Tag: កូនតូច

  • តើអាហារកាកសរសៃសំខាន់ចំពោះកូនតូចដូចម្តេចខ្លះ?

    តើអាហារកាកសរសៃសំខាន់ចំពោះកូនតូចដូចម្តេចខ្លះ?

    ការ​ញ៉ាំ​អាហារ​របស់​កូនតូច​វ័យ​តេះតះ​នោះ​ អាច​ញ៉ាំ​បាន​ច្រើនបែប​ច្រើនយ៉ាង​បាន​ដូច​មនុស្ស​ធំ​ហើយ​ គ្រាន់តែ​ត្រូវ​មើល​ពី​ជំនាញ​ក្នុង​ការ​ទំពា​របស់​កូន​បន្តិច​សិន​ប៉ុណ្ណោះ​ ព្រោះ​ក្មេង​ខ្លះ​ពូកែ​ទំពា​ ចូលចិត្ត​ទំពា​នឹង​ធ្វើ​ឱ្យ​ឆាប់​ញ៉ាំ​អាហារ​រឹង​ល្មម​ៗបាន​។ ក្មេង​ណា​ដែល​មិនសូវ​ចូលចិត្ត​ទំពា​ ឬឪពុក​ម្តាយ​ច្រើនតែ​កិន​អាហារ​ឱ្យ​ម៉ដ្ឋ​ឱ្យ​ញ៉ាំ​ជានិច្ច​នោះ​ នឹង​ក្រចេះ​ទំពា​ តែ​យ៉ាងណាក៏ដោយ​ អាហារ​ដែល​សំខាន់​សម្រាប់​ក្មេង​វ័យ​នេះ​លែង​សូវ​ជា​ទឹកដោះ​ហើយ​ តែ​ជា​អាហារ​ទាំង5ប្រភេទ​ក្រុម​ ដែល​យើង​ស្គាល់​ច្បាស់​ហ្នឹងឯង​។ លេខ​នេះ​ ឡា​រ៉ែ​ន នឹង​នាំ​អ្នកម្តាយ​ឱ្យ​បាន​ស្គាល់​ពី​អាហារ​កាក​សរសៃ​ ដែល​ក៏​ជា​ចំណែក​មួយ​របស់​បន្លែ​ ផ្លែឈើ​ ដែល​សំខាន់​មិនចាញ់​សារធាតុ​អាហារ​ដទៃទៀត​ឡើយ​។

    អ្វីទៅ​ជា​អាហារ​កាក​សរសៃ​?
    កាក​សរសៃ​អាហារ​ គឺជា​ខា​បូ​ហាយ​ដ្រេ​ត ម៉ូលេគុល​ធំ​ មាន​ទាំង​ប្រភេទ​រលាយ​ក្នុងទឹក​ និង​មិន​រលាយ​ក្នុងទឹក​ ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ ផ្លែឈើ​ និង​គ្រាប់ធញ្ញជាតិ​។ កាក​សរសៃ​អាហារ​នឹង​មិន​ត្រូវ​បាន​បឺត​ជ្រាប​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទេ​ តែ​នឹង​ធ្វើដំណើរ​ទៅ​រហូតដល់​ពោះវៀនធំ​ មាន​តួនាទី​បោសសម្អាត​អ្វី​ដែល​រាងកាយ​មិន​ត្រូវការ​ ដើម្បី​មិន​ឱ្យ​មាន​អ្វី​នៅ​សេសសល់​ក្នុង​ពោះវៀនធំ​ រួច​បញ្ចេញ​មក​ក្រៅ​តាម​លាមក​។

    ហេតុ​អី​បាន​ជា​កូនតូច​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​?
    មនុស្ស​ធំ​ក្នុង​ប្រទេស​យើង​ ច្រើនតែ​ផ្តល់​ភាព​សំខាន់​ជាមួយ​អាហារ​ពពួក​ប្រូ​តេ​អុីន​ខ្លាំង​ជាង​ ព្រោះ​ជា​ចំណែក​ដែល​ធ្វើ​ឱ្យ​រូបរាងកាយ​ចម្រើន​ធំធាត់​ តែ​រាងកាយ​នឹង​ធំធាត់​ឡើង​យ៉ាង​រឹងប៉ឹង​មាំមួន​ល្អ​នោះ​ ត្រូវ​បាន​ទទួល​អាហារ​ដែល​ច្រើន​បែប​ច្រើនយ៉ាង​ក្នុង​បរិមាណ​ដ៏​សមរម្យ​មួយ​ រួម​ជាមួយ​ការហាត់ប្រាណ​ និង​រួម​ទាំង​អាហារ​កាក​សរសៃ​ផង​ដែរ​។ កុមារ​ក្នុង​វ័យ​នេះ​ជាច្រើន​នាក់​មាន​បញ្ហា​ក្នុង​ការ​បន្ទោបង់​ ដោយសារតែ​ញ៉ាំ​បន្លែ​ ផ្លែឈើ​បាន​តិច​ពេក​ ឬញ៉ាំទឹក​ស្អាត​មិនបាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​កើត​បញ្ហា​ទល់លាមក​ឡើង​ញឹកញាប់​ ដែល​វា​អាច​នឹង​ក្លាយជា​ទម្លាប់​រហូតដល់​វ័យ​ធំ​ និង​ក្លាយជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​នៅទីបំផុត​ក៏អាច​ថា​បាន​ដែរ​។
    ដូច្នេះ​ការ​ញ៉ាំ​អាហារ​ដែល​មាន​កាក​សរសៃ​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​ នឹង​ជួយ​ឱ្យ​ការ​ធ្វើការងារ​របស់​ពោះវៀន​ល្អ​ឡើង​ កាត់បន្ថយ​អាការ​ទល់លាមក​ដល់​កូនតូច​វ័យ​រពឹស​បាន​ទៀតផង​។

    ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​ក្នុង​បរិមាណ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​?
    ជាប្រក្រតី​មនុស្ស​ធំ​គួរ​បាន​ទទួល​ប្រមាណ​អាហារ​កាក​សរសៃ​ជាមធ្យម​ពី25​-30ក្រាម​ក្នុង​មួយថ្ងៃ​ តែ​សម្រាប់​ក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី1​-8ឆ្នាំ​នោះ​ គួរ​បាន​ទទួល​អាហារ​កាក​សរសៃ​ពី14​-18ក្រាម​ក្នុង​មួយថ្ងៃ​ បរិមាណ​នេះ​មិនមែន​មានន័យថា​ ត្រូវតែ​ទៅ​ថ្លឹង​ចំនួន​បន្លែ​ផ្លែឈើ​ឱ្យ​ត្រឹមត្រូវ​នាំ​តែ​ពិបាក​នោះ​ទេ​ គ្រាន់តែ​ក្នុង​ពេល​ញ៉ាំ​អា​ហា​រម្តងៗ​ត្រូវ​មានមុខ​ម្ហូប​ដែល​ជា​បន្លែ​ និង​បង្អែម​ដែល​ជា​ផ្លែឈើ​ស្រស់​ ឬគ្រាប់​សណ្តែក​ផ្សេង​ៗប៉ុណ្ណោះ​។
    ការ​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់​សណ្តែក​ ក៏​មាន​ចំណុច​មិនល្អ​ដូចគ្នា​ដែរ​ គឺ​បើ​ញ៉ាំ​ច្រើនជ្រុល​ពេក​នឹង​ធ្វើ​ឱ្យ​កើតមាន​ខ្យល់​នៅក្នុង​ពោះ​ច្រើន​ និង​ឆ្អល់ពោះ​ ព្រោះតែ​មាន​កា​រសាងហ្កាស់​ឡើង​ច្រើន​(ដូចដែល​យើង​ច្រើនតែ​និយាយ​ថា​ ញ៉ាំ​សណ្តែក​ដី​ហើយ​ដើរខ្យល់​ហ្នឹងឯង​) ដូច្នេះហើយ​ទើប​ការ​ញ៉ាំ​អាហារ​ឱ្យ​មាន​តុល្យភាព​គឺជា​រឿង​សំខាន់​មួយ​ដែល​លោកឪពុក​អ្នកម្តាយ​ត្រូវ​ចាត់​ការ​ឱ្យ​កូនតូច​ក្នុង​វ័យ​នេះ​។

    អាហារ​កាក​សរសៃ​… អ្នកជួយ​ពោះវៀន​
    គុណប្រយោជន៍​របស់​អាហារ​កាក​សរសៃ​ មាន​ច្រើនណាស់​ ដូចជា​ ៖
    – ការពារ​អាការ​ទល់លាមក​ ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​បាន​តាម​ប្រក្រតី​។
    – ការពារ​ការ​បឺត​ជ្រាប​របស់​សារធាតុ​បង្ក​មហារីក​ អាហារ​កាក​សរសៃ​នឹង​ជួយ​បណ្តេញ​សារធាតុពុល​ចេញពី​រាងកាយ​បាន​លឿន​(តាម​លាមក​) និង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​មហារីក​ពោះវៀនធំ​។
    – ការពារ​រោគ​បាន​ច្រើន​ប្រភេទ​ ដូចជា​ រោគ​ធាត់​ រោគ​ទឹកនោមផ្អែម​ និង​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ជាដើម​។
    – កាត់បន្ថយ​ភាព​ប្រថុយ​នឹង​ការ​កើតរោគ​បេះដូង​។

    អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់​មាន​ដូចជា​ ៖
    ផ្លែឈើ​ : ផ្លែ​ប៉ោម​ ផ្លែ​សារី​ ត្របែក​ ល្ហុង​ទុំ​ ចេក​ ក្រូច​ពោធិ៍សាត់​ ពុទ្រា​ ស្វាយខ្ចី​ និង​ពោត​។ល។
    បន្លែ​ : ស្នៀតពោត​ ការ៉ុត​ ផ្សិត​ត្រចៀក​កណ្តុរ​ សណ្តែក​កួរ​ ស្ពៃ​ក្តោប​ សណ្តែកសៀង​ជប៉ុន​ កញ្ឆែត​ និង​ត្រប់​ពុត​រំ​ញង​។ល។
    គ្រាប់​ធញ្ញ​ជា​តិ​ផ្សេង​ៗ : អង្ករសម្រូប​ គ្រាប់​ផ្កាឈូករ័ត្ន​ សណ្តែក​ខៀវ​ គ្រាប់ល្ង​ សណ្តែក​ក្រហម​ និង​សណ្តែក​លឿង​។ល។
    អាហារ​ផ្សេងទៀត​ : នំប៉័ង​ហូល​វិធ​ និង​គ្រាប់​ជី​។ល៕

  • កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ដែលអ្នកម្ដាយត្រូវតាមដានក្នុង1,000ថ្ងៃដំបូងនៃជីវិតកូន

    កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ដែលអ្នកម្ដាយត្រូវតាមដានក្នុង1,000ថ្ងៃដំបូងនៃជីវិតកូន

    មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួន ខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអា-រម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជា ខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់របស់ទៀតផង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក
    វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ
    អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត : នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយជាដើម។

    អារម្មណ៍មិនពេញចិត្ត : នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនាត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។ អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។

    វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ1-3ឆ្នាំ
    អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍឡើងក្នុងរយៈពេលនេះ មានដូចតទៅ៖

    អារម្មណ៍ក្រោធខឹង : កើតចេញពីការដែលមិនបានទទួលការតបស្នង ឬត្រូវរារាំងតម្រូវការច្រើនតែបង្ហាញចេញដោយការបញ្ចេញសម្រែកយ៉ាងមិនពេញចិត្ត ស្រែកខ្លាំងៗ គេងទធាក់ជើង។ អារម្មណ៍ក្រោធខឹងអាចកើតចេញពីការធ្វើត្រាប់តាមឪពុកម្ដាយ បើអារម្មណ៍ក្រោធខឹងកើតឡើងជាប់ជានិច្ចនោះ នឹងអភិវឌ្ឍទៅជាបុគ្គលដែលមានបុគ្គលិកលក្ខណៈច្រងេងច្រងាង និងហិង្សា។

    អារម្មណ៍ភ័យខ្លាច : ក្មេងតែងតែខ្លាចមនុស្សប្លែកមុខ (មិនដែលស្គាល់) ខ្លាចទីកន្លែងប្លែកថ្មីខ្លាចវត្ថុដែលមានលាន់ ឮសំឡេងខ្លាំងៗ​ ខ្លាចភាពងងឹតជាដើម។ ច្រើនតែបង្ហាញចេញដោយការរត់គេច ស្រែកយំ ឬពួននៅក្រោយខ្នងមនុស្សធំ។ ក្នុងពេលខ្លះការភ័យខ្លាចនេះអាចជារឿងជំរុញឱ្យក្មេងកើតក្ដីចង់ដឹង ចង់ឃើញបាន។

    អារម្មណ៍ច្រណែន : កើតចេញពីការរួមបញ្ចូលអារម្មណ៍ក្រោធខឹង និងភ័យខ្លាចជាមួយគ្នា។ ច្រើនតែកើតឡើងយ៉ាងងាយ នៅពេលដែលមានប្អូន ហើយឪពុកម្ដាយយកចិត្តទុកដាក់តែលើប្អូនជាពិសេសពេក ធ្វើឱ្យខ្លួនខ្វះភាពសំខាន់។ ឪពុកម្ដាយគួរអធិប្បាយឱ្យកូនយល់ពីការពិត និងគួរមើលថែទាំយកចិត្តទុកដាក់ មិនធ្វើឱ្យកូនមានអារម្មណ៍ហាក់ដូចខ្វះភាពកក់ក្ដៅ ឬគិតថា ប៉ាម៉ាក់លែងស្រឡាញ់រូបគេហើយ។

    អារម្មណ៍ចង់ដឹងចង់ឃើញ : នៅពេលក្មេងបានទទួលការជំរុញដែលខ្លាំងក្លាក៏នឹងមានអារម្មណ៍ថាចាប់អារម្មណ៍ឡើងភ្លាម ច្រើនតែចង់ឃើញអ្វីប្លែកៗ ថ្មីៗ។ ក្ដីភ័យខ្លាចក៏ជាលក្ខណៈមួយដែលជួយឱ្យក្មេងកើតក្ដីចង់ដឹងចង់ឃើញបានដែរ។

    អារម្មណ៍ត្រេកអរ : ជាអារម្មណ៍នៃក្ដីសោមនស្សមានសេចក្ដីសុខ ច្រើនកើតឡើងចំពោះក្មេងដែលមានសុខភាពល្អ នឹងចេះញញឹមដាក់អ្នកដទៃ ឬរួមសើចក្អាកក្អាយជាមួយអ្នកដទៃពេលមានអារម្មណ៍ពេញចិត្ត។

    អារម្មណ៍ស្រឡាញ់ : ក្មេងនឹងត្រូវការឥស្សរៈភាព ដូច្នេះនៅពេលអ្នកមើលថែទាំបណ្ដោយតាមចិត្ត ឬតបស្នងតម្រូវការរបស់ក្មេង ក្មេងនឹងស្រឡាញ់ និងទុកចិត្តជាពិសេស នៅពេលក្មេងមានអារម្មណ៍ស្រឡាញ់។

    ក្មេងម្នាក់ៗមានលក្ខណៈពិសេសដោយឡែកនិងតម្រូវការខុសប្លែកពីគ្នា ក្មេងនឹងអាចសម្របខ្លួនបានល្អប៉ុនណា អាស្រ័យលើការចិញ្ចឹមមើលថែរបស់ឪពុកម្ដាយ និងមូលដ្ឋានគ្រឹះខាងផ្នែកអារម្មណ៍របស់ក្មេង ដូច្នេះឪពុកម្ដាយគួរយល់ដឹងពីធម្មជាតិរបស់កូន ការសម្របខ្លួនឱ្យចូលជាមួយកូន នឹងជួយអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេង ធ្វើឱ្យការចិញ្ចឹមមើលថែកាន់តែមានភាពរលូនល្អខ្លាំងឡើង៕

  • ឪពុកម្ដាយថ្មោងថ្មីគួរដឹង… សភាវកូនតូចស្លេកស្លាំងគួរសង្កេតយ៉ាងណា?

