Tag: ការពិនិត្យសុខភាព

  • ពិនិត្យមើលបរិមាណកាហ្វេអុីនក្នុងរាងកាយ តើយើងញ៉ាំកាហ្វេច្រើនពេកទេដឹង?

    ពិនិត្យមើលបរិមាណកាហ្វេអុីនក្នុងរាងកាយ តើយើងញ៉ាំកាហ្វេច្រើនពេកទេដឹង?

    អ្នកណាថា អាហារដែលមានជាតិកាហ្វេអុីន មានតែកាហ្វេមួយមុខនោះ? សាកល្បងនាំគ្នាមកគណនាពីបរិមាណកាហ្វេអុីនក្នុងអាហារប្រភេទផ្សេងទៀតបន្តិចមើល៍ ព្រោះជួនកាល ក្នុង 1 ថ្ងៃយើងអាចបានទទួលកាហ្វេអុីនច្រើនជ្រុលពេកក៏អាចថាបានដែរ។

    អ្នកជំនាញខាងភោជនាហារបានណែនាំថា បរិមាណកាហ្វអ៊ីនដែលស័ក្តិសមល្អចំពោះរាងកាយមនុស្សនោះគឺ ត្រឹមតែ 300 មីល្លីក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ តែបើអ្នកនិយមញ៉ាំកាហ្វេទាំងឡាយដូចជារាងមិនសូវប្រាកដក្នុងចិត្តថា បរិមាណ 300 មីល្លីក្រាមគឺប៉ុនណា ហើយកាហ្វេ ឬទឹកតែដែលញ៉ាំចូលទៅរៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនកែវនោះ បើរួមៗចូលគ្នាទៅ តើវាលើសកម្រឹតកំណត់ដែរឬទេ?

    ដូច្នេះថ្ងៃនេះ ឡារ៉ែន សូមនាំអ្នកនិយមញ៉ាំតែ ឬកាហ្វេទាំងឡាយទៅពិនិត្យមើលបរិមាណជាតិកាហ្វេអុីននៅក្នុងអាហារទាំងនោះដើម្បីឱ្យយើងបានគណនាមើលទាំងអស់គ្នា។

    – ស្ករសូកូឡា 1 បន្ទះ (បរិមាណ 50 ក្រាម) មានជាតិកាហ្វេអ៊ីន 50 មីល្លីក្រាម។

    – ទឹកភេសជ្ជៈពណ៌ខ្មៅ 1 កំប៉ុង មានកាហ្វេអ៊ីន 32 មីល្លីក្រាម។

    – តែបៃតង 1 កែវ មានកាហ្វេអ៊ីន 45 មីល្លីក្រាម។

    – កាហ្វេខ្មៅ 1 ពែង មានកាហ្វេអ៊ីន 100 មីល្លីក្រាម។

    – តែទឹកដោះគោ 1 ពែងមានជាតិកាហ្វេអ៊ីន 75 មីល្លីក្រាម។

    – កាហ្វេអេសផ្រេសសូ 1 ពែង មានកាហ្វេអ៊ីន 75 មីល្លីក្រាម។

    ឃើញតួលេខហើយ អ្នកណាដែលចូលចិត្តញ៉ាំទឹកតែ ឬកាហ្វេក្នុងមួយថ្ងៃច្រើនៗកែវ និងថែមទាំងញ៉ាំទឹកភេសជ្ជៈកំប៉ុង ញ៉ាំស្ករសូកូឡាយ៉ាងសប្បាយរីករាយផងនោះ ប្រហែលជាត្រូវបន្ថយៗខ្លះហើយ។

    Drinking Tips

    ការញ៉ាំជាតិកាហ្វេអ៊ីនចូលទៅច្រើន អាចមានផលធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនកម្រឹតការលោតរបស់បេះដូងទៀតផង ហើយស​ម្រាប់អ្នកដែលមានភាពទន់ខ្សោយចំពោះកាហ្វេ បើញ៉ាំក្រោយម៉ោង 4 ល្ងាចផងនោះ អាចធ្វើឱ្យគេងមិនលក់បាន តែចំណុចល្អនោះគឺ វាជួយបង្កើនភាពស្វាហាប់ ដូច្នេះការញ៉ាំកាហ្វេ 15 នាទីមុនហាត់ប្រាណ ឬមុនពេលប្រជុំ ក៏ជួយឱ្យខួរក្បាលភ្លឺស្រឡះបានដែរ។

    Did You Know ?

    រឹតតែត្រាំថង់កាកតែនៅក្នុងកែវទឹកក្តៅៗយូរប៉ុនណា ក៏រឹតតែបង្កើនភាពខាប់របស់កាហ្វេអ៊ីនច្រើនឡើងប៉ុននោះដែរ ដូចជា បើយើងត្រាំទុកចោល 1 នាទី ស្មើនឹងបង្កើនបរិមាណជាតិកាហ្វេអ៊ីន 19 មីល្លីក្រាម តែបើត្រាំទុកចោល 5 នាទី នឹងមានបរិមាណជាតិ​កាហ្វេអ៊ីនកើនឡើងដល់ទៅ 31 មីល្លីក្រាមឯណោះ៕

  • ការពិនិត្យសុខភាពដោយការបូមឈាម ត្រូវតមទឹក និងអាហារ មុនពេលបូម តើត្រូវដែរឬទេ?

    ការពិនិត្យសុខភាពដោយការបូមឈាម ត្រូវតមទឹក និងអាហារ មុនពេលបូម តើត្រូវដែរឬទេ?

