Elon Musk ថា ចង់ទៅ​ដល់ផ្ទះ Zuckerberg ដើម្បី​ប្រកួត​ប្រដាល់

មហាសេដ្ឋី Elon Musk បាន​ប្រាប់ថា «នឹង​ទៅ​គោះទ្វារ​ផ្ទះ​របស់ Mark Zuckerberg» ហើយ​អាច​យកឈ្នះ​ដោយសារ​មាឌធំ។ នេះ​បើតាម​ខ្លឹមសារ​ដែល​ត្រូវបាន​គេ​ជឿថា ជាការ​ផ្លាស់ប្ដូរ​យោបល់​រវាង​មហាសេដ្ឋី​ទាំងពីរ។

កាលពី​ថ្ងៃទី 13 សីហា Walter Isaacson ដែលជា​អ្នកសរសេរ​ប្រវត្តិរូប​សង្ខេប​សម្រាប់ Elon Musk បាន​បង្ហោះ​ខ្លឹមសារ​មួយផ្នែក​នៅក្នុង​សារ​​ផ្ញើ​ឱ្យ​គ្នា​ រវាង CEO របស់ Tesla និង CEO របស់ Meta។ ក្រោយមក Elon Musk ក៏បាន​បង្ហោះ​រូបភាព​ថត​អេក្រង់​មួយ​ផ្សេងទៀត​ដែល​លោក​អះ​អាង​ថា ជា​ខ្លឹមសារ​ពេញលេញ ដែល​ក្នុងនោះ​លោក​បាន​សួរ Zuckerberg ថា តើ​ចាប់អារម្មណ៍​នឹង​ការហ្វឹកហាត់ ឬទេ។

អ្នក​ដែល​ត្រូវបាន​គេ​ជឿថា​ជា Zuckerberg ឆ្លើយថា «បើ​នៅតែ​ចង់​ចូលរួម​ការប្រកួត MMA ពិត លោក​គួរតែ​ហាត់​ដោយ​ខ្លួនឯង ហើយ​ឱ្យដឹងថា ពេលណា​បាន​ត្រៀម​រួចរាល់។ ខ្ញុំ​មិន​ចង់​បន្ត​បំប៉ោង​រឿងរ៉ាវ​ដែល​អាច​នឹងមិន​កើតឡើង។ ដូច្នេះ លោក​គួរ​សម្រេចចិត្ត​ឱ្យបាន​ឆាប់ មិន​ដូច្នេះ​ទេ យើង​គួរ​ឈប់​ត្រឹមនេះ»។

ជិត 10 ម៉ោង​ក្រោយ លោក Elon Musk ក៏បាន​ឆ្លើយតប​ថា លោក «នឹង​នៅ Palo Alto នៅ​ថ្ងៃ​ចន្ទ» និង​លើកឡើងថា ទាំងពីរ​នាក់​អាច​ប្រកួត​នៅលើ​សង្វៀន​ក្រោយ​ផ្ទះ​របស់​ម្ចាស់ Facebook។

CEO របស់ Meta មិនទាន់​បញ្ចេញយោបល់​អ្វី​នៅឡើយ ក្រោយពី​រូបភាព​ថត​អេក្រង់​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម។

ការ​បបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ​បណ្ដាញ​សង្គម Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយ​លោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាពម៉ឺងម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement