Southampton តែងតាំងអតីតគ្រូបង្វឹក Liverpool ជាអ្នកចាត់ការទូទៅ

លោក Mauricio Pellegrino បានសម្តែងនូវការរំភើបយ៉ាងខ្លាំងក្រោយពីត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Southampton ហើយលោកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះជឿជាក់ថា របៀបនៃការដឹកនាំរបស់លោកនឹងជួយឲ្យក្លិបនេះទទួលបានជោគជ័យ។

លោក Pellegrino បានចុះហត្ថលេខារយៈពេល3ឆ្នាំនៅឯកីឡដ្ឋាន St Mary’s ក្រោយពីត្រូវបានប្រកាសតែងតាំងជាអ្នកជំនួសកន្លែងរបស់ Claude Puel។ លោក Puel ត្រូវបានបណ្តេញចេញ ក្រោយពីដឹកនាំឲ្យក្លិប Southampton ឈានទៅប្រកួតពាន EFL Cup វគ្គផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ8 នៅលើតារាងនៃក្របខ័ណ្ឌ Premier League។ លោក Pellegrino បានសម្រេចចិត្តចាកចេញពីក្លិប Alaves កាលពីខែឧសភា ក្រោយពីជួបយុទ្ធនាការដូចក្លិប Southampton ពោលគឺលោកបានជួយឲ្យក្លិបរបស់អេស្ប៉ាញមួយនេះ ឈានទៅប្រកួតពាន Copa del Rey វគ្គផ្តាច់ព្រ័ត្រ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ9ក្នុងរដូវកាលលើកទី1របស់លោក។

អតីតខ្សែការពារអន្តរជាតិអាហ្សង់ទីនរូបនេះ កាលពីមុនធ្លាប់បានដឹកនាំក្លិប Valencia, Independiente និង Estudiantes និងធ្លាប់ធ្វើជាគ្រូបង្វឹកជំនួយក្រោមការដឹកនាំរបស់លោក Rafael Benitez នៅឯក្លិប Liverpool ហើយក្រោយលោកបានដឹកនាំក្នុងក្លិប Inter Milan។ លោក Pellegrino បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់ Southampton។ ក្លិបនេះមានកេរិ៍្តឈ្មោះដ៏អស្ចារ្យចំពោះរចនាសម្ព័ន្ធដ៏មានស្ថិរភាព និងរឹងមាំ ពិសេសអាចប្រជែងក្នុងក្របខ័ណ្ឌ Premier League និងមានទម្រង់លេងក្នុងកីឡាបាល់ទាត់ដ៏គួរឲ្យទាក់ទាញ»៕
ប្រភពពី៖ The Guardian

 

Advertisement