លោក Conte ទទួលស្គាល់ថា ក្លិប Chelsea នៅមាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​អភិវឌ្ឍ

លោក Antonio Conte អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប Chelsea បាន​ទទួលស្គាល់ថា អាច​នឹងមាន​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​មុនពេល​ក្រុម​របស់លោក​មាន​សមត្ថ​ភាព​ក្នុងការ​គ្រប់គ្រង​ទាំង​ការប្រកួត​ក្នុងផ្ទះ​ខ្លួនឯង និង​យុទ្ធនាការ​ក្រៅប្រទេស។

បើទោះបី​លោក Conte បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ជា​លើក​ទី1របស់គាត់​ជាមួយនឹង Chelsea ក៏ដោយ ប៉ុន្តែ​គ្រូបង្វឹក​នៃ​ក្រុម​តោ​ខៀវ​រូបនេះ​បាន​អះអាងថា ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​នៅតែ​ខ្វះ​នូវ​មូលដ្ឋានផ្សេងៗដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ប្រជែង​ដណ្តើមពានធំៗជា​រៀងរាល់ឆ្នាំ។

ជាមួយនឹង​ការ​ស្ថិតក្រោម​សម្ពាធ​ក្រោយពី​ក្រុម Chelsea បានចាប់ផ្តើម​ទាំង​ការខកចិត្ត​នៅ​រដូវ​កាល​នេះ លោក Conte បាន​ផ្ញើ​សារ​ដ៏​ជាក់លាក់​មួយ​ទៅកាន់​លោក Roman Abramovich ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់​ក្លិប Chelsea ខណៈដែល​គ្រូបង្វឹក​រូបនេះ​បានបង្ហាញ​ពី​របៀប​ដែល​លោក Mauricio Pochettino ត្រូវ​បានផ្តល់​ពេលវេលា​ឲ្យ​ក្នុងការ​ផ្លាស់ប្តូរ​ក្រុម Tottenham ឲ្យ​ទៅជា​គូប្រជែង​ដណ្តើមពាន​អស់​រយៈពេល​ជាច្រើន​រដូវ​កាល​កន្លងមកនេះ។ លោក Conte ដែល​ក្រុម​របស់លោក​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយនឹង​ក្រុម Tottenham នា​កីឡដ្ឋាន Wembley កាលពី​ថ្ងៃអាទិត្យ​នោះ​ជឿជាក់ថា លោក​ត្រូវការ​ពេលវេលា​ដូចគ្នានេះ​មុនពេល​ក្រុម Chelsea មាន​សមត្ថភាព​គ្រប់គ្រង​ទាំង​ក្នុង​ក្របខ័ណ្ឌ Premier League និង Champions League។ លោក Conte បាន​ឲ្យ​ដឹងថា៖ «ក្រុម Tottenham បានចាប់ផ្តើម​ធ្វើការ​ជាមួយនឹង​លោក Pochettino កាលពី3ឆ្នាំមុន។ គ្រូបង្វឹក​រូបនេះ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​ជាមួយនឹង​កីឡាករដដែលៗ និង​ដើម្បី​ព្យាយាម​បង្កើន​ស្ថានភាព​នេះ»។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ថែមទៀតថា៖ «សម្រាប់​រាល់​គ្រូបង្វឹក​ទាំងអស់ វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​មាន​និរន្តរភាព​នេះ។ នៅពេលដែល​អ្នក​មកដល់​ក្លិប​មួយ អ្នក​មិនដឹង​ពី​អ្វីដែល​អ្នកនឹង​រកឃើញ​ឡើយ»។ ការប្រកួត​នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង10យប់៕

ការជួបគ្នា3លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ
23.04.17          Chelsea 4-2 Tottenham
05.01.17          Tottenham 2-0 Chelsea
27.11.16          Chelsea 2-1 Tottenham

ប្រភពពី៖ Sport24

Advertisement