ក្រុម​ឡើង​ទម្រង់​លេង Valencia ត្រៀម​ប៉ះ​ជើង​ខ្លាំង Barca ថ្ងៃអាទិត្យ​នេះ

ក្នុងនាម​ជា​ក្រុម​មិន​ស្គាល់​ចាញ់​ដូចគ្នា​ក្នុង​ក្របខ័ណ្ឌ La Liga នា​រដូវ​កាល​នេះ ក្រុម Valencia នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Barcelona ក្នុងការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​មានបំណង​បង្ហាញថា ភាពខ្លាំង​ក្នុងនាម​ជា​ក្រុម​ប្រជែង​ពានរ​បស់​ពួកគេ គឺជា​ការពិត។

ក្រោយពី​ជួប​ភាព​ត្រដាបត្រដួស​អស់​រយៈពេល2រដូវ​កាល និង​បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​អស់​ជាច្រើន​នាក់ រួមទាំង​ការ​ចោទសួរផ្សេងៗទៅលើ​ការគ្រប់គ្រង​ក្លិប​នេះ​ពី​មហាសេដ្ឋី​សញ្ជាតិ​សិង្ហ​បុរី​លោក Peter Lim រួចមក ទីបំផុត Valencia ត្រូវបានធ្វើ​ឲ្យ​មាន​ភាពខ្លាំង​ឡើងវិញ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Marcelino Garcia Toral និង​ប្រធាន​ផ្នែក​កីឡា​លោក Mateu Alemany ដើម្បី​ជួយ​ឲ្យ​ពួកគេ​កត់ត្រា​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​ចំនួន8លើកជាប់ៗគ្នា។ ទោះបីជា​យ៉ាងណា ពួកគេ​នៅតែ​ដេញតាម​ពីក្រោយ​ក្រុម Barca ចំនួន4ពិន្ទុ​នៅលើ​កំពូល​តារាង ខណៈដែល​ក្រុម​មាន​មូលដ្ឋាន​នៅ Catalonia មួយ​នេះ រកបាន​ដល់​ទៅ34ពិន្ទុ​ពី​ការប្រកួត​ដែល​ផ្តល់​ពិន្ទុសរុប​ចំនួន36ពិន្ទុ។ ខ្សែប្រយុទ្ធ Simone Zaza របស់ Valencia ដែល​បាន​វិល​មករក​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​វិញ ក្រោយពី​ជួប​ពេលវេលា​ខ្ចី​ជើង​ដ៏​សែន​ខកចិត្ត​នៅឯ​ក្លិប West Ham United កាលពី​រដូវ​កាល​មុន​នោះបាន​ឲ្យ​ដឹងថា៖ «រឿង​ដែល​ពិតប្រាកដ​នោះ​គឺថា ក្រុម​នេះ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង។ មិន​ត្រឹមតែ​អាច​លេង​ក្នុង​កម្រិត​ល្អ​មួយ​ឡើយ ប៉ុន្តែ​ថែមទាំង​មាន​ស្មារតី​ប្រយុទ្ធ​ផងដែរ។ នេះ​គឺជា​អ្វីដែល​គ្រូបង្វឹក​បាន​ជួយ​ដល់​យើង​ជាច្រើន»។

លោក Marcelino នឹងត្រូវ​អង្គុយ​មើល​ពី​កៅអី​ទស្សនិកជន​នៅ​ថ្ងៃអាទិត្យ​នេះ ដោយសារតែ​បាន​រង​ពិន័យ​កាត​ក្រហម​បណ្តេញចេញ​ក្នុងពេលដែល​ក្រុម​របស់លោក​ទទួល​ជ័យជម្នះ 2-០ នៅលើ​ទឹកដី​ក្រុម Espanyol កាលពី​ចុង​សប្តាហ៍​នេះ។ បច្ចុប្បន្ន​លោក​កំពុង​ព្យាយាម​ផ្តួល​ក្រុម Barcelona ជា​លើក​ទី​ដំបូង​ក្នុងនាម​ជា​គ្រូបង្វឹក​នៅពេល​ជួបគ្នា​ជា​លើក​ទី15 នេះ។ ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Daily Stars

Advertisement