    ការណាត់ពិនិត្យសុខភាព ធ្វើតេស្ដឈាមស្វែងរករោគជំងឺផ្សេងៗ ម្នាក់ៗតែងតែនិយាយថា ត្រូវអត់អាហារ និងទឹក ដើម្បីឱ្យលិទ្ធផលតេស្ដឈាមមានប្រសិទ្ធភាព។ មនុស្សពេញវ័យគ្រប់រូប គួរតែទៅពិនិត្យសុខភាពឱ្យបានជាប់ជាប្រចាំ ទោះជាលោកអ្នកមានអារម្មណ៍ថា មានសុខភាពល្អក៏ដោយ។ គោលបំណងនៃការពិនិត្យសុខភាពជាប្រចាំនេះ គឺធ្វើឡើងដើម្បីស្វែងរកជំងឺផ្សេងៗ វាយតម្លៃការប្រឈមមុខនឹងជំងឺនាពេលអនាគត ណែនាំឱ្យចេះរបៀបថែទាំសុខភាពឱ្យបានល្អផ្តល់ការចាក់វ៉ាក់សាំងបង្ការ ឱ្យបានត្រឹមត្រូវតាមការកំណត់ ជួយឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស និងច្បាស់លាស់ ហើយទទួលបានទិន្នន័យនៃការពិនិត្យសុខភាពជាប្រចាំ។ ដូច្នេះហើយ តើការធ្វើតេស្ដឈាម គួរតែតមអាហារដូចមនុស្សគ្រប់គ្នាថា ដែរឬទេ? ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាបដូចខាងក្រោម។

    ការធ្វើតេស្ដឈាមរកជំងឺប្រភេទខាងក្រោមនេះ ត្រូវតមអាហារ និងទឹករយៈពេលលើសពី6ម៉ោង
    • ពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមដូចជា តេស្ដទឹកនោមផ្អែម (លើកលែងតែការត្រួតពិនិត្យកម្រិតជាតិស្ករសមល្មម ឬអេម៉ូក្លូបិនអេដវិនស៊ី (HbA1c) ដែលអាចធ្វើតេស្ដឈាមបានដោយមិនចាំបាច់តមអាហារ និងទឹក)។
    • ពិនិត្យរកជាតិខ្លាញ់ កូលេសស្ត្រូរ៉ល។

    ការធ្វើតេស្ដឈាមរកជំងឺប្រភេទខាងក្រោមនេះ ដែលមិនចាំបាច់តមអាហារ និងទឹក
    • ពិនិត្យកំហាប់ឈាម (ឈាមស ឈាមក្រហម អេម៉ូក្លូប៊ីន…)
    • ពិនិត្យបរិមាណក្លាកេត (កោសិកាឈាម)
    • ពិនិត្យភាពរឹងមាំនៃគ្រាប់ឈាម
    • ពិនិត្យរកមេរោគអេដស៍
    • ពិនិត្យរករោគថ្លើម និងតម្រងនោម
    • ពិនិត្យក្រពេញទីរ៉ូអីុដ
    • ពិនិត្យរកក្រុមឈាម
    • ការបរិច្ចាគឈាម

    ក៏ប៉ុន្ដែនៅមានការពិនិត្យសុខភាពដែលមិនចាំបាច់បូមឈាម ដែលត្រូវតមអាហារ និងទឹកដូចជា៖
    • ការត្រួតពិនិត្យមើលអេកូប្រអប់ពោះ ត្រូវតមអាហារ ដើម្បីឱ្យបានមើលឃើញកាន់តែច្បាស់នៅក្នុងប្រអប់ពោះ។
    • ការឆ្លុះអេកូក្រពះ និងពោះវៀន
    • ការពិនិត្យតាមរយៈ X-ray កុំព្យូទ័រ ឬ CT​​ Scan ដែលត្រូវចាក់សារធាតុជំនួយក្នុងការថតចូលក្នុងសរសៃឈាម ឱ្យតមទឹកតមអាហារក្រែងលោក្នុងករណីថា អ្នកជំងឺប្រតិកម្មចាញ់សារធាតុគីមីដែលបានចាក់ចូលទៅ និងបានធ្វើការប្រើបំពង់អុកស៊ីហែ្ស៊នជួយដកដង្ហើមទាន់ពេលវេលា។

    នៅក្នុងករណីត្រូវពិនិត្យទឹកនោមផ្អែម ខណៈពេលកំពុងតាំងគភ៌នៅឡើយ ៖
    • ការឆ្លុះ Screening តម្រូវឱ្យទទួលទានស្ករស 50ក្រាម និងបូមឈាមបន្ទាប់ពីទទួលទានរួចរយៈពេល1ម៉ោង ដោយមិនចាំបាច់តមអាហារ។
    • ការពិនិត្យវិនិច្ឆ័យរោគ ចាំបាច់ត្រូវតមអាហារតមទឹកជាមុនសិន ព្រោះពេលបូមឈាមក្រោយការតម ក៏នឹងឱ្យទទួលទានស្ករ 100ក្រាមហើយបូមឈាមក្រោយទទួលទានរួចក្នុងអំឡុងពេល1-3ម៉ោង។ ក្នុងអំឡុងពេលរង់ចាំការបូមឈាម ត្រូវឱ្យអង្គុយស្ងៀម ហាមដើរទៅណាមកណា មិនដូច្នោះនឹងធ្វើឱ្យមិនឃើញលិទ្ធផល។

    យ៉ាងណាមិញ នៅមានព័ត៌មានលម្អិតពីការត្រូវតមអាហារ តមទឹកមុនពេលពិនិត្យឈាមជាច្រើនទៀត ដែលយើងខ្ញុំសូមណែនាំឱ្យអញ្ជើញទៅរកគ្រូពេទ្យ ដើម្បីប្រឹក្សាយោបល់ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត៕