Tag: កីឡា

  • ក្រោយ​ចាញ់​វៀតណាម ក្រុមបាល់ទាត់​នារី​កម្ពុជា គ្មាន​​ពេល​​តូចចិត្ត ព្រោះ​ត្រូវ​ផ្ដួល​ថៃ​ដើម្បី​មេដាយ​សំរឹទ្ធ

    ក្រោយ​ចាញ់​វៀតណាម ក្រុមបាល់ទាត់​នារី​កម្ពុជា គ្មាន​​ពេល​​តូចចិត្ត ព្រោះ​ត្រូវ​ផ្ដួល​ថៃ​ដើម្បី​មេដាយ​សំរឹទ្ធ

    កាលពី​ព្រលប់​ថ្ងៃទី 12 ឧសភា ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​ប្រឹង​អស់ពី​សមត្ថភាព ប៉ុន្តែ​នៅតែ​ចាញ់​ក្រុម​នារី​វៀតណាម ក្នុង​លទ្ធផល 0-4 ខណៈ​ដដែល ក្រុម​នារី​ថៃ​ត្រូវ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា 2-4 នាំឱ្យ​កម្ពុជា​ត្រូវ​ប៉ះ​ថៃ​ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ។

    «នៅមុន​ការប្រកួត ខ្ញុំ​គិតថា នឹងមិន​ចាញ់​ដល់​ថ្នាក់​នេះ។ ពួកយើង​រំពឹងថា​នឹង​ស្មើ​ជាមួយ​វៀតណាម។ ក៏ប៉ុន្តែ ជាក់ស្ដែង គ្រប់គ្នា​អាច​មើលឃើញ​គម្លាត​សមត្ថភាព​រវាង​ក្រុម​ទាំងពីរ។ ក្រុម​នារី​វៀតណាម​មាន​បច្ចេកទេស និង​បទពិសោធន៍​ច្រើនជាង។ ចំណែក​កីឡាការិនី​របស់ខ្ញុំ​នៅ​ក្មេងខ្ចី» គ្រូបង្វឹក​ជនជាតិ​ចិន​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា លោក Gao Fulin ថ្លែង​ដូច្នេះ​បន្ទាប់ពី​ចាញ់​វៀតណាម 0-4 នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាល​ពី​​ព្រលប់​ថ្ងៃទី 12 ឧសភ​។

    អ្នកគាំទ្រ​ជាច្រើន​របស់​កម្ពុជា យល់ថា ក្រុម​នារី​កម្ពុជា​បានបង្ហាញ​សមត្ថភាព​ដែល​បញ្ជាក់​អំពី​ការរីកចម្រើន​ជាង​មុន​ឆ្ងាយ ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង​វៀតណាម​បាន ដោយសារ​ថា ក្រុម​នារី​វៀតណាម​គឺជា​ជើង​ខ្លាំង ធ្លាប់ជា​ម្ចាស់​ជើងឯក​ស៊ី​ហ្គេម​បី​ជំនាន់ជាប់ៗគ្នា​ចុងក្រោយ​នេះ។

    គ្រូបង្វឹក​កម្ពុជា​យល់ថា ក្រុម​នារី​កម្ពុជា​ពុំមាន​ពេល​សម្រាប់​ការ​តូចចិត្ត ព្រោះ​នៅ​ចំពោះមុខ​គឺ​គោលដៅ​ផ្ដួល​ក្រុម​នារី​ថៃ ដែល​បាន​ចាញ់​មី​យ៉ាន់​ម៉ា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធ។ «យើង​នឹង​យក​កម្លាំង​មកវិញ​ឱ្យបាន​លឿនបន្ទាប់ពី​ការប្រកួត​នេះ និង​ប្រឹងប្រែង​ប្រកួត​ជាមួយ​ថៃ ឱ្យ​បានល្អ​បំផុត។ យើង​សង្ឃឹមថា អាចធ្វើ​អ្វីមួយ​សម្រាប់​ទស្សនិកជន​ម្ចាស់ផ្ទះ» គ្រូបង្វឹក​របស់​ក្រុម​នារី​កម្ពុជា ថ្លែង​ដូច្នេះ។

    ទោះជា​យ៉ាងណាក៏ដោយ ការរំពឹងទុក​​ពុំមែន​ជា​លទ្ធផល​ចុងក្រោយ​ឡើយ។ ម្យ៉ាងទៀត ក្រុម​នារី​កម្ពុជា ក៏​ធ្លាប់បាន​ចាញ់​ក្រុម​ថៃ 0-3 នៅក្នុង​វគ្គ​ចែក​ពូ​ល។ ប៉ុន្តែ Admin សូម​ជូនពរ​ដល់​ក្រុមបាល់ទាត់​នារី​កម្ពុជា ទទួលបាន​ជ័យជម្នះ និង​យកបាន​មេដាយ​ជូន​ជាតិ!

