Aubameyang បំពេញ​ការផ្ទេរ​ទៅ Arsenal ខណៈ Giroud ទៅ Chelsea

ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Olivier Giroud បាន​បំពេញ​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន 18លាន​ផោន (ស្មើនឹង 25.56លាន​ដុល្លារ​អាមេរិក) របស់គេ​ទៅកាន់​ក្លិប Chelsea និង​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 18ខែ នៅឯ​កីឡដ្ឋាន Stamford Bridge។

នៅមុននេះ​បន្តិច កាលពី​ថ្ងៃ​ពុធ ក្លិប Arsenal បាន​បំបែក​កំណត់ត្រា​ផ្ទេរ​របស់​ពួកគេ សម្រាប់​ការបើក​ទីផ្សារ​ដោះដូរ​កីឡាករ​ជា​លើក​ទី 2នៅ​រដូវ​កាល​នេះ តាមរយៈ​ការបំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពី​ក្លិប Borussia Dortmund ក្នុងតម្លៃ​ខ្លួន 56លាន​ផោន (ស្មើនឹង 74លាន​ដុល្លារ​អាមេរិក)។ ដោយឡែក ក្លិប​យក្ស​របស់​អាល្លឺម៉ង់​មួយ​នេះ បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Michy Batshuayi ពី​ក្លិប Chelsea ជំនួស​វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​បញ្ចប់រ​ដូ​វ​កាល​នេះ។

Giroud នឹង​ពាក់អាវ​លេខ 18ក្នុង​ក្លិប​ថ្មី​របស់គេ ក្រោយពី​ការចូលរួម​របស់គេ​បានកើត​ឡើង មុនពេល​ក្លិប Dortmund បានប្រកាស​ពី​ការខ្ចី​ជើង Batshuayi។ Aubameyang វ័យ 28ឆ្នាំ ដែល​បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ជាមួយនឹង​ក្លិប Arsenal រហូតដល់​ឆ្នាំ2021នោះ នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មានឈ្មោះ​ល្បី​ទី 2របស់ Arsenal នៅ​ខែម​ករានេះ ក្រោយពី Henrikh Mkhitaryan បាន​ចូលរួម​ដោយ​មកពី​ក្លិប Manchester United។

ការផ្ទេរ​មួយ​នេះ នឹង​បង្កើន​ជម្រើស​ក្នុង​តំបន់​ប្រយុទ្ធ​របស់ Arsenal ក្រោយពី​ការចាកចេញ​របស់ Alexis Sanchez ទៅកាន់ Man United ក្នុងការ​ផ្ទេរ​មួយ​ដែលមាន​ការដោះដូរ​ជាមួយនឹង Mkhitaryan ប៉ុន្តែ វា​បាន​បង្កើត​ឲ្យ​មាន​សំណួរ​ជាច្រើន​ជុំវិញ​អនាគត​របស់ Alexandre Lacazette ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង៕

ប្រភពពី៖ The Guardian

Advertisement