ការប្រយុទ្ធ​គ្នា​រវាង Musk និង Zuckerberg អាច​កើតឡើង​នៅមុន​ដំណាច់ខែ​នេះ

មហាសេដ្ឋី Elon Musk បានឱ្យដឹងថា ការប្រយុទ្ធ​គ្នា​នៅលើ​សង្វៀន​ជាមួយនឹង Mark Zuckerberg នឹងត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម X (Twitter) ខណៈដែល​ម្ចាស់ Facebook បានស្នើ​ឱ្យមាន​ការប្រកួត​នៅ​ថ្ងៃទី 26 សីហា​ខាងមុខ។

កាលពី​ថ្ងៃទី 06 សីហា លោក Elon Musk បានលើកឡើង​អំពី​គម្រោង​ផ្សាយ​ផ្ទាល់​ការប្រកួត​ប្រដាល់​ក្នុង​ទ្រុង​ដែក​នៅលើ​ X ដែល​មុន​នោះ​គឺជា​បណ្ដា​ញ​សង្គម Twitter ហើយ​ថា នឹង​យកប្រាក់​ទាំងអស់​ដែល​ប្រមូលបាន ទៅ​ជួយ​ដល់​អតីតយុទ្ធជន។

លោក Elon Musk និយាយថា កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត ដោយ​ការ​ហាត់គុន និង​លើក​ដុំ​ដែក​ជា​រៀងរាល់ថ្ងៃ។ ដោយសារតែ​មិនមាន​ពេល​ច្រើន លោក​ក៏​ត្រូវយក​ដុំ​ដែក​ទៅតាម​ខ្លួន​ដើម្បី​ហាត់​នៅ​កន្លែងធ្វើការ។

ការប្រយុទ្ធ​គ្នា​រវាង​មហាសេដ្ឋី​ទាំងពីរ​រូប​ខាងលើ កំពុង​ត្រូវបាន​គេ​ទន្ទឹងរង់ចាំ ហើយ​អាច​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកួត​ប្រចាំ​សតវត្សរ៍ បើសិន​ក្លាយជា​ការពិត។ CEO របស់ Tesla មិនទាន់​ឱ្យដឹង​អំពី​ពេលវេលា ស្រប​ពេលដែល CEO របស់ Meta លោក Mark Zuckerberg បាន​ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម Threads ថា លោក «ត្រៀម​រួចរាល់​សម្រាប់​ថ្ងៃនេះ»។ ម្ចាស់ Facebook បានឱ្យដឹងថា បាន​ផ្ញើ​សំណើ​ដែលថា យក​ថ្ងៃទី 26 សីហា ជា​ថ្ងៃ​ប្រកួត ប៉ុន្តែ​ម្ចាស់ X មិនទាន់​យល់ព្រម។

នៅពេល​ត្រូវបាន​សួរ​អំពី​គោលដៅ​នៃ​ការប្រកួត លោក Elon Musk ឆ្លើយថា នោះ​គឺជា​រូបភាព​ប្រកួត​ប្រកប​ដោយ​​ភាពថ្លៃថ្នូរ។ «បើសិន​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លី ខ្ញុំ​អាច​ឈ្នះ។ បើ​យូរ គាត់​អាច​ឈ្នះ​ដោយសារ​កម្លាំង» លោក Elon Musk បញ្ជាក់បន្ថែម​កាល​ពីយ​ប់​ថ្ងៃទី 06 សីហា។

ចំណែក Zuckerberg វិញ និយាយថា មិន​បារម្ភ​បន្ទាប់ពី​ដឹងថា លោក Musk ហាត់​លើក​ដុំ​ដែក។ ជាង​នេះ ម្ចាស់ Facebook ក៏បាន​លើកឡើង​​ទាក់​ទង​នឹង​ដំណឹង​ដែល​ថា ​លោក Musk គ្រោង​នឹង​ប្រើប្រាស់​បណ្ដាញ​សង្គម X ដើម្បី​ផ្សាយ​ផ្ទាល់។ «យើង​គួរ​ជ្រើសរើស​បណ្ដាញ​សង្គម​ផ្សេង​ដែល​គួរ​ទុកចិត្តបាន​ជាង​នេះ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​​ម​នុស្ស​ធម៌»។

ការប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ​ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយលោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាព​ម៉ឺង​ម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement