឬមានឈាមហូរចេញមកសើមៗ ចូរលាងមុខរបួសនឹងសាប៊ូ ប្រើអាល់កុលជូតជុំវិញ ហើយប្រើថ្នាំក្រហមលាបលើមុខរបួស មិនបាច់បិទដោយបង់បិទរបួសទេ។

    – ធាត់លើសកម្រិត

    មានទ្រឹស្ដីមួយនិយាយថា ចំនួនកោសិកាខ្លាញ់ក្រោមស្បែកនឹងត្រូវសាងឡើងក្នុងរយៈពេលមួយឆ្នាំដំបូង បើក្មេងណាធាត់ជ្រុលពេកមុនអាយុ 1ឆ្នាំ ច្រើនតែនឹងក្លាយជាក្មេងងាយធាត់រហូតមួយជីវិត។ គួរថ្លឹងទម្ងន់កូនរៀងរាល់ 10ថ្ងៃម្ដង ទម្ងន់ខ្លួនកើនឡើងជាង 200ក្រាម បានន័យថា ធាត់លឿនពេកហើយ ត្រូវគ្រប់គ្រងអាហារ ដូចជាបន្ថយអាហារពពួកម្សៅ ដូចជាបាយ នំប៉័ង តែម្ហូបអាចនៅឱ្យញ៉ាំប៉ុនពីមុនបាន។

    – នៅពេលកូនថ្នឹកប្រើដៃឆ្វេង

    អ្នកម្ដាយអាចសង្កេតឃើញថា នៅពេលកូនលេងរបស់លេង ហុចដៃមកទទួលនំដែលគេឱ្យ ពេលកាន់ស្លាបព្រា កូនតែងលើកដៃឆ្វេងឡើងមុនជានិច្ច ដែលនេះគឺជារឿងប្រក្រតីរបស់ក្មេង មិនមែនដោយសារតែប្រើដៃឆ្វេងច្រើន ទើបធ្វើឱ្យថ្នឹកដៃឆ្វេងនោះទេ។ អ្នកម្ដាយមិនគួរព្យាយាមឱ្យកូនឈប់ប្រើដៃឆ្វេង ហើយប្រើដៃស្ដាំម្ដងវិញឡើយ ព្រោះការថ្នឹកប្រើដៃឆ្វេង ឬស្ដាំវាជាលក្ខណៈដោយឡែករបស់ក្មេង មិនមែនជារឿងអាក្រក់នោះទេ។ មិនគួរស្ដីបន្ទោសកូន តែគួរបណ្ដោយឱ្យកូនប្រើដៃខាងដែលថ្នឹកនោះទៅ បើចង់ឱ្យហាត់សរសេរអក្សរដោយដៃស្ដាំ ចាំឱ្យហាត់ពេលកូនចូលសាលារៀនហើយក៏បាន។ ដូច្នេះមិនថាកូននឹងប្រើដៃខាងណាក៏ដោយ អ្នកម្ដាយគួរឱ្យកូនបានប្រើយ៉ាងពេញលេញ ទើបជាការគាំទ្រឱ្យកូនកើតមានភាពចង់ធ្វើអ្វីៗក៏ធ្វើដោយខ្លួនបានល្អតទៅទៀត។

    – វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    – ប្រើដៃរុញខ្លួនឱ្យក្រោកឡើងមក និងឱនខ្លួនចុះពេលកំពុងឈរបាន។

    – អង្គុយចោងហោងបានកាន់តែថ្នឹកខ្លាំងឡើង។

    – ចាប់ខ្មៅដៃគូសវាសទៅមកបាន។

    – ក្មេងខ្លះអាចទាញស្រោមជើងចេញជើងបានដោយខ្លួនឯង។

    – ចេះប្រើដៃទាំងពីរធ្វើអ្វីៗមិនដូចគ្នាបានហើយ ដូចជា ដៃម្ខាងកាន់របស់លេងមួយ ដៃម្ខាងទៀតលេងរបស់លេង ឬគប់របស់លេងមួយទៀតបាន។

    – សង្គមជុំវិញខ្លួន

    . ស្គាល់អត្ថន័យរបស់ពាក្យថា “ទេ”។

    . កាន់តែពូកែបដិសេធអ្វីដែលខ្លួនឯងមិនត្រូវការខ្លាំងឡើង។

    . ចេះធ្វើត្រាប់សំឡេងបានកាន់តែពូកែឡើង ដូចជានិយាយពាក្យថា “ម៉ាក់ៗ” ឬ “តស់ៗ” ជាដើម។

    – ចេះស្ដាប់ពាក្យបញ្ជាច្រើនឡើង និងចេះបញ្ឈប់ទង្វើរបស់ខ្លួនឯងបាន។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . កូនវ័យនេះចេះប្រើដៃបានថ្នឹកហើយ គួរលេងបោះបាល់ហើយឱ្យកូនរត់តាមទៅយកបាល់មកវិញ ឬរកខ្មៅដៃពណ៌ឱ្យកាន់ និងសាកល្បងចាប់ដៃកូនគូសអូស ផាត់ពណ៌លើក្រដាស។

    . កូនច្រើនតែចូលចិត្តលេងជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះខ្លាំងជាងរបស់លេងដែលទិញមកឱ្យ ក្មេងខ្លះចូលចិត្តមើលរូបភាព ជាពិសេសសៀវភៅដែលមានរូបភាពធំៗស្រួលមើល។

    . បើកូនចាប់ផ្ដើមហាត់ដើរ ចូររកពេលនាំកូនទៅដើរនៅក្នុងបរិវេណសួនច្បារសាធារណៈផង៕

  • ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ចេះស្រឡាញ់ និងចេះជួយកូនយ៉ាងត្រឹមត្រូវ ត្រូវធ្វើបែបណា?

    ឪពុកម្ដាយ ជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការអប់រំបណ្ដុះគំនិតនិស្ស័យ និងបុគ្គលិកលក្ខណៈដល់កូន ជាពិសេសក្នុងអំឡុងបឋមវ័យដែលក្មេងនឹងជ្រួតជ្រាបយកអ្វីៗគ្រប់យ៉ាង ទាំងពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែលឪពុក និងម្ដាយ ឬអ្នកចិញ្ចឹមថែទាំបានធ្វើចំពោះរូបគេ។ នៅពេលកូនធំធាត់ឡើង បទពិសោធក្នុងវ័យកុមារ ក៏នឹងហុចផលដល់ទស្សនគតិ និងទង្វើរបស់គេនៅពេលធំឡើង ដូច្នេះហើយទើបយើងត្រូវដឹងថា តើយើងគួរស្រឡាញ់កូន និងនៅរង់ចាំជួយគេដោយរបៀបយ៉ាងណានោះ។

    ការចិញ្ចឹមកូន និងស្រឡាញ់កូនដែលត្រឹមត្រូវនេះ ត្រូវចាប់ផ្ដើមពីចិត្តគំនិតរបស់ឪពុកម្ដាយជាមុន។ ឪពុកម្ដាយដែលល្អគួរធ្វើខ្លួនឱ្យដូចជាមិត្តភ័ក្ដិដ៏ល្អរបស់កូន ស្ថិតនៅក្បែររូបគេជានិច្ច។ ឪពុកម្ដាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតពេលខ្លះខ្លាចកូនលំបាក ខ្លាចកូនហត់ ខ្លាចកូនឈឺ រហូតដល់គិត ឬធ្វើជំនួសកូនគ្រប់សព្វបែបយ៉ាង ក្លាយជាថា នៅពេលកូនធំឡើងកូនក៏ក្លាយជាក្មេងដែលអាត្មានិយម ប្រើតែអារម្មណ៍(មិនចេះគិត) ឬជាក្មេងដែលឌឺរឹង ដែលអ្វីទាំងអស់នេះមិនមែនជារឿងល្អប៉ុន្មានឡើយ។ ឪពុកម្ដាយគួរតែដឹងពីតម្រូវការរបស់កូនថា ក្នុងអំឡុងវ័យនីមួយៗរបស់កូនហ្នឹង ធម្មជាតិរបស់ក្មេងនឹងត្រូវការអ្វីខ្លះ?។

    ខាងក្រោមនេះគឺជាតម្រូវការរបស់ក្មេងតាមអំឡុងវ័យ

    អំឡុងអាយុ និងអ្វីដែលកូនត្រូវការ និងអ្វីខ្លះដែលឪពុកម្ដាយគួរតែប្រតិបត្តិចំពោះកូន ៈ

    វ័យទើបកើតដំបូង ៈ កូនត្រូវការការមើលថែទាំយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយទើបឪពុកម្ដាយគួរតែចេះនិយាយ ឬលេងជាមួយកូនដើម្បីឱ្យកូនមានអារម្មណ៍ថា មានសុវត្ថិភាព និងបានទទួលសេចក្ដីស្រឡាញ់។

    អំឡុងវ័យចេះលូនវារ ៈ កូនកំពុងហ្វឹកហាត់អភិវឌ្ឍរាងកាយ អាចនឹងមានរពឹសនៅមិនស្ងៀមខ្លះដែរ(ដូចជា ចូលចិត្តវារទៅនេះទៅនោះ)។ ឪពុកម្ដាយគួរឱ្យកូនសាកល្បងធ្វើ សាកល្បងលូនវារ និងផ្ដល់ពេលវេលាឱ្យកូន លេងជាមួយកូន ផ្ដល់កម្លាំងចិត្តដល់កូនក្នុងការអភិវឌ្ឍរាងកាយ។

    អំឡុងវ័យហាត់ឈរ ៈ ក្នុងវ័យនេះ កូនត្រូវការចង់ហាត់ក្រោកឈរដោយខ្លួនឯង ចូលចិត្តតោងរបស់នេះរបស់នោះដើម្បីលើកខ្លួនឯងឡើង(ព្យាយាមឈរឱ្យបាន)។ ឪពុកម្ដាយគួរយកចិត្តទុកដាក់ថែទាំ និងនៅចាំជួយជិតៗឱ្យកូនបានហាត់ឈរ និងអភិវឌ្ឍសាច់ដុំផ្សេងៗ។

    អំឡុងពេលចាប់ផ្ដើមដើរ ៈ នៅពេលកូនអាចដើរដោយខ្លួនឯងបាន ឪពុកម្ដាយគួរឱ្យកូនហាត់ដើរដោយខ្លួនឯង អាចនឹងដឹកដៃកូនដើរលេងនៅលើវាលស្មៅខាងមុខផ្ទះ ឬតាមសួនច្បារសាធារណៈ។ កុំសូវបី ឬពកូនទៀត តែឱបថើបកូនឱ្យច្រើនឡើង។

    ពេលចាប់ផ្ដើមចូលរៀនសាលាមត្តេយ្យ ៈ កូននឹងចាប់ផ្ដើមចង់ធ្វើអ្វីៗដោយខ្លួនឯង ដូចជាដួសបាយញ៉ាំខ្លួនឯង ញ៉ាំទឹកខ្លួនឯង ជាដើម។ល។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនបានហាត់ធ្វើដោយខ្លួនឯង ទោះជាប្រឡាក់ប្រឡូសខ្លះ ក៏ត្រូវតែបណ្ដោយដែរ និងបង្ហាត់បង្រៀនជាបណ្ដើរៗថា តើត្រូវធ្វើយ៉ាងណាខ្លះ។ មិនគួរប្រញាប់បង្ខំឱ្យកូនត្រូវតែទៅរៀនយល់ដឹងរឿងនេះរឿងនោះតាមដែលឪពុកម្ដាយចង់ឱ្យកូនចេះនោះឡើយ។

    នៅពេលកូនចូលរៀនបឋមសិក្សា ៈ កូននឹងចូលចិត្តលេង មានកិច្ចការងារជាមួយពួកម៉ាកមិត្តភ័ក្តិជាច្រើន។ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនលេង និងផ្ដល់កម្លាំងចិត្តក្នុងកិច្ចការងារផ្សេងៗដែលគេមានចំណែករួម។ ឪពុកម្ដាយគួរធ្វើខ្លួនឱ្យដូចពួកម៉ាក បើកូនត្រូវការឱ្យឪពុកម្ដាយចូលរួមក្នុងកិច្ចការងារណាមួយផងដែរនោះ។

    នៅពេលកូនចូលអនុវិទ្យាល័យ ៈ សាកល្បងបណ្ដោយឱ្យកូនមានឥស្សរភាពខាងការគិត បង្ហាត់ឱ្យកូនសាកល្បងពិចារណាពីហេតុផល និងឪពុកម្ដាយត្រូវទទួលស្ដាប់នូវអ្វីដែលកូននិយាយ និងរឿងដែលកូនគិតឱ្យបានច្រើន កុំយកគំនិតរបស់ខ្លួនឯងជាគោល។ បើកូនត្រូវការធ្វើកិច្ចការងារ ឬធ្វើអ្វីមួយ បើជារឿងដែលមិនបង្កគ្រោះថ្នាក់ ឪពុកម្ដាយគួរផ្ដល់កម្លាំងចិត្ត និងនៅចាំធ្វើជាទីប្រឹក្សាដល់កូន។

    នៅពេលកូនឡើងវិទ្យាល័យ ៈ កូននឹងមានគំនិតជារបស់ខ្លួនឯង ចង់រួមក្រុមជាមួយមិត្តភ័ក្តិ ឬទៅណាមកណាជាមួយមិត្តភ័ក្តិកាន់តែច្រើនឡើង។ បើឪពុកម្ដាយមើលថែទាំកូន ធ្វើខ្លួនជាមិត្តដ៏ល្អរបស់កូនមកតាំងពីដំបូង កូននឹងមិនស្រឡាញ់មិត្តភ័ក្តិរហូតដល់ភ្លេចឪពុកម្ដាយនោះទេ ដូច្នេះឪពុកម្ដាយគួរតែនៅតែធ្វើខ្លួនជាមិត្តល្អ ជាទីប្រឹក្សា នៅចាំគាំទ្រ និងលើកទឹកចិត្តកូនជានិច្ច។ កុំធ្វើខ្លួនជាអ្នកកំណត់ជោគជតាជីវិតរបស់កូន ឬហាមធ្វើរឿងនេះ ហាមធ្វើរឿងនោះ។ ការចិញ្ចឹមមើលថែកូនក្នុងវ័យនេះ ត្រូវប្រើការនិយាយស្ដីដោយហេតុ និងផល កុំប្រើអារម្មណ៍មួម៉ៅខឹងសម្បាឱ្យសោះ។

    នៅពេលកូនចូលរបងមហាវិទ្យាល័យ ៈ កូននឹងបានជួបសង្គមដែលកាន់តែធំឡើង បញ្ហាផ្សេងៗក៏នឹងមានច្រើនឡើងដែរ។ ឪពុកម្ដាយគួរខ្លួនធ្វើជាទីប្រឹក្សា ជជែកនិយាយពិភាក្សាគ្រប់រឿងជាមួយកូន។ នៅធ្វើជាកម្លាំងចិត្តដល់កូន កុំឱ្យកូនមានអារម្មណ៍ថា ត្រូវរងសម្ពាធពីសេចក្ដីសង្ឃឹមរបស់ឪពុកម្ដាយ តែគួរធ្វើឱ្យកូនបានដឹងថា ប៉ាម៉ាក់នៅចាំធ្វើជាកម្លាំងចិត្តដល់កូនជានិច្ច។

    នៅពេលឪពុកម្ដាយបានដឹងពីតម្រូវការគោលៗរបស់កូនក្នុងវ័យនីមួយៗហើយ ឪពុកម្ដាយក៏អាចត្រៀមខ្លួនឯងឱ្យព្រមរួចជាស្រេចបានយ៉ាងត្រឹមត្រូវដែរ ហើយកូនរបស់យើងក៏នឹងធំធាត់ឡើងក្លាយជាមនុស្សល្អ មានសភាវអារម្មណ៍ និងចិត្តគំនិតដែលល្អ ដែលទាំងអស់នោះប្រហែលជាអ្វីដែលឪពុកម្ដាយគ្រប់រូបរំពឹងសង្ឃឹមចង់ឱ្យកូនរបស់ខ្លួនក្លាយជាបែបហ្នឹងដូចគ្នា៕

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    …ព្រោះដល់ថ្ងៃមួយ កូននឹងត្រូវពឹងលើខ្លួនឯង

    តើលោកឪពុកអ្នកម្ដាយធ្លាប់បានឮពាក្យសម្ដីប្រហាក់ប្រហែលនេះចេញពីមាត់កូនៗដែរទេ?

    “អត់ទេ”

    “កូនធ្វើអត់បានទេ”

    “វាពិបាកធ្វើណាស់”

    “កូនមិនដឹងថា វាត្រូវធ្វើយ៉ាងម៉េចទេ”

    “ម៉ាក់ជួយធ្វើឱ្យកូនបន្តិចបានទេ”

