Wilder ចាត់ទុក Joshua ជា​មនុស្ស​កំសាកញី នៅមុន​ពេល​ប៉ះ​ជាមួយ Fury

កីឡាករ​ប្រដាល់ Deontay Wilder ដែលជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​របស់​ស្ថាប័ន WBC បានចាត់ទុក​កីឡាករ​អង់គ្លេស Anthony Joshua «ជា​មនុស្ស​កំសាកញី» សម្រាប់​ការមិនអាច​ឈានដល់​ការប្រកួត1 រវាង​កីឡា​ករទាំង2 ពោលគឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុនពេល​កីឡាករ​អាមេរិក​រូបនេះ​ប៉ះ​ជាមួយ​គូប្រកួត​នាពេលខាងមុខ​របស់គេ​គឺ Tyson Fury ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ។ អង្គភាព Matchroom Boxing ដែលជា​អ្នករៀបចំ​ការប្រកួតរ​បស់ Joshua មិនបាន​ឆ្លើយតបភ្លាមៗ ដើម្បី​បកស្រាយ​ឡើយ។

Wilder និង Fury បានចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​ពី​ការប្រកួត​របស់​ពួកគេ​ក្នុង​ទីក្រុង​ឡុង​ដ៍ សម្រាប់​ការប្រកួត​នា​ថ្ងៃទី1 ខែធ្នូ ក្នុង​ទីក្រុង Los Angeles ខណៈ​ពួកគេ​នឹងត្រូវ​ប្រជែង​យក​សិទ្ធិ​ទៅ​ប្រកួត​ជាមួយនឹង​កីឡាករ Joshua ដែលជា​ម្ចាស់​ខ្សែក្រវាត់ IBF, WBA និង WBO នៅ​ឆ្នាំ2019។

Joshua បាន​ស្ថិតក្នុង​ការចរចា​ជាមួយនឹង​ក្រុមការងារ​របស់ Wilder កាលពីដើម​ឆ្នាំនេះ ដើម្បី​រៀបចំ​ការប្រកួត​មួយ​ដែល​នឹង​ផ្តល់ឱកាស​សម្រាប់​កីឡាករ​ទាំង2 ក្នុងការ​ក្លាយជា​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់ ដែល​គ្មាន​គូប្រជែង​នៅក្នុង​ពិភពលោក។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការពិភាក្សា​នានា​បានទទួល​បរាជ័យ ខណៈដែល​កីឡាករ​ទាំង2 បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​សម្រាប់​ការបរាជ័យ​នេះ។

Joshua បាន​ឡើង​ប្រកួត​ជាមួយនឹង​កីឡាករ​រុស្ស៊ី Alexander Povetkin ជំនួស​វិញ​នៅ​សង្វៀន Wembley កាលពី​ខែ​មុន ដោយ​រូបគេ​បាន​យកឈ្នះ​ដើម្បី​កត់ត្រា​ការមិន​ស្គាល់​ចាញ់​សោះ​ជា​លើក​ទី22 របស់គេ។ តែ​ទោះបីជា​យ៉ាងណា Wilder និង Fury បាន​បង្កើតឱ្យមាន​ការ​ចាប់អារម្មណ៍ផ្សេងៗ តាមរយៈ​ការប្រកាស​ពី​ការប្រកួត​របស់​ពួកគេ។ Wilder បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «ហេ Joshua ខ្ញុំ និង Fury នឹងត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែងរក​អ្នក​ដែល​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ដើម្បី​ស្វែងរក​អ្នកជា​ម្ចាស់​ជើងឯក ដែល​មានតែ1 ឈ្មោះ​តែ1។ ពេលខ្លះ អ្នក​កំសាក​ពេក​ហើយ​ក្នុងការ​បង្កើតឱ្យមាន​កា​រ​ប្រកួត​នេះ»៕

ប្រភពពី៖ Channel News Asia

Advertisement