Tag: ការចិញ្ចឹម

  • បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ ឱ្យឆ្លាតសមវ័យ ត្រូវចិញ្ចឹមកូនបែប EF

    បង្រៀនកូនឱ្យមានវិន័យ​ ឪពុកម្ដាយអាចចាប់ផ្ដើមបានតាំងពីកូននៅតូចៗដោយប្រើវិធីការចិញ្ចឹមកូនបែប EF (Executive Function) ដែលមានន័យពីសមត្ថភាពកម្រិតខ្ពស់របស់ខួរក្បាលដែលប្រើប្រាស់ក្នុងការគិត អារម្មណ៍ និងទង្វើ។ ដើម្បីឱ្យទៅដល់គោលដៅ ដែលជាគោលដៅសម្រាប់កូន មិនមែនជារបស់ឪពុកម្ដាយ តាមស្ទីលរបស់លោកវេជ្ជបណ្ឌិតជំនាញផ្នែកអប់រំកុមារគឺជាអ្វី និងសំខាន់ចំពោះការចិញ្ចឹមកូនយ៉ាងណា យើងនាំគ្នាមកមើលទាំងអស់គ្នាដូចតទៅ។

    គោលការណ៍របស់ EF

    1 . មើលថែទាំខ្លួនឯងបាន

    គឺការឱ្យកុមារបានប្រើប្រាស់ខ្លួនឯងជាចំណុចកណ្ដាលដើម្បីអភិវឌ្ឍ និងហ្វឹកហាត់ខ្លួនឯងឱ្យអាចមើលថែទាំ ជួយខ្លួនឯងបាន ដោយមិនចាំបាច់មានអ្នកណាមកចាំប្រាប់។ មានគោលការណ៍ 4 យ៉ាងដូចតទៅ ៈ

    – ការមើលថែទាំរាងកាយរបស់ខ្លួនឯង ៈ ដូចជាការញ៉ាំបាយ ងូតទឹក ដុសធ្មេញ ស្លៀកពាក់ បន្ទោបង់ទាំងធំ និងតូចដោយខ្លួនឯងបាន ដែលឪពុកម្ដាយអាចបង្ហាត់កូនតូចបានតាំងពីអាយុ 2 – 3ឆ្នាំ។ សម្រាប់ការញ៉ាំបាយខ្លួនឯង នឹងជួយឱ្យក្មេងបានអភិវឌ្ឍគ្រប់យ៉ាងជារួម បើឪពុកម្ដាយនៅតែចាំបញ្ចុកបាយឱ្យកូនតូចញ៉ាំ ក៏នឹងធ្វើក្មេងមិនក្លាយជា EF

    – ការមើលថែទាំជុំវិញរាងកាយរបស់ខ្លួន ៈ អាចចាប់ផ្ដើមជាមួយកូនតូចដែលមានអាយុ 3 – 5ឆ្នាំ ដូចជាការប្រមូលទុកដាក់របស់លេងនៅពេលលេងរួច ការរៀបចំកន្លែងគេងឱ្យស្អាតរៀបរយបន្ទាប់ភ្ញាក់ពីគេង។

    – ការមើលថែទាំការងារផ្ទះ ៈ ឪពុកម្ដាយអាចចាប់ផ្ដើមបង្ហាត់កូនតូចតាំងពីអាយុ 6 – 7ឆ្នាំឡើងទៅ ដូចជាលាងចាន ហាលខោអាវ ប្រមូលសំរាម បោសផ្ទះ ជូតផ្ទះ ដែលមូលដ្ឋានគ្រឹះរបស់ការធ្វើការងារផ្ទះបែប EF នេះជាការធ្វើឱ្យក្មេងបានកម្រើកម្រាមដៃ កម្រើកខួរក្បាលខ្លាំងជាងការធ្វើឱ្យផ្ទះស្អាត។

    – ការមើលថែទាំនៅក្រៅផ្ទះ ៈ ឬការធ្វើតាមច្បាប់របស់សង្គម ដូចជាញ៉ាំបាយនៅក្នុងហាងលក់បាយ ការរត់លេងនៅក្នុងហាង និងការឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ ជាដើម។