    ឪពុកម្ដាយថ្មោងថ្មីគួរដឹង… សភាវកូនតូចស្លេកស្លាំងគួរសង្កេតយ៉ាងណា?

    សភាវស្លេកស្លាំង ជាអាការដែលគេប្រទះឃើញនៅលើកុមារតូចៗ បង្ហាញពីភាពខុសប្រក្រតីរបស់រាងកាយដែលស្បែក ឬសាច់ភ្នាសក្នុងរាងកាយមានពណ៌ស្លេក ដែលអាចកើតឡើងបានទូទាំងរាងកាយឬអាចកើតនៅលើតែបរិវេណណាមួយ និងច្រើនតែកើតឡើងនៅលើផ្ទៃមុខ សាច់ភ្នាសក្នុងមាត់ អណ្ដាត និងកែវភ្នែក។ នៅពេលដែលរាងកាយមានបរិមាណគ្រាប់ឈាមក្រហមថយចុះ ឬភាពខាប់របស់ “អេម៉ូគ្លោប៊ីន” ថយចុះនឹងធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ រួមទាំងមានវិវឌ្ឍនាការខាងផ្នែកផ្សេងៗយឺតយ៉ាវទៀតផង ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវសិក្សារឿងសភាវកូនស្លេកស្លាំងនេះផង ដើម្បីទុកជាគន្លងក្នុងការការពារ និងព្យាបាលដូចខាងក្រោមនេះ…។

    កូនស្លេកស្លាំង ធ្វើម្ដេចឪពុកម្ដាយដឹងបាន?
    ការសង្កេតមើលថា តើកូនស្លេកស្លាំងឬទេនោះ អ្នកម្ដាយអាចដឹងបានតាមរយៈការសង្កេតមើលថា កូនមានអាការនឿយដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ខុសប្រក្រតីពីពណ៌ស្បែកដើម។អាចសង្កេតនៅលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម និងការមើលនៅលើស្បែកដូចជា លើផ្ទៃមុខអាចនឹងពិបាកសម្គាល់ បើក្មេងមានសម្បុរ-ស តែបើសិនជាត្រូវការចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។ បើរកឃើញថា កូនមានអាការទាំងនោះ ឪពុកម្ដាយមិនគួរប្រហែស និងបណ្ដែតបណ្ដោយឡើយ ព្រោះអាការទាំងនោះ បើមិនបានទទួលការព្យាបាលអាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត។

    កូនស្លេកស្លាំង មានមូលហេតុមកពីអ្វី?
    បញ្ហារោគស្លេកស្លាំងអាចកើតឡើងដោយសារច្រើនមូលហេតុ ដោយអាចបណ្ដាលមកពីការដែលរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ដូចជាខ្វះសារធាតុដែក ប្រូតេអីុន អាស៊ីតហ្វូលិក និងវីតាមីន B12 ដែលជាសារធាតុសំខាន់ក្នុងការផលិតឈាម។ ការខ្វះសារធាតុទាំងនេះនឹងធ្វើឱ្យក្មេងស្លេកស្លាំងបាន និងការប្រសូតមុនកំណត់ ការមានព្រូន ឬមានសភាវខាងពូជអម្បូរប្រភេទម្យ៉ាងក៏ជាមូលហេតុដែលធ្វើឱ្យក្មេងកើតជំងឺស្លេកស្លាំង។ ភាគច្រើនជំងឺស្លេកស្លាំង ច្រើនបណ្ដាលមកពីការខ្វះសារធាតុដែក ឬអាចហៅម្យ៉ាងទៀតថា “ជំងឺឈាមស្លេក”។

    កូនស្លេកស្លាំង តើត្រូវព្យាបាលឬទេ?
    បើឪពុកម្ដាយរកឃើញថា កូនកើតជំងឺស្លេកស្លាំង ឬមានអាការប្រថុយនឹងការកើតជំងឺស្លេកស្លាំង ឪពុកម្ដាយមិនគួរប្រហែសឡើយ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល ព្រោះអាការរបស់ជំងឺស្លេកស្លាំងនេះបើមិនបានទទួលការព្យាបាលទេនោះ អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត ដូចជាអាចបណ្ដាលឱ្យខួរក្បាលធ្វើការយឺតយ៉ាវ ដោយសារតែបានទទួលអុកស៊ីហែ្ស៊នពីគ្រាប់ឈាមក្រហមតិចតួច បណ្ដាលឱ្យមានអារម្មណ៍មិនស្វាហាប់ ស្ពឹកស្រពន់ អាចហុចផលឱ្យកូនរៀនយល់ដឹងយឺតជាងក្មេងក្នុងវ័យដូចគ្នា ដោយសារតែសភាវស្លេកស្លាំងធ្វើឱ្យកូនមិនឃ្លានចំណីអាហារ ញ៉ាំបានតិច ធ្វើឱ្យរាងកាយកាន់តែខ្វះសារធាតុអាហារ ហុចផលប៉ះពាល់ដល់សុខភាពធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំងាយឈឺថ្កាត់ និងថែមទាំងធ្វើឱ្យកូនមានការចម្រើនធំធាត់យឺតទៀតផង។

