ទង្វើប្រកប​ដោយ​ហិង្សា​ធ្វើ​ឱ្យ​កីឡាការិនី​អង់គ្លេស​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​ Beckham និង Rooney

សកម្មភាព​បាត់​បង់​ការ​គ្រប់​គ្រង​របស់កីឡាការិនី Lauren James ក្នុង​​វគ្គ​ 1/8 នៅ World Cup នារី 2023 ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​ករណី​ដូច​គ្នា​នេះ​ដែល​បាន​កើត​ឡើង​ជាមួយ​នឹងកីឡាករ Wayne Rooney និង David Beckham របស់​អង់គ្លេស​។

នៅ​នាទី​ទី 85 ក្នុង​ការ​ប្រកួត​រវាង​​ក្រុម​បាល់​ទាត់​នារីនីហ្សេរីយ៉ា និង​អង់គ្លេស​កាល​ពី​ដើម​សប្ដាហ៍​នេះ​ Lauren James មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន​ នៅ​ពេល​ដើរ​ជាន់​ពី​លើ​ដង​ខ្លួន​របស់ Michelle Alozie។ ដំបូង​ឡើយ អាជ្ញាកណ្ដាល​មិន​បាន​ឃើញ ប៉ុន្តែសកម្មភាព​នេះ​ត្រូវ​បាន​ VAR រក​ឃើញ​ នាំ​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ 21 ឆ្នាំ ត្រូវ​ទទួល​កាត​ក្រហម​។

សកម្មភាពនេះ​ធ្វើ​ឱ្យ​សារព័ត៌មាន និង​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​​អង់គ្លេស នាំ​គ្នា​​ប្រៀប​ប្រដួច​ទៅ​នឹង​ករណី​បង្ក​កំហុស​ឆ្គង​របស់ Wayne Rooney និង David Beckham កាល​ពី​អតីត​កាល​។

David Beckham (អាវស) និង Diego Simeone នៅ World Cup 1998 ក្នុង​ការ​ប្រកួត​រវាង​អង់គ្លេស និង​អាហ្សង់ទីន

នៅ​ក្នុង​វគ្គ​ ¼ នៃ World Cup 1998 ដែល​ពេល​នោះ Beckham មាន​អាយុ 23 ឆ្នាំ ត្រូវ​ទទួល​កាត​ក្រហម បន្ទាប់​ពី​បញ្ចេញ​កាយវិការ​សង​សឹក​នឹង​ Diego Simeone នៅ​ក្នុង​ការ​ប្រកួត​រវាង​អង់គ្លេស និង​អាហ្សង់ទីន​។ មក​ដល់​វគ្គ ¼ នៃ​ World Cup 2006 Wayne Rooney អាយុ 21 ឆ្នាំ ក៏​ត្រូវ​បាន​បញ្ឈប់​ការ​ប្រកួត​ បន្ទាប់​ពី​យក​ជើង​ជាន់​ពី​លើ​ Ricardo Carvalho របស់​ព័រទុយហ្កាល់​។

Wayne Rooney (អាវស) និង Ricardo Carvalho

កំហុស​ឆ្គង​ទាំង​បី​​ខាង​លើ​នេះ មាន​ចំណុច​ដូច​គ្នា​ជា​ច្រើន​ ក្នុង​នោះ​មាន​ដូច​ជា ពួក​គេ​គឺ​ជា​កីឡាករ​ឆ្នើម​កំពុង​មាន​ឈ្មោះ​ល្បី​ជាង​គេ​នៅ​អង់គ្លេស ដែល​​ឆ្លង​កាត់​ករណី​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ ពេល​ក្រុម​ជម្រើស​ជាតិ​កំពុង​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ផ្ទាល់​នៅ​ World Cup។ ទន្ទឹម​នឹង​នេះ ក្រុម​អង់គ្លេស​ក៏​សុទ្ធ​តែ​ត្រូវ​ប្រកួត​ទាត់​ប៉េណាំងទី​ម្ដង​ម្នាក់​នៅ​ក្នុង​បី​ប្រកួត​ខាងលើ​។ ប៉ុន្តែ កីឡាការិនី Lauren James មាន​សំណាង​ល្អ​ជាង​​ នៅ​ពេល​ក្រុម​នារី​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​លើនីហ្សេរីយ៉ា ចំណែក​ Beckham និង Rooney បាន​ក្លាយ​ជា​កីឡាករ​មាន​កំហុស​​របស់​អង់គ្លេស​ បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់​។

Lauren James របស់​អង់គ្លេស

នៅ​ World Cup នារី 2023 Lauren James រក​បាន​ 3 គ្រាប់​ និង​បង្ក​ឱកាស​បាន​ 3 គ្រាប់ ក្នុង​ចំណោម​ 8 គ្រាប់​របស់​ក្រុម​នារី​អង់គ្លេស​។​ គ្រូបង្វឹក​ក្រុម​នារី​អង់គ្លេស Sarina Wiegman ​ឱ្យ​ដឹង​ថា Lauren James បាន​ធ្វើ​ការ​សូម​អភ័យ​ទោស​ចំពោះ​ករណី​ដែល​នាង​បាន​បង្ក​ឡើង​​៕

Advertisement