Tag: កម្មវិធី

  • ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។

    ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។

    អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។

    ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ

    កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

    ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។

    ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស

    អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហិរខ្លាំង ឬផ្អែមខ្លាំង យកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។

    ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្រ្តីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។ ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕

  • តិចនិកថែទាំសម្រស់សម្រាប់កំលោះៗ ត្រៀមថ្ងៃចូលរួមកម្មវិធី

    តិចនិកថែទាំសម្រស់សម្រាប់កំលោះៗ ត្រៀមថ្ងៃចូលរួមកម្មវិធី

    មុន​ថ្ងៃ​កម្មវិធី​ចូល​មកដល់​ កំ​លោះ​ៗក៏​មិន​ត្រូវ​ខកខាន​ក្នុង​ការ​ត្រៀម​ក្នុង​ការចូលរួម​កម្មវិធី​តូច​ធំ​ដែរ​ណា៎​ តែ​រឿង​សំខាន់​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន​ នោះ​គឺ​រឿង​រូប​សម្ផស្ស​ និង​រឿង​សុខភាព​ដែល​ត្រូវតែ​មើលថែ​ទាំ​យ៉ាង​មិន​អាច​បណ្តែតបណ្តោយ​បាន​ឡើយ​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​យកចិត្ត​កំ​លោះ​ៗម្តង​ ដោយ​នាំ​យក​នូវ​តិចនិក​ក្នុង​ការ​មើលថែ​ទាំ​សុខភាព​មុន​ដល់​ថ្ងៃ​កម្មវិធី​ចូល​មកដល់​មក​ជម្រាប​ជូន​ សម្រាប់​បុ​រសៗ​ណា​ដែល​ចង់បាន​សុខភាព​រឹងមាំ​ ដើម្បី​ក្លាយជា​បុរស​រូប​សង្ហា​នៅក្នុង​កម្មវិធី​ពិ​សេស​ៗនោះ​ សូម​តាមដាន​ដូចតទៅ​៖

    1ខែមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- អ្នក​គួរ​ព្យាយាម​កាត់បន្ថយ​អាហារ​បែប​ Junk​ Food​ ឱ្យ​តិច​ជាង​មុន​។
    – បើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ទទួលទាន​ស្រា​ ឬ ប៊ីយែរ​ ក៏​សូម​ឱ្យ​ព្យាយាម​ទទួលទាន​ឱ្យ​តិច​ជាង​មុន​។

    15ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី
    – សាកល្បង​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​ទិញ​មក​ពីក្រៅ​ផ្ទះ​ បើ​អាច​ទៅរួច​អ្នក​គួរ​ធ្វើ​អាហារ​ទទួលទាន​ដោយខ្លួនឯង​ ឬក៏​ត្រឡប់ទៅ​ទទួលទានបាយ​នៅផ្ទះ​ដែល​ជា​ស្នាដៃ​របស់​អ្នក​ម៉ាក់​វិញ​ប្រសើរ​ជាង​ ព្រោះ​អាហារ​ដែល​ចម្អិន​ដោយខ្លួនឯង​អាច​ទុកចិត្ត​បាន​រឿង​អនាម័យ​ ហើយ​ថែមទាំង​ជួយ​ឱ្យ​អ្នក​នៅសល់​ប្រាក់​ទៀតផង​។
    – អ្នក​គួរ​ហ្វឹកហាត់​ឱ្យ​មានទម្លាប់​ក្នុង​ការ​លាង​មុខ​ឱ្យ​បាន​ស្អាត​ យ៉ាងតិច​បំផុត2ដង​ក្នុង1ថ្ងៃ​។
    – ក្រោយពេល​ងូតទឹក​រួច​ អ្នក​គួរ​លាប​ឡូស្សិន​បំប៉ន​ស្បែក​ នឹង​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់បស់​មាន​សំណើម​ឡើង​។
    – ហើយ​អ្នក​គួរតែ​កោរ​ពុកមាត់​ ពុកចង្កា​ដោយ​កាំបិតកោរ​ ជំនួស​ប្រដាប់​កោរ​ពុកមាត់​អគ្គិសនី​ ព្រោះ​កាំបិតកោរ​នឹង​ធ្វើ​ឱ្យ​អ្នក​កោរ​បាន​ស្អាត​ល្អ​ជាង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ឃើញ​ស្អាត​រលោង​ឡើង​ កុំ​ភ្លេច​ថា​ នា​រីៗ​ភាគ​ច្រើន​មិន​ចូលចិត្ត​បុរស​ដែល​មាន​ពុកមាត់​ស្រមេម​ស្រមូម​ទេ​។

