Elon Musk ថា ប្រហែលជា​អាច​ត្រូវ​វ៉ះ​កាត់​មុនប្រយុទ្ធ​ជាមួយ​នឹង​ម្ចាស់ Facebook

មហាសេដ្ឋី Mark Zuckerberg (ឆ្វេង) និង​មហាសេដ្ឋី Elon Musk 

មហាសេដ្ឋី Elon Musk ឱ្យដឹងថា មិនទាន់​ជ្រើស​យក​កាលបរិច្ឆេទ​សម្រាប់​ការប្រកួត​ប្រដាល់​ជាមួយនឹង​ម្ចាស់ Facebook ដោយសារតែ​ត្រូវ​ពិនិត្យ​សុខភាព ហើយ​ប្រហែលជា​ត្រូវ​វះកាត់​ផង​ក៏​មិនដឹង។

ការឆ្លើយតប​នេះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន Tesla លើកឡើង​កាលពី​ថ្ងៃទី 07 សីហា ក្រោយពី​មហាសេដ្ឋី Mark Zuckerberg «រអ៊ូរទាំ» លើ​បណ្ដាញ​សង្គម Threads ស្ដីពី​រឿង​មិនទាន់​ទទួលបាន​ចម្លើយ​ពី​លោក Elon Musk បើ​ទោះ​បាន​ណាត់​ប្រកួត​នៅ​ថ្ងៃទី 26 សីហា។

«ថ្ងៃ​ផ្លូវការ​អាច​នឹង​ផ្លាស់ប្ដូរ» លោក Musk ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម X (មុន​នោះ​គឺ Twitter) យ៉ាង​ដូច្នេះ។

មូល​ហេតុដែល​ត្រូវបាន​លោក Musk លើកឡើង គឺថា លោក​ត្រូវ​ទៅ​ថត MRI ត្រ​ង់ក និង​ខ្នង ហើយ​អាច​នឹងត្រូវ​តម្រូវឱ្យធ្វើ​ការវះកាត់ មុនពេល​ការប្រកួត​មកដល់។ លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​របស់លោក Musk គ្រោង​នឹង​មាននៅ​សប្ដាហ៍​នេះ។

នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​លោក Musk លើកឡើង​អំពី​បញ្ហា​ឆ្អឹង​របស់គាត់។ កាលពី​ខែមីនា​ឆ្នាំ​កន្លង ក្នុង tweet ដែល​លោក​និយាយ​ជាមួយ​ស្ថាបនិក Binance លោក Changpeng Zhao លោក Musk ក៏​ធ្លាប់បាន​បង្ហោះ​រូបថត និង​ប្រាប់ថា ការប្រកួត​ជាមួយ​អ្នក​កីឡាករ sumo បាន​បណ្ដាលឱ្យ​លោក​ជួប​បញ្ហា​ឈឺ​ខ្នង 8 ឆ្នាំ​កន្លង​។

ក្រោយពី​លោក Elon Musk បាន​បង្ហោះ​សារ​ទាក់​ទង​នឹង​បញ្ហា​សុខ​ភាព​ខាងលើ ភាគហ៊ុន​របស់ Tesla ក៏បាន​ធ្លាក់​ថ្លៃ​អស់ 2%។

ការបបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញបណ្ដាញ​សង្គម​ Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយ​លោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាពម៉ឺងម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement