ត្រូវ​ហូ​ឡង់​ផ្ដួល​ក្នុង​លទ្ធផល 0-7 វៀតណាម​ទទួលស្គាល់ថា «កម្លាំងចិត្ត​មិន​ឈ្នះ​សមត្ថភាព»

(នូ​វែ​ល​សេ​ឡង់) – បន្ទាប់ពី​ត្រូវ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហូ​ឡង់​ផ្ដួល​ដោយ​លទ្ធផល 0-7 នៅ​ជើង​ចុងក្រោយ​នៃ​ពូ​ល E នៅរ​សៀង​ថ្ងៃទី 01 សីហា​នេះ គ្រូបង្វឹក​របស់​វៀតណាម​បាន​ទទួលស្គាល់ថា ស្មារតី​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​វៀតណាម​បង្ហាញ​ថ្វី​ជើង​នៅ World Cup នារី​ឆ្នាំ 2023។

ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហូ​ឡង់ គ្រប់គ្រង​បាល់​បាន 73% និង​ទាត់​ផ្ដាច់​បាន​ច្រើនជាង​ក្រុម​វៀតណាម​ដល់​ទៅ 9 ដង ពេល​ប្រកួត​លើ​ទីលាន Forsyth Barr នា​ថ្ងៃនេះ។ សំណាញ់​ទី​របស់​វៀតណាម​អាច​ត្រូវ​រង​គ្រាប់​បាល់​ច្រើនជាង​លទ្ធផល​ដែល​បាន​ធ្វើឡើង បើសិន​ក្រុម​កីឡាការិនី​ហូ​ឡង់​ប្រើប្រាស់​ឱកាស​បានល្អ​ជាង​នេះ។

«សមត្ថភាព​របស់​វៀត​ណា​ម​មិនអាច​យកទៅ​ប្រៀប​ស្មើនឹង​គេ​បាន ហើយ​យើង​ត្រូវ​និយាយថា កម្លាំង​មិន​ដូច​ចិត្ត។ ក្រុមកីឡា​ការិនី​បាន​ប្រកួត​ដោយ​ស្មារតី​ខ្ពស់ ប៉ុន្តែ​មិនអាច​ប៉ះប៉ូវ​សមត្ថភាព ហើយ​ការ​ចាញ់​គឺជា​រឿង​ស័ក្ដិសម» គ្រូបង្វឹក​របស់​វៀតណាម លោក Mai Duc Chung ទទួលស្គាល់​បន្ទាប់ពី​វៀតណាម​ចាញ់​ហូ​ឡង់ 0-7 នៅ​ជើង​ចុងក្រោយ​របស់​ពូ​ល E នៅ World Cup នារី​ឆ្នាំ 2023 នា​ថ្ងៃទី 01 សីហា​នេះ។

មុន​នោះ នៅក្នុង​ការប្រកួត​ជើង​ដំបូង​នៅ World Cup នារី​រដូវ​កាល​នេះ ក្រុម​វៀតណាម​ក៏បាន​ចាញ់​ក្រុម​អាម៉េរិក 0-3 រួច​ហើយក៏​បន្ត​ចាញ់​ព័រ​ទុយ​ហ្គា​ល់ 0-2 ទៀត។ ក្រោយបី​ប្រកួត​នេះ វៀតណាម​ស្ថិតនៅ​បាត​តារាង​ចំណាត់ថ្នាក់​របស់​ពូ​ល E ដោយ​ចាញ់ 12 គ្រាប់ និង​មិន​បានឈ្នះ​សូម្បី​តែមួយ​គ្រាប់៕

Advertisement