Tag: កូនតូច

  • ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ឪពុកម្ដាយសម័យថ្មី កុំភ្លេចជួយជំរុញកូនតូចឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារតូច

    ទោះជាបច្ចុប្បន្នជាយុគសម័យនៃបច្ចេកវិទ្យាទំនើប ដែលងាកទៅខាងណាក៏ឃើញតែស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ តែការបង្ហាត់កូនតូចឱ្យចេះកាន់ប៊ិច ឬខ្មៅដៃសរសេរ គឺជារឿងមួយសំខាន់ណាស់សម្រាប់ក្មេងវ័យមុនចូលរៀនមត្តេយ្យ ព្រោះការសរសេរមានចំណុចល្អច្រើនណាស់សម្រាប់កុមារតូចៗ ដូចជាការជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ ជួយឱ្យកុមារចេះសង្កេត និងចេះប្រើខួរក្បាលផងដែរ។ ខាងក្រោមនេះជាដំណាក់កាលនៃការចេះកាន់ខ្មៅដៃសរសេរ ឬគូសវាសរបស់កុមារតូចៗតាមវ័យដែលអាណាព្យាបាលគួរតែដឹង។

    ដំណាក់កាលទី1 គូសវាស (ក្មេងតូចវ័យ 2 – 3ឆ្នាំ) គ្រវាសគ្រវាត់គ្មានគោលដៅ។ ចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលដៃ ឬក្រដាស(ដែលខ្លួនឯងសរសេរ)ផង។

    ដំណាក់កាលទី2 គ្រប់គ្រងការគូសវាស (អាយុ 3ឆ្នាំ) ទោះជាស្នាមគូសវាសមិនខុសគ្នាពីដំណាក់កាលដំបូងមែន តែយ៉ាងហោច​ណាស់ ក៏គេចាប់ផ្តើមចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនបន្តិចហើយ។

    ដំណាក់កាលទី3 (អាយុ 3 – 4 ឆ្នាំ) កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរដែលគេចង់សរសេរ តែឪពុកម្ដាយក៏កុំទៅនឹកសង្ឃឹមថា កូនតូចនឹងសរសេរជាន់ពីលើពង្រាងនោះបានស្អាតល្អឱ្យសោះ ព្រោះវានៅតែវៀចទៅឆ្វេង ទៅស្តាំ និងទ្រេតទ្រោតដដែល ដូច្នេះអ្នកម្តាយគួរកុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរឱ្យកូនហាត់សរសេរច្រើនពេកអី និងកុំភ្លេចថា ការចូលចិត្តរបស់កូនតូច វាគ្រាន់តែជាវិវឌ្ឍនាការមួយអំឡុងពេលប៉ុណ្ណោះ មិនដូច្នោះទេកូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។

    ដំណាក់កាលទី4 អាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបាន (អាយុ 4ឆ្នាំ) ចាប់ផ្តើមសរសេរពាក្យដែលមាន​អត្ថន័យចំពោះខ្លួនឯងបាន ដូចជាឈ្មោះរបស់ខ្លួនឯង ឬប្រយោគដែលអ្នកគ្រូ(សាលាមត្តេយ្យ)ធ្លាប់និយាយប្រាប់ ហើយគេចង់សរសេរ(រឿងនិទាន ឬទីកន្លែងដែលគេចូលចិត្ត) ពេលអ្នកគ្រូសរសេរឱ្យមើល គេនឹងព្យាយាមសរសេរតាម។

    ដំណាក់កាលទី5 គិតរកនឹកសរសេរពាក្យ (អាយុ 4 – 5ឆ្នាំ) ពេលកូនតូចបានឮ បានស្តាប់ពាក្យអ្វីមក ដូចជា ស្រឡាញ់ម៉ាក់ ជាដើម គេនឹងយក​ពាក្យនោះ​មកគិត និងសរសេរលើក្រដាស់ថា “ស្រឡាញ់ម៉ាក់” ទោះជាអក្សរមិនសូវស្អាតមែន តែក៏អាចនិយាយបានថា កូនតូចចេះសរសេរហើយ។

    ដំណាក់កាលទី6 សរសេរបានយ៉ាងត្រឹមត្រូវ (អាយុ 5 – 7ឆ្នាំ) ពេលអ្វីគ្រប់យ៉ាងត្រៀមជាស្រេចរួចហើយ ពេលនោះគេនឹង​សរសេរ​ពាក្យ​ផ្សេងៗបានដោយខ្លួនឯងយ៉ាងចំណាន និងកាន់តែត្រឹមត្រូវឡើងទៀតផង។

    ទម្រាំតែគេអភិវឌ្ឍឡើងបានជាដំណាក់ៗបែបនេះ មិនមែនចេះតែត្រឹមត្រូវទៅតាមអាយុប៉ាច់ៗនោះទេ។ កូនតូចអាចនឹងវិវឌ្ឍយឺត-លឿនមិនស្មើគ្នាទេ អាស្រ័យលើបទពិសោធដែលក្មេងម្នាក់ៗប្រមូលសន្សំបានមក។ ការហ្វឹកហាត់វិវឌ្ឍនាការនេះ មាននៅក្នុងកិច្ច​ការងា​រ​​ប្រចាំ​ថ្ងៃបែបងាយៗដូចជា ការហែកក្រដាស កាត់ក្រដាស ជួយម៉ាក់ដួសបាយ កៀបដុំទឹកកក បើក-បិទគម្របដប និងកិច្ចការ​ងារដែលធ្វើរួមគ្នា មិនថាតែការអានសៀវភៅ និយាយរឿងនិទាន លេងហ្គេមដែលពាក់ព័ន្ធនឹងពាក្យ ដូចជាលេងតពាក្យចុងជួន សង្កេត​ពាក្យដែលដូចគ្នាតាមស្លាកឃោសនាពាណិជ្ជកម្មនៅតាមផ្លូវថ្នល់ ជាដើម។

    ធ្វើកិច្ចការងារបែបនេះឱ្យក្លាយទៅជារឿងប្រក្រតី ពេលនោះកុមារនឹងសរសេរបានដោយខ្លួនឯង និងសរសេរយ៉ាងមាន​សេចក្តី​សុខទៀតផង៕

  • កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កាល់ស្យូមគឺជាអ្វី ហេតុម៉េចបានសំខាន់សម្រាប់កូនតូច?

    កុមារនៅក្នុងអាយុ 1 – 3 ឆ្នាំ គឺជាវ័យមួយដែលមានការប្រែប្រួល និងការវិវឌ្ឍខាងរាងកាយខ្លាំងណាស់ អ្វីដែល​​​​​​​​យើងច្រើនសង្កេតឃើញបានយ៉ាងច្បាស់នោះគឺ ការវិវឌ្ឍខាងផ្នែកការធ្វើចលនា តាំងពីការវារ ឈរ ដើរ រហូតទៅដល់អាច​រត់​​​បានយ៉ាងស្ទាត់ជំនាញ ហើយនិងការប្រែប្រួលខាងការញ៉ាំ ដែលការវិវឌ្ឍខាងការទំពាលេប ក៏ជាអ្វីមួយដែលកូនតូចត្រូវ​ធ្វើជាប្រចាំក្នុងមួយថ្ងៃៗដែរ។ គ្រោងសាងរាងកាយដែលមានចំណែកសំខាន់ក្នុងការបង្កើនដល់ការធ្វើចលនា និងការទំពា​លេបរបស់កូនឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាពនោះគឺ អវយវៈដែលមានឈ្មោះថា “ឆ្អឹង” និង “ធ្មេញ”   ដូច្នេះដើម្បីជួយ​ឱ្យ​​កូន​​តូចមានគ្រោងសាងរបស់ឆ្អឹង និងធ្មេញដែលរឹងមាំនោះ ទើបសារជាតិអាហារចាំបាច់ដូចជា “កាល់ស្យូម” មានតួនាទី​យ៉ាងសំខាន់ចំពោះរាងកាយកូនតូចខ្លាំងសម្បើមណាស់។

    “កាល់ស្យូម” គឺជា​សារជាតិអាហារប្រភេទអំបិលរ៉ែមួយប្រភេទដែលមាននៅក្នុងរាងកាយច្រើនបំផុត ជាពិ​សេសឆ្អឹង និងធ្មេញ អាចនិយាយបានថា ជាកន្លែងប្រមូលសន្សំជាតិកាល់ស្យូមដែលធំជាងគេបំផុតនៅក្នុងរាងកាយ។ មុខនាទីសំខាន់របស់កាល់ស្យូម គឺនាំយកមកប្រើប្រាស់ក្នុងការសាង និងជួសជុលចំណែកដែលសឹករេចរឹលរបស់ឆ្អឹង និងធ្មេញ ក្រចកដៃ-ជើង និងសរសៃសក់ឱ្យរឹងមាំ ក្រៅពីនេះនៅមានចំណែកជួយគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ ប្រព័ន្ធប្រសាទ ការបង្កកខ្លួនរបស់ឈាម ចង្វាក់របស់បេះដូង ការធ្វើការងាររបស់ប្រព័ន្ធទឹករំលាយអាហារ ការបឺតជញ្ជក់យកវីតាមីន និងជំរុញការ​បញ្ចេញរបស់អ័រម៉ូន ។

    តើនឹងទៅជាយ៉ាងណា…នៅពេលកូនតូចខ្វះជាតិកាល់ស្យូម?

    កុមារដែលទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ នឹងមានផលប៉ះពាល់ដល់ភាពរឹង​-ក្រាស់របស់ឆ្អឹងទាំងមូល ធ្វើឱ្យកើតជំងឺទន់ឆ្អឹង ឬឆ្អឹងកោង-ង ហើយការវិវឌ្ឍខាងផ្នែករាងកាយ ដូចជាការអង្គុយ វារ ដើរ នឹងដំណើរទៅមុខយ៉ាងយឺត។ ក្រៅពីនេះ គ្រោងសាងឆ្អឹងដែលទន់ខ្សោយ នឹងបង្កឱ្យកើតភាពខុសប្រក្រតីរបស់រាងកាយបាន ដូច​​​​​​ជា ក្លាយជាកុមារជើងកោង-ង និងខ្លួនទាបតឿខុសប្រក្រតីជាដើម។

    កាល់ស្យូមនៅឯណា…តើរកញ៉ាំបានពីអាហារអ្វី?

    • ទឹកដោះ និងផលិតផលដែលធ្វើអំពីទឹកដោះ ដូចជា ឈីស ប៊័ររឹង ប៊័រស្រស់ យ៉ាអួ អៃស្រ្គីម-ល- ព្រោះទឹក​ដោះ​​ស្រស់ គឺជាប្រភពអាហារដ៏កំពូលដែលមានជាតិកាល់ស្យូមច្រើនបំផុត ទើបចាំបាច់ខ្លាំងណាស់ដែលកុមារត្រូវតែញ៉ាំទឹកដោះគោស្រស់ឱ្យបានយ៉ាងហោចណាស់ 1ថ្ងៃ 2កែវ។
    • គ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកស្ងួត និងផលិតផលដែលធ្វើពីគ្រាប់សណ្តែក ដូចជាតៅហ៊ូ ទឹកសណ្តែកលឿង សៀង គ្រាប់ល្ងស-ខ្មៅ គ្រាប់សណ្តែកក្រហម-ខៀវ គ្រាប់អាល់ម៉ុន គ្រាប់ឈូក និងគ្រាប់ផ្កាឈូករត្នជាដើម។
    • សាច់សត្វដែលញ៉ាំទាំងមូល ឬទាំងឆ្អឹង ដូចជា ត្រីតូចៗ កម្ពឹស បង្គា បង្គាក្រៀម ត្រីខកំប៉ុង។ល។
    • បន្លែស្លឹកបៃតង ដូចជាខាត់ណា ស្ពៃចង្កឹះ ប្រូខូលី ស្លឹកបាស ផ្លែពពាយ សណ្តែកហោឡាន់តាវ ត្រប់ពុតលំ​ញង។ល។

    នៅពេលបានដឹងបែបនេះហើយ សមាជិកនៅក្នុងគ្រួសារទាំងអស់សូមកុំភ្លេចបន្ថែមជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយឱ្យបានជាប់ជានិច្ច ព្រោះមិនថាស្ថិតក្នុងវ័យណាក៏ដោយ ក៏កាល់ស្យូមនៅតែជាសារជាតិរ៉ែ​ដ៏សំ​ខាន់មួយ​​ដែលទាំងកុមារ និងមនុស្សចាស់នៅតែចាំបាច់ត្រូវតែទទួលបានជារៀងរាល់ថ្ងៃ៕

  • វិធីដាស់កូនឱ្យភ្ញាក់ពីគេង ដែលអាណាព្យាបាលសម័យថ្មីមិនគួរធ្វើ និងគួរធ្វើ…

    វិធីដាស់កូនឱ្យភ្ញាក់ពីគេង ដែលអាណាព្យាបាលសម័យថ្មីមិនគួរធ្វើ និងគួរធ្វើ…

    ឪពុកម្តាយតែងតែចង់ឱ្យកូនតូចភ្ញាក់ពីគេងភ្លាមៗបន្ទាប់ពីបានឮសំឡេងដាស់លើកដំបូងរបស់ខ្លួន តែបើសិនជាកូននៅតែគេងតទៅ​ទៀត​នោះ វិធីការដាស់ជាបន្តទៅទៀតនឹងច្រើនតែមានអានុភាពខ្លាំងក្លាឡើងជារឿយៗ ដែលទាំងអស់នេះ ឡារ៉ែនចង់ប្រាប់ថា​ វិធីការដាស់កូនឱ្យភ្ញាក់គេងបែបនេះ អាចនឹងមានផលអាក្រក់ចំពោះសុខភាពរបស់កុមារ។

    ព្រោះការដាស់ឱ្យភ្ញាក់ពីគេងដោយការធ្វើឱ្យភ្ញាក់ផ្អើល វានឹងទៅបំផ្លាញកម្មវិធីការចាប់ផ្តើមធ្វើការរបស់ប្រព័ន្ធខាងក្នុងយ៉ាងត្រឹមត្រូវរបស់រាងកាយ និងនៅពេលៗវេលាកន្លងទៅ ការដាស់ដោយវិធីខ្លាំងក្លាផ្សេងៗនេះ នឹងមានសញ្ញាដែលនឹងនាំឆ្ពោះទៅរកភាពមិននឹង​នរ​ខាងអារម្មណ៍ ហើយនិងធ្វើឱ្យកុមារកើតមានការតបស្នងយឺតយ៉ាវ អាចរាប់បានថា ជាការដាស់ឱ្យភ្ញាក់ពីគេង​បែបលស់ព្រលឹងក៏​អាច​​​​​ថា​បាន​ដែរ។

    វិធីការដាស់កូនឱ្យភ្ញាក់ពីគេង តទៅនេះ អាចហៅបានថា ជាគំរូនៃការដាស់ដែលកាត់បន្ថយជីវិតរបស់កូនលោកអ្នក គឺៈ

    • ចូលទៅស្រែកដាស់ខ្លាំងៗ បែបមួម៉ៅក្តៅក្រហាយនៅក្នុងបន្ទប់គេងៈ អាចហៅបានថា ជាការដាស់តាមតួនាទីដោយ​អារម្មណ៍មួម៉ៅ និងសម្លេងខ្លាំងៗមាំៗ នឹងធ្វើឱ្យអ្នកដែលកំពុងគេងលក់ស្រួលនោះមានអារម្មណ៍ថា ខ្វះសុវត្ថិភាព។
    • ទាញកញ្ឆក់ភួយចេញពីកូនខ្លាំងៗៈ ធ្វើឱ្យសីតុណ្ហភាពប្រែប្រួលយ៉ាងទាន់ហន់ អាចមានផលប៉ះពាល់ដល់ការបំផ្លាញប្រព័ន្ធប្រសាទបាន។
    • វាយខ្នង ឬគូទដើម្បីឱ្យកូនភ្ញាក់ដឹងខ្លួនៈ ស្ថិតក្រោមសតិសម្បជញ្ញៈខណៈកំពុងគេងលក់នោះ នឹងធ្វើឱ្យកើតមានទង្វើតបស្នងឡើងដោយសារការត្រូវវាយទាំងនោះយ៉ាងរហ័ស និងពេលយូរៗទៅ កុមារអាចនឹងមានការតបស្នងក្នុងការធ្វើកិច្ចការងារផ្សេងៗយឺតយ៉ាវបាន។
    • រអ៊ូមិនឈប់រហូតទាល់តែកូនភ្ញាក់ៈ មនុស្សគ្រប់គ្នាត្រូវការពេលវេលាខុសប្លែកពីគ្នាក្នុងការត្រៀមរាងកាយដើម្បីធ្វើការ​ងារ ដូច្នេះការរអ៊ូ ឬការនិយាយមិនឈប់ វានឹងទៅបំផ្លាញដំណាក់កាលការត្រៀមរាងកាយ និងបែរជាធ្វើឱ្យការដាស់បែបនោះកាន់តែពិបាកជាងមុនទៅវិញទេ។
    • ដាស់ដោយសំឡេងដែលឮខ្លាំងៗ និងរំខានៈ ដូចជាការដើរក្ឌុងក្ឌាំង សំឡេងនាឡិការោទ៍ឮខ្លាំងៗ ឬសំឡេងនិយាយគ្នា ជាដើម។ សំឡេង​ទាំង​អស់នេះធ្វើឱ្យមនុស្សមានអារម្មណ៍ធុញទ្រាន់ និងពេលភ្ញាក់ឡើងមកហើយនោះ នឹងមានអារម្មណ៍ឆាប់មួម៉ៅ។

    វិធីការដាស់កូនឱ្យភ្ញាក់គេងដែលឡារ៉ែនចង់ណែនាំ ៈ

    1. ប្រាប់ទុកមុនឱ្យហើយៈ អាណាព្យាបាលគួរប្រាប់មុនពេលកូនចូលគេងឱ្យហើយថា ស្អែកនេះ ម៉ាក់ចង់ឱ្យកូនសម្លាញ់ភ្ញាក់ម៉ោងប៉ុន្មាន…។
    2. ភ្ញាក់ដោយពន្លឺដែលចាំងចូលមកៈ សម្រួលពន្លឺភ្លើងឱ្យភ្លឺសន្សឹមៗឡើង ឬបើកមាត់បង្អួចឱ្យពន្លឺចាំងចូលមកយ៉ាងស្ងាត់ៗ ស្រទន់ៗ ដែលពន្លឺបែបនោះនឹងធ្វើឱ្យកុមារអាចដឹងខ្លួនឡើងដោយឯកឯង។
    3. ឱ្យក្លិនក្រអូបឈ្ងុយឆ្ងាញ់របស់អាហារពេលព្រឹកដាស់កូនឱ្យភ្ញាក់ឡើង។
    4. បើកបទភ្លេងឱ្យឮរងំៗៈ ដែលនឹងធ្វើឱ្យមានអារម្មណ៍ធូរស្រាលជំនួសសំឡេងដាស់ដែលគួរឱ្យរំខាន។
    5. ប៉ះ ឬអង្អែលខ្លួនប្រាណកូនយ៉ាងថ្នមៗឱ្យដឹងខ្លួនឡើង។

    ពេលរកឃើញវិធីដែលស័ក្តិសមល្អសម្រាប់ការដាស់កូនឱ្យភ្ញាក់ពីគេងបានហើយនោះ ចូរប្រើវិធីដដែលនោះដាស់ជាប្រចាំ ដើម្បីឱ្យកូនស៊ាំធ្លាប់​ និងមិនគួរផ្លាស់ប្តូរវិធីដាស់ញឹកញាប់ពេកឡើយ…តែសរុបទៅ ការដាស់កូនឱ្យភ្ញាក់ពីគេងដែលល្អបំផុតនោះគឺ ការដាស់ដែលទន់ភ្លន់ និងត្រូវមាន​ភាពអត់ទ្រាំ និងចិត្តត្រជាក់ជានិច្ច៕

  • កែនិស្ស័យកូនចូលចិត្តប្រកែក…

    កែនិស្ស័យកូនចូលចិត្តប្រកែក…

    ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖

    ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ…

    «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិនល្អនេះទៅប្រើនៅឯសាលារៀន។

    សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ?

    ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ»

    ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស តែក៏មិនមែនជារឿងប្លែកអ្វីដែរ ដែលក្មេងប្រុសខ្លះមាននិស្ស័យប៉ឹនសម្ដីបែបនោះ ព្រោះមួយចំណែកនៃការក្លាយ​ជាក្មេងប៉ឹនសម្ដីនោះ គឺកើតចេញពីស្ថានភាពជុំវិញខ្លួន និងបុគ្គលដែលនៅជុំវិញខ្លួនកុមារនោះ។

    អាយុ 3-4ឆ្នាំ គឺជាវ័យដែលចាប់ផ្តើមចេះមានការគិត និងមានហេតុផលរបស់ខ្លួនឯងហើយ ក្មេងៗច្រើនតែនិយាយ និងធ្វើផ្ទុយពីអ្វីដែលមនុស្សធំប្រាប់។ ចាប់ផ្តើមដោយពាក្យបដិសេធខាងដើមថា “ទេ” “កូនមិនធ្វើទេ” “កូនអត់ងូតទឹកទេ” ឬ “កូនមិនចង់ញ៉ាំទេ” ជាដើម។ល។ បន្ទាប់ពីពាក្យថា “ទេ” ភាសារបស់កុមារនឹងវិវឌ្ឍ ហើយចាប់ផ្តើមរៀនយល់ដឹងកាន់តែច្រើនឡើង បូកជាមួយនឹងហេតុផលដែលខ្លួនមានច្រើនឡើងផងដែរនោះ ទើបកុមារចេះបញ្ចេញគំនិត តម្រូវការ និងអារម្មណ៍មកជាភាសានិយាយ។ មកដល់ពេលនេះការប៉ឹននិយាយមាន 2រូបបែប គឺការនិយាយបែបមានមន្តស្នេហ៍ និងការនិយាយដែលមនុស្សធំហៅថា “ប្រកែក”។ កូនអ្នកស្រីមិនមែនជាក្មេងរឹងឌឺទេ តែអ្នកជំនាញយល់ថា កូនកំពុងតែមានការចេះគិត មានហេតុផល ដូច្នេះអ្នកម្តាយត្រូវធ្វើចិត្តត្រជាក់ៗ បើកូនប្រកែកពេលអ្នកម្តាយប្រាប់ឱ្យធ្វើអ្វីមួយនោះ ចូរកុំបន្ទោស ឬដាក់ទោសកូនដោយការវាយឱ្យ​សោះ ព្រោះកូននៅមិនទាន់យល់ដឹងថា ការនិយាយតមាត់ ការនិយាយប្រកែកនឹងម្តាយនេះ ហេតុអីបានជាគេមិនអាចធ្វើបាន? ផ្ទុយទៅវិញ បើកូនប្រកែកហើយ អ្នកម្តាយសើច​ ហើយនិយាយប្រកែកទៅវិញនោះ កូនអាចនឹងគិតថា គេអាចធ្វើបែបនេះជាមួយម្តាយបាន ដូច្នេះការកែសម្រួល ឬកែនិស្ស័យបែបនេះ អ្នកជំនាញខាងចិត្តវិទ្យារបស់កុមារសូមណែនាំដូចតទៅ ៖

    -កូនជាក្មេងប៉ឹនសម្ដី អ្នកម្តាយគួរបង្កើន និងរិះរកកិច្ចការណាដែលពាក់ព័ន្ធនឹងការនិយាយឱ្យកូនបានធ្វើញឹកញាប់ ដូចជាឱ្យកូនបាននិយាយរៀបរាប់រឿងរ៉ាវផ្សេងៗ ឬនិយាយរឿងនិទានឱ្យអ្នកដែលនៅជាមួយជិតដិតបានស្តាប់ ដើម្បីឱ្យកូនមានឱកាសបានស្គាល់ពាក្យស័ព្ទថ្មីៗដែលគេចង់ប្រើ ព្រមទាំងឆ្លៀតឱកាសបង្រៀនកូនអំពីសុជីវធម៌ក្នុងការនិយាយ និងប្រាប់ឱ្យកូនបាន​ដឹង​​ថា សម្ដីណាខ្លះដែលមិនគួរប្រើជាមួយមនុស្សចាស់ ការប្រើសំឡេងនិយាយជាមួយអ្នកដទៃយ៉ាងណា ទើបគួរឱ្យចង់ស្តាប់ជាដើម។ល។

    ពេលដែលកូនប្រកែក អ្នកម្តាយគួរឈប់ ដើម្បីស្តាប់សិន ដោយធ្វើទឹកមុខ និងអាកប្បកិរិយាធម្មតា កុំត​មាត់ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេកំពុងធ្វើនេះមិនសមគួរទេ។ នៅពេលកូនឈប់ប្រកែក សឹមអ្នកម្ដាយប្រាប់ពីវិធីថា កូនគួរតែនិយាយយ៉ាងម៉េចវិញ ទើបជាការប្រសើរជាង។

    នៅពេលណាដែលគំនិតរបស់អ្នកម្តាយ និងកូនមិនត្រូវគ្នា យើងគួរប្រើវិធីនិយាយជជែកពិភាក្សាគ្នា ដើម្បីឱ្យកូនបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់គេចេញមកយ៉ាងសេរី ហើយអ្នកម្តាយក៏គួរនិយាយប្រាប់កូនអំពីគំនិត និងអារម្មណ៍របស់ខ្លួនឱ្យកូនបានដឹងដែរ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីវិធីកែបញ្ហាដែលត្រឹមត្រូវ៕

  • លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?

    លេបថ្នាំពន្យារកំណើតពេលមានគភ៌ តើប្រថុយនឹងគ្រោះថ្នាក់ប៉ុនណា?

    ការមានផ្ទៃពោះ ឬការតាំងគភ៌ គឺជារឿងដែលគួរឱ្យរីករាយសោមនស្សខ្លាំងណាស់…តែសម្រាប់មនុស្សមួយចំនួនដែលលេបថ្នាំពន្យារកំណើតមករហូត តែបែរជាមានផ្ទៃពោះវិញនោះ អាចក្លាយជារឿងដែលត្រូវនឹកព្រួយកង្វល់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះទម្រាំតែដឹងថាខ្លួនឯងមានផ្ទៃពោះ អាយុគភ៌ក៏ឈានចូល 1ខែ ឬ 2ខែបាត់ទៅហើយ ហើយអា 1ខែ 2ខែដែលថាហ្នឹង សាមីខ្លួនក៏លេបថ្នាំពន្យារកំណើតមករហូតទៀត…តើកូននឹងកើតអ្វីដែរឬទេ? មានផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ?

    យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា…

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ តើកូននឹងពិការដែរឬទេ?

    ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះនេះ នៅមិនទាន់មានការអះអាងពីរបាយការណ៍ណាមួយថា នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការឬយ៉ាងណានៅឡើយទេ តែបើសិនជាដឹងខ្លួនថា មានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាមតែម្ដង។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យរលូតកូនមែនឬ?

    ថ្នាំពន្យារកំណើតជាថ្នាំដែលធ្វើឱ្យស្បូនមានរំអិល(ស្លែ)ច្រើនឡើង ជញ្ជាំងស្បូនមានភាពស្ដើង រារាំងបង្អាក់ការបំផ្លាស់ទីរបស់មេជីវិតដែលនឹងហែលចូលទៅរកស៊ុតញី ហើយបើសិនជាហែលចូលទៅចាប់បដិសន្ធិជាមួយស៊ុតញីបានក៏ដោយ តែក៏មិនអាចបង្កប់ខ្លួននៅនឹងស្បូនបានដែរ ព្រោះស្បូនមានជញ្ជាំងដែលស្ដើង ហើយបើសិនច្រឡំលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ឬមានផ្ទៃពោះទៅហើយក្ដី ក៏គ្មានផលប៉ះពាល់ដល់កូនតូចដែរ មិនធ្វើឱ្យរលូតកូនដូចដែលគេនិយាយនោះទេចា៎ស…។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ នឹងធ្វើឱ្យប្រសូតបុត្រមុនកំណត់មែនឬ?

    តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនបានអះអាងថា ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចប្រថុយប្រថាននឹងការប្រសូតបុត្រមុនកំណត់ ឬទារកកើតមកមានទម្ងន់ខ្លួនតិច-ល- តែនៅមិនទាន់មានភ័ស្តុតាងដែលបញ្ជាក់ច្បាស់ប្រាកដនៅឡើយទេ។ ខាងគ្រូពេទ្យតែងតែប្រាប់ជានិច្ចថា បើដឹងថា ខ្លួនមានគភ៌ហើយ គួរបញ្ឈប់ការលេបថ្នាំពន្យារកំណើតភ្លាម។

    លេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ ប្រថុយនឹងការមានកូនក្រៅស្បូនមែនឬ?

    ចំណុចនេះសូមឆ្លើយថា មែន!…ព្រោះមានរបាយការណ៍អំពីការលេបថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនតែឯង និងថ្នាំពន្យារកំណើតបន្ទាន់ថា បើសិនលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ អាចបង្កើនឱកាសធ្វើឱ្យកើតការមានគភ៌កូនក្រៅស្បូនបាន។

    ប្រហែលជាបាត់ឆ្ងល់ បាត់សង្ស័យ និងលែងមានការព្រួយកង្វល់ហើយមែនទេ?…ការលេបថ្នាំពន្យារកំណើតពេលមានផ្ទៃពោះ មិនមែនជារឿងគួរឱ្យភ័យខ្លាចដូចការគិតនោះទេ ប៉ុន្តែដើម្បីក្ដីសប្បាយចិត្តរបស់ស្ត្រីមានគភ៌ខ្លួនឯង និងដើម្បីសុខភាពរបស់កូនក្នុងផ្ទៃ បើសង្ស័យថា ខ្លួនឯងប្រហែលជាតាំងគភ៌ ឬដឹងថាកំពុងតែតាំងគភ៌ហើយនោះ ត្រូវប្រញាប់បោះថ្នាំពន្យារកំណើតចោលទៅ ហើយងាកមកថែបំប៉នសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃដោយភោជនាហារ អាហារការហូបចុកដែលល្អ និងគ្រប់គ្រាន់សម្បូរបែបវិញប្រសើរជាង ណាចា៎ស៕

  • វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

    MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌

    ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។

    វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់

    • ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។
    • ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។
    • បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។
    • បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។

    PQ ៈ ភាពឆ្លាតវៃដែលកើតចេញពីការលេង

    PQ (Play Quotient) កើតចេញពីជំនឿដែលថា ការលេងអាចជួយជំរុញវិវឌ្ឍនាការតាមវ័យដល់កុមារបានជាច្រើនផ្នែក។ ក្មេងដែលមាន PQ ល្អ នឹងអាចបូកផ្សំបទពិសោធរបស់គេ ចំណេះដឹង និងការនឹកស្រមៃមកច្នៃប្រឌិតប្រើបានយ៉ាងល្អប្រសើរ។ ការជួយជំរុញការលេងដល់កូនជាទីស្រឡាញ់ គឺជារឿងសំខាន់ខ្លាំងណាស់។

    វិធីជំរុញ PQ ដល់កូនសម្លាញ់

    • ឪពុកម្ដាយត្រូវឧស្សាហ៍លេងជាមួយកូន ដោយអាចមិនចាំបាច់ត្រូវប្រើរបស់លេងថ្លៃៗ តែចូរចាំទុកជាប់ជានិច្ចថា ឪពុកម្ដាយ គឺជារបស់លេងដែលប្រសើរបំផុតរបស់កូន ត្រឹមតែមានឪពុកម្ដាយលេងជាមួយ ក៏កូនមាន PQ ដ៏ល្អបានទៅហើយ។
    • ឱ្យក្មេងតូចៗបានលេងទៅតាមវ័យរបស់គេ មិនចាប់បង្ខំញាត់ចំណេះដឹង ឬច្បាស់លាស់ខ្លាំងជ្រុលពេក រហូតដល់កូនសម្លាញ់គ្មានពេលវេលាសម្រាក ឬបានលេងសប្បាយនោះឡើយ។
    • ជ្រើសរើសរបស់លេងឱ្យស័ក្តិសមទៅតាមវ័យរបស់ក្មេង។ អនិញ្ញាតឱ្យក្មេងៗបានលេងសប្បាយ ទោះជាប្រឡាក់ប្រឡូសខ្លះក៏ដោយ ដូចជា លេងនៅក្នុងកន្លែងក្មេងលេង លេងដីខ្សាច់ ឬលេងដីឥដ្ឋ ជាដើម។

    AQ ៈ ភាពឆ្លាតវៃក្នុងការប្រឈមនឹងបញ្ហា និងពុះពារឧបសគ្គ

    ជីវិតពិតជាមិនមែនងាយស្រួលនោះទេ មិនថាអ្នកណាក៏ដោយ ក៏ត្រូវតែជួបនឹងបញ្ហា និងឧបសគ្គជានិច្ច។ ឪពុកម្ដាយមិនអាចនៅឃុំគ្រងការពារក្មេងៗបានរហូតនោះទេ តែការបណ្ដុះ AQ (Adversity Quotient) ដែលល្អ នឹងក្លាយជាអាវុធសំខាន់ដែលធ្វើឱ្យពួកគេធំធាត់ឡើងបានយ៉ាងរឹងមាំ។

    វិធីជំរុញ AQ ដល់កូនសម្លាញ់

    • ឱ្យក្មេងៗបានហ្វឹកហាត់ប្រឈមបញ្ហាដោយខ្លួនឯង ដោយមានឪពុកម្ដាយនៅចាំមើល និងចាំជួយពីចម្ងាយ។
    • ឱ្យក្មេងៗបានធ្វើកិច្ចការងារជាមួយមិត្តភក្តិ ដើម្បីរៀនយល់ដឹងពីសម្របខ្លួនពេលជួបនឹងបញ្ហា ឬឧបសគ្គ។
    • នៅចាំផ្ដល់កម្លាំងចិត្ត ពេលកូនភ្លាត់ភ្លាំង មិនបន្ទោសបន្ថែម ឬការពារកូនខ្លាំងជ្រុលពេក។
    • បង្ហាត់ឱ្យកូនភាពឧស្សាហ៍ សង្វាត និងព្យាយាមធ្វើរឿងអ្វីមួយដោយការតាំងចិត្តរហូតទាល់តែសម្រេច មិនបោះបង់ចោលដោយងាយៗ។

    SQ ៈ ភាពឆ្លាតវៃក្នុងការចូលសង្គម

    មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។

    វិធីជំរុញ SQ ដល់កូនសម្លាញ់

    • សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
    • នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
    • បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
    • បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
    • មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។

    ភាពឆ្លាតវៃទាំង 7ផ្នែកនេះ គឺជារឿងដែលឪពុកម្ដាយគួរចាប់ផ្ដើមបណ្ដុះដល់កូនតាំងពីនៅតូចៗ ដោយចាប់ផ្ដើមពីការផ្ដល់អារម្មណ៍ដែលស្ថិតស្ថេរ សុវត្ថិភាព សេចក្ដីស្រឡាញ់ និងធ្វើឱ្យគេមើលឃើញគុណតម្លៃរបស់ខ្លួនឯង មុននឹងអភិវឌ្ឍឡើងជាបណ្ដើរៗទៅតាមវ័យ។ សាកល្បងធ្វើតាមពាក្យណែនាំដែលឡារ៉ែនរួបរួមមកជូនក្នុងថ្ងៃនេះលមើល ដើម្បីកូនតូចធំធាត់ឡើង រឹងមាំ និងមានសេចក្ដីសុខ៕

  • រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    តាមរយ:ឧប្បត្តិហេតុជាច្រើនដងដែលតែងតែកើតឡើងនៅក្នុងហាងផ្សារទំនើបធំៗ និងភាគច្រើនៗកើតឡើងចំពោះកុមារតូចៗដោយសារតែស្ថិតក្នុងវ័យដ៏សែនរពឹស និងឪពុកម្តាយមិនបានប្រុងប្រយ័ត្នផងនោះ ទើបធ្វើឱ្យកើតឧប្បត្តិហេតុដែលមិននឹក​ស្មានដល់ឡើងបាន។ ដូច្នេះការបង្ហាត់ ឬប្រាប់កូនឱ្យចេះប្រុងប្រយ័ត្នជាមុននោះ គឺជាវិធីការពារបញ្ហាជាមុនដ៏ល្អបំផុតមួយ។ នៅក្នុងទស្សនាវដ្តី ឡារ៉ែនលេខនេះ យើងនាំគ្នាមកមើលថា នៅពេលដែលចង់នាំកូនៗទៅលេងផ្សារទំនើប តើមានរឿងអ្វីខ្លះដែលលោកឪពុកអ្នកម្តាយត្រូវប្រយ័ត្ន?

    1 . ជណ្តើរយន្ត

    ត្រូវធ្វើ :

    • -ចាប់កាន់ដៃកូនតូចជាប់ជានិច្ច ខណ:ពេលឡើងជណ្តើរយន្ត។ ឱ្យកូនឈរបែរមុខទៅរកទិសស្របគ្នានឹងការរំកឹល​(ឡើង ឬចុះ)របស់ជណ្តើរ។
    • ពិនិត្យមើលភាពរៀបរយរបស់សម្លៀកបំពាក់កូន ដូចជាជាយអាវ ជើងខោ ឬជាយសំពត់ ខ្សែចងស្បែក​ជើង -ល- ថាតើមានផ្នែកណាមួយត្រូវកៀបជាប់នៅក្នុងធ្មេញរបស់កាំជណ្តើរយន្តឬអត់?។
    • នៅពេលកើតហេតុបន្ទាន់ ដូចជាជណ្តើរយន្តកំពុងកៀបកូន ឬទាញជាយខោអាវ ឬខ្សែស្បែកជើងកូនចូលទៅនោះ ចូរចុចកុងតាក់បញ្ឈប់ជណ្តើរយន្តជាបន្ទាន់(នៅជាប់នឹងបង្កាន់ដៃនៃកាំទី1)ភ្លាម។ បើស្ថិតនៅឆ្ងាយមិនអាចចុចដោយ​ខ្លួន​​ឯង​​បាន ត្រូវប្រញាប់ប្រាប់បុគ្គលិករបស់ហាង ឬអ្នកឡើងជណ្តើយន្តជាមួយគ្នា ឱ្យគេជួយចុចឱ្យក៏បាន។

    មិនត្រូវធ្វើ :

    • កុំឱ្យកូនអង្គុយ ឬលេង ខណ:ពេលកំពុងឡើងជណ្តើរយន្ត (សូម្បីតែការឈរបែរខ្នងដាក់ជណ្តើរក៏មិនគួរធ្វើ​ដែរ) ព្រោះវាអាចប្រថុយនឹងការត្រូវកៀបដៃ ឬជើងបានយ៉ាងងាយ។
    • ចៀសវាងការយករទេះកូនក្មេងឡើងតាមជណ្តើរយន្ត តែត្រូវឡើងតាមជណ្តើរយន្តប្រអប់ជំនួសវិញ ព្រោះវា​អាច​នឹងកើតឧប្បត្តិហេតុ ដូចជារទេះរុញកូនអាចនឹងរបូតពីដៃ រអិលធ្លាក់ទៅក្រោម នាំឱ្យកើតមានគ្រោះថ្នាក់ដល់កូនបាន។

    2 . ជណ្តើរយន្តប្រអប់

    ត្រូវធ្វើ :

    • -ការរង់ចាំឡើងជណ្តើរយន្តប្រអប់យ៉ាងមានសុជីវធម៌ និងមានសុវត្ថិភាពនោះគឺ ឈរតម្រង់ជួរគ្នាមុខ-ក្រោយ។ បើមាន​មនុស្សរង់ចាំច្រើនពេក អាណាព្យាបាលដែលមានកូនតូចគួររង់ចាំឡើង ឬចុះលើកក្រោយ(បន្ទាប់ទៀត)ក៏បាន ព្រោះការចូលទៅប្រជ្រៀតគ្នាណែននៅក្នុងប្រអប់ជណ្តើរយន្តនោះ អាចធ្វើឱ្យជណ្តើរយន្តគាំងនៅមួយកន្លែង ឬអាចបង្កជាហេតុគ្រោះថ្នាក់អ្វីផ្សេងៗបាន។
    • អ្នកម្តាយត្រូវចាំសង្កេតមើល និងប្រាប់កូនកុំឱ្យឈរផ្អែកទ្វារប្រអប់ជណ្តើរយន្ត។
    • នៅពេលកើតហេតុរអាក់រអួលផ្សេងៗ ដូចជាជណ្តើរយន្តប្រអប់គាំងនៅមួយកន្លែង ជាដើម លោកឪពុកអ្នក​ម្តាយ​ត្រូវតាំងស្មារតី ពិនិត្យមើលផ្ទាំងសញ្ញាបញ្ជា(នៅជិតមាត់ទ្វារជណ្តើរយន្ត)ដែលតែងមានកុងតាក់មួយដែលសរសេរថា Emergency Call ចូរចុចកុងតាក់មួយនោះ ដើម្បីប្រាប់ទៅបុគ្គលិករបស់ហាងឱ្យដឹង និងជាការសុំជំនួយ។

    មិនត្រូវធ្វើ :

    • -មិនត្រូវបណ្ដោយឱ្យកូនតូចហក់លោត រត់លេងប្រឡែងគ្នានៅក្នុងប្រអប់ជណ្តើរយន្ត ឬចុចកុងតាក់ឡើង-ចុះលេងនោះទេ ព្រោះអាចបណ្ដាលឱ្យជណ្តើរយន្តមានបញ្ហា និងអាចគាំងដំណើរការ។
    • ខណ:ពេលរង់ចាំ មិនគួរនាំកូនតូចទៅឈរនៅជិតមាត់ទ្វារពេកទេ ព្រោះអាចនឹងត្រូវបុកដោយអ្នកដែលនៅខាងក្នុងពេលដែលទ្វារជណ្តើរយន្តបើកឡើង ដែលនឹងធ្វើឱ្យដួល និងទទួលគ្រោះថ្នាក់បាន។
    • រឿងដែលត្រូវដឹង និងចាំទុកនោះគឺ ពេលមានទឹកលិច ផ្លេកបន្ទោរ រន្ទះ រញ្ជួយផែនដី និងអគ្គិភ័យ មិន​ត្រូវប្រើជណ្តើរយន្តប្រអប់ជាដាច់ខាត។

    3 . ទ្វារ និងកម្រាលឥដ្ឋ

    ត្រូវធ្វើ :

    • -ពេលដើរចេញ ឬចូលតាមមាត់ទ្វារ ត្រូវឱ្យកូននៅចំកណ្តាលមាត់ទ្វារ ដោយមានលោកឪពុក ឬអ្នកម្តាយនៅ​ក្បែរចាប់ដៃកូន ឬលើកកូនពក៏បានដែរ។
    • ពេលដើរនៅក្នុងហាង នៅក្នុងទីកន្លែងដែលស្រឡះៗក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះអាចនឹងមានវត្ថុដែលដាក់ពាំងពីមុខដែលយើងមិនបានមើលឃើញ ឬក៏មានទឹកដក់នៅលើកម្រាលឥដ្ឋ ជាដើម ដែលអាចធ្វើឱ្យកូនដើរបុក ឬរអិលដួលបាន។

    មិនត្រូវធ្វើ :

    • មិនថាកន្លែងណាក៏ដោយនៅក្នុងហាង សូមកុំបណ្តោយឱ្យកូនរត់លេងស្រេចតែចិត្តតែម្នាក់ឯងឱ្យសោះ ជាពិសេសនៅមុខមាត់ទ្វារចេញចូល ព្រោះបើសិនជាទ្វារដែលបើក-បិទដោយស្វ័យប្រវត្តិផងនោះ អាចនឹងធ្វើឱ្យកូនត្រូវទ្វារកៀប​បាន​​​។

    4 . ទូថ្នាក់ៗដាក់ទំនិញ

    ត្រូវធ្វើ :