    2 . ការចេះដោះខ្លួនរួចពីស្ថានការណ៍ប្រថុយនឹងគ្រោះថ្នាក់ផ្សេងៗ

    ដូចជា គោលដៅគឺ ចង់ជិះជ្រែម៉ូតូ ដូច្នេះ EF គឺការគិតឱ្យបានល្អិតល្អន់ថា តើត្រូវជិះម៉ូតូយ៉ាងណាឱ្យមានសុវត្ថិភាព ត្រូវគ្រប់គ្រងការគិត អារម្មណ៍ ទង្វើដែលល្អ ឬគោលដៅ គឺការចង់ធ្វើអ្វីមួយ តែត្រូវឆ្លងកាត់ការគិត អារម្មណ៍ និងទីបំផុត គឺការបង្ហាញទង្វើដែលល្អហ្នឹងឯង។

    3 . មានអនាគតដែលអាចសាងឡើងបានដោយខ្លួនឯង

    – សម្លឹងទៅខាងមុខ ការមានកម្លាំងជំរុញចិត្ត មានភាពមានះព្យាយាម ភាពស្រឡាញ់ឈ្លក់ក្នុងអំពើល្អ។

    – រៀបចំផែនការ

    – ចាប់ផ្ដើមធ្វើ

    – ទទួលខុសត្រូវ

    – បត់បែន កែសម្រួលគោលដៅ កែសម្រួលផែនការបានគ្រប់ពេលជានិច្ច មិនបន្ទោសខ្លួនឯង មិនបន្ទោសអ្នកដទៃ។

    ក្រៅពីនេះលោកវេជ្ជបណ្ឌិតនៅបានណែនាំពីកិច្ចការងាររបស់កូនតូចក្រោយពេលត្រឡប់មកពីសាលារៀនទៀតផង។ ដោយសារតែក្មេងភាគច្រើននឹងត្រឡប់មកដល់ផ្ទះវិញនៅម៉ាងប្រមាណ 17ៈ30(5ៈ30ល្ងាច) ធ្វើឱ្យកូនតូចមានពេលវេលាក្នុងការធ្វើកិច្ចការប្រចាំថ្ងៃឱ្យរួចស្រេច តាំងពីម៉ោង 18ៈ00 – 21ៈ00 សរុប 3 ម៉ោងតាមលំដាប់ដូចតទៅ។

    ការងារផ្ទះ ៈ ជាការងារដំបូងដែលឪពុកម្ដាយគួរប្រាប់ឱ្យកូនតូចបានធ្វើ ព្រោះការឱ្យកុមារតូចៗបានធ្វើការងារផ្ទះនេះ ជាការបណ្ដុះទម្លាប់ឱ្យក្មេងៗនឹកដល់ការងារសួនរួមខ្លាំងជាងបុគ្គលផ្ទាល់ខ្លួន។

    កិច្ចការផ្ទះ ៈ សម្រាប់ថ្ងៃណាដែលកូនតូចគ្មានកិច្ចការផ្ទះ ឪពុកម្ដាយអាចរកមេរៀនហ្វឹកហាត់បន្ថែមមកឱ្យកូនធ្វើក៏បាន។ រឿង 2 យ៉ាងនេះ ទាំងការងារផ្ទះ និងកិច្ចការផ្ទះ ត្រូវប្រាប់ឱ្យកូនធ្វើឱ្យរួចស្រេចមុនពេលចង់ចេញទៅលេង ដើម្បីជាការបង្វឹកភាពទទួលខុសត្រូវ ដោយសុខចិត្តលំបាកមុន សឹមសប្បាយជាក្រោយ។

    ការលេង ៈ ជារឿងដែលមិនអាចខ្វះបានឡើយក្នុងវ័យកុមារ ព្រោះគេនឹងបានមានអារម្មណ៍ដឹងពីភាពធូរស្រាលសប្បាយ។ ឪពុកម្ដាយអាចផ្ដល់ឱ្យនូវការលេងដែលកូនតូចចង់លេង ធ្វើជារង្វាន់ក្រោយពីគេយល់ព្រមខំទ្រាំធ្វើនូវអ្វីដែលគេមិនសប្បាយនោះចប់រួចរាល់ហើយ។

    អានរឿងនិទានមុនពេលគេង ៈ មុនពេលកូនចូលគេង ឪពុកម្ដាយអាចធ្វើកិច្ចការងារនេះ ជាការភ្ជាប់សម្ព័ន្ធភាពរវាងឪពុក ម្ដាយ និងកូនឱ្យកាន់តែស្អិតល្មួតឡើង និងថែមទាំងជាកិច្ចការងារដែលមិនសូវជារំភើបញាប់ញ័រប៉ុន្មានឡើយដើម្បីត្រៀមនាំកូនចូលគេង។

