កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

គ្រាប់​បាល់​ដែល​រកបាន​នៅពេល​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​គូប្រកួត 2-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី 27 កក្កដា ក្នុង​ក្របខណ្ឌ World Cup បាន​ជួយ​ឱ្យ​កីឡាការិនី Kika Nazareth បំបែក​កំណត់ត្រា​មួយ​របស់ Cristiano Ronaldo។

Kika Nazareth ដែលមាន​អាយុ 20 ឆ្នាំ និង 8 ខែ ត្រូវបាន​គ្រូបង្វឹក Francisco Neto ដាក់ឱ្យ​ទាត់​ជា​កីឡាការិនី​ជម្រើស​ដំបូង នៅក្នុង​ការប្រកួត​ជាមួយនឹង​វៀតណាម កាលពី​ថ្ងៃទី 27 កក្កដា។ Kika Nazareth បាន​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​វៀតណាម 2-0 ចាប់ពី​នាទី​ទី 21។ ដោយ​រកបាន​គ្រាប់​បាល់​នេះ Kika Nazareth បាន​ក្លាយជា​អ្នកលេង​បាល់​ក្មេង​បំផុត​ដែល​ស៊ុត​ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup។

មុន​នោះ កំណត់ត្រា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ Cristiano Ronaldo ពេល​ទាត់​នៅ World Cup ផ្នែក​បុរស ឆ្នាំ 2006។ កាលនោះ កំពូល​តារាបាល់ទាត់​កើត​ឆ្នាំ 1985 បាន​ស៊ុត​ចូល​ទី​នៅ​នាទី​ទី 80 ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្មោះ​អ៊ីរ៉ង់ 2-0 នៅ​វគ្គ​ចែក​ពូ​ល។ Ronaldo មាន​អាយុ 21 ឆ្នាំ និង 132 ថ្ងៃ ក្នុង​គ្រា​ដែល​គាត់​ទាត់​ចូល​ទី​នៅក្នុង​ការប្រកួត​ដំបូង​របស់ខ្លួន​នៅ World Cup។

Nazareth ដែលមាន​ឈ្មោះ​ពេញ​ថា Francisca Ramos Ribeiro Nazareth Sousa កំពុង​ទាត់​ឱ្យ​ក្លឹប Benfica។ នាង​បាន​បង្ហាញខ្លួន​ក្នុង​ក្លឹប​នេះ​តាំងពី​អាយុ 16 ឆ្នាំ និង​ចុះកិច្ចសន្យា​ដំបូង​កាលពី​ឆ្នាំ 2020 ក្នុង​វ័យ 17 ឆ្នាំ។ ខែមីនា ឆ្នាំ 2020 Nazareth បាន​ទាត់​ក្នុងការ​ប្រកួត​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ នាង​រកបាន​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម​ជម្រើសជាតិ​នៅ​ថ្ងៃទី 22 មិថុនា 2022 ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ក្រិ​ក៕

Advertisement