  • តារាង​ចំណាត់​ថ្នាក់​មេដាយនៅ​ស៊ីហ្គេម​ គិតត្រឹម​រសៀលថ្ងៃទី 12 ខែ​ឧសភា

    តារាង​ចំណាត់​ថ្នាក់​មេដាយនៅ​ស៊ីហ្គេម​ គិតត្រឹម​រសៀលថ្ងៃទី 12 ខែ​ឧសភា

    ក្រុម​កីឡា​វៀតណាម កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ស្ដី​ពី​ចំនួន​មេដាយ​ដែល​បណ្ដា​​ក្រុម​កីឡា​ដណ្ដើម​បាន​នៅ​ស៊ីហ្គេម​លើក​ទី 32​ គ្រាដែល​ថៃ​ត្រូវ​ធ្លាក់​មក​នៅ​លេខ​បី​។

    គិតត្រឹមម៉ោង 13:15 នារី​ ​រសៀលថ្ងៃទី 12 ឧសភា ក្រុម​កីឡា​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​មេដាយនៅ​ស៊ីហ្គេមឆ្នាំ​នេះ ដោយ​ដណ្ដើម​មេដាយ​សរុប​បាន 154 គ្រឿង ក្នុង​នោះ​មាន​មេដាយ​មាស​ 56 គ្រឿង​, មេដាយ​ប្រាក់​ចំនួន 44 គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន 54​ គ្រឿង​។

    ចំណែក​វៀតណាមវិញ បាន​ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​មួយ ដោយ​ដណ្ដើម​មេដាយ​សរុប​បាន 187 គ្រឿង ក្នុង​នោះ​មាន​មេដាយ​មាស 58 គ្រឿង ខណៈ​ដែល​ក្រុម​ថៃ​ត្រូវ​ធ្លាក់​ទៅ​លេខ​បី​ ដោយ​ដណ្ដើម​មេដាយ​សរុប​បាន​ 151 គ្រឿង​ ក្នុង​នោះ​មាន​មេដាយ​មាស 54 គ្រឿង​។

  • ប័ណ្ណចាស់សម្រាប់ចូលទស្សនា​ពិធីបិទ​ស៊ីហ្គេម «ត្រូវបាន​ទុកជាមោឃៈ»

    ប័ណ្ណចាស់សម្រាប់ចូលទស្សនា​ពិធីបិទ​ស៊ីហ្គេម «ត្រូវបាន​ទុកជាមោឃៈ»

    យោង​តាម​ប្រកាស​របស់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្កេម​លើក​ទី 32 (CAMSOC-CAMAPGOC) «ប័ណ្ណចាស់សម្រាប់ចូល​មើល​ពិធីបិទ​ស៊ីហ្គេម ត្រូវបាន​ទុកជាមោឃៈ» ដោយ​​គណៈកម្មាធិការនេះ​ នឹងបោះ​ពុម្ព​ប័ណ្ណថ្មី សម្រាប់ការ​ចូលទស្សនាកម្មវិធីបិទ​នា​ពេល​ខាងមុខ​។

  • «យក​ឈ្នះ​កម្ពុជា​មិនមែនជា​រឿង​ងាយ​ឡើយ» នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុមបាល់ទាត់​នារី​​វៀតណាម​

    «យក​ឈ្នះ​កម្ពុជា​មិនមែនជា​រឿង​ងាយ​ឡើយ» នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុមបាល់ទាត់​នារី​​វៀតណាម​

    ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​និយាយ​ថា ទន្ទឹមនឹង​អំណោយផល​ល្អ​ដោយសារ​ជា​ម្ចាស់ផ្ទះ កម្ពុជា​ក៏បាន​រីកចម្រើន​ច្រើន ដូច្នេះ នៅ​ថ្ងៃស្អែក វៀតណាម​នឹងត្រូវ​ប្រុងប្រយ័ត្ន​ពេល​ប៉ះគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ព្រឹក​ថ្ងៃទី 11 ឧសភា នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ភ្នំពេញ ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម កញ្ញា ហ្វឹ​ន ញ៉ឺ (Huynh Nhu) បាន​និយាយថា «ក្នុងការ​ប៉ះ​កម្ពុជា​កាលពី​ឆ្នាំ 2019 ក្រុម​នារី​វៀតណាម​បានឈ្នះ​យ៉ាង​គគ្រឹក​គ្រ​គ្រេង​។ ប៉ុន្តែ នោះ​គឺជា​រឿង​របស់​ប្រាំ​ឆ្នាំមុន។ ពេលនេះ កម្ពុជា​រីកចម្រើន​ជាង​មុន​ឆ្ងាយ​ណាស់»។

    ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​រម្លឹក​ដល់​ការប្រកួត​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2019 ដែល​ពេលនោះ នាង និង​មិត្ត​រួម​ក្រុម​បាន​ផ្ដួល​កម្ពុជា 10-0។ ហើយ​ក្រោយមក ក្រុម​នារី​វៀតណាម​ក៏បាន​ឈ្នះ​កម្ពុជា​ពីរ​ប្រកួត​ទៀត​នៅក្នុង​ឆ្នាំ 2022 គឺ​ឈ្នះ 7-0 នៅ​ស៊ី​ហ្គេម​លើក​ទី 31 និង 3-0 នៅ AFF Cup។

    ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ចិន Gao Fulin បច្ចុប្បន្ន​ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​រីកចម្រើន​ខ្លាំង​ដែល​គេ​អាច​មើលឃើញ​នៅក្នុង​ស៊ី​ហ្គេម​លើក​នេះ។ ពួកគេ​បាន​ចាញ់​ថៃ ប៉ុន្តែ​បានឈ្នះ​សិង្ហ​បុរី និង​ឡាវ ហើយក៏​ឈរ​លំដាប់​លេខ​ពីរ​នៅ​ពូ​ល B ដូច្នេះ​ក៏បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ស៊ី​ហ្គេម។

    ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា

    «…កម្ពុជា​ធ្វើបាន​ល្អ​ណាស់​នៅពេល​ប៉ះ​ថៃ និង​គូប្រកួត​នានា​នៅ​ពូ​ល B។ ពេលនេះ ការយក​ឈ្នះ​លើ​កម្ពុជា​គឺជា​រឿង​មិន​ងាយស្រួល។ …វៀតណាម​នឹង​លេង​ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់បំផុត​ដើម្បី​ដណ្ដើម​ជ័យជម្នះ» ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម អះអាង​ដូច្នេះ។

    បច្ចុប្បន្ន ខ្សែ​ប្រយុទ្ធ​វៀតណាម កញ្ញា ហ្វឹ​ន ញ៉ឺ កំពុង​លេង​នៅ​ពានរង្វាន់​ជើងឯក​បាល់ទាត់​ជាតិ​ព័រទុយហ្កាល់ សម្រាប់​ក្លឹប Lank។ ហ្វឹ​ន ញ៉ឺ និង​ក្រុម​នារី​វៀតណាម ថ្វីបើ​បាន​ចាញ់​ហ្វ៊ី​លី​ពី​ន 1-2 នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយ ប៉ុន្តែ​នៅតែ​ឈរ​កំពូល​តារាង A ។ វៀតណាម​មាន 6 ពិន្ទុ​ស្មើនឹង​មី​យ៉ាន់​ម៉ា និង​ហ្វ៊ី​លី​ពី​ន ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ខ្ពស់ជាង។

    ហ្វឹន ញ៉ឺ (Huynh Nhu) គឺជាកីឡាការិនីខ្សែប្រយុទ្ធ និងជាប្រធានក្រុមបាល់ទាត់នារីវៀតណាម

    ប្រធាន​ក្រុម​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​នារី​វៀតណាម លោក ម៉ៃ ឌឺ​ក ជុង (Mai Duc Chung) ក៏​យល់ឃើញ​ដូចទៅ​នឹង​ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម ហ្វឹ​ន ញ៉ឺ ទាក់​ទង​នឹង​សមត្ថភាព​បច្ចុប្បន្ន​របស់​ក្រុម​បាល់​ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​។

    ចំណែក​ភាគី​កម្ពុជា​វិញ គ្រូបង្វឹក Gao Fulin ថ្លែងថា «យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ សង្ឃឹមថា ​កីឡាការិនី​​ទាំង​អស់​របស់​យើង​នឹង​ប្រកួត​បានល្អ»៕

  • គ្រូបង្វឹក Sjafri ​ថា ​U22 ថៃ និង U22 ​វៀតណាម នឹង​ប្រឹង​គេច​ពី​ U22 ឥណ្ឌូណេស៊ី

    គ្រូបង្វឹក Sjafri ​ថា ​U22 ថៃ និង U22 ​វៀតណាម នឹង​ប្រឹង​គេច​ពី​ U22 ឥណ្ឌូណេស៊ី

    U22 ថៃ និង U22 វៀតណាម នឹង​ប្រឹងប្រែង​ដើម្បី​នាំមុខគេ​នៅ​ពូ​ល B ក្នុង​បំណង​គេច​ពី U22 ឥណ្ឌូណេស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​របស់​ស៊ី​ហ្គេម​លើក​ទី 32។

    «យើង​មិនត្រូវ​ជ្រើសរើស​គូប្រកួត។ វៀតណាម និង​ថៃទេតើ ទើប​ជា​អ្នក​ត្រូវ​គិតគូរ​ថា​តើ​ចង់​ជួប​គូប្រកួត​មួយណា និង​គេច​ពី​គូប្រកួត​មួយណា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ» គ្រូបង្វឹក Indra Sjafri របស់ U22 ឥណ្ឌូណេស៊ី និយាយ​ដូច្នេះ បន្ទាប់ពី​បាន​ផ្ដួល​កម្ពុជា​ក្នុង​លទ្ធផល 2-1 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា។

    ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ឥណ្ឌូណេស៊ី បាន​យកឈ្នះ 3-0 លើ​ហ្វ៊ី​លី​ពី​ន, 5-0 លើ​មី​យ៉ាន់​ម៉ា និង 3-0 លើ​ទី​ម័​រ​ខាងកើត ហើយក៏​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆាប់​ជាងគេ​មួយ​ប្រកួត។ នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយ​នៅ​ពូ​ល A គ្រា​ដែលមាន​សំបុត្រ​សម្រាប់​ការប្រកួត​វគ្គ​បន្ត U22 ឥណ្ឌូណេស៊ី ក៏​នៅតែ​ផ្ដួល​កម្ពុជា​ក្នុង​លទ្ធផល 2-1។

    (ពីឆ្វេងទៅស្ដាំ) លោក Sumardji អ្នកគ្រប់គ្រងក្រុម, លោក Indra Sjafri ប្រធានក្រុមគ្រូបង្វឹក និង លោក Bima Sakti ជំនួយការប្រធានក្រុមគ្រូបង្វឹករបស់ U22 ឥណ្ឌូណេស៊ី

    ដោយសារតែ​ឈរលើ​កំពូល​តារាង A ដូច្នេះ U22 ឥណ្ឌូណេស៊ី​នឹង​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​លេខ​ពីរ​នៅ​ពូ​ល B គឺ U22 ថៃ ឬ U22 វៀតណាម ដែលមាន​សំបុត្រ​ឡើងទៅ​វគ្គ​បន្ត​រួចហើយ។ U22 ថៃ និង U22 វៀតណាម នឹងត្រូវ​ប៉ះគ្នា​នៅ​ម៉ោង 19 យប់​ថ្ងៃទី 11 ឧសភា​នេះ នៅឯ​កីឡដ្ឋាន​ព្រី​នស៍ ដែល​ស្ថិតនៅ​ភូមិ​ឃ្មួញ​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជ​ធាននី​ភ្នំពេញ​ ដើម្បី​ដណ្ដើម​តំណែង​កំពូល​តារាង B។ ឱ្យ​តែមាន​លទ្ធផល​ស្មើ U22 ថៃ នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ពូ​ល B ដោយសារ​មាន 9 ពិន្ទុ ស្មើនឹង U22 វៀតណាម ប៉ុន្តែ​ ថៃ​មាន​គ្រាប់​បាល់​ចំណេញ (+7) ខ្ពស់ជាង​វៀតណាម (+5)។

    គ្រូបង្វឹក​ឥណ្ឌូណេស៊ី លោក​ Indra Sjafri ​និយាយថា «ខ្ញុំ​ជឿជាក់ថា កីឡាករ​របស់​យើង​នឹង​លេង​បានល្អ ហើយ​ដណ្ដើមបាន​សំបុត្រ​​ទៅ​ប្រកួត​បន្ត… យើង​បាន​ត្រៀម​សម្រាប់​រាល់​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ …តាំងពី​ថ្ងៃ​ដំបូង​មក​ម្លេះ​»។

  • គ្រូបង្វឹក Honda ត្រូវ​ចាក​ចេញ​​ពីវិស័យ​​បាល់ទាត់​​នៅ​កម្ពុជា ក្រោយ​ស៊ីហ្គេម​ 2023

    គ្រូបង្វឹក Honda ត្រូវ​ចាក​ចេញ​​ពីវិស័យ​​បាល់ទាត់​​នៅ​កម្ពុជា ក្រោយ​ស៊ីហ្គេម​ 2023

    លោក Keisuke Honda គិត​ចង់​ត្រលប់​ទៅធ្វើជា​កីឡាករ​វិញ បន្ទាប់ពី​ចាកចេញ​ពី​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ព្រោះ​មិនអាច​ជួយ​ឱ្យ U22 កម្ពុជា ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    «ខ្ញុំ និង Honda នឹងមិន​បន្ត​ដឹកនាំ​ក្រុម​កម្ពុជា​ទៀត​ទេ ក្រោយពី​ស៊ី​ហ្គេម​លើក​ទី 32។ ខ្ញុំ​មិនទាន់​ដឹងថា​ត្រូវធ្វើ​អ្វី។ ប៉ុន្តែ Honda វិញ គ្រោង​នឹង​ត្រលប់​ទៅធ្វើជា​កីឡាករ និង​បន្ត​រៀន​យក​សញ្ញាបត្រ​គ្រូបង្វឹក» គ្រូបង្វឹក Ryu Hirose និយាយ​កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា ក្រោយពី U22 កម្ពុជា បាន​ចាញ់ U22 ឥណ្ឌូណេស៊ី 1-2 ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    លោក Honda កើត​ឆ្នាំ 1986 គឺជា​ខ្សែបម្រើ​ដ៏​លេចធ្លោ​នៃ​វិស័យ​បាល់ទាត់​ជប៉ុន​ក្នុងអំឡុង​ឆ្នាំ 2010-2017 នៅពេល​​ទាត់​ឱ្យ​ក្លឹប CSKA Moscow និង AC Milan។ លោក Honda ចូលមកក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​បច្ចេកទេស​កាលពី​ឆ្នាំ 2018 ពេល​គាត់​នៅ​ជា​កីឡាករ​។ ក្រោយមក លោក Honda ក៏​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពី​ចម្ងាយ ដោយ​សារ​តែ​គាត់​ត្រូវ​នៅ​ទាត់​ឱ្យ​បណ្ដា​ក្លឹប​របស់​អូស្ត្រាលី ប្រេ​ស៊ី​ល ហូ​ឡង់ អា​ស៊ែ​បៃ​ហ្ស​ង់ និង​លី​ទុយ​អា​នី។