    1អាទិត្យមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- នៅតែ1អាទិត្យ​ទៀត​ទេ​ដល់​ថ្ងៃ​កម្មវិធី​ហើយ​ អ្នក​គួរតែ​កាត់​ ឬតម្រឹម​សក់​របស់​អ្នក​ឱ្យ​បាន​ស្អាត​រៀបរយ​។
    – ក្នុងអំឡុងពេល​នេះ​អ្នក​គួរ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​។

    1ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- អ្នក​គួរ​កោរ​ពុកមាត់​ ពុកចង្កា​របស់​អ្នក​ឱ្យ​បាន​ស្អាត​រៀបរយ​ផង​។

    នៅ​ថ្ងៃ​កម្មវិធី​ចូល​មកដល់
    ​- អ្នក​គួរ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ក្រោម​ឡើង​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​ ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​យ៉ាង​ជឿជាក់​ក្នុងចិត្ត​៕

  • UNESCO ប្រកាសបើកការប្រកួតពានង្វាន់សម្រាប់កម្មវិធីអក្ខរកម្មអន្តរជាតិ

    UNESCO ប្រកាសបើកការប្រកួតពានង្វាន់សម្រាប់កម្មវិធីអក្ខរកម្មអន្តរជាតិ

    ជារៀងរាល់ឆ្នាំ អង្គការ UNESCO បានប្រកាសដាក់ឱ្យមានការប្រកួតប្រជែងយកពានរង្វាន់ UNESCO សម្រាប់កម្មវិធីអក្ខរកម្មអន្តរជាតិ (ILP) ដើម្បីជំរុញឱ្យមានការបង្កើតគំនិតថ្មីសម្រាប់អនុវត្តឱ្យកាន់ប្រសើរឡើងលើការអប់រំឱ្យមានការចេះអាន និងចេះសរសេរក្នុងសង្គម។


    ដោយឡែក នៅឆ្នាំ 2017 នេះ កម្មវិធីពានរង្វាន់ ILP របស់ UNESCO បានប្រកាសឱ្យប្រជាជននៅលើពិភពលោកដាក់ពាក្យដើម្បីប្រកួតប្រជែងពានរង្វាន់ធំៗចំនួន 2 នៅក្នុងនោះមាន ទី១គឺពានរង្វាន់ UNESCO King Sejong Literacy Prize ដែលជាកម្មវិធីគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងទី២ គឺពានរង្វាន់ UNESCO Confucius Prize For Literacy ដែលគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

    កម្មវិធី UNESCO King Sejong Literacy Prize ជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយពីការអភិវឌ្ឍ និងការប្រើប្រាស់ភាសាដើមក្នុងការអប់រំ និងការបណ្តុះបណ្តាល។ ចំណែកឯកម្មវិធី UNESCO Confucius Prize For Literacy ជាកម្មវីធីដែលត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយពីការអប់រំជនវ័យកណ្តាលនៅក្នុងតំបន់ជនបទ និងយុវជននៅក្រៅសាលាដែលភាគច្រើនជាក្មេងស្រី និងស្ត្រីវ័យចំណាស់។

    កម្មវិធីនេះនឹងផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ ហើយអ្នកដែលអាចដាក់ពាក្យបានគឺ បុគ្គលឯកជន ស្ថាប័ន និងអង្គការដែលធ្វើការលើការអប់រំអក្ខរភាព។ រាល់ការដាក់ពាក្យគឺត្រូវផ្ញើទៅកាន់តំណភ្ជាប់ wwwiunesco.org/ilp/account៕