    ពេលខ្លះកូននឹងមានពាក្យសម្ដីបែបនេះក្នុងពេលដែលត្រូវធ្វើរឿងអ្វីថ្មីៗ ក្មេងមានអារម្មណ៍ថាវាពិបាក ខ្លាចថាធ្វើមិនបាន ដែលទោះជាមនុស្សចាស់ជួយលើកទឹកចិត្តឱ្យសាកល្បងធ្វើលមើលយ៉ាងណា តែជួនកាលក្មេងក៏នៅតែរួញរាមិនចង់ធ្វើដដែល និងញឹកញាប់ណាស់ដែលមនុស្សចាស់កាត់ក្ដីរំខានចិត្តដោយការធ្វើជំនួសឱ្យតែម្ដង។

    ក្មេងៗជាច្រើនមានសមត្ថភាព សតិបញ្ញាល្អ តែខ្វះក្ដីព្យាយាមបន្តិច។ ក្ដីព្យយាម គឺជារឿងសំខាន់ រឹតតែក្នុងយុគសម័យដែលអ្វីៗក៏ងាយស្រួលសប្បាយនោះ ក្មេងៗភាគច្រើនពេលជួបការងារដែលពិបាក ក៏នឹងរួញរា និងមិនចង់ធ្វើ។ សេចក្ដីព្យាយាម គឺជារឿងដែលយើងត្រូវប្រើរហូតមួយជីវិត ដូចជាពេលរៀន ដែលនៅពេលថ្នាក់កាន់តែខ្ពស់ឡើង មុខវិជ្ជាក៏កាន់តែពិបាកឡើងជារឿយៗ ឬពេលធំក្លាយជាមនុស្សធំហើយជួបនឹងបញ្ហា បើសិនជាខ្វះក្ដីពុះពារព្យាយាម ជីវិតប្រហែលជាកាន់តែលំបាកខ្លាំងឡើងមិនខាន។

    នៅក្នុងជីវិតពិត គឺជារឿងមិនអាចទៅរួចឡើយដែលនឹងមានមនុស្សជាឪពុកម្ដាយនៅតាមមើលថែ និងតាមជួយរហូតតទៅនោះ ដូច្នេះហើយទើបសុភាសិតដែលថា “ខ្លួនទីពឹងខ្លួន” គឺជារឿងចាំបាច់។ ឪពុកម្ដាយត្រូវមានចិត្តរឹងប៉ឹងគួរសម កុំជួយកូនគ្រប់តែរឿង ចូរឱ្យកូនសាកល្បងធ្វើដោយខ្លួនឯង និងដែលសំខាន់ គឺឪពុកម្ដាយត្រូវធ្វើជាគំរូ ដោយត្រូវមានក្ដីព្យាយាមក្នុងការធ្វើអ្វីក៏ដោយ ដែលទោះជាវាពិបាកប៉ុនណាក៏ត្រូវតែសម្ដែងចេញមកថា ខ្លួនមានការតាំងចិត្ត និងព្យាយាមដែរ និងទោះជាធ្វើហើយ មិនទទួលបានជោគជ័យ ក៏ត្រូវតែកោតសរសើរកូនចំពោះការព្យាយាម មិនមែនសម្លឹងតម្រង់ទៅរកតែលទ្ធផលដែលចេញមកនោះទេ។

    សាកល្បងឱ្យកូនៗបានធ្វើអ្វីដោយខ្លួនឯង ដូចជាការចេះជួយខ្លួនឯងដែលគេអាចធ្វើបានទៅតាមវ័យ ឱ្យកូនៗបានរៀនយល់ដឹងខ្លះ តែក៏កុំភ្លេចថា បើកូនខំព្យាយាមហើយ នៅតែធ្វើមិនបានទៀតនោះ កម្លាំងចិត្តពីឪពុកម្ដាយគឺជារឿងដែលកូនៗត្រូវការបំផុត ប្រៀបដូចជាស្បៀងដែលធ្វើឱ្យកូនមានភាពរឹងមាំខាងផ្លូវចិត្តតទៅទៀតនៅពេលធំឡើង។ ព្រោះថា បើកូនជាក្មេងឆ្លាត តែបើគេខ្វះការព្យាយាម អ្វីៗក៏គង់ពិបាកមិនខាន។

    ព្រោះក្នុងជីវិតពិត មានបទសាកល្បងជាច្រើនដែលមិនអាចឆ្លងឱ្យផុតបានដោយភាពឆ្លាតវៃតែម្យ៉ាងនោះទេ តែត្រូវមានក្ដីក្លាហាន ក្ដីព្យាយាម និងភាពរឹងប៉ឹងខាងផ្លូវចិត្តជាមូលដ្ឋានផងដែរ៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