    ក្រោម​ការដឹកនាំ​របស់​លោក Honda បាល់ទាត់​កម្ពុជា​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2019 ប៉ុន្តែ ត្រូវ​ចាញ់​វៀតណាម 0-4។ ស៊ី​ហ្គេម​បន្ទាប់​នៅ​ហ្វ៊ី​លី​ពី​ន លោក Honda នៅតែ​ដឹកនាំ​ក្រុម​កម្ពុជា​តាម​អន​ឡាញ ខណៈដែល​អ្នកដឹកនាំ​ផ្ទាល់​គឺ Felix Dalmas ជា​គ្រូបង្វឹក​វ័យក្មេង និង​ជា​ជនជាតិ​អា​ហ្ស​ង់​ទីន។

    លោក Keisuke Honda បង្ហាញ​ទឹក​មុខ​ក្រៀម​ក្រំ នៅ​ពេល​កម្ពុជា​ត្រូវ​ចាញ់​ឥណ្ឌូណេស៊ី​កាល​ពី​ព្រលប់​ថ្ងៃទី 10 ឧសភា 2023

    គ្រូបង្វឹក​ជនជាតិ​ជប៉ុន​របស់​កម្ពុជា បានមក​ដឹកនាំ​ក្រុម​ដោយផ្ទាល់​ចាប់ពី​ឆ្នាំ 2021 បន្ទាប់ពី​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ។ លោក Honda និង​កូនសិស្ស​របស់គាត់​ក៏ត្រូវ​បាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ប៉ុន្តែ អ្នកគាំទ្រ​នៅតែ​ពេញចិត្ត​លោក​ដដែល ដោយ​សង្ឃឹមថា នៅ​ស៊ី​ហ្គេម​លើក​ទី 32 លោក Honda នឹង​ជួយ​ឱ្យ​ក្រុម​កម្ពុជា​បង្ក​បានការ​ភ្ញាក់ផ្អើល​នៅលើ​ទីលាន​ម្ចាស់ផ្ទះ។

    ក៏ប៉ុន្តែ ក្ដីសង្ឃឹម​នេះ​មិនបាន​ក្លាយជា​ការពិត​ឡើយ។ បន្ទាប់ពី​ការប្រកួត​បើកឆាក​ដែល​បានឈ្នះ​ទី​ម័​រ​ខាងកើត 4-0 ក្រុម​កម្ពុជា​ក៏ត្រូវ​ទទួលលទ្ធផល 1-1 ពេល​ប៉ះ​ក្រុម​ហ្វ៊ី​លី​ពី​ន មុនពេល​ត្រូវ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា 0-2 និង​ចាញ់​ឥណ្ឌូណេស៊ី 1-2 ហើយក៏​ត្រូវ​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​លកាល​ពី​ថ្ងៃទី 10 ឧសភា 2023។

    ថ្លែង​អំពី​បរាជ័យ​របស់​ក្រុម U22 កម្ពុជា នៅក្នុង​ការប្រកួត​ចុងក្រោយ​កាលពី​ព្រលប់​ម្សិលមិញ គ្រូបង្វឹក Hirose យល់ថា «បញ្ហា​របស់​យើង​គឺ​ការប្រើប្រាស់​ឱកាស​មិន​បានល្អ អាច​ដោយសារ​កម្លាំងកាយ បច្ចេកទេស ប៉ុន្តែ​ក៏​អាចដោយ​សារ​​សំណាង​មិនល្អ»៕

  • តើ​ U22 កម្ពុជា​មាន​សង្ឃឹម​អត់​ ពេល​ប៉ះ U22 ឥណ្ឌូណេស៊ី នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ?

    តើ​ U22 កម្ពុជា​មាន​សង្ឃឹម​អត់​ ពេល​ប៉ះ U22 ឥណ្ឌូណេស៊ី នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ?

    នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ U22 ឥណ្ឌូណេស៊ី។

    U22 កម្ពុជា បានចាប់ផ្ដើម​យ៉ាង​ល្អ​នៅ​ស៊ី​ហ្គេម​លើក​នេះ ដោយបាន​ផ្ដួល U22 ទីម័រខាងកើត​ 4-0។ ប៉ុន្តែ ការប្រកួត​ដែលមាន​លទ្ធផល​ស្មើ​ជាមួយ​ហ្វ៊ី​លី​ពី​ន និង​ចាញ់​មី​យ៉ាន់​ម៉ា បាន​រុញច្រាន U22 កម្ពុជា​ឱ្យ​ធ្លាក់​ក្នុងស្ថានភាព​លំបាក។

    នៅក្នុង​ជើង​ចុងក្រោយ​របស់​វគ្គ​ចែក​ពូ​ល​នៅ​ក្រុម​ A នា​ព្រលប់​នេះ U22 កម្ពុជា​ត្រូវតែ​ឈ្នះ U22 ឥណ្ឌូណេស៊ី ដើម្បី​បន្ត​ក្ដីសង្ឃឹម​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ បញ្ហា​នៅត្រង់ថា U22 កម្ពុជា​មិនមាន​សិទ្ធិ​សម្រេចនៅ​ទេ​នៅ​ពេល​នេះ​។​ សូម្បីតែ​នៅក្នុង​ករណី​ផ្ដួល​ឥណ្ឌូណេស៊ី​បានសម្រេច ក៏​ U22 កម្ពុជា​ត្រូវ​រង់ចាំ​​មើល​ថា​តើ មី​យ៉ាន់​ម៉ា​បរាជ័យ​នៅក្នុង​ម៉ោង​ដូចគ្នានេះ​ ឬ​អត់​។

    ទោះជា​យ៉ាងណាក៏ដោយ ឱកាស​សម្រាប់ U22 កម្ពុជាយកឈ្នះ​លើ U22 ឥណ្ឌូណេស៊ី​ ក៏​ខ្ពស់​គួរសម ព្រោះថា U22 ឥណ្ឌូណេស៊ី​ទំនងជា​នឹង​ប្រើប្រាស់​ក្រុម​កីឡាករ​បម្រុង​ក្នុងពេល​ប៉ះ​កម្ពុជា ដើម្បី​រក្សា​កម្លាំង​របស់​ក្រុម​ជើង​ខ្លាំង​សម្រាប់​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាទី​ដែល U22 ឥណ្ឌូណេស៊ី​ត្រូវ​ប៉ះ U22 ថៃ ឬ U22 វៀតណាម។

    តាម​ការគ្រោងទុក​ដំបូង ការប្រកួត​រវាង U22 មី​យ៉ាន់​ម៉ា និង U22 ហ្វ៊ី​លី​ពី​ន នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង 16 ថ្ងៃទី 10 ឧសភា ប៉ុន្តែ គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 32 បាន​ប្ដូរ​កាលវិភាគ​នៃ​ការប្រកួត​នេះ​ពី​ម៉ោង 16 ទៅ​ម៉ោង 19 វិញ។

  • ចំនួន​មេដាយ​​ដែល​បណ្ដា​ក្រុម​ដណ្ដើម​បាន​នៅ​ស៊ីហ្គេម​លើក​ទី 32 គិតត្រឹម​ថ្ងៃត្រង់ ថ្ងៃទី 10 ឧសភា 2023

    ចំនួន​មេដាយ​​ដែល​បណ្ដា​ក្រុម​ដណ្ដើម​បាន​នៅ​ស៊ីហ្គេម​លើក​ទី 32 គិតត្រឹម​ថ្ងៃត្រង់ ថ្ងៃទី 10 ឧសភា 2023

    កម្ពុជា​ដណ្ដើម​មេដាយ​សរុប​បាន​ច្រើន​ជាង​គេ​លំដាប់​ទីពីរ ខណៈ​វៀតណាម​​ជាប់​លំដាប់​ទី​មួយ និង​ថៃ​ជាប់​ចំណាត់​ថ្នាក់​ទី​បី​។

    គិតត្រឹម​ថ្ងៃត្រង់ ថ្ងៃទី 10 ឧសភា 2023 នេះ ក្រុម​កីឡាករ​ កីឡាការិនី​កម្ពុជា ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន 123 គ្រឿង​ ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន 39 គ្រឿង មេដាយ​ប្រាក់​ចំនួន 39 គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន 45 គ្រឿង​។ មេដាយ​មាស​ដែល​​កម្ពុជា​ដណ្ដើម​បាន​ គឺ​ច្រើន​ជាង​គេ​លំដាប់​ទីបី បន្ទាប់​ពី​​​ថៃ (41 គ្រឿង​)​ និង​វៀតណាម (40 គ្រឿង)​។

