លោក Emery៖ ការបរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Chelsea នឹង​បញ្ចប់​ការ​ប្រជែង​លេខ4 របស់ Arsenal

លោក Unai Emery បាន​ព្រមាន​ដល់​ក្រុម Arsenal ថា បើ​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Chelsea នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុងការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4 នៃ​ក្របខ័ណ្ឌ Premier League នឹងត្រូវ​បញ្ចប់​ដែរ។

ក្រុម​របស់លោក Emery នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Chelsea ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ​នៅ​កីឡដ្ឋាន Emirates ដោយ​ថែមទាំង​ដឹងខ្លួន​ថា ការបរាជ័យ​នឹងធ្វើ​ឱ្យ​ពួកគេ​ដេញតាម​ពីក្រោយ​ចំណាត់ថ្នាក់​ដែល​ត្រូវ​ឈ្នះ​កៅអី​ក្របខ័ណ្ឌ Champions League រហូតដល់ 9ពិន្ទុ។

ក្រោយពី​ការមិន​ស្គាល់​ចាញ់​សោះ​ចំនួន 22ប្រកួត​កាលពី​ដើមរដូវ​កាល​នេះ ក្រុម Arsenal បាន​ជួប​ភាព​ត្រដាបត្រដួស​ក្នុងអំឡុង​រដូវ​បុណ្យទាន និង​ចាញ់​នៅលើ​ទឹកដី​ក្រុម West Ham កាលពី​ចុង​សប្តាហ៍​មុន។

ក្រុម​របស់លោក Emery នឹង​ចាប់ផ្តើម​ប្រកួត​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6 ប្រសិនបើ​ក្រុម Manchester United ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Brighton ក្នុងការ​ប្រកួត​គូ​មុន​នៅ​ថ្ងៃ​ដដែល​នោះ។

Man United បាន​ដេញតាម​ពីក្រោយ​ក្រុម Arsenal ដល់​ទៅ 12ពិន្ទុ នៅត្រឹម​ពេលដែល​លោក Jose Mourinho ត្រូវ​បណ្តេញចេញ កាលពី​ពាក់កណ្តាល​ខែធ្នូ មុននឹង​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ​បាន​ភ្លាត់ស្នៀត។

លោក Emery មាន​អារម្មណ៍​ថា ការរង​បរាជ័យ​មួយ​ផ្សេងទៀត​ក្រោម​ស្នាដៃ​ក្រុម Chelsea ក្នុង​លទ្ធផល 3-2 នា​កីឡដ្ឋាន Stamford Brigde កាលពី​សប្តាហ៍​ទី2 នៃ​រដូវ​កាល​នេះ នឹង​បញ្ចប់​ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ4 ជា​លើក​ទី1 ក្នុង​រយៈពេល 3ឆ្នាំ។

នៅពេលដែល​ត្រូវបាន​ចោទ​សួរថា គម្លាត​ដេញ​នឹង​ធំ​ពេក​ដែល​ធ្វើឱ្យ​មិនអាច​ដេញតាម​ទាន់ ឬ​យ៉ាងណា​នោះ គ្រូបង្វឹក​នៃ​ក្រុម Arsenal រូបនេះ​បាន​ឆ្លើយថា៖ «ខ្ញុំ​គិតថា ពិតជា​អ៊ីចឹង​មែនហើយ»៕

Leave a Comment