    បើឪពុកម្ដាយចង់ឱ្យកូនចេះគ្រប់គ្រងចាត់ចែងពេលវេលាធ្វើកិច្ចការងារប្រចាំថ្ងៃទាំងនេះដោយខ្លួនឯង ឪពុកម្ដាយត្រូវតែមិនចាំបាច់ប្រាប់ថា ពេលណាគួរធ្វើអ្វីនោះទេ បណ្ដោយឱ្យកូនបានចាត់ចែងពេលវេលាដោយខ្លួនឯង ដែលជាប្រក្រតីក្មេងៗច្រើនតែសម្រុកធ្វើការងារផ្ទះ និងកិច្ចការផ្ទះឱ្យរួចឆាប់ៗ ព្រោះដើម្បីឱ្យបានលេងយូរឡើង។ ជាធម្មតាក្មេងនឹងចាប់ផ្ដើមចេះគ្រប់គ្រងចាត់ចែងពេលវេលានៅពេលមានអាយុ 2 – 8 ឆ្នាំ៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • 5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    5 វិធីចិញ្ចឹមកូនដែលឪពុកម្ដាយគួរធ្វើ ជួយឱ្យកូនជោគជ័យក្នុងជីវិត

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យ គឺជារឿងដែលឪពុកម្ដាយជាច្រើននឹកសង្ឃឹមទុក ព្រោះចង់ឱ្យកូនៗរបស់ខ្លួនធំធាត់ឡើងក្លាយជាមនុស្សម្នាក់ដែលទទួលបានជោគជ័យ អាចរស់នៅក្នុងពិភពដ៏ធំទូលាយនេះបានយ៉ាងល្អឥតខ្ចោះ និងមានសេចក្ដីសុខ។ ថ្ងៃនេះ អ្នកគ្រូ ឆវីសូមអញ្ជើញលោកឪពុកអ្នកម្ដាយ និងអាណាព្យាបាលទាំងអស់មកមើលពី 5 វិធីក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយអាចជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សធំម្នាក់ដែលល្អឥតខ្ចោះ និងទទួលបានជោគជ័យក្នុងជីវិតនាពេលអនាគត។

    1 . ឱ្យកូនជួយធ្វើការងារផ្ទះបន្តិចបន្តួច

    លទ្ធផលនៃការស្រាវជ្រាវវិភាគមកពីក្រៅប្រទេស បានរកឃើញថា ការបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការងារផ្ទះត្រឹមតែបន្តិចបន្តួចនោះ នឹងជួយឱ្យពួកគេទទួលជោគជ័យក្នុងជីវិតបាន ដែលការងារនេះនឹងជួយក្នុងរឿងនៃការបណ្ដុះភាពទទួលខុសត្រូវ និងជួយឱ្យក្មេងៗចេះពឹងពាក់លើខ្លួនឯង។

    អ្នកជំនាញការម្នាក់មកពីមហាវិទ្យាល័យ ស្ទែនហ្វ៉ដ និងជាអ្នកនិពន្ធសៀវភៅ How to Raise an Adult បានរៀបរាប់ថា ការឱ្យក្មេងៗមានចំណែករួមក្នុងការធ្វើការងារផ្ទះ ដូចជា លាងចាន យកសំរាមទៅចោល ស្រោចទឹកផ្កា ឬបោកខោអាវរបស់ខ្លួនឯងជាដើមនោះ នឹងជួយឱ្យពួកគេស្គាល់ពីតួនាទីរបស់ខ្លួនឯងដែលគួរមានចំពោះសួនរួម។ ជាការបណ្ដុះភាពទទួលខុសត្រូវ និងជួយហ្វឹកហាត់ការពឹងពាក់លើខ្លួនឯងបាន។ នៅពេលក្មេងៗធំធាត់ឡើង ពួកគេនឹងក្លាយជាមនុស្សធំដ៏ល្អ មានជំនាញក្នុងការធ្វើការងាររួមជាមួយអ្នកដទៃ មានការយល់ចិត្តយល់ថ្លើម យល់ពីអារម្មណ៍អ្នកដទៃច្រើនឡើង ឧស្សាហ៍ព្យាយាម ស៊ូនឹងការងារ និងថែមទាំងអាចធ្វើការងារបានយ៉ាងសម្បូរបែបដោយប្រើពេលវេលារៀនយល់ដឹងតែបន្តិចទៀតផង។

    2 . ឱ្យកូនស្គាល់ពីការព្យាយាម និងហ៊ានប្រឈមនឹងការបរាជ័យ

    “ការបរាជ័យ គឺជាគ្រូដ៏ល្អរបស់ភាពជោគជ័យ” តែក្មេងៗប្រហែលជាមិនយល់អំពីប្រយោគនេះទេ។ បើលោកឪពុកអ្នកម្ដាយមិនធ្លាប់បង្រៀនឱ្យពួកគេស្គាល់ពីការបរាជ័យ ឬការខកបំណងទេនោះ តាមរយៈការវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្ដាយឱ្យកូនបានរៀនយល់ដឹង និងហ៊ានប្រឈមជាមួយនឹងការបរាជ័យ នឹងហុចផលឱ្យគេមានការព្យាយាម និងចេះបត់បែនក្នុងការរស់នៅខ្លាំងឡើង។ ក្រៅពីនេះឪពុកម្ដាយគួរបង្រៀនឱ្យកូនចេះចាត់ការជាមួយអារម្មណ៍របស់ខ្លួនឯង ឱ្យគេចេះគ្រប់គ្រងសតិ និងអារម្មណ៍ មិនឱ្យភាពតានតឹងធុញថប់មួម៉ៅមកកាត់បន្ថយកម្លាំងចិត្តបានឡើយ បើទោះជាជួបតែក្ដីអស់សង្ឃឹម និងក្ដីបរាជ័យរហូតក៏ដោយ។

    3 . ឱ្យកូនៗស្គាល់ពីការចូលសង្គម និងសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃ

    បច្ចុប្បន្នជំនាញការចូលសង្គម អាចរាប់បានថា ជាផ្នែកមួយសំខាន់ដែលជួយអភិវឌ្ឍភាពឆ្លាតវៃដល់កូនៗ ដែលតាមរយៈការសិក្សាស្រាវជ្រាវរបស់បរទេសបានរកឃើញថា ក្មេងដែលមានជំនាញក្នុងការចូលសង្គមដែលល្អ មានសម្ព័ន្ធភាពដែលល្អជាមួយមិត្តភ័ក្តិបងប្អូន នឹងមានឱកាសទទួលបានជោគជ័យក្នុងជីវិតច្រើន ដោយសារតែក្មេងនឹងស្គាល់ពីការរស់នៅរួមជាមួយអ្នកដទៃ ស្គាល់ពីការធ្វើការងារជាក្រុម យល់ពីចិត្ត និងអារម្មណ៍របស់អ្នកដទៃ និងចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទៀតផង។

    4 . តាំងគោលដៅរឿងការរៀនសូត្ររបស់កូន

    ឪពុកម្ដាយដែលផ្ដល់ចំណាប់អារម្មណ៍លើរឿងការសិក្សារៀនសូត្ររបស់កូន នឹងជួយបើកផ្លូវ និងរុញច្រានឱ្យកូនឈានឆ្ពោះទៅរកភាពជោគជ័យបាននាពេលអនាគត។ លើកឧទាហរណ៍ដូចជា បើសិនឪពុកម្ដាយនឹកសង្ឃឹមឱ្យកូនបានទទួលការសិក្សារៀនសូត្ររហូតដល់កម្រិតបរិញ្ញាបត្រ ពួកគេក៏នឹងមានសញ្ញាថានឹងរៀនបានចប់មហាវិទ្យាល័យ ដោយឪពុកម្ដាយជាអ្នកចាត់ការ និងរៀបផែនការអនាគតឱ្យទៅកូនៗតាំងពីនៅតូចៗ ហើយពួកគេក៏នឹងដឹងពីតួនាទីរបស់ខ្លួនថា ពេលនេះគួរធ្វើអ្វី និងធ្វើដើម្បីអ្វី។ ជាការសាងកម្លាំងដឹកនាំចិត្តដល់កូន ឱ្យគេមានអារម្មណ៍សប្បាយរីករាយ មានកម្លាំងជំរុញចិត្ត និងយកចិត្តទុកដាក់លើការរៀនសូត្រកាន់តែខ្លាំងឡើង ដើម្បីរូបគេខ្លួនឯងនាពេលអនាគត។

