Messi រកបាន​ច្រើន​​គ្រាប់​ឱ្យ​ Inter Miami បន្ទាប់​ពី​លេង​បាន​ពីរ​ប្រកួត​

(សហរដ្ឋ​អាម៉េរិក) – សមាជិក​ថ្មី Lionel Messi បានរួម​ចំណែក​ពីរ​គ្រាប់ និង​បង្ក​ឱកាស​បាន​មួយ​គ្រាប់​ក្នុងការ​ប្រកួត​មួយ​ដែល Inter Miami ឈ្នះ Atlanta United 4-0 នៅក្នុង​ពូ​ល J នៃ Leagues Cup កាលពី​ព្រឹក​មិញ (26 កក្កដា 2023)។

បួន​ថ្ងៃ​បន្ទាប់ពី​បាន​ចូល​ទីលាន​ប្រកួត​ក្នុងនាម​ជា​កីឡាករ​បម្រុង និង​រកបាន​គ្រាប់​បាល់ ជួយ​ឱ្យ Inter Miami ផ្ដួល Cruz Azul កំពូល​កីឡាករ Messi ក៏បាន​ក្លាយជា​កីឡាករ​ជម្រើស​ដំបូង​នៅពេល Inter Miami ប្រកួត​ជាមួយ​ក្រុម​ភ្ញៀវ Atlanta United។

ក្នុងការ​ប្រកួត​កាលពី​ព្រឹក​ថ្ងៃទី 26 កក្កដា 2023 ក្រុម​ម្ចាស់ផ្ទះ (Inter Miami) ហាក់​មាន​សភាព​យឺតយ៉ាវ និង​ត្រូវ​រង​ការវាយលុក​ច្រើនលើកនៅ​ក្នុង​ប៉ុន្មាន​នាទី​ដំបូង​។ ប៉ុន្តែ ក្រោយ​ការ​រួច​ផុតពី​គ្រោះថ្នាក់​បាន​ពីរលើក Inter Miami ក៏​ចាប់ផ្ដើម​លេង​ល្អ​ឡើងវិញ។ Messi គឺជា​អ្នក​ដែល​បានធ្វើឱ្យ​មានការ​ប្រែ​ប្រួល​ច្បាស់​។ បន្ទាប់ពី​ទាត់​បញ្ឆិត​ចំ​បង្គោល​ទី​នៅ​នាទី​ទី 8 ខ្សែប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ស៊ុត​ម្ដងទៀត ហើយក៏​រកបាន​មួយ​គ្រាប់​ដំបូង​ជូន Inter Miami។

ចាប់ពី​នាទី​នោះមក Inter Miami ក៏​គ្រប់គ្រង​បាល់​បាន​កាន់តែច្រើន។ មកដល់​នាទី​ទី 22 ក្រុម​របស់​អតីត​តារាបាល់ទាត់ David Beckham ក៏​រកបាន​គ្រាប់​ទី​ពីរ ហើយ​អ្នក​ទាត់​ចូល​គឺ M10 ដដែល។ Inter Miami រកបាន​គ្រាប់​បាល់​ទី​បី​ដោយ​កីឡាករ Taylor នៅ​នាទី​ទី 44។

ចូលដល់​តង់​ទី​ពីរ Inter Miami នៅតែ​វាយ​សម្រុក។ នាទី​ទី 54 Messi បញ្ជូន​បាល់​កាត់​តាម​ចន្លោះ​កីឡាករ​គូប្រកួត ទៅឱ្យ Taylor។ កីឡាករ​ជនជាតិ​ហ្វាំ​ង​ឡង់​រូបនេះ​ក៏​កែ​បាល់​មួយ​ចង្វាក់ ហើយ​ស៊ុត​ផ្ដាច់​បានសម្រេច ជួយ​ឱ្យ Inter Miami នាំមុខ Atlanta United 4-0។

ក្រោយពី​បាន​នាំមុខ​ដោយ​តួលេខ​ខាងលើ Busquets និង Messi ក៏ត្រូវ​ប្ដូរ​ចេញ​ជា​បន្តបន្ទាប់​នៅ​នាទី​ទី 72 និង 78។ លទ្ធផល​នេះ​ត្រូវបាន​រក្សា​រហូតដល់​ចប់​ការប្រកួត។

ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ Inter Miami កែប្រែ​តំណែង​នាំមុខ​ពូ​ល J នៅ​ Leagues Cup។ M10 និង​ក្រុម Inter Miami បច្ចុប្បន្ន​មាន 6 ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​លេង​បាន​ពីរ​ប្រកួត ដែល​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​ឡើងទៅ​កាន់​វគ្គ 1/6 ខណៈដែល Cruz Azul និង Atlanta United នឹង​ប៉ះគ្នា​នៅ​ថ្ងៃទី 29 កក្កដា ដើម្បី​ដណ្ដើមយក​តំណែង​ដែល​នៅសល់។

នៅលើ​តារាង​ភាគ​ខាងកើត​របស់ MLS ក្រុម Atlanta United ឈរ​លំដាប់​ទី 7 ដោយមាន 35 ពិន្ទុ។ ចំណែក Inter Miami ស្ថិតនៅ​បាត​តារាង ដោយមាន 18 ពិន្ទុ។ ក៏ប៉ុន្តែ វត្តមាន​របស់ Messi និង Busquets អាច​នឹង​ជួយ​កែប្រែស្ថាន​ការណ៍​​​របស់ Inter Miami នាពេលខាងមុខ។ នៅក្នុង​ពីរ​ប្រកួត​ដែល​បាន​លេង​ឱ្យ Inter Miami កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន