ក្រសួងកសិកម្មកំពុងចាត់វិធានការ ដើម្បីបង្កើនផលិតភាពចំណីអាហារក្នុងស្រុកបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយការនាំចូល ដោយសារកសិករក្នុងប្រទេសបាននិងកំពុងតែដាំដំណាំ បន្លែបង្ការជាច្រើនប្រភេទ លើផ្ទៃដីសរុប 58,000ហិកតានៅទូទាំងប្រទេសនៅចុងឆ្នាំ2019 ដែលផ្ទៃដីនេះ ផលិតកសិផលបានប្រមាណ 68%នៃតម្រូវការទីផ្សារក្នុងស្រុក។ នេះបើយោងតាមអ្នកនាំពាក្យនៃក្រសួងកសិកម្ម។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ដែលបានជំរុញឱ្យកសិករបង្កើនផលិតកម្ម ដើម្បី ឆ្លើយតបនឹងតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយហេតុថា កាលពីឆ្នាំមុននេះ ប្រជាជនកម្ពុជាបានបរិភោគបន្លែជាមធ្យម 540តោនក្នុង 1ថ្ងៃ។
របាយការណ៍របស់ក្រសួងបានបង្ហាញថា កម្ពុជាអាចផលិតបន្លែបានតែ 400តោនប៉ុណ្ណោះក្នុង 1ថ្ងៃក្នុងឆ្នាំ2018 ដែលមានន័យថា ប្រហែលជា 140តោនទៀតត្រូវនាំចូលរាល់ថ្ងៃ ដែលភាគច្រើនមកពីប្រទេសវៀតណាម ថៃ និងចិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា ផលិតកម្មបន្លែបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែឯកឧត្តមបានបន្ថែមថា ប្រទេសនេះនៅតែពឹងផ្អែកលើការនាំចូល។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការផលិតបន្លែក្នុងស្រុកឱ្យបានច្រើនដែលស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាព។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបានមានប្រសាសន៍ថា៖ “ដោយសារតែកំណើនសេដ្ឋកិច្ចខ្លាំង ការកើនឡើងនៃជីវភាពរស់នៅ និងការហូរចូលនៃភ្ញៀវទេសចរ តម្រូវការបន្លែមានគុណភាព និងបន្លែសុវត្ថិភាពកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស”។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ផលិតផលបន្លែមិនមែនផលិតក្នុងស្រុក ភាគច្រើននាំចូលមកពីប្រទេសវៀតណាម និងថៃ។ បន្លែប្រមាណ 85តោនត្រូវបាននាំចូលពីប្រទេសវៀតណាម និង 44តោននាំចូលពីប្រទេសថៃក្នុង 1ថ្ងៃ។ តួលេខនេះគ្របដណ្តប់ តែលើខេត្តចំនួន8 និងរាជធានីភ្នំពេញមួយ តែប៉ុណ្ណោះ។
លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្មបានមានប្រសាសន៍ថា៖“យើងបានដាក់ចេញនូវផែនការដើម្បីជំរុញការដាំបន្លែនៅក្នុងប្រទេសរបស់យើង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយជាមួយនឹងចលនានេះ យើងសង្ឃឹមថា ការនាំចូលបន្លែពីប្រទេសជិតខាងនឹងថយចុះបន្តិចម្តង”។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងបន្តទៀតថា៖“ការផ្លាស់ប្តូរនេះនឹងជួយឱ្យមានតុល្យភាពនៃការទូទាត់របស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្នមើលឃើញការនាំចូល ច្រើនជាងការនាំចេញ។ នៅឆ្នាំ2023 ខ្ញុំចង់ឱ្យផ្ទៃដីនេះកើនឡើងដល់ 63,000ហិកតា គឺប្រមាណ76%”។
លោកបានបញ្ជាក់ដែរថា ការនាំចូលពីប្រទេសវៀតណាមក្នុងរដូវផលិតកម្មទាប នឹងមានតម្រូវការកើនឡើងយ៉ាងខ្លាំង នៅពេលដែលការផ្គត់ផ្គង់ក្នុងស្រុក មិនអាចឆ្លើយតបនឹងតម្រូវការបាន។
សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ2017 គម្រោងរបស់រដ្ឋាភិបាលក្នុងការជំរុញការផលិតបន្លែគ្មានជាតិគីមី បានចាប់ផ្តើមដំណើរការ។
គម្រោងនេះមានឈ្មោះថា គម្រោងជំរុញអាហារ និងផលិតកម្មបន្លែគ្មានជាតិគីមី ដែលមានថវិកា 20លានដុល្លារ។ គម្រោងនេះត្រូវបានអនុវត្តនៅក្នុងខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ។
លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា គម្រោងជំរុញផលិតកម្មនេះបានទទួលផ្លែផ្ការួចទៅហើយ ក្នុងការបង្កើនផលិតកម្មបន្លែក្នុងស្រុក និងជួយកាត់បន្ថយការនាំចូល។
លោកបានមានប្រសាសន៍ថា៖“ក្នុងរយៈពេល 5ឆ្នាំខាងមុខនេះ យើងមានគម្រោងបង្កើនផលិតកម្មបន្លែប្រហែល 20-30%ថែមទៀត។ យើងកំពុងផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដូច្នេះយើងអាចនឹងផលិតបន្លែបានពេញ 1ឆ្នាំ”។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញផ្នែកកសិកម្មបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិចារណាលើការរឹតត្បិតការនាំចូលបន្លែក្នុងរដូវប្រមូលផល ដែលនឹងជួយការពារផលចំណេញរបស់កសិករ និងការពារការបោះចោលផលិតផលរបស់ពួកគេ ដោយសារតែសម្បូរពោរពាស និងតម្លៃផលិតផលធ្លាក់ចុះខ្លាំងដែលបណ្តាលឱ្យកសិករខាតបង់។
លោកត្រូវបានដកស្រង់សម្តីថា៖“នៅរដូវច្រូតកាត់ រដ្ឋាភិបាលគួរតែរារាំងការនាំចូលបន្លែពីទីផ្សារបរទេសក្នុងរយៈពេលខ្លី ដើម្បីរក្សាបន្លែរបស់កសិករក្នុងស្រុកឱ្យរួចផុតពីបញ្ហាទីផ្សារ។ ការពិតរដ្ឋាភិបាលអាចរារាំងប្រភេទបន្លែមួយចំនួនពីទីផ្សារបរទេស ក្នុងរយៈពេលខ្លីដើម្បីការពារផលប្រយោជន៍កសិករក្នុងតំបន់”។
ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តរៀបចំយន្តការជំរុញឱ្យកសិករអនុវត្តកសិកម្មឱ្យបានល្អ និងឱ្យកាន់តែច្រើន ដើម្បីចូលរួមកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងបន្លែដែលមានផ្ទុកជាតិគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាព ខណៈពេលដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីកម្រិតជាតិពុលនៅក្នុងបន្លែនាពេលបច្ចុប្បន្ននេះ។
តាមការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍ បាន បង្ហាញថា95% នៃអ្នកប្រើប្រាស់ ព្រួយបារម្ភពីកម្រិតជាតិគីមីនៅក្នុងបន្លែ ទាំងបន្លែផលិតនៅក្នុងស្រុក និងបន្លែនាំចូលពីប្រទេសជិតខាង។
ក្នុងនោះដែរ ក្រសួងកសិកម្ម បានជំរុញធ្វើយ៉ាងណា គឺត្រូវចងក្រងបងប្អូនប្រជាកសិករដែលដាំបន្លែគ្មានជាតិគីមីនេះឱ្យក្លាយទៅជាសហគមន៍ និងឱ្យមានការកើនឡើងក្នុងខេត្តគោលដៅទាំង11 ដែលក្នុងនោះ យើងបានបញ្ចូលនូវបច្ចេកវិទ្យា ជាពិសេសការអនុវត្តកសិកម្មល្អ ជាបន្លែផ្លែឈើ GAP (ការអនុវត្តកសិកម្មល្អ)សំដៅធ្វើយ៉ាងណាជួយជំរុញ និងបង្កើនចំណេះដឹងដល់បងប្អូនប្រជាកសិករ ក្នុងកិច្ចការជាបន្តបន្ទាប់”៕