Tag: កម្ពុជា-វៀតណាម

  • ទំហំពាណិជ្ជកម្ម​​កម្ពុជា-វៀតណាម នឹង​សម្រេច​បាន​លើស​ពី 9 ពាន់​លាន​ដុល្លារ​​ក្នុង​ឆ្នាំ 2023

    ទំហំពាណិជ្ជកម្ម​​កម្ពុជា-វៀតណាម នឹង​សម្រេច​បាន​លើស​ពី 9 ពាន់​លាន​ដុល្លារ​​ក្នុង​ឆ្នាំ 2023

    ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 សម្រេច​បានជាង​​ 7.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ថយ​ចុះច្រើន​​បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022 ប៉ុន្តែត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែកើន​ឡើង​បន្ត​ទៀត​ ព្រោះ​វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​កម្ពុជា​។

    បច្ចុប្បន្ន វៀតណាម​គឺជា​ដៃគូពាណិជ្ជកម្ម​ធំលំដាប់​ទីបី​ក្នុង​ពិភពលោក បន្ទាប់​ពី​ចិន និង​អាម៉េរិក ហើយ​ក៏​ជា​ដៃគូ​ធំ​លំដាប់​ទី​មួយ​ក្នុង​តំបន់​អាស៊ាន របស់​កម្ពុជា។ គិត​មក​ដល់​ពេល​នេះ វៀតណាម​នៅ​មាន​គម្រោង​វិនិយោគ​ចំនួន 205 គម្រោង​ដែល​នៅ​មាន​សុពលភាព​ នៅ​​កម្ពុជា​ ដែល​មាន​ទុន​សរុប​ចំនួន 2.94 ពាន់​លាន​ដុល្លារ​អាម៉េរិក ឈរ​លំដាប់​ទី​មួយ​នៅ​អាស៊ាន និង​ស្ថិត​ក្នុង​ Top 5 នៃ​បណ្ដា​ប្រទេស​ដែល​​​វិនិយោគ​ផ្ទាល់ច្រើន​ជាង​គេ​នៅ​កម្ពុជា​។

    ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ យល់​ថា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា​ នៅ​មាន​សក្ដានុពលខ្ពស់​ និង​ចន្លោះ​ប្រហោង​ច្រើន​ ​ដែល​អាច​លើក​កម្ពស់​បន្ថែម​ទៀត​។ ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 ទំហំ​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំង​ពីរ សម្រេច​បាន​ 7.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ថយ​ចុះ​ប្រហែល 22.1% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022 ប៉ុន្តែ ទំហំ​នេះត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​លើស​ពី​ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ 2023៕

  • កម្ពុជា-វៀតណាម នឹងបង្កើនទំហំពាណិជ្ជកម្ម ឲ្យដល់ 5ពាន់លានដុល្លារ

    កម្ពុជា-វៀតណាម នឹងបង្កើនទំហំពាណិជ្ជកម្ម ឲ្យដល់ 5ពាន់លានដុល្លារ

    ភ្នំពេញៈ មេដឹកនាំកម្ពុជា-វៀតណាម បានខិតខំជំរុញធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន 5ពាន់លានដុល្លារអាមេរិក នៅក្នុងពេលឆាប់ៗខាងមុខនេះ។

    លោក ថាច់ យ៉ឺ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី50 ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (24 មិថុនា ឆ្នាំ1967-24 មិថុនា ឆ្នាំ2017) នាយប់ថ្ងៃទី22 ខែមិថុនាម្សិលមិញនេះថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមកដល់ពេលនេះវៀតណាមបានក្លាយជាដៃគូសេដ្ឋកិច្ចមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចចម្បងរបស់កម្ពុជា។
    ក្នុងឆ្នាំ2016 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជិតដល់ 3ពាន់លានដុល្លារអាមេរិក ហើយភាគីទាំងពីរបានឯកភាពគ្នាថា នឹងខិតខំជំរុញ ដើម្បីឱ្យទំហំពាណិជ្ជកម្មទ្វេភាគីអាចសម្រេចបានដល់ 5ពាន់លានដុល្លារអាមេរិក នៅក្នុងពេលឆាប់ៗខាងមុខ។

    សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា លោកជឿថាពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម និងជាមួយប្រទេសក្នុងតំបន់ដទៃទៀតនឹងបន្តរីកចម្រើនទៅមុខ ប៉ុន្តែបើគិតពីការនាំចូលវិញ គឺកម្ពុជាបាននាំចូលទំនិញពីប្រទេសថៃច្រើនជាងវៀតណាម។ លោកបន្តថា មានការលើកឡើងពីអ្នកជំនាញនៃមូលនិធិរូបិយប័ណ្ណអន្តរជាតិថា ប្រទេសដែលស្ថិតនៅក្បែរប្រទេសជឿនលឿននឹងទទួលបានភាពជឿនលឿនផងដែរ ដោយសារតែការទទួលបានឥទ្ធិពលវិជ្ជមានពីប្រទេសទាំងនោះ។

    លោកបន្តថា “គំនិតធំនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់គឺ ធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយគ្នា ហើយទំហំសេដ្ឋកិច្ចតូចឬធំជារឿងធម្មតា”។ លោកបន្តថា “យើងមានវត្ថុធាតុដើម ប៉ុន្តែយើងមិនអាចកែច្នៃបាន ហេតុនេះយើងត្រូវពឹងប្រទេសជិតខាងដែលមានកន្លែងកែច្នៃ មានកំពង់ផែជិតដែលធ្វើឲ្យតម្លៃដឹកជញ្ជូនទាបជាងយើង”៕