    5 . ឪពុកម្ដាយគួរធ្វើជាគំរូដ៏ល្អដល់កូនៗ

    ការដែលចង់ឱ្យកូនទទួលបានភាពជោគជ័យ ឪពុកម្ដាយក៏គួរធ្វើឱ្យកូនមើលឃើញជាគំរូថា ទម្រាំតែឪពុកម្ដាយរបស់គេទទួលបានភាពជោគជ័យក្នុងជីវិតនោះ ត្រូវឆ្លងកាត់ឧបសគ្គអ្វីមកខ្លះ ត្រូវមានភាពស៊ូទ្រាំអត់ធន់ មានក្ដីព្យាយាម និងមានតួនាទីក្នុងសង្គមយ៉ាងណា?។ នៅពេលគេបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃហើយនោះ ក្មេងៗក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាម កើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

    ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ និងទទួលបានជោគជ័យក្នុងជីវិតនេះ មិនមែនជារឿងងាយឡើង តែក៏មិនមែនជារឿងដែលពិបាកហួសនឹងធ្វើបានដែរ គ្រាន់តែលោកឪពុកអ្នកម្ដាយត្រូវមានពេលវេលាយកចិត្តទុកដាក់ចំពោះកូនឱ្យបានច្រើនឡើង មានការអប់រំផ្គុំនិស្ស័យដ៏ល្អ រួមទាំងធ្វើជាគំរូដ៏ល្អដល់កូនៗប៉ុណ្ណោះ តែលោកឪពុកអ្នកម្ដាយក៏មិនគួរតឹងរ៉ឹងម៉ឺងម៉ាត់ជាមួយកូនជ្រុលពេកដែរ បង្ហាត់ប្ងរៀនជាបណ្ដើរៗ កែសម្រួលទង្វើរបស់កូនម្ដងបន្តិចៗជាបណ្ដើរៗ និងដែលសំខាន់បំផុតនោះគឺ កុំភ្លេចផ្ដល់សេចក្ដីស្រឡាញ់ និងភាពកក់ក្ដៅក្នុងគ្រួសារផង៕

  • 3មាន… 4មិន….គន្លឹះក្នុងការចិញ្ចឹមកូនប្រុស-ស្រីឱ្យត្រូវភេទ

    3មាន… 4មិន….គន្លឹះក្នុងការចិញ្ចឹមកូនប្រុស-ស្រីឱ្យត្រូវភេទ

    ទោះជា​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​មួយ​ដែល​បើកទូលាយ​ក្នុង​ការ​ទទួលយក​មនុស្ស​ភេទ​ទី3​ ក៏ដោយ​ តែ​បេះដូង​របស់​មនុស្ស​ដែល​ជា​ឪពុក​ និង​ម្តាយ​ក៏​នៅតែ​មិន​ចង់ឱ្យ​កូន​ក្លាយទៅជា​មនុស្ស​ភេទ​បែប​នោះ​ដែរ​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ចំណុច​ប្រតិបត្តិ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​មក​ជម្រាប​ជូន​លោកឪពុក​ និង​អ្នកម្តាយ​ គឺ​ 3មាន​ និង​ 4មិន​ ដែល​ជា​គន្លឹះ​ក្នុង​ការ​ចិញ្ចឹម​កូន​ឱ្យ​ត្រឹមត្រូវ​តាម​ភេទ​របស់​គេ​។