    កូនស្លេកស្លាំង តើត្រូវចិញ្ចឹម និងមើលថែទាំយ៉ាងណា?
    ការមើលថែទាំ ពេលកូនមានសភាវស្លេកស្លាំង ឪពុកម្ដាយអាចធ្វើបាន គឺប្រតិបត្តិតាមពាក្យណែនាំរបស់គ្រូពេទ្យ ឱ្យកូនញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា មើលថែទាំលើរឿងអនាម័យរបស់កូនដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងទៀត។ គួរឱ្យកូនញ៉ាំអាហារដែលមានប្រយោជន៍គ្រប់5ប្រភេទក្រុមឱ្យបានរាល់ថ្ងៃដើម្បីឱ្យកូនបានទទួលសារធាតុអាហារគ្រប់ចំនួន ដើម្បីឱ្យរាងកាយកូនបានរឹងមាំ និងដែលសំខាន់មួយទៀត គឺ​ត្រូវនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ និងប្រញាប់ទៅជួបមុនណាត់នៅពេលដែលអាការផ្សេងៗកាន់តែអាក្រក់ឡើង ឬមានអាការមិនប្រក្រតីណាមួយខុសពីមុន។

    សភាវស្លេកស្លាំងលើកុមារតូចជារឿងគួរឱ្យខ្លាច តែក៏អាចការពារបានយ៉ាងងាយដែរ ដោយចាប់ផ្ដើមពីការឱ្យញ៉ាំអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ទាំងបាយ ស៊ុតក្រហម សាច់សត្វ បន្លែផ្លែឈើ និងអាហារដែលមានសារធាតុដែកដែលមាននៅក្នុងសាច់ក្រហម ស៊ុតក្រហម គ្រឿងក្នុងសត្វ ថ្លើមជ្រូក ឈាមជ្រូក គ្រាប់ធញ្ញជាតិបន្លែស្លឹកបៃតង និងទឹកដោះជាដើម។ ចំពោះទារកទើបនឹងកើតបានទទួលសារធាតុអាហារពីទឹកដោះម្ដាយ អ្នកម្ដាយអាចបង្កើនបានដោយការញ៉ាំអាហារដែលមានសារធាតុដែកខ្ពស់។ ត្រឹមតែប៉ុណ្ណឹង អ្នកម្ដាយក៏អាចការពារកូនតូចពីសភាវខ្លួនប្រាណស្លេកស្លាំងបានហើយ៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូច ដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូច ដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូច ក្នុងមួយថ្ងៃៗតាំងពីវ័យ6ខែឡើងទៅ គួរបានទទួលសារធាតុអាហារ ដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អផ្សេងៗពីគ្នា។ តើកូនតូចរបស់អ្នកញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែន នឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1. បន្លែផ្លែឈើពណ៌បៃតង
    បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសម សម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង និងផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌ បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺខ្លូរ៉ូ ហ្វីល (Chlorophyll) មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2. បន្លែផ្លែឈើពណ៌ក្រហម
    បន្លែ និងផ្លែឈើពណ៌ក្រហម ដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុឡៃខូពីន (Lycopene) និងបេតាសៃស៊ីន (Betacycin) ដោយសារធាតុទាំង2ប្រភេទនេះមានចំណែកសំខាន់ក្នុងការ មើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងៗបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3. បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ
    ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោតមានសារធាតុសំខាន់ៗដូចជា លូធីន (Lutein) ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេល យប់ និងមានសារធាតុ បេតាឃែរ៉ូធីន (Betacarotene) ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4. បន្លែផ្លែឈើពណ៌ស្វាយ
    បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្ល៊ូបឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន(Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5. បន្លែផ្លែឈើពណ៌ ស
    បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល និងគ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុ កាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអីុនខ្ពស់ល្អខ្លាំងណាស់សម្រាប់ក្មេង តូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិនដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    នៅពេលដែលអ្នកម្ដាយតាំងគភ៌ផង ចិញ្ចឹមមើលថែកូនតូចផង…

    មិនមែនជារឿងងាយស្រួលឡើយ សម្រាប់អ្នកម្ដាយដែលត្រូវមើលថែទាំកូនតូចវ័យកំពុងរពឹស ដំណាលគ្នានឹងការពពោះកូនមួយទៀតដែលនឹងក្លាយជាសមាជិកគ្រួសារថ្មីម្នាក់ទៀតនោះ តែក៏ហត់នឿយល្វើយកាយយ៉ាងមានសេចក្ដីសុខដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី សូមនាំមកជម្រាបជូនបងៗ ដែលជាឧត្តមមាតាទាំងអស់នូវគន្លឹះល្អៗក្នុងការមើលថែទាំសុខភាពរបស់អនាគតអ្នកម្ដាយកូនញឹកដូចខាងក្រោមនេះ។

    1. ធ្វើអ្វីថ្នមៗខ្លះផង
    ថ្ងៃនេះបងៗលែងជាអ្នកម្ដាយរបស់អាល្អិតបងតែម្នាក់ឯងទៀតហើយ តែកំពុងតែមានសមាជិកថ្មីថែមមកម្នាក់ទៀតហើយ…អាល្អិតបងគេមិនថាអីទេ បើអ្នកម្ដាយនឹងបែងចែកពេលវេលាទៅឱ្យអាអូននៅក្នុងពោះខ្លះនោះ។ ទោះជាអ្នកម្ដាយនឹងមិនអាចលះបង់ទាំងពេលវេលា​ ទាំងសេចក្ដីស្រឡាញ់ទៅឱ្យអាល្អិតបងបានច្រើនដូចមុនក៏ដោយ តែក៏គេមិនបានមានអារម្មណ៍ថា ខ្វះអ្នកម្ដាយដែរ ដូច្នេះក៏សូមបន្ធូរៗដៃខ្លះទៅ ត្រូវប្រយ័ត្នកុំឱ្យគេលេងជាមួយអ្នកម្ដាយខ្លាំងៗពេក រាប់ថាជាការមើលថែទាំអាអូនតូចដែលនៅក្នុងពោះម្នាក់ទៀតហើយ។

