លោក​ ​Di​ ​Francesco​៖​ ​Roma​ ​ត្រូវតែ​បង្ហាញ​មហិច្ឆតា​ ​ពេល​ប៉ះ​ ​Porto​ ​រាត្រី​នេះ​

​លោក​ ​Eusebio​ ​Di​ ​Francesco​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Roma​ ​បាន​អំពាវនាវ​ឱ្យ​ក្រុម​របស់​លោក​បង្ហាញ​ពី​មហិច្ឆតា​ ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Porto​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​របស់​ពួកគេ​ ​នា​កីឡដ្ឋាន​ ​StadioOlimpico​ ​ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ដែល​ត្រឡប់មកវិញ​ ​ក្រោយ​ការ​ធ្លាក់​ចេញ​នា​ពេល​ថ្មី​ៗ​នេះ​។​

​ ​ក្រុម​ ​Roma​ ​បាន​ធ្លាក់​ចេញពី​ពាន​ ​Coppa​ ​Italia​ ​ក្រោយពី​ចាញ់​ក្រុម​ ​Fiorentina​ ​ក្នុង​លទ្ធផល​ ​7​-​1​ ​ប៉ុន្តែ​ ​បច្ចុប្បន្ន​ ​មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​ក្របខ័ណ្ឌ​ ​Serie​ ​A​ ​6លើក​ចុងក្រោយ​របស់​ពួកគេ​ ​ដើម្បី​ឈរ​នៅ​ក្រៅ​ចំណាត់ថ្នាក់​ដែល​ត្រូវ​ឈ្នះ​កៅអី​ទៅលេង​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​។​

​ ​លោក​ ​Di​ ​Francesco​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ការប្រកួត​នេះ​ ​គឺជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​មួយ​ ​និង​ការ​វិល​ទៅ​រក​ភាព​រំភើប​ឡើងវិញ​។​ ​មាន​ក្រុម​អ៊ីតាលី​ដែល​នៅសល់​ត្រឹមតែ​ ​2គត់​ក្នុង​យុទ្ធនាការ​នេះ​ ​យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការ​ក្លាយជា​ក្រុម​មួយ​ក្នុងចំណោម​នោះ​។​ ​យើង​ត្រូវតែ​មាន​គោលដៅ​ឱ្យ​ខ្ពស់​»​។​ ​Roma​ ​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាលមុន​ ​នៅមុន​ពេល​ធ្លាក់​ចេញ​ក្រោម​ស្នាដៃ​ក្រុម​ ​Liverpool​ ​ប៉ុន្តែ​មិនធ្លាប់​បាន​ផ្តួល​ក្រុម​ ​Porto​ ​ដែល​បាន​ឈ្នះ​ពាន​ ​Champions​ ​League​ ​2លើក​នោះ​ទេ​ ​ហើយ​ការ​ឈ្នះ​ពាន​លើក​ចុងក្រោយ​របស់​ពួកគេ​ ​បាន​កើតឡើង​កាលពី​ឆ្នាំ2004​ ​ក្រោម​ការដឹកនាំ​របស់​លោក​ ​Jose​ ​Mourinho​។​

​ ​ក្រុម​របស់​លោក​ ​Sergio​ ​Conceicao​ ​បាន​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ ​កាលពី​ឆ្នាំ2015​ ​និង​បាន​ផ្តួល​ក្រុម​ ​Roma​ ​ក្នុង​លទ្ធផល​ទាំង​ ​2ជើង​ ​4​-​1​ ​ក្នុង​ការប្រកួត​វគ្គ​ ​Playoff​ ​កាលពី​រដូវ​កាល​ឆ្នាំ2016​-​2017​។​ ​Roma​ ​នឹង​អវត្តមាន​ខ្សែប្រយុទ្ធ​ ​Patrik​ ​Schick​ ​ដែល​បាន​រង​របួស​សាច់ដុំ​ ​ប៉ុន្តែ​ខ្សែការពារ​ ​Kostas​ ​Manolas​ ​បាន​វិល​ទៅ​ហ្វឹកហាត់​វិញ​ហើយ​ ​បើ​ទោះបី​អ្នកចាំទី​ ​Robin​ ​Olsen​ ​នៅតែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក៏ដោយ​៕​ ​



​ប្រភព​ពី​៖​ ​Sport24​

Advertisement