
កីឡាករប្រដាល់ Deontay Wilder ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ស្ថាប័ន WBC បានចាត់ទុកកីឡាករអង់គ្លេស Anthony Joshua «ជាមនុស្សកំសាកញី» សម្រាប់ការមិនអាចឈានដល់ការប្រកួត1 រវាងកីឡាករទាំង2 ពោលគឺក្នុងរយៈពេលប៉ុន្មានម៉ោងមុនពេលកីឡាករអាមេរិករូបនេះប៉ះជាមួយគូប្រកួតនាពេលខាងមុខរបស់គេគឺ Tyson Fury ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។ អង្គភាព Matchroom Boxing ដែលជាអ្នករៀបចំការប្រកួតរបស់ Joshua មិនបានឆ្លើយតបភ្លាមៗ ដើម្បីបកស្រាយឡើយ។
Wilder និង Fury បានចាប់ផ្តើមដំណើរផ្សព្វផ្សាយពីការប្រកួតរបស់ពួកគេក្នុងទីក្រុងឡុងដ៍ សម្រាប់ការប្រកួតនាថ្ងៃទី1 ខែធ្នូ ក្នុងទីក្រុង Los Angeles ខណៈពួកគេនឹងត្រូវប្រជែងយកសិទ្ធិទៅប្រកួតជាមួយនឹងកីឡាករ Joshua ដែលជាម្ចាស់ខ្សែក្រវាត់ IBF, WBA និង WBO នៅឆ្នាំ2019។
Joshua បានស្ថិតក្នុងការចរចាជាមួយនឹងក្រុមការងាររបស់ Wilder កាលពីដើមឆ្នាំនេះ ដើម្បីរៀបចំការប្រកួតមួយដែលនឹងផ្តល់ឱកាសសម្រាប់កីឡាករទាំង2 ក្នុងការក្លាយជាស្តេចប្រដាល់ទម្ងន់ធ្ងន់ ដែលគ្មានគូប្រជែងនៅក្នុងពិភពលោក។ ប៉ុន្តែទោះបីជាយ៉ាងណា ការពិភាក្សានានាបានទទួលបរាជ័យ ខណៈដែលកីឡាករទាំង2 បានស្តីបន្ទោសគ្នាទៅវិញទៅមកសម្រាប់ការបរាជ័យនេះ។


Joshua បានឡើងប្រកួតជាមួយនឹងកីឡាកររុស្ស៊ី Alexander Povetkin ជំនួសវិញនៅសង្វៀន Wembley កាលពីខែមុន ដោយរូបគេបានយកឈ្នះដើម្បីកត់ត្រាការមិនស្គាល់ចាញ់សោះជាលើកទី22 របស់គេ។ តែទោះបីជាយ៉ាងណា Wilder និង Fury បានបង្កើតឱ្យមានការចាប់អារម្មណ៍ផ្សេងៗ តាមរយៈការប្រកាសពីការប្រកួតរបស់ពួកគេ។ Wilder បានឱ្យដឹងកាលពីថ្ងៃចន្ទថា៖ «ហេ Joshua ខ្ញុំ និង Fury នឹងត្រូវប្រកួតគ្នាដើម្បីស្វែងរកអ្នកដែលខ្លាំងបំផុតក្នុងពិភពលោក ដើម្បីស្វែងរកអ្នកជាម្ចាស់ជើងឯក ដែលមានតែ1 ឈ្មោះតែ1។ ពេលខ្លះ អ្នកកំសាកពេកហើយក្នុងការបង្កើតឱ្យមានការប្រកួតនេះ»៕
ប្រភពពី៖ Channel News Asia