    • ក្នុងពេលដែលអ្នកម្តាយកំពុងដើររើសទិញទំនិញនៅក្នុងផ្សារទំនើប បើមានមនុស្សធំទៅជាមួយដែរ​ អ្នកម្ដាយអាចឱ្យអ្នកមកជាមួយនោះនាំក្មេងៗទៅលេងនៅកន្លែងរង់ចាំ ឬក្នុងភោជនីយដ្ឋានណាមួយ រង់ចាំឱ្យអ្នកម្តាយទិញឥវ៉ាន់រួចសិន សឹមជួបគ្នាវិញ។ តែបើសិនគ្មានអ្នកជួយមើលទេនោះ គួរឱ្យកូនតូចអង្គុយនៅក្នុងរទេះសម្រាប់កូនក្មេង ឬរទេះដើរទិញឥវ៉ាន់ទៅជាមួយគ្នាក៏បានដែរ។

    មិនត្រូវធ្វើ :

    • មិនគួរនាំកូនដើរនៅកន្លែងដែលមានការសម្តែងអ្វីម្យ៉ាង កន្លែងដាក់តាំង ឬកន្លែងដាក់លក់ទំនិញ ឬផលិតផល​ណា​ដែល​​ងាយបែកបាក់ឡើយ ជាពិសេសគ្រឿងកែវចាន។
    • ចូរប្រយ័ត្នកន្លែងណាដែលមានទូថ្នាក់ៗដាក់ទំនិញច្រើនជ្រុលពេក និងខ្ពស់ៗ ដោយមិនត្រូវឱ្យកូនដើរទៅជិតទីនោះឡើយ។

    5 . រទេះដាក់ឥវ៉ាន់

    • ការប្រើប្រាស់រទេះដាក់ឥវ៉ាន់ គឺជួយសម្រាលបន្ទុកក្នុងការយួរ ឬកាន់របស់របរផ្សេងៗ ងាយស្រួលក្នុងការដើររើសទិញទំនិញ តែជាញឹកញាប់ណាស់ដែលយើងសង្កេតឃើញថា រទេះដាក់ឥវ៉ាន់ បានក្លាយជារទេះដឹកកូនក្មេងតូចៗ ដូច្នេះអ្វីដែលត្រូវប្រយ័ត្ន​ឱ្យបានខ្លាំងបំផុតនោះគឺ ការប្រយឹតប្រតោងលេង លោតឡើងចុះ និងក្រោកឈរដើម្បីស្រវាចាប់យកឥវ៉ាន់ ឬរបស់របរផ្សេងៗរបស់កូនៗ ព្រោះវាអាចធ្វើឱ្យកើតឧប្បត្តិហេតុបានយ៉ាងងាយ។

    ដូច្នេះ គោលការណ៍ងាយៗដែលគួរប្រត្តិបត្តិនោះគឺ កុំឱ្យកូនរបូតផុតពីខ្សែភ្នែកយើងឱ្យសោះ ព្រោះត្រឹមតែ​ប៉ុន្មាននាទីប៉ុណ្ណោះ ឧប្បត្តិហេតុអាចនឹងកើតឡើងបានជានិច្ច។ ពេលនាំកូនៗទៅលេងហាងផ្សារទំនើប លោកឪពុកអ្នក​​ម្តាយត្រូវតែធ្វើជាអ្នកសង្កេតការណ៍ ភ្នែករហ័ស ត្រចៀករហ័ស ដឹងជាមុន ប្រយ័ត្នជាមុន ដើម្បីសុវត្ថិភាពរបស់កូនជាទីស្រឡាញ់៕

  • តើសារធាតុដែក សំខាន់ចំពោះស្រ្តីមានគភ៌យ៉ាងណាខ្លះ?

    តើសារធាតុដែក សំខាន់ចំពោះស្រ្តីមានគភ៌យ៉ាងណាខ្លះ?

    សារធាតុដែក អាចនិយាយបានថា ជាសារធាតុសំខាន់មួយទៀតដែលចាំបាច់ណាស់សម្រាប់ស្រ្តីមានគភ៌ទាំងឡាយព្រោះក្រៅតែពីជួយឱ្យទារកនៅក្នុងផ្ទៃមានរាងកាយរឹងប៉ឹងមាំមួន ជួយបង្កើនគ្រាប់ឈាម និងខួរក្បាលហើយនោះ នៅបានជួយឱ្យអ្នក​មានផ្ទៃពោះមិនងាយនឹងកើតអាការងងឹតមុខ ឬខ្យល់គដួលបានទៀតផង។

    ក្រៅពីនៅក្នុងសភាវប្រក្រតីដែលមនុស្សយើងត្រូវការសារធាតុដែកដើម្បីបង្កើនគ្រាប់ឈាមដល់រាងកាយរបស់ខ្លួនហើយនោះ នៅក្នុងអំឡុងពេលមានគភ៌ក៏រឹតតែជាអំឡុងពេលមួយដែលចាំបាច់ត្រូវតែបានទទួលសារធាតុដែកក្នុងបរិមាណដែលច្រើនជាងមុនផងដែរ ព្រោះបើខ្វះសារធាតុដែកនោះ ក្រៅពីអ្នកម្តាយនឹងកើតសភាវឈាមស្លេក(រាងកាយស្លេកស្លាំង)ហើយ នៅមានផលប៉ះពាល់ដល់កម្មវិធីសាង​អវយវៈផ្សេងៗ និងការរីកចម្រើនធំធាត់ទាំងខាងរាងកាយ និងខួរក្បាលរបស់ទារកនៅក្នុងផ្ទៃម្ដាយទៀតផង។

    ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌ លោកគ្រូពេទ្យនឹងធ្វើការជួសឈាមដើម្បីពិនិត្យមើលថា តើរាងកាយ និងសុខភាពរបស់អ្នកមានផ្ទៃពោះនោះមានភាពរឹងប៉ឹងមាំមួនដែរឬទេ? មានកំហាប់របស់ឈាមខ្លាំង ឬតិចប៉ុនណា? បើគ្រូពេទ្យរកឃើញថា អ្នកមានផ្ទៃពោះមានសភាវលោហិតស្លេក ឬមានភាពប្រថុយ​ប្រថានក្នុងការកើតសភាវលោហិតស្លេកនេះ លោកគ្រូពេទ្យអាចនឹងឱ្យវីតាមីនមកបំប៉នបន្ថែម ឬការពារទុកជាមុន តែវានឹងជាការ​ល្អ​បំផុត បើយើងជ្រើសរើសញ៉ាំអាហារពីធម្មជាតិដែលសម្បូរទៅដោយសារធាតុដែកនោះ ដោយចែកចេញជាសារធាតុដែកដែលរាង​កាយ​អាច​បឺតជ្រាបបានលឿន និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ហើយនិងសារធាតុដែលរាងកាយបឺតជ្រាបបានយឺត។

    • អាហារដែលផ្តល់សារធាតុដែកប្រភេទដែលរាងកាយបឺតជ្រាបបានលឿន មានដូចជា អាហារពពួកសាច់សត្វ គ្រឿងក្នុង និងអាហារសមុទ្រដែលផ្តល់នូវសារធាតុដែកខ្ពស់គឺ សួត និងថ្លើមជ្រូក កម្ពិស បង្គាក្រៀម គ្រំកំភេមជាដើម។
    • អាហារដែលផ្តល់សារធាតុដែកដែលរាងកាយបឺតជ្រាបយឺត ត្រូវអាស្រ័យវីតាមីនC ជាជំនួយការក្នុងការបឺតជ្រាបនោះមានដូចជា អាហារពពួកបន្លែស្លឹកបៃតង និងគ្រាប់សណ្តែកផ្សេងៗ ស្លឹកជីបហោ ស្លឹកកន្ទំទេស និងធញ្ញជាតិពពួកគ្រាប់ល្ងស ជាដើម។

    អ្នកម្តាយមានគភ៌គ្រាន់តែឧស្សាហ៍ទទួលទានអាហារខាងលើនេះឱ្យបានច្រើន គួបផ្សំនឹងការពិនិត្យរកមើលភាពខុសប្រក្រតីនៅក្នុងគភ៌ឱ្យបានជាប់ជាប្រចាំ ដើម្បីកុំឱ្យខ្លួនឯងកើតសភាវលោហិតស្លេក(ខ្វះឈាម)ដែលហុចផលប៉ះពាល់ដល់កូនតូចជាទីស្រឡាញ់នៅក្នុងផ្ទៃបាន។

    ចំពោះអ្នកមានគភ៌ណាដែលនៅមិនទាន់បានធ្វើការពិនិត្យឈាម អាចសាកល្បងសង្កេតមើលដោយខ្លួនឯងក៏បានថា តើខ្លួនឯងស្ថិតក្នុងសភាវលោហិតស្លេក ឬកំពុងមានភាពប្រថុយនឹងការកើតសភាវលោហិតស្លេក ឬក៏អត់? ព្រោះអាការលោហិតស្លេក​នេះតែងបង្ហាញ​ឡើងនៅលើរាងកាយ ដូចជា ខ្លួនប្រាណឡើងស្លេកស្លាំង លឿង ដៃស្លាំង បបូរមាត់ស្លេក ឆាប់វិលមុខ និងងងឹតមុខ ខ្យល់គញឹកញាប់ ឆាប់ហត់ ស្ពឹកស្រពន់ – ល – បើរកឃើញថា ខ្លួនឯងមានអាការដូចខាងដើមនេះ ទោះជាក្នុងចំណុចណាមួយក៏ដោយ ឡា រ៉ែនសូមណែនាំឱ្យប្រញាប់ទៅជួបលោកគ្រូពេទ្យដើម្បីទទួលវីតាមីនបំប៉ន និងជួសឈាមរកមើលភាពខុសប្រក្រតីផ្សេងៗទៀតផង៕

  • តិចនិកមើលថែទាំខ្លួន សម្រាប់អ្នកមានគភ៌ក្នុងខែដំបូង

    តិចនិកមើលថែទាំខ្លួន សម្រាប់អ្នកមានគភ៌ក្នុងខែដំបូង

    គឺជាអំឡុងពេលសំខាន់នៅក្នុងជីវិតរបស់មនុស្សស្រីដែលកំពុងជិតក្លាយខ្លួនជាម្តាយ ទាំងការមើលថែទាំ ត្រៀមខ្លួន និងការ​ស្វា​​គមន៍សមាជិកថ្មីម្នាក់ក្នុងគ្រួសារដែលកំពុងតែជិតចាប់កំណើតឡើងក្នុងរយ:ពេលប៉ុន្មានខែខាងមុខ។ រយ:ដំបូងៗនៃការតាំងគភ៌​នេះ ភាគច្រើនស្ត្រីយើងតែងមានកង្វល់ក្នុងរឿងផ្សេងៗជាច្រើន ទាំងរឿងរូបរាង សុខភាព អារម្មណ៍ដែលប្រែប្រួល ដែលអាការទាំង​អស់​នេះអាចមានផលប៉ះពាល់ដោយត្រង់ទៅដល់កូននៅក្នុងផ្ទៃបាន ដូច្នេះឡា រ៉ែន សុំនាំយកគន្លឹះល្អៗពាក់ព័ន្ធនឹងការមើលថែទាំខ្លួន​ឯងក្នុងរយ:ដំបូងនៃការមានគភ៌នេះ មកជម្រាបជូនអនាគតអ្នកម្តាយថ្មោងថ្មីថា តើមានអ្វីខ្លះ? សូមតាមដានដូចតទៅ ៖

    1 . ទទួលទានអាហារដែលមានប្រយោជន៍

    គួរជ្រើសរើសទទួលទានអាហារឲ្យគ្រប់ទាំង 5 ក្រុម ដែលហុចផលល្អដល់សុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ ដោយសង្កត់ធ្ងន់លើសារធាតុ ពពួកប្រូតេអុីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយអភិវឌ្ឍខួរក្បាល និងសាច់ដុំរបស់ទារកឱ្យធំធាត់បានតាមប្រក្រតី មានជាអាទិ៍ ញ៉ាំទឹកដោះគោឱ្យបានច្រើន ញ៉ាំអាហារសមុទ្រ និងបន្លែស្លឹកពណ៌បៃតងគ្មានសារធាតុគីមី ជាដើម ។ ក្នុងអំឡុងពេលមាន​គភ៌ ស្ត្រីទាំងឡាយគួរតម ឬកាត់បន្ថយការញ៉ាំទឹកតែ កាហ្វេ និងភេស្ជជៈដែលមានជាតិអាល់កុល ឬឈប់ដាច់តែម្តងក៏ជាការ​ប្រសើរដែរ។

    2 . ថែទាំសុខភាពផ្លូវចិត្តឱ្យស្រស់ស្រាយជាប់ជានិច្ច

    ដូចដែលបានដឹងហើយថា បើអ្នកម្តាយមានភាពតានតឹងក្នុងអារម្មណ៍នោះ គឺពិតជាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃមិនខាន ដូច្នេះហើយគួរលះបង់ភាពកង្វល់ខ្វល់ខ្វាយ ភាពតានតឹងក្នុងអារម្មណ៍ទាំងរឿងការងារ និងរឿងផ្សេងៗទៀតចោលឱ្យអស់ ឬ​អាចកែបញ្ហាទាំងនេះបានតាមរយ: ការរកកិច្ចការធ្វើដើម្បីបន្ធូរអារម្មណ៍ ដូចជា ស្តាប់ចម្រៀងពីរោះៗ អានសៀវភៅ ធ្វើការងារច្នៃប្រឌិតផ្សេងៗ ជាដើម។

    3 . សម្រាកក្នុង 1ថ្ងៃៗឱ្យបានគ្រប់គ្រាន់

    ដោយសារតែក្នុងអំឡុងពេលនេះ អ្នកមានគភ៌នឹងចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងល្វើយ និងឆាប់ហត់នោះ ដូច្នេះគួរគេងសម្រាកឱ្យបានច្រើន ឬបន្ថែមការសម្រាកដោយការគេងឱ្យលក់ក្នុងពេលថ្ងៃ​ប្រមាណជា 1-2ម៉ោងក៏បាន។

    4 . ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីបង្កើនភាពរឹងប៉ឹង

    ជ្រើសរើសហាត់ប្រាណដោយឥរិយាបថស្រាលៗ ដូចជា យ៉ូហ្គា ដើរលេងជុំវិញសួនច្បារ ឬធ្វើការងារផ្ទះបែបស្រាលៗដើម្បីជួយជំរុញប្រព័ន្ធផ្សេងៗក្នុងរាងកាយឱ្យធ្វើការបានល្អ ថែមទាំងជួយឱ្យប្រសូតបានកាន់តែងាយស្រួលឡើងទៀតផង។ គួរចៀសវាងលំ​ហាត់ប្រាណណាដែលប្រើកម្លាំងច្រើន និងមានការងាក ឬបែរខ្លួនខ្លាំងៗ។

    5 . ឧស្សាហ៍ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យគភ៌ និងរកមើលអាការខុសប្រក្រតី

    ជាធម្មតាអ្នកមានគភ៌ខ្លះ ដែលទើបតែមានគភ៌ជាលើកដំបូងអាចនឹងមានកង្វល់ក្នុងរឿងគ្រោះថ្នាក់ អាការខុសប្រក្រតីដែលអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃ ដូច្នេះបើមានអាការខុសប្រក្រតី ឬអាការប្លែកៗណាមួយ ដូចជា ចុកឆ្អល់ញឹកញាប់ ឬចាញ់កូនខ្លាំងក៏គួរតែទៅជួបគ្រូពេទ្យ ឬទៅត្រួតពិនិត្យគភ៌តាមការណាត់របស់ពេទ្យឱ្យបានជាប់ជានិច្ច។

    សរុបមកវិញ ឡា រ៉ែន ចង់ជម្រាបស្រ្តីមានគភ៌ទាំងឡាយថា ចូរធ្វើចិត្តឱ្យសប្បាយៗ កុំតានតឹងអារម្មណ៍ និងកង្វល់ចិត្តខ្លាំងពេកអី គួរបណ្តោយអារម្មណ៍ឱ្យសប្បាយៗ ត្រៀមខ្លួនស្វាគមន៍កូនតូចសម្លាញ់នៅថ្ងៃខាងមុខដោយអារម្មណ៍ស្រស់ស្រាយវិញប្រសើរជាង

  • វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែលឡា រ៉ែនជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់យ៉ាងម៉េចខ្លះ? ដូច្នេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជំរាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម ៖

    . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សំរាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសំរួលខ្លួនជាមុនសឹន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សំរាប់ការផ្ងូតទឹកសំអាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសំអាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសំអាត​ខ្លួនកូនតូចក៏បានដែរ ។

    . ជូតសំអាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសំអាតម្តុំភ្ជឹត និងអវយវ:ភេទដែលច្រើនកើតមានភាព​សើមអាប់ ដូច្នេះគួរធ្វើការជូតសំអាតដោយអាល់កុល 70% រៀងរាល់លើក ក្រោយពេលផ្ងូតទឹករួច រហូតទាល់គល់ភ្ជឹតជ្រុះ និងភ្ជឹតឡើងស្ងួត ។ ហាមប្រើម្សៅ​រោយ​​​ពីលើ​ភ្ជឹតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេល​កូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសំអាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: និងឧច្ចារ:ដែល​ប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតប្តឹតឲ្យស្ងួតល្អ បន្ទាប់​​​​​​​​​​​​​​​​​​​​ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យ ។

    ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស់ សាច់ទន់ខ្យល់ចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ ។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែដើម្បីឲ្យងាយស្រួលស្លៀក និងដោះចេញ ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច ។

    . ហាត់សង្កេត សម្លេងយំ និងអាការរបស់កូនតូច : ការបញ្ចេញសម្លេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យយើងដឹង ។

    . ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយគឺជាប្រភពនៃសា​រជាតិ​អាហារចំបងៗរបស់​​ទារកពេញរយ:ពេល 1 ឆ្នាំតំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជា​ភោជ​​​​​នាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជា​ពិសេសទារក​ដែលអាយុបាន 6 សប្តាហ៍ នឹងចាប់ផ្តើមរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូនសម្លាញ់បានមឺមដោះឲ្យបានច្រើនជាងមុនដែរ ។

    . ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្នឹទ្ធ : ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធរវាងម្តាយ និងកូនឲ្យកាន់តែកើនច្រើនឡើង មិនថាតែការកំរើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធឲ្យកូនញញឹម និងមានសេចក្តីសុខ ។

    ទោះនៅក្នុងរយ:តំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសំរបសំរួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំងជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសំរាកគ្រប់គ្រាន់ក៏​ដោយ តែការប្រែប្រួលរបស់កូនដែលរីកចំរើនធំធាត់ជាបណ្តើររៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅ

    លើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់​ក្រុមគ្រួសាររបស់លោកអ្នកមិនខាន ៕

  • ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ការមើលថែទាំសុខភាពរបស់ស្រ្តីមានគភ៌ ចម្បងៗក៏គឺ ការយកចិត្តទុកដាក់លើការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយ ព្រោះអាហារដែលល្អពិតជាជួយចិញ្ចឹម និងបំប៉នសុខភាពទារកក្នុងគភ៌ទៅដំណាលគ្នានឹងសុខភាពរបស់ម្ដាយដែរ។ តែបើស្រ្តីមានគភ៌ចង់ឱ្យកូនមានស្បែកសស្អាត សាច់ឈាមស្រស់ថ្លាមានសុខភាពល្អវិញនោះ តើត្រូវញ៉ាំអាហារអ្វីខ្លះទៅ?។ ថ្ងៃនេះ យើងមានអាហារដែលស្រ្តីមានគភ៌ញ៉ាំទៅហើយ កូនតូចនឹងមានស្បែកសស្អាតមកជម្រាបជូន…តើមានអ្វីខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ ៖

    1-ដូងខ្ចី

    ផ្លែដូងខ្ចី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ជាច្រើន មិនថាតែកាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីនB អាស៊ីតអាមីណូ និងថែមទាំងប្រកបទៅដោយអ័រម៉ូនអេស្រ្តូជេនខ្ពស់ ដែលជួយជំរុញការសាងខូឡាជេន និងអ៊ីឡាស្ទិកនៅលើស្បែក ជួយឱ្យស្បែកស្អាតភ្លឺថ្លា ទន់ម៉ដ្ឋខៃ និងថែមទាំងជួយបណ្ដេញវត្ថុអាក្រក់ផ្សេងៗចេញពីរាងកាយ បង្កើនប្រព័ន្ធប្រឆាំងជំងឺ កាត់បន្ថយអាការរាករូស និងជួយសម្រាលអាការអាស៊ីតហូរបញ្រ្ចាសសម្រាប់ស្រ្តីជាម្ដាយទៀតផង ដែលយើងអាចហៅបានថា ញ៉ាំចូលទៅហើយ នឹងល្អទាំងម្ដាយ រហូតដល់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ។

    2-ផ្លែឈើរសជាតិជូរ ឬផ្លែប៊ើរីផ្សេងៗ

    ដែលនឹងយកមកញ៉ាំជាទឹកផ្លែឈើស្រស់ៗក៏បានដូចគ្នា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្រ្តប៊ើរី ប្លូ៊ប៊ើរី រ៉ាស់ប៊ើរី ម្នាស់ ឬទំពាំងបាយជូរ។ល។ ផ្លែឈើរសជាតិជូរទាំងអស់នោះមានវីតាមីនខ្ពស់ណាស់ និងនៅមានអាស៊ីតAHA ដែលចូលទៅថែបំប៉នស្បែកដោយផ្ទាល់ ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំរុញការសាងខូឡាជេន ជួយបំប៉នស្បែកឱ្យសថ្លាសុខភាពល្អ ជួយឱ្យកោសិកាស្បែករឹងប៉ឹង ពណ៌ស្បែកស្មើមិនមានស្នាមអុចខ្មៅ និងអាចជួយសាងក្រោះការពារដែលរឹងមាំឱ្យស្បែកអាចតតាំងនឹងសភាវមិនល្អបានទាំងអ្នកម្ដាយ និងកូនក្នុងផ្ទៃ។

    3-សាច់ត្រី

    នៅក្នុងសាច់ត្រីមានជាតិប្រូតេអ៊ីនខ្ពស់ដែលងាយរំលាយ និងបឺតជ្រាបបានងាយ។ ជួយឱ្យគ្រោងសាងសាច់ស្បែកមានភាពរឹងមាំ និងថែមទាំងមានអាស៊ីតខ្លាញ់អូមេហ្កា3 និងអូមេហ្កា6 ដែលជួយឱ្យស្បែកមើលទៅមានសំណើម និងសុខភាពល្អ និងមានបរិមាណជាតិខ្លាញ់ដែលល្មមសមរម្យជាក្រោះការពារសភាវមិនល្អផ្សេងៗបាន និងថែមទាំងជួយបំប៉នខួរក្បាលទាំងរបស់អ្នកម្ដាយ និងទារកក្នុងគភ៌ទៀតផង។

    4-សណ្ដែកលឿង និងផលិតផលធ្វើពីសណ្ដែកលឿងផ្សេងៗ

    ដូចជា ទឹកតៅហ៊ូ តៅហ៊ូដុំប្រភេទផ្សេងៗ ទឹកសណ្ដែកលឿង-ល- ព្រោះនៅក្នុងសណ្ដែកលឿងសម្បូរទៅដោយអៃសូហ្វ្លាវ៉ូន និងនៅមានអាស៊ីតអាមីណូដែលជួយតតាំងសភាវមិនល្អផ្សេងៗ ធ្វើឱ្យស្បែករឹងប៉ឹង ស្អាតភ្លឺថ្លា ហើយសណ្ដែកលឿងថែមទាំងជួយជំរុញវិវឌ្ឍនាការរបស់កូនក្នុងគភ៌បានទៀតផង។

    5-ធញ្ញជាតិប្រភេទផ្សេងៗ រួមទាំងស៊ុតមាន់ផង

    ទាំងប្រូតេអ៊ីនដែលមាននៅក្នុងធញ្ញជាតិ និងក្នុងស៊ុតមាន់ នឹងរួមកម្លាំងជាមួយខេរ៉ាទីន ជួយក្នុងការការពារស្បែកពីសភាវមិនល្អផ្សេងៗ ភ្ជាប់កោសិកាស្បែក ជួសជុលសាច់ភ្នាស ប្រឆាំងនឹងមេរោគបាក់តេរី ធ្វើឱ្យស្បែករឹងមាំ អាចទប់ទល់នឹងសភាវអាកាសធាតុក្ដៅសើមរបស់ប្រទេសយើងបាន។

    6-មើមរមៀត

    ឱសថបុរាណតុបតែងពណ៌ និងក្លិនអាហារប្រភេទនេះ យើងទាំងអស់គ្នាដឹងច្បាស់ថា មើមរមៀតមានគុណសម្បត្តិធ្វើឱ្យស្បែករឹងមាំ ព្រោះមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ទើបអាចជួយការពារស្បែកពីពន្លឺថ្ងៃ ធ្វើឱ្យស្បែកម៉ដ្ឋស្អាត ពណ៌ស្បែកស្មើ និងថែមទាំងជួយឱ្យស្រ្តីមានគភ៌កើតអាការចាញ់កូនតិចតួច និងក្រៅពីនេះនៅជួយបញ្ចេញទឹកដោះបានច្រើនក្រោយពេលឆ្លងទន្លេរួច និងថែទាំសុខភាពរាងកាយទាំងម្ដាយ និងកូនតូចឱ្យរឹងមាំទៀតផង។

    អាហារស្បែកស្អាតប្រភេទនីមួយៗដែលបានរៀបរាប់មក សុទ្ធតែមិនពិបាករកឡើយនៅក្នុងប្រទេសយើង។ ពិតហើយថា អាហារទាំងនេះមិនអាចផ្លាស់ប្ដូរពូជអម្បូរបានមែន តែអ្វីដែលអាហារទាំងនោះអាចជួយបានពិតប្រាកដនោះគឺ វាជួយឱ្យសាច់ស្បែករឹងមាំ មិនងាយរងប្រតិកម្មចាញ់ អាចបង្កើនភាពតតាំងប្រឆាំងនឹងសភាវមិនល្អផ្សេងៗ និងថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាមួយគ្នាទាំងម្ដាយ និងកូន៕

  • នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

    ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

    …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

    ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

    ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

    ពិនិត្យមើលទីកន្លែង

    ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

    រៀនជាមួយនឹងធម្មជាតិ

    ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

    វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

    ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

    . ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

    ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

    1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
    2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
    3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
    4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

    នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

    រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