Chelsea ចុះ​ហត្ថលេខា​ជាមួយ Higuain ក្នុង​លក្ខខណ្ឌ​​ខ្ចី​ជើង​រហូត​​ដល់​បញ្ចប់​រដូវ​កាល​នេះ

កាលពីថ្ងៃពុធ ក្លិប​តោ​ខៀវ Chelsea បាន​ចុះហត្ថ​លេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់ទីនក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ខណៈ​ដែល​លោក Maurizio Sarri សម្លឹង​រក​ការ​បន្ថែម​​ភាព​មុត​ស្រួច​លើ​តំបន់​ប្រយុទ្ធ​រប​ស់​លោក​។

Higuain នឹង​ចូល​រួម​​ម្តង​ទៀត​ជាមួយ​នឹង​លោក Sarri ដែលធ្លាប់បាន​ធ្វើ​ជា​គ្រូបង្វឹក​របស់​កីឡាករ​វ័យ​31​ឆ្នាំ​រូបនេះនៅ​​​ឯ​ក្លិប Napoli និង​បាន​​ជ្រើស​រើស​យក​រូប​គេ​ជា​គោល​ដៅទី1ក្នុងការ​​ទិញ​ចូល​​នៅលើទី​​ផ្សារ​ដោះ​ដូរកីឡាករ​នា​ខែមក​រា​នេះ​។

ក្រោយ​ពី​បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវកាល​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​នៅ​ឯ​ក្លិប AC Milan តារាឆ្នើម Higuain បាន​ទទួល​ស្គាល់​ថា រូប​គេ​ចង់​ផ្ទេរ​​ទៅកាន់​កីឡដ្ឋាន Stamford Bridge​។

ក្រោយពី​បំពេញការ​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប Juventus ខ្សែ​ប្រយុទ្ធ Higuain ដែល​នឹង​ពាក់​អាវ​លេខ​9នៅ​កីឡដ្ឋាន Stamford Bridge បាន​ឱ្យ​ដឹង​ថា៖ «នៅ​ពេល​ដែល​ឱកាស​ក្នុង​ការ​ចូល​រួម​ជាមួយ​នឹង Chelsea បាន​បង្ហាញឡើង​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​យកវា​​។ វា​ជា​ក្រុម​មួយ​ដែល​ខ្ញុំ​តែង​​តែ​ចូល​​ចិត្ត និងមាន​ប្រវត្តិ​សាស្ត្រ​ជាច្រើន មានកីឡដ្ឋាន​ដ៏​អស្ចារ្យ ហើយ​ពួកគេ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League ជា​លីក​មួយ​ដែល​ខ្ញុំ​តែង​តែ​ចង់​លេង​​»​។

កីឡាករ​រូបនេះបាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ផ្តល់​ការ​ជឿជាក់​ដែល Chelsea បាន​បង្ហាញ​ដល់​ខ្ញុំនៅលើ​ទីលាន​វិញ​។ ខ្ញុំ​ពិត​ជា​ចង់​ចាប់​ផ្តើម ហើយ​ខ្ញុំ​សង្ឃឹម​ថានឹង​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​តាម​ដែលអាចធ្វើបាន​»​។

លោក​ស្រី Marina Granovskaia ប្រធាន​ក្លិប Chelsea បាន​ឱ្យ​ដឹង​ថា៖ « Higuain គឺ​ជា​​គោល​ដៅ​ទី​1​របស់​យើងក្នុង​ការ​ដោះដូរ​កីឡាករហើយ​​រូប​គេ​មក​ដល់​រួម​ជាមួយ​នឹង​កំណត់ត្រា​យ៉ាង​ច្បាស់​មួយ​ក្នុងកម្រិត​ដ៏ខ្ពស់​បំផុត​»​៕

Advertisement