Tag: កម្ពុជា

  • AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia កំពុង​រៀប​គម្រោង​ប្ដូរ​មក​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដែល​ដំណើរ​ការ​ទៅ​តាម​រូបមន្ត​ «កង់រទេះ» ជំនួស​ឱ្យ​ការ​ផ្ដោត​ទៅ​លើ​តែ​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុម​មួយ​​ដូច​បច្ចុប្បន្ន​។

    ក្រុម​ហ៊ុន​សាជីវកម្ម Capital A Bhd ដែល​គ្រប់​គ្រង​ AirAsia ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​នឹង​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ពហុ​មណ្ឌល​ តាម​រយៈ​វត្តមាន​នៅ​ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន ហើយ​គ្រោង​នឹង​នៅ​កម្ពុជា​ផងដែរ​ ដើម្បី​អនុវត្ត​គម្រោង​ដឹក​ជញ្ជូន​តាមបណ្ដាញ​ដែល​មាន​ការ​ចំណាយ​ទាប​។

    បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​តែង​តែប្រើប្រាស់រូបមន្ត​ «ទីតាំង – ទីតាំង» ដែល​ផ្ដោត​ទៅ​លើ​តែ​ផ្លូវ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ពីរ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​សារ​តែ​មិន​មានការ​ចុះ​​ចត​តាម​ផ្លូវ​ហោះហើរ​។ ចំណែក​រូបមន្ត​ «កង់រទេះ» វិញ គឺ​តែង​តែ​ត្រូវ​បាន​បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្ដល់​សេវា​គ្រប់​ជ្រុង​ជ្រោយ​ ដូច​ទៅ​នឹង​អ្វីដែល Emirates Airlines កំពុង​អនុវត្ត​។

    ចំណុច​ពិសេស​នៃ​រូបមន្ត​ «កង់​រទេះ» គឺ​ការ​ផ្ដោត​ទៅ​លើ​សកម្មភាព​ហោះ​ហើរ​ជុំវិញ​មជ្ឈមណ្ដល​អាកាសយានដ្ឋាន​ធំមួយ ដែល​ក្នុង​នោះ​មាន​ជើង​ហោះ​ហើរ​ជា​ច្រើន​ដែល​ហោះ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​។

  • យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

    យានអវកាស​ឯកជនអាម៉េរិក ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ

    យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ត្រូវ​បាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​​​បាន​ក្លាយ​ជា​យាន​អវកាស​ឯក​ជន​ដំបូង​គេ​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ កាល​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 កុម្ភៈ ឆ្នាំ​ 2024​ ម៉ោង​នៅ​កម្ពុជា​។

    នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ទីអវកាស​។ កន្លង​មកពុំ​ដែល​មាន​យាន​អវកាស​ឯកជន​ណាមួយ​​ធ្លាប់បាន​​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ និង​មិន​ទាន់​មាន​យាន​អវកាស​ណា​មួយ​របស់​អាម៉េរិក​ ចុះ​ចត​លើ​ផ្ទៃ​ឋាន​រណប​នេះនៅ​ឡើយ​ រាប់​ចាប់​ពី​ក្រោយ​ការ​ចុះ​ចត​របស់​យាន​មាន​មនុស្ស​ Apollo 17 កាលពី​ខែ​ធ្នូ ឆ្នាំ 1972​។

    ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) មាន​ផែនការ​កសាង​មូលដ្ឋាន​មាន​មនុស្ស​សម្រាប់​កម្មវិធី​ Artemis នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ផ្ទុក​ទឹក​កក​យ៉ាង​ច្រើន​។ ក៏ប៉ុន្តែ មុន​នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ទី​នោះ ណាសា​ចង់​ប្រមូល​ទិន្នន័យ​បន្ថែម​ទៀត​ ទាក់​ទង​នឹង​តំបន់​ដែល​មិន​សូវ​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​មួយ​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ប្រភព​ទឹកជា​ដើម​។

    ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាងលើ ណាសា​ក៏​បាន​បង្កើត​កម្មវិធី​ដោយ​ឡែក​មួយ​ដែលមាន​ឈ្មោះ​ថា CLPS (Commercial Lunar Payload Services) អនុញ្ញាត​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក​ អភិវឌ្ឍ​យាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​បែប​ស្វ័យ​ប្រវត្តិ ​ដើម្បី​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​ ហើយ​យាន Odysseus របស់​ក្រុម​ហ៊ុន Intuitive Machines ក៏​ស្ថិត​ក្នុង​កម្មវិធី​នេះ​ផងដែរ​៕

  • រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

    រោង​ចក្រ​ផលិត​ឱសថ​ក្នុង​ទីអវកាស​ ហោះ​ត្រឡប់​មក​កាន់​ផែនដី

    (សហរដ្ឋ​អាម៉េរិក) – កាប៊ីន​យាន W-1 ដែល​ដឹក​ធាតុ​រាវ​នៃ​ថ្នាំ​ព្យាបាល​ HIV និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C របស់​ក្រុម​ហ៊ុន Varda Space Industries ត្រឡប់មក​កាន់​ផែនដី​ ក្រោយ​រយៈ​ពេល​ជិត 8 ខែ​ ដែល​​បាន​ស្ថិត​នៅ​លើ​គន្លង​តារាវិថី​ ហើយ​គ្រោង​នឹង​ចុះ​ដល់​ដី​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ នៅ​វេលាម៉ោង​ 03:40 ថ្ងៃទី 22 កុម្ភៈ ម៉ោង​នៅ​កម្ពុជា​។

    យោង​តាម Space កាប៊ីន​យាន​ពី​បេសក​កម្ម W-1 របស់​ក្រុម​ហ៊ុន Varda Space Industries ចុះ​ចត​ពី​លើ​តំបន់​ភាគ​ខាង​ជើង​របស់​រដ្ឋ Utah កាល​ពី​ល្ងាច​ថ្ងៃទី 21 កុម្ភៈ នាំ​មក​ជាមួយ​នូវ​ធាតុ​រាវ​របស់​ឱសថ​ប្រឆាំង​វីរុស​ដែល​អភិវឌ្ឍ​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ ជោគ​ជ័យ​នេះ​ធ្វើ​ឱ្យ​ Varda ក្លាយ​ជា​ក្រុម​ហ៊ុន​ទីបី​ដែលបញ្ជា​ឱ្យ​​យាន​អវកាស​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព​។ ក្រុម​ហ៊ុន​ទីមួយ និង​ទីពីរ​ដែល​បាន​ទទួលជោគជ័យ​ដូច​គ្នា​នេះ​គឺ SpaceX ដែល​មាន​កាប៊ីន​យាន Dragon និង Boeing ដែល​មាន​កាប៊ីនយាន Starliner។

    Varda បាន​រៀប​គម្រោង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំមួយ​ដែល​ផលិត​នៅ​ខាង​ក្រៅ​ផែនដី។ «ការ​ចាត់​ចែង​វត្ថុធាតុ​ក្នុង​បរិស្ថាន​មាន​ទំនាញ​ផែនដី​តិច​បំផុត​ ផ្ដល់​នូវ​បរិស្ថាន​ពិសេស​ដែល​នៅលើ​ផែនដី​មិន​មាន​។ ផល​ប្រយោជន៍ភាគ​ច្រើន​គឺ​បាន​​មក​ពី​ការ​មិន​មាន​បាតុភូត​ចរន្តជា​ដើម​នៅ​ក្នុង​​វត្ថុធាតុ​រាវ​ ដោយសារ​ទំនាញផែនដី​ ក៏ដូច​ជា​លទ្ធភាព​កកើត​រចនា​សម្ព័ន្ធ​ល្អ​ជាង​ ដោយ​សារ​ការ​ថយ​ចុះ​នៃ​សម្ពាធ» ក្រុម​ហ៊ុន​ខាង​លើ​ពន្យល់​ដូច្នេះ​។

    ក្រោយ​ពី​ការ​ចុះ​ចត​ កាប៊ីន​យាន​អវកាស​នេះ​នឹង​ត្រូវ​បាន​នាំ​យក​ទៅកាន់​មូលដ្ឋាន​របស់ Varda នៅ Los Angeles ដើម្បី​វិភាគ​។ ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បេសក​កម្ម​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​នឹង​ទ័ព​អាកាស​អាម៉េរិក និង​ណាសា ទៅ​តាម​កិច្ច​ព្រម​ព្រៀង​រវាង​ស្ថាប័ន​ទាំង​នេះ​៕

  • ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    ចំណូលពន្ធពីវិស័យយានយន្ត រួមចំណែកប្រមាណ 31% នៃចំណូលពន្ធសរុប​ក្នុង​ឆ្នាំ 2023

    របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញ​ថា ចំណូលដែល​ប្រមូលបានក្នុងឆ្នាំ2023 បើ​គិត​ជា​ប្រាក់​ដុល្លារ​អាម៉េរិក គឺ​ស្មើនឹងប្រមាណ 2,288.27 លានដុល្លារ ថយចុះប្រមាណ 15.7% បើ​ធៀបនឹងចំណូលសរុប​ក្នុងឆ្នាំ 2022។

    យោង​តាម​របាយការណ៍ដដែល លទ្ធផល​ខាងលើ​នេះសម្រេចបាន 82.4% នៃផែនការដែលបាន​កំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023។

    បើគិតតាមប្រភេទពន្ធនិងអាករវិញ ឃើញថា អាករលើតម្លៃបន្ថែម (VAT) រួម​ចំណែក​ 41.2%, អាករពិសេស (Special tax) រួម​ចំណែក​ 30.3%, ពន្ធគយរួម​ចំណែក​ 21%, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ​រួម​ចំណែក​ 4.3% និងអាករនាំចេញនិងកម្រៃផ្សេងៗ រួម​ចំណែក​ 1.8% នៃចំណូលសរុប។

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដក​ស្រង់​របាយការណ៍​របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យ​ដឹង​ថា ចំណូលតាមក្រុមទំនិញវិញ ឃើញថា ក្រុមទំនិញចម្រុះមាន 35.3%, យានយន្តនិងគ្រឿងចក្ររួម​ចំណែក​ 31.1%, ប្រេងឥន្ធនៈនិងថាមពលរួម​ចំណែក 26.6% និងសម្ភារសំណង់និងកម្រៃផ្សេងៗ រួម​ចំណែក​ 7% នៃចំណូលសរុប៕

  • ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

    ទុន​ជាង 444 លាន​ដុល្លារ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា នៅក្នុង​ 15 ថ្ងៃ​ដំបូង​នៃ​ខែ​កុម្ភៈ 2024

    (ភ្នំពេញ) – ពាក់​កណ្ដាល​ដើម​​ខែកុម្ភៈនេះ ក្រុម​​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន 22 ដែលមានទុនវិនិយោគសរុបប្រមាណជាង 444 លានដុល្លារអាម៉េរិក​។

    យោង​តាម​ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពូជា (CDC) បណ្ដា​ខេត្ត​ដែល​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់ រួម​មាន​ រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយ​រៀង ដោយ​មាន​ទុន​វិនិយោគ​ 4 គម្រោងដូច​គ្នា​។ ក្រៅ​ពី​នេះ ខេត្តព្រះ​សីហនុ និង​ខេត្ត​កំពង់​ស្ពឺ ក៏ទទួលបាន​ការ​វិនិយោគ​ 3 គម្រោង​ដូច​គ្នា​​ផង​ដែរ​។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ប្រកាស​របស់ CDC ដែល​មាន​ដូច​ខាង​ក្រោម​៖

  • ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

    (ភ្នំពេញ) – ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

    យោង​តាម​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួបនេះ លោក Jonh Riady បានបង្ហាញ​ចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមានជា​អាទិ៍ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

    ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ 60 ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើ​តាម​ CDC ចេញផ្សាយ​នា​យប់​ថ្ងៃទី 19 កុម្ភៈ 2024​៕

  • រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

    រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

    រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។

    រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។

    មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺមានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតជាច្រើនដូចជា ប្រព័ន្ធការពារសុវត្ថិភាពពីចោរកម្ម ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំងដោយស្វ័យប្រវត្ត EBD ប្រព័ន្ធជំនួយក្នុងការឡើងចំណោត ប្រព័ន្ធទប់លំនឹងនិងស្ថេរភាពនៃរថយន្តសម្រាប់ផ្លូវកោង ឬផ្លូវរអិល ប្រព័ន្ធទប់លំនឹងរថយន្តក្នុងការបើកបរ និងប្រព័ន្ធសេនស័រជំនួយក្នុងការចូលចតចំនួន ៨គ្រាប់ រួមទាំងប្រព័ន្ធកាមេរ៉ាមើលក្រោយចំនួន ១ ផងដែរ ។

    លើសពីនេះទៅទៀត រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ មិនមែនត្រឹមតែជារថយន្តដឹកដំណើរនោះទេ ប៉ុន្តែរថយន្តនេះ ក៏អាចត្រូវបានកែឆ្នៃពិសេសដែលតម្រូវទៅតាមវិស័យផ្សេងៗដូចជារថយន្តសង្គ្រោះបន្ទាន់ បម្រើដល់វិស័យសុខាភិបាល រថយន្តមន្ទីរពិសោធន៍ចល័ត រថយន្តបំពាក់នូវទូដែក សម្រាប់វិស័យធនាគារ និងអាចកែឆ្នៃជាហាងកាហ្វេចល័ត ផ្ទះចល័ត ផងដែរ ។​

    សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង ទទួលព័ត៌មានផ្សេងៗអំពីរថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 088 6777 200 / 087 777 200 ៕

  • គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    (ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

    កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

  • កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    កម្ពុជា​ទទួល​បាន​ទុនវិនិយោគជិតបួនពាន់លានដុល្លារ​អាម៉េរិក​ រាប់​ចាប់​ពី​ខែ​សីហាឆ្នាំ 2023 ដល់​បច្ចុប្បន្ន

    ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ចាប់តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីពោលគឺ ចាប់ពីខែសីហា ឆ្នាំ 2023 មកដល់បច្ចុប្បន្ន កម្ពុជា​​ទាក់ទាញបាន​ការ​វិនិយោគប្រមាណ 172​គម្រោង ដែល​មាន​ទុន​សរុប​​ជិត​ 4 ពាន់លានដុល្លារ និងអាចបង្កើតការងារបាន​ជាង 19 ម៉ឺនកន្លែង។

    ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីដូច​ខាងលើនេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុងពិធី «​បិទ​សន្និបាត​បូក​សរុបការងារឆ្នាំ 2023 និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ 2024 របស់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្តន៍ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម» នារសៀលថ្ងៃទី 08 ខែកុម្ភៈឆ្នាំ 2024  នៅសណ្ឋាគារសុខាភ្នំពេញ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជូនប្រជាពលរដ្ឋ។

    យោង​តាម​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា កន្លងមក កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺមានប្រមាណ 7% រាប់​ចាប់​​តាំងពីពេលដែលកម្ពុជា​ទទួលបានសន្តិភាព រហូតមកទល់ពេលផ្ទុះជំងឺកូវីដ-19៕

  • ប្រទេស​ជិត​ខាង​របស់​កម្ពុជា​មួយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ពី​បរទេស​ច្រើន​ជាង​ដប់​ដង​ ធៀប​នឹង​កម្ពុជា នៅក្នុង​ខែ​មករា​កន្លង​ទៅ​

    ប្រទេស​ជិត​ខាង​របស់​កម្ពុជា​មួយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ពី​បរទេស​ច្រើន​ជាង​ដប់​ដង​ ធៀប​នឹង​កម្ពុជា នៅក្នុង​ខែ​មករា​កន្លង​ទៅ​

    នៅ​ក្នុង​ខែ​មករា ឆ្នាំ 2024 ប្រទេស​ជាប់​ព្រំ​ដែន​ខាង​កើត​របស់​កម្ពុជា ទទួល​បាន​គម្រោង​​​វិនិយោគ​ពី​បរទេស​​ចំនួន​ 190 គម្រោង​ ច្រើន​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​ 32 គម្រោង​ដែល​​កម្ពុជា​​បាន​ទទួល​។

    យោង​តាម​ទំព័រ Stockbiz របស់​វៀតណាម នៅ​ក្នុង​ខែមករាឆ្នាំ 2024 វៀតណាម​បាន​ផ្ដល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ចំនួន 190 គ្រោង​ កើន​ 24.2% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 66.9% ធៀប​នឹង​ខែមករា​ឆ្នាំ 2023​។

    ក្នុង​ខែ​មករា​ឆ្នាំ 2024 មាន​ប្រទេស​ និង​ដែន​ដី​ចំនួន 39 ដែល​​វិនិយោគ​នៅ​វៀតណាម ក្នុង​នោះ សិង្ហបុរី​គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ ដោយ​បណ្ដាក់​ទុន​ជាង 1.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង 59.5% ធៀប​នឹង​ទុន​វិនិយោគ​សរុប​។

    បើ​និយាយ​អំពី​ចំនួន​គម្រោង​វិនិយោគថ្មី​​វិញ ប្រទេស​ចិន​គឺជា​ដៃ​គូ​ធំ​ជាង​គេ​​របស់​វៀតណាម ដោយ​រួម​ចំណែក​ជិត 19%។

    ដើម្បី​ជា​ការ​ប្រៀប​ធៀប​ នៅក្នុង​ខែ​មករា​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគពី​បរទេស​​ជិត 187 លាន​ដុល្លារ​​។ តួលេខ​នេះ​របស់​វៀតណាម​គឺជាង 2.36 ពាន់​លាន​ដុល្លារ​។ ​ប្រទេសចិនគឺជា​អ្នក​​វិនិយោគ​ធំ​​ជាង​គេ​ទាំង​នៅ​កម្ពុជា ទាំងនៅ​វៀតណាម​ នៅ​ក្នុង​ខែមករា​ឆ្នាំ 2024​៕