AFF U15 Girls 2017៖ U-15នារីកម្ពុជា ប៉ះថៃ ក្នុងវគ្គ ១/២ផ្ដាច់ព្រ័ត្រ

ក្រោយពីរកបាន៤ពិន្ទុក្នុងពូលB ក្រុមបាល់ទាត់នារីក្រោមអាយុ ១៥ឆ្នាំ(U-15)របស់កម្ពុជា នឹងត្រូវជួបប្រកួតដណ្ដើមកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២ផ្ដាច់ព្រ័ត្រ) ពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017។

នេះជាជំនួបប្រកួតមួយដ៍អស្ចារ្យមួយ និងជាប្រវត្តិសាស្ដ្រថ្មីជូនប្រទេសជាតិសម្រាប់ក្រុមនារីអាយុក្រោម 15 ឆ្នាំរបស់កម្ពុជា នាថ្ងៃទី១៨ ខែឧសភាក្នុងសប្ដាហ៍នេះ នៅកីឡដ្ឋាន KM១៦ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

ក្រុម U-15នារីកម្ពុជាបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ និងមាន ៤ពិន្ទុក្នុងពូលB ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១(ឈ្នះសិង្ហបុរី ២-១), ចាញ់១(ចាញ់ហ្វីលីពីន ៣-០) និងប្រកួតចុងក្រោយស្មើគ្នាជាមួយក្រុម U-15នារីឥណ្ឌូនេស៊ី ១-១ ។ ប៉ុន្ដែលទ្ធផលនេះ គឺគ្រប់គ្រាន់សម្រាប់ឲ្យក្រុមក្មេងខ្ចីនារីកម្ពុជាបន្ដដំណើរទៅជួបនឹងក្រុមខ្លាំងថៃ នៅវគ្គ ១/២ផ្ដាច់ព្រ័ត្រហើយ ខណៈដែលថៃ គឺជាក្រុមខ្លាំងប្រចាំពូលA ដោយឈ្នះទាំង ៤ប្រកួត និងឈរលើកំពូលតារាងមាន ១២ពិន្ទុ ។

ដោយឡែកគូប្រកួតមួយគូទៀត ទើបតែរកឃើញមួយក្រុមប៉ុណ្ណោះ គឺក្រុម U-15នារីហ្វីលីពីន ដែលឈរកំពូលតារាងពូលB និងមាន ៩ពិន្ទុពេញ ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា រីឯក្រុមលេខ២ នៃពូលA មិនទាន់ច្បាស់ថាជាក្រុមណានោះទេ ដោយខណៈនេះក្រុមU-15នារីមីយ៉ាន់ម៉ា កំពុងឈរលេខរៀងទី២ បណ្ដោះអាសន្ន និងមាន ៦ពិន្ទុ ហើយតាមពីក្រោយដោយក្រុម U-15នារីវៀតណាម និងម្ចាស់ផ្ទះឡាវ ដែលមាន ៣ពិន្ទុ ។ ប៉ុន្ដែក្រុមនីមួយៗ សុទ្ធតែនៅសល់មួយប្រកួតក្នុងដៃដូចគ្នា ៕

Advertisement