    ខាង​ក្រោម​នេះ​គឺជា​បច្ចុប្បន្នភាព​នៃចំនួន​មេដាយ​​ដែល​បណ្ដា​ក្រុម​ដណ្ដើម​បាន​នៅ​ស៊ីហ្គេម​លើក​ទី 32 គិតត្រឹម​ថ្ងៃត្រង់ ថ្ងៃទី 10 ឧសភា 2023​៖

  • ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា នឹង​ប៉ះក្រុម​ជម្រើស​ជាតិ​ថៃ ​នៅ​ម៉ោង 20 យប់​នេះ

    ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា នឹង​ប៉ះក្រុម​ជម្រើស​ជាតិ​ថៃ ​នៅ​ម៉ោង 20 យប់​នេះ

    ការប្រកួត​រវាង ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា និង​ថៃ សម្រាប់​ថ្ងៃទី 09 ឧសភា​នេះ នឹងធ្វើ​ឡើង​នៅ​ម៉ោង 20 យប់ ដើម្បី​ដណ្ដើម​តំណែង​កំពូល​តារាង B នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ក្រុមបាល់ទាត់​នារី​កម្ពុជា បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅពេល​បាន​ផ្ដួល​ក្រុម​សិង្ហ​បុរី​ដោយ​លទ្ធផល 1-0 នៅក្នុង​ការប្រកួត​កន្ល​ង​ទៅថ្មីៗនេះ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 និង​ដណ្ដើមបាន​សំបុត្រ​ចូលទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នេះ​ទើបតែ​ជា​លើក​ទី​ពីរ​ប៉ុណ្ណោះ​ដែល​ក្រុមបាល់ទាត់​នារី​កម្ពុជា​បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម ប៉ុន្តែ ពួកគេ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​មុន​នោះ​ក៏បាន​ឈ្នះ​ឡាវ 2-0 នៅក្នុង​ការប្រកួត​បើកឆាក។

    កាលពី​ប្រាំ​ឆ្នាំមុន ក្រុមបាល់ទាត់​នារី​កម្ពុជា​ធ្លាប់បាន​ចាញ់​ថៃ 0-11 នៅ AFF Cup 2018 ប៉ុន្តែ​បច្ចុប្បន្ន គម្លាត​នៃ​កម្លាំង​របស់​ក្រុម​ទាំងពីរ​នេះ​កំពុង​ត្រូវបាន​កាត់បន្ថយ។ ពេលនេះ ក្រុមបាល់ទាត់​នារី​កម្ពុជា និង​ថៃ​នឹងត្រូវ​ប្រកួត​ជាមួយគ្នា​ដើម្បី​ដណ្ដើមយក​តំណែង​កំពូល​តារាង B។

    គេ​ឃើញថា ពេលនេះ ថៃ​កំពុង​មានប្រៀប​ជាង​កម្ពុជា ដោយសារ​បានឈ្នះ​គូប្រកួត​ពីរ​ក្រុម​នៅ​ពូ​ល B ដែល​រកបាន​គ្រាប់​បាល់​សរុប 10-0 ខណៈដែល​កម្ពុជា ទើបតែ​ឈ្នះ​សរុប​បាន 3-0។

    ក៏ប៉ុន្តែ ការប្រកួត​ជាក់ស្ដែង​អាចមាន​ភាពខុសគ្នា​ខ្លះ។ ការ​ទាត់​នៅលើ​ទីលាន​ម្ចាស់ផ្ទះ​គឺជា​ការ​មានប្រៀប​មួយ​សម្រាប់​កម្ពុជា។ ពិសេស​ជាង​នេះ កម្លាំងកាយ​របស់​ក្រុមបាល់ទាត់​នារី​កម្ពុជា ក៏​ត្រូវបាន​វាយតម្លៃថា មិន​អន់​ប៉ុន្មាន​ឡើយ​ធៀប​នឹង​ក្រុម​ថៃ។ កម្លាំងចិត្ត​ដ៏​ពុះកញ្ជ្រោល​បន្ទាប់ពី​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ស៊ី​ហ្គេម ក៏​នឹង​អាចជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​បន្តទៀត​នៅ​យប់​នេះ។

    កីឡាការិនី​លេច​ធ្លោរបស់ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា
    កីឡាការិនី​លេច​ធ្លោរបស់ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា
    កីឡាការិនី​ថៃ
  • កីឡាករ​ថៃ​ថា​នឹង​ផ្ដួល​​វៀតណាមដើម្បី​នាំមុខ​នៅ​ពូ​ល A មុន​ការ​​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    កីឡាករ​ថៃ​ថា​នឹង​ផ្ដួល​​វៀតណាមដើម្បី​នាំមុខ​នៅ​ពូ​ល A មុន​ការ​​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    ខ្សែការពារ Jonathan Khemdee អះអាងថា នឹង​ផ្ដួល​វៀតណាម ដើម្បី​គ្រប់គ្រង​ពូ​ល B និង​បង្កើន​កម្លាំងចិត្ត​មុនពេល​ចូល​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​ថៃ និង​វៀតណាម សុទ្ធតែ​បានឈ្នះ​ក្នុង​បី​ប្រកួត​កន្លង និង​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023។ ការ​ប៉ះគ្នា​រវាង U-22 ថៃ និង U-22 វៀតណាម ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 11 ឧសភា គ្រាន់តែ​ជាការ​ដណ្ដើម​តំណែង​គ្រប់គ្រង​ពូ​ល B តែប៉ុណ្ណោះ។ ដោយសារ​តែមាន​គ្រាប់​បាល់​ចំណេញ (+7) ខ្ពស់​ជាងគេ ដូច្នេះ U-22 ថៃ ត្រូវការ​ស្មើ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ គឺ​រក្សាបាន​តំណែង​កំពូល​តារាង។

    Jonathan Khemdee បាន​អះអាងថា គាត់ និង​មិត្ត​រួម​ក្រុម​កំពុង​ឆ្ពោះទៅរក​ជ័យជម្នះ។ «ទាំង​ថៃ ទាំង​វៀតណាម សុទ្ធតែ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ការប្រកួត​ដែល​ជិត​មកដល់​នៅតែ​សំខាន់។ … ការ​ផ្ដួល​វៀតណាម​នឹង​ជួយ​ឱ្យ​ស្មារតី​របស់​ពួកយើង​ឡើងដល់​កម្រិត​ខ្ពស់ មាន​ទំនុកចិត្ត​ដើម្បី​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ» Jonathan Khemdee បញ្ជាក់​ដូច្នេះ។

    ថៃ​គឺជា​ក្រុមបាល់ទាត់​ដែលមាន​សមិទ្ធផល​ល្អ​​ច្រើនជាងគេ​នៅ​ស៊ី​ហ្គេម ដោយ​ដណ្ដើមបាន​មេដាយមាស 16 លើក ខណៈដែល​វៀតណាម គឺជា​ម្ចាស់​ជើងឯក​បន្តបន្ទាប់​នៅ​ពីរ​រដូវ​កាល​ចុងក្រោយ​នេះ។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 (ឆ្នាំ 2022) ថៃ​បាន​ចាញ់​វៀតណាម ក្នុង​លទ្ធផល 0-1 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នាំឱ្យ​វៀតណាម​ដណ្ដើមបាន​មេដាយមាស​ជាថ្មី។

    Jonathan Khemdee

    Jonathan Khemdee បញ្ជាក់ថា «វៀតណាម​ជា​គូប្រជែង​ខ្លាំង…ប៉ុន្តែ ជ័យជម្នះ​នឹង​បានមក​លើ​ថៃ។ ឆ្នាំនេះ យើង​ប្ដេជ្ញា​ថា​នឹង​ផ្ដួល​រាល់​គូប្រកួត នាំ​មេដាយមាស​មក​ប្រទេស​ថៃ»។

    Jonathan Khemdee កើត​ឆ្នាំ 2001 នៅ​ប្រទេស​ដា​ណឺ​ម៉ាក និង​ត្រូវបាន​បណ្ដុះបណ្ដាល​នៅក្នុង​ក្លឹបបាល់​ទាត់​ Odense Boldklub។ ឆ្នាំ 2023 ខ្សែការពារ​កណ្ដាល​រូបនេះ​ទាត់​ឱ្យ​ក្លឹប Ratchaburi របស់​ប្រទេស​ថៃ។ កីឡាករ​នេះ​ត្រូវបាន​ថៃ​ចុះឈ្មោះ​ឱ្យចូល​រួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ប៉ុន្តែ​ក្នុង​បី​ប្រកួត​ដំបូង មិនបាន​ចូលរួម។ Jonathan Khemdee ទើបតែ​មកដល់​កម្ពុជា​កាលពី​ម្សិលមិញ ដោយសារតែ​មួយថ្ងៃ​មុន​នោះ​ត្រូវ​ទាត់​ក្នុងការ​ប្រកួត​រវាង Ratchaburi និង Buriam នៅ Thai League។

    កាលពីពេលថ្មីៗនេះ Jonathan Khemdee ឱ្យដឹងថា បច្ចុប្បន្ន​ថ្វីបើ​អស់កម្លាំង​បន្តិច​មែន ប៉ុន្តែ​បាន​អះអាងថា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូល​ទាត់​ក្នុង​ការ​ប្រកួត​រវាង U-22 ថៃ និង U-22 វៀតណាម ដែល​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 19 ថ្ងៃទី 11 ឧសភា នៅលើ​ទីលាន​របស់​កីឡដ្ឋាន​ព្រី​នស៍ (កីឡដ្ឋាន​ក្លិប​វិសាខា) ស្ថិតនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធាន​នី​ភ្នំពេញ៕