    2. ត្រូវរកជំនួយការដែលទុកចិត្តបាន
    ព្រោះបងៗកំពុងតែតាំងគភ៌ ទើបចាំបាច់ត្រូវថែបំប៉ន មើលថែទាំខ្លួនឯង និងកូនតូចនៅក្នុងផ្ទៃ ទើបពេលខ្លះមិនអាចនឹងផ្ដល់ពេលវេលាបានពេញលេញដល់អាល្អិតបងបានដូចមុន ដែលទោះជាអ្នកម្ដាយចង់មើលថែទាំគេឱ្យបានល្អបំផុតក៏ដោយ តែក្នុងអំឡុងពេលនេះចាំបាច់បំផុតដែលអ្នកម្ដាយត្រូវតែរកអ្នកជួយម្នាក់មកនៅចាំជួយ អាចជាលោកតា លោកយាយ ឬអ្នកមើលថែក្មេង ដើម្បីនៅមើលថែទាំគេហើយអ្នកម្ដាយនឹងបាននៅឆ្ងាយបន្តិចយ៉ាងកក់ក្ដៅក្នុងចិត្ត ដែលនេះជាការល្អចំពោះសុខភាពទាំងអ្នកម្ដាយខ្លួនឯង និងអាអូនតូចដែលកំពុងគេងនៅក្នុងផ្ទៃផងដែរ។

    3. យកចិត្តទុកដាក់រឿងសុខភាព និងថែទាំខ្លួន
    ឯងយ៉ាងម៉ឺងម៉ាត់ក្រៅពីនឹងត្រូវមើលថែទាំកូនតូចដែលនៅក្នុងផ្ទៃ និងក្រៅផ្ទៃហើយនោះ អ្នកម្ដាយក៏កុំភ្លេចមើលថែទាំខ្លួនឯងដំណាលៗគ្នានឹងមើលថែទាំកូនតូចផង ព្រោះរឹតតែអ្នកម្ដាយមានសុខភាពដែលល្អបរិបូរមាំទាំខ្លាំងប៉ុនណា អាល្អិតតូចដែលនៅក្នុងគភ៌របស់អ្នកម្ដាយក៏នឹងល្អឥតខ្ចោះតាមនោះដែរ។

    4. គេងលក់ និងសម្រាក
    អ្នកម្ដាយអាចអាស្រ័យអំឡុងពេលគេងថ្ងៃរបស់អាល្អិតបង ដោយអាចគេងសម្រាកមួយស្រឡេតដំណាលៗជាមួយនឹងគេ និងមិនបាច់ទៅនឹកកង្វល់ចិត្តអ្វីទេអ្នកម្ដាយ ព្រោះយ៉ាងណាអ្នកម្ដាយក៏មានអ្នកជំនួយការនៅជួយមើលថែទាំអាល្អិតបងស្រាប់ហើយដូច្នេះអ្នកម្ដាយត្រូវតែគេងសម្រាកឱ្យបានច្រើនដើម្បីកូនក្នុងផ្ទៃ។

    5. មើលថែទាំអាតូចនៅក្នុងផ្ទៃ និងអាធំនៅក្រៅផ្ទៃដំណាលៗគ្នា
    ពេលខ្លះ ការមើលថែអាល្អិតទាំងនៅក្នុងផ្ទៃ និងក្រៅផ្ទៃរបស់អ្នកម្ដាយ ក៏អាចធ្វើឡើងដំណាលៗគ្នាបានដែរ ដូចជា ការអានរឿងនិទានឱ្យកូនស្ដាប់ ក៏អាចអានឱ្យគេទាំងពីរនាក់ស្ដាប់ក្នុងពេលជាមួយគ្នាបានដែរ។ ក្រៅពីនេះការលេង អ្នកម្ដាយក៏នៅអាចលេងជាមួយកូនទាំងពីរនាក់ដំណាលគ្នាបានផងដែរ។ អ្នកម្ដាយសាកល្បងប្រើតិចនិកនេះលមើល៍ ជាពិសេសបើសិនជាអាល្អិតដែលនៅក្រៅផ្ទៃជាក្មេងធំផងនោះ រឹតតែជាការល្អទៅទៀត គឺឱ្យគេសាកល្បងនិយាយលេងជាមួយប្អូន ស្ដាប់សំឡេងប្អូនរើហើយថែមទាំងអាចធ្វើជាអ្នកជំនួយការដ៏សំខាន់ម្នាក់របស់អ្នកម្ដាយបានទៀតផង។

    6. ផ្លូវចិត្តរីករាយស្រឡះ
    ស្នាមញញឹមរបស់ម្ដាយធ្វើឱ្យផ្ទះមួយនេះគួរឱ្យចង់រស់នៅ និងកក់ក្ដៅបំផុតសម្រាប់ក្មេងៗ។ សូមកុំភ្លេចថា សុខភាពផ្លូវចិត្តរបស់អ្នកម្ដាយមានផលដល់សភាវខាងអារម្មណ៍របស់កូនតូចខ្លាំងបំផុត ដូច្នេះសូមអ្នកម្ដាយកុំមានអារម្មណ៍មួម៉ៅក្ដៅក្រហាយអ្វីឡើយបើទោះជាមានពេលខ្លះអាល្អិតបងនឹងឌឺរឹងខ្លះ យំរករឿងខ្លះក៏ដោយ ក៏ចូរធ្វើអារម្មណ៍ឱ្យល្អ និងញញឹមជាប់ជានិច្ច។

    ឃើញទេថា គន្លឹះល្អៗដែលបានជម្រាបជូននេះមិនមានអ្វីពិបាកឡើយ មែនទេបងៗស្រ្តីមានគភ៌ទាំងឡាយ? អ្នកគ្រូ ឆវី សូមជួយជាកម្លាំងចិត្តជូនដល់អ្នកម្ដាយទាំងអស់គ្នាណា៎ចា៎ស៕

  • នៅពេលកូនតូចឈានចូលខែទី12

    នៅពេលកូនតូចឈានចូលខែទី12

    លក្ខណៈរបស់កូនតូច
    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដងធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។ វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្ក្រានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ
    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូននិយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ
    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអីុន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអីុនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែនតែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើននោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯងដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយព្រោះការដែលកូនបានរត់លេងច្រើននេះវាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តាយាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

  • 5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    លោកឪពុក​អ្នក​ម្តាយ​តែងតែមាន​សេចក្តីសុខ​នៅពេល​បានឃើញកូនៗសើច​សប្បាយ និង​មាន​ស្នាមញញឹម តែ​នោះ​ក៏​មិនបាន​មានន័យថា ពួកគេ​នឹងមាន​សេចក្តីសុខ​រហូត​នោះដែរ។ សាកល្បង​សង្កេតមើល​នៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លប​គេង​យំ​ឬទេ? ព្រោះ​អារម្មណ៍​របស់​ពួកគេ​ពិតជា​ឆាប់​ញាប់​ញ័រ​រញ្ជួយ ហើយ​មិនដឹង​នឹង​សម្តែង​ចេញមក​យ៉ាងណា ទើបបាន​ត្រឹមតែ​លួច​យំ​ហ្នឹងឯង។ បើសិន​កើតមាន​សំណួរ​ថា ហេតុ​អីបានកូនៗរបស់​អ្នក​ត្រូវ​លប​គេង​យំ​នោះ? សូម​សាកល្បង​មក​មើ​លពី​មូលហេតុ​ទៅ​មើលថា តើ​វា​មកពី 5ទង្វើ​របស់​លោកឪពុក និង​អ្នក​ម្តាយ​ដូចដែល ឡា​រ៉ែ​ន បាន​នាំមក​ជម្រាបជូន​នៅថ្ងៃនេះ​ឬក៏​អត់?

    1/ ឱ្យកូនៗឃើញ​ព័ត៌មាន​ដ៏​គួរឱ្យ​ស្រងេះស្រងោច​អាណោច​អធម្ម
    ក្មេង​ដែល​ទើបតែ​បើកភ្នែក​មើល​ពិភពលោក​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ សភាព​ជុំវិញខ្លួន​របស់គេ​ក៏​មានតែ​ឪពុកម្តាយ និង​នៅឯ​សាលារៀន​ប៉ុណ្ណោះ កូនតូច​នៅ​មិនទាន់មាន​បទពិសោធ​អាក្រក់​ដោយ​ត្រង់​នៅឡើយ​ទេ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាង​ឱ្យ​ពួកគេ​មើល​ព័ត៌មាន​បែប​អវិជ្ជមាន ដូចជា ព័ត៌មាន​ឧក្រិដ្ឋកម្ម ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​វា​ជាការ​បង្ហាញ​រូបភាព​ឱ្យក្មេងៗចងចាំ និង​បង្ក​ឱ្យ​កើតក្តី​ភ័យខ្លាច ហុច​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត រហូត​មិន​ហ៊ាន​និយាយ​ចេញមក និង​លួច​លាក់ទុក​ទៅ​ពួន​យំ​តែម្នាក់ឯង​យ៉ាង​ស្ងាត់ៗ ដូច្នេះ​រឿង​ដែល​ឪពុកម្តាយ​គួរ​ធ្វើ​គឺ ការពារកូនតូចៗរបស់​អ្នក ផ្តល់​សេចក្តី ស្រឡាញ់ ភាពកក់ក្តៅ និង​ព្យាយាម​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ព័ត៌មាន​អាក្រក់​ទាំងនោះ។

    2/ ឪ​ពុកយក​ម្តាយ​ឈ្លោះប្រកែក​គ្នា
    ការឈ្លោះគ្នា​គឺជា​រឿង​របស់​ឪពុកម្តាយ​ក៏ពិតមែន តែ​កុំភ្លេចថា លោកអ្នក​នៅមាន​ច្រវាក់​មាស​ចងចិត្ត​តូច​មួយ​ដែល​អាច​បាន ឮសំឡេងស្រែកជេរ​គ្នា​រំលង​បន្ទប់​នោះ។ មិន​ថា​អ្នក​ទាំងពីរ​នឹង​ជួប​បញ្ហា ឬ​ទាស់ចិត្ត​អ្វី​គ្នា​ក៏ដោយ គួរ​និយាយ​គ្នា​ដោយ​ហេតុផល និង​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ទង្វើ​ហ្នឹង ព្រោះ​វា​គឺ​អំពើហិង្សា​នៅក្នុង​ផ្ទះ។ ក្មេងៗ
    នឹងមាន​សម្ពាធ​ក្នុង​ចិត្ត និង​លួច​ទៅ​យំ ព្រោះ​ពួកគេ​មិនអាច​យល់បាន​ថា កើតរឿង​អ្វី​ឡើង​ចំពោះ​អ្នក​ទាំងពីរ​ឡើយ។

    3/ វាយកូនៗដោយ​អំពើហិង្សា
    ការវាយដំ​មិនមែនជា​វិធី​កែប​ញ្ហា​ដែល​ល្អ​ឡើយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ដោយ​ពាក្យសម្តី​សុភាព និង​បញ្ជាក់​ប្រាប់​ពី​ហេតុផល ឬ​បើក្មេងៗត្រូវ​ទទួល​ទណ្ឌកម្ម ក៏​គួរតែ​រកមើល​វិធី​ផ្សេង​ណា​ដែល​មិនមែនជា​ការវាយដំ​ពួកគេ​យ៉ាង​ខ្លាំងក្លា​វិញ​ ព្រោះ​គ្រប់​ពេលដែល​អ្នក​វាយវាត់​ទៅលើ​សាច់​ដ៏​ស្តើង​ខ្ចី​របស់​កូនតូច​​នោះ ក្រៅពី​ពួកគេ​នឹង​ឈឺចាប់​ខាង​រាងកាយ​ហើយ នៅ​សាង​ស្នាមដំបៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ទៀតផង។

    4/ ហៅកូនៗដោយ​ពាក្យ​អសុរោះ
    សាកល្បង​សួរ​ខ្លួនឯង​ទៅ​មើលថា តើ​ចូលចិត្ត​ឱ្យ​អ្នកដទៃ​ហៅ​ខ្លួនឯង​ដោយ​ឈ្មោះ​ចំអក​ឡក​លើ​យ ឬ​ពាក្យ​អសុរោះ​ឬទេ?បើ​មិន​ចូលចិត្ត… ក្មេងៗក៏​ដូចគ្នា​ដែរ ពួកគេ​មិន​ចូលចិត្ត​ឱ្យ​ហៅ​ដោយ​ឈ្មោះ​ដែល​ឆ្លុះបញ្ចាំង​ទៅក្នុង​ផ្លូវ​ដែល​មើលងាយ ដូចជា អា​ភ្លើ អា​ខូច​នោះឡើយ ព្រោះកូនតូចៗនឹងមាន​អារម្មណ៍​ថា ខ្លួនឯង​គ្មាន​មានតម្លៃ គួរឱ្យ​អស់សង្ឃឹម កើតជា​ចំណុច​អន់​នៅក្នុង​ដួងចិត្ត និង​អាច​លាក់ទុក​ទៅ​គេង​យំ​តែម្នាក់ឯង​បាន។

    5/ ឪពុកម្តាយ​សម្រេចចិត្ត​លែងលះគ្នា
    ចំណុច​ចុង​ក្រោយនេះ ជា​រឿង​ដែល​ធ្វើបាប​ដួងចិត្ត​កូនតូច​ខ្លាំង​​បំផុត បើ​ឪពុកម្តាយ​សម្រេចចិត្ត​លែងលះ និង​គិតថា​កូនតូច​មិនជា​អ្វី​ទេនោះ សូម​ប្រាប់​ទៅ​ចុះ​ថា លោកអ្នក​គិត​ខុស​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់ដែល​​បញ្ហា​នេះ​នឹង​ក្លាយជា​ចំណុច​មួយ​នៅក្នុង​ដួងចិត្ត​របស់​ក្មេង ព្រោះ​កុំភ្លេចថា កូនតូច​ត្រូវបាន​ចិញ្ចឹម​ថែទាំ​មក​ដោយ​អ្នក​ទាំងពីរ​នាក់ ដូច្នេះ​ទាំង​ឪពុក និង​ម្តាយ​ប្រៀបដូចជា ទឹក និង​ខ្យល់អាកាស​ដែល​ធ្វើឱ្យ​កូនតូច​រស់នៅ​តទៅទៀតបាន។ អ្នក​ទាំងពីរ​គឺ​ សេចក្តីសុខ និង​ជា​គ្រួសារ​ដែលមាន​គ្រប់ បើ​ខ្វះ​ខាង​ណា​ម្នាក់​ទៅនោះ ប្រាកដ​ណាស់​ថា ក្មេងៗនឹងត្រូវ​នឹក និង​ដង្ហោយ​រក ហើយ​ថែមទាំង​លាក់ទុក​ភាព​សោកសៅ​នៅក្នុង​ខ្លួន​ទៀតផង។

    លោកឪពុក​អ្នក​ម្តាយ​សាកល្បង​សង្កេត​ស្តាប់​សំឡេង​របស់កូនៗនៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លួច​យំ​ឬទេ? បើ​បានឮ​សូរសំឡេង​អណ្តឺតអណ្តក់​នោះ បង្ហាញថា លោកអ្នក​កំពុង​ធ្វើបាប​ដួងចិត្តកូនៗដូច5ចំណុច​ខាងលើនេះ​ដោយ​មិនដឹង​ខ្លួន​ក៏​អាច​ថា​បាន​ដែរ។ សាកល្បង​បែរមក​និយាយ​ពន្យល់​គ្នា​ ដើម្បីឱ្យ​កូនតូច​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​គេង​លក់​យ៉ាង​មាន​សេចក្តីសុខ​រហូត​តទៅ​ប្រសើរ​ជាង៕