Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

ស្ថាប័ន Guinness កាលពី​ថ្ងៃទី 01 សីហា ប្រកាសថា Lionel Messi កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក​ចំនួន 41 ច្រើនជាង Cristiano Ronaldo ចំនួន​មួយ​កំណត់ត្រា។

ក្នុងចំណោម​កំពូល​តារាបាល់ទាត់​ពិភពលោក Messi និង Ronaldo មានកំណត់​ត្រា​ពិភពលោក​ច្រើនជាងគេ ដោយមាន 81 កំណត់ត្រា​ ដែល​ត្រូវបាន Guinness ទទួលស្គាល់។ ក្រៅពីនេះ ពុំមាន​កីឡាករ​ដទៃ​រូប​ណា​ដែលមាន​កំណត់ត្រា​លើសពី 10។ ខ្សែប្រយុទ្ធ Robert Lewandowski ដែល​ឈរ​លំដាប់​ទី​បី​ដោយមាន 9 កំណត់ត្រា ខណៈ Kylian Mbappe មាន 5 និង Neymar មាន 4។

កំណត់ត្រា​ថ្មី​បំផុត​របស់ Messi ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Guinness គឺ «កីឡាករ​ដែល​លេង​បាន​ច្រើន​ប្រកួត​បំផុត​នៅ World Cup» ដោយ​ចូលរួម​លេងបាន​ 26 ប្រកួត និង «កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ World Cup ច្រើនជាងគេ​ក្នុងតួនាទី​ជា​ប្រធាន​ក្រុម» ដោយ​រកបាន 7 គ្រាប់។ កំណត់ត្រា​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​សាង​ឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup កាលពី​ថ្ងៃទី 18 ធ្នូ 2022 ពេលដែល Messi រកបាន​ពីរ​គ្រាប់ ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ក្លាយជា​ជើងឯក។

នៅ World Cup 2022 Messi ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត​ពី Guinness នោះ​គឺ «កីឡាករ​ដំបូង​គេ​ដែល​បង្ក​ឱកាស​រកបាន​គ្រាប់​បាល់​នៅ World Cup ចំនួន 5 រដូវ​កាល។

ចំណែក Ronaldo វិញ កំណត់ត្រា​ថ្មី​បំផុត​ដែល​បានទទួល​ពី Guinness គឺ «បុគ្គល​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​នៅលើ Instagram» ដោយមាន​អ្នកតាមដាន​ជាង 565 លាន​នាក់ គិត​ត្រឹម​ថ្ងៃទី 24 មីនា 2023។ នៅថ្ងៃនោះ Ronaldo ក៏​ទទួលបាន​កំណត់ត្រា​មួយ​ផ្សេងទៀត គឺ «បុរស​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​លើ Instagram»។ បច្ចុប្បន្ន ចំនួន​គណនី​ដែល​តាមដាន Ronaldo នៅលើ Instagram បាន​កើន​ឡើងដល់​ជាង 598 លាន​នាក់។

Ronaldo ក៏​ធ្លាប់​បង្ហោះ​រូបថត​ស្ដីពី​កំណត់ត្រា Guinness មួយ​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម ពេល CR7 យកឈ្នះ​លើ Ali Daei ដោយបាន​ក្លាយជា​កីឡាករ​ដែល​ទាត់​ចូល​ទី​បាន​ច្រើន​គ្រាប់​​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​។ Ronaldo រកបាន 123 គ្រាប់ នៅក្នុង 200 ប្រកួត​ដែល​បាន​ទាត់​ឱ្យ​ព័រទុយហ្កាល់៕

Advertisement