ការប្រកួត AFF Suzuki Cup ត្រូវអូសបន្លាយដល់ដើមឆ្នាំ2022

ថ្ងៃ​ច័ន្ទ ទី7 ខែវិច្ឆិកា ឆ្នាំ2020 សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) បានប្រកាសថា ពានរង្វាន់​បាល់ទាត់​ជម្រើសជាតិ​ធំ​បំផុត របស់​អាស៊ាន (AFF Suzuki Cup) នឹងត្រូវ​លើក​ទៅធ្វើ នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 រហូតដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022 វិញ ដើម្បីឱ្យ​ការប្រកួត មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សា​ម៉េ​ត ប្រធាន AFF បាន​ថ្លែងថា សុខភាព និង​សុវត្ថិភាព​របស់​មនុស្ស​គ្រប់គ្នា ជា​អាទិភាព​ទី1 និង​ដូចដែល​យើង​បានដឹងហើយថា វ៉ាក់សាំង​កូ​វីដ-19 បានទទួល​ជោគជ័យ​ហើយ ដូច្នោះ ការលើក​ទៅ​ចុងឆ្នាំ2021 គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដែល​យើង​អាចនឹងទទួល​បាន​ទស្សនិកជន​ពេញ​កីឡដ្ឋាន ហើយ​ប្រទេសនីមួយៗនឹង​អាច​ធ្វើជា​ម្ចាស់ផ្ទះរៀងៗខ្លួន​បាន​ទៀតផង។ ដែល​ទាំងនេះហើយ គឺជា​ទស្សនៈ និង​បេះដូង​នៃ​វិស័យ​បាល់ទាត់ នៃ​ប្រជាជាតិ​អាស៊ាន។

កាលបរិច្ឆេទ​ថ្មី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 ដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022 នឹង​ផ្តល់នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ព្រឹត្តិការណ៍ ដែល​ត្រូវបាន​រៀបចំ​ឡើងជា​ទ្រង់ទ្រាយ​ពេញលេញ ជាមួយនឹង​ការប្រកួត​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ទាំង​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ជាមួយ​កីឡដ្ឋាន ដែល​ពោរពេញ​ទៅដោយ​អ្នកគាំទ្រ សម្រាប់​លើកទឹកចិត្ត និង​អបអរ​ក្រុម​របស់​ពួកគេ៕

Advertisement