    3មាន​… តើ​អ្នកម្តាយ​មាន​ឬទេ​?
    1. ការយល់​ដឹង​ដ៏​ប្រពៃ​
    មនុស្ស​ដែល​ជា​ឪពុក​-ម្តាយ​ មាន​ចំណែក​ធំធេង​ណាស់​ក្នុង​ការកំណត់​លក្ខណៈ​ខាង​ភេទ​ដល់​កូនប្រុស​ កូនស្រី​របស់​ខ្លួន​។ ឪពុក​ និង​ម្តាយ​ និង​មនុស្ស​ជុំវិញ​ខ្លួន​គួរ​មានការ​យល់ដឹង​ក្នុង​រឿង​ភេទ​របស់​កូន​។ ពេល​ចង់​ជជែក​និយាយ​ ចង់​លេងសើច​ ឬចង់​ធ្វើ​កិច្ចការ​ងារ​ណាមួយ​ជាមួយ​កូន​ ត្រូវតែ​គិតដល់​បែបបទ​ខាង​ភេទ​របស់​កូន​ជាមុន​ជានិច្ច​ ដើម្បី​ឱ្យ​បាន​ប្រតិបត្តិ​ខ្លួន​ចំពោះ​កូន​យ៉ាង​ត្រឹមត្រូវ​ និង​ស័ក្តិសម​។
    2. ការ​សម្តែង​ចេញ​ដ៏​ប្រពៃ​
    ឪពុក​ និង​ម្តាយ​គួរ​មានការ​សម្តែង​ចេញ​ចំពោះ​កូន​យ៉ាង​ស័ក្តិសម​តាម​ភេទ​ ដោយ​ប្រតិបត្តិ​ជាមួយ​កូនប្រុស​ កូនស្រី​ឱ្យ​ខុសពី​គ្នា​។ បើ​កូន​ជា​ក្មេងប្រុស​ ពេល​ប្រឡែង​លេង​ជាមួយ​កូន​ មាន​ដូចជា​ហក់លោត​ តោង​ទាញ​ ឬសូម្បីតែ​ឱ្យ​កូន​រុញ​-អូស​វត្ថុ​ធ្ងន់​ៗ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ​ ចំណែក​កូនស្រី​ក៏​លេង​មួយ​បែប​ផ្សេង​ទៀត​ គឺ​លេង​ជាមួយ​កូន​យ៉ាង​ទន់ភ្លន់​ ថ្នម​ៗ ដូចជា​ឱ្យ​កូន​លេង​តុក្កតា​ លេង​ដេរ​ប៉ាក់​ ឬលេង​ដាំ​ស្ល​បាយឡុកបាយឡ​ជាដើម​។
    3. មាន​អ្វី​ៗជុំវិញ​ខ្លួន​ដែល​ប្រពៃ
    ​ឪពុក​-ម្តាយ​គួរ​រៀបចំ​ស្ថានភាព​ជុំវិញ​ខ្លួន​ឱ្យ​ស័ក្តិសម​នឹង​ភេទ​របស់​កូន​ ដូចជា​ ពណ៌​សម្លៀកបំពាក់​ជាដើមៈ​ កូនប្រុស​ ចូរ​ឱ្យ​ប្រើប្រាស់​ពណ៌​ផ្ទៃមេឃ​ កូនស្រី​ឱ្យ​ជ្រើសរើស​យក​ពណ៌​ផ្កាឈូក​ ឬកូនប្រុស​ត្រូវ​ឱ្យ​ស្លៀកខោ​ និង​កូនស្រី​ឱ្យ​ស្លៀក​សំពត់​។ របស់​លេង​កូនប្រុស​ គឺ​តុក្កតា​មនុស្សយន្ត​ កាំភ្លើង​ ឬឡាន​ ឯរបស់​លេង​កូនស្រី​គឺ​ តុក្កតា​កូនក្រមុំ​ ខ្សែក​គ្រាប់អង្កាំ​ ឬចិញ្ចៀន​ជាដើម​ ឯរបស់​តុបតែង​បន្ទប់​វិញ​ កូនប្រុស​ គឺ​រូបភាព​ រថក្រោះ​ ឡាន​ប្រណាំង​ រូប​ទាហាន​ ដែល​បង្ហាញ​ពី​ភាពជា​កូនប្រុស​ ឯបន្ទប់​កូនស្រី​គួរ​មាន​រូបភាព​ នាងទេពអប្សរ​ ផ្កា​កុលាប​ ដែល​បង្ហាញ​ពី​ភាព​ជា​សុភាពនារី​។

    4មិន​… តើ​អ្នកម្តាយ​មានបាន​ធ្វើ​ទេ​?
    1. មិនបាន​បង្រៀន​កូន​រឿង​ភេទ​
    កូន​ក្នុង​វ័យ​នេះ​អាច​រៀន​យល់ដឹង​បាន​ហើយ​ថា​ ខ្លួនឯង​ជា​ភេទ​អ្វី​ តាមរយៈ​ការដែល​ឪពុក​-ម្តាយ​ហៅ​ និង​កំណត់​បែបបទ​ឱ្យ​ត្រូវ​តាម​ភេទ​របស់​កូន​ ទាំង​ការ​តុបតែង​ខ្លួន​ ការ​លេង​របស់​លេង​ ការ​ហៅឈ្មោះ​ ឬការ​ហៅឈ្មោះ​លេង​ ជាដើម​ តែ​ការ​មិនបាន​បង្រៀន​កូន​ថា​ កូន​ជា​ស្រី​ត្រូវតែ​សុភាព​រាបសា​ មិនមែន​មក​លោត​ហក់​បែបនេះ​ទេ​ ឬជា​កូនប្រុស​ត្រូវតែ​ម៉ឺងម៉ាត់​ រឹងមាំ​ មក​យំ​បែបនេះ​មិនល្អ​ទេ​ណា៎​ និង​មិនបាន​បង្រៀន​ឱ្យ​កូន​ដឹង​ថា​ កូន​ជា​ស្រី​ ឬជា​កូនប្រុស​តាំងពី​តូច​ៗមក​នោះ​ ក៏អាច​នឹង​ធ្វើ​ឱ្យ​កូន​មិនកើត​មាន​ភាព​យល់ដឹង​ដែល​ច្បាស់លាស់​ក្នុង​ភេទ​ខ្លួនឯង​បាន​ដូចគ្នា​។
    2. មិន​ធ្វើជា​គំរូ​ដ៏​ល្អ​
    ឪពុក​-ម្តាយ​ប្រតិបត្តិ​ខ្លួន​មិន​ស័ក្តិសម​នឹង​ភេទ​របស់​ខ្លួនឯង​ ដូចជា​ម៉ាក់​ជួសជុលផ្ទះ​ លាប​ជញ្ជាំង​ផ្ទះ​ ប៉ា​ដេរប៉ះ​ខោអាវ​ រៀបចំ​ផ្កា​ដាក់​ក្នុង​ថូ​ ឪពុក​គ្មាន​ភាពជា​អ្នកដឹកនាំ​ ធ្វើ​ខ្លួន​ម្ញិ​កម្ញ៉​ក់​ តែ​ម្តាយ​បែរជា​កាច​ម៉ឺងម៉ាត់​ហ្មត់ចត់​ ជា​អ្នកដឹកនាំ​គ្រួសារ​។ ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​កូន​មានការ​វិលវល់​យល់​ច្រឡំ​ក្នុង​បែបបទ​ខាង​ភេទ​បាន​។
    3. មិន​និយាយ​ស្ដី​ខុសភេទ​
    និយាយ​ជាមួយ​កូន​មិន​ត្រឹមត្រូវ​ ដូចជា​និយាយ​ “បាទ​” ជាមួយ​កូនស្រី​ ឬនិយាយ​ “ចាស​” ជាមួយ​កូនប្រុស​ ឬមិន​បាន​បង្ហាត់​ឱ្យ​កូនស្រី​ឆ្លើយ​ “ចាស​” និង​កូនប្រុស​ឆ្លើយ​ “បាទ​” និង​រួម​ទាំង​ពេល​កូនប្រុស​ចេះ​ជួយ​យកអាសា​ក្មេងស្រី​ ក៏​មិន​បាន​និយាយ​សរសើរ​កូន​ថា​ ពូកែ​មែន​! សុភាព​បុរស​គេ​ត្រូវ​ធ្វើ​អុីចឹង​…ជាដើម​។
    4. មិន​ជិតស្និទ្ធ​ជាមួយ​កូន​
    ឪពុក​មិន​ចូល​មកលេង​ជិតស្និទ្ធ​ជាមួយ​កូន​ប្រុស​ ម្តាយ​មិន​ចូល​មកលេង​ជិតស្និទ្ធ​ជាមួយ​កូន​ស្រី​ ធ្វើ​ឱ្យ​កូន​មិន​អាច​ចម្លង​យកបែប​បទ​ប្រចាំ​ភេទ​របស់​ខ្លួន​បាន​ ព្រោះ​ការដែល​ឪពុក​-ម្តាយ​ចូល​មកលេង​ជិតដិត​ស្និទ្ធស្នាល​ជាមួយ​កូនប្រុស​-កូនស្រី​នេះ​ គឺជា​ការ​ជួយ​ឱ្យ​កូន​បាន​ស្គាល់​ពី​បែបបទ​ភេទ​របស់​ខ្លួនឯង​បាន​យ៉ាង​ច្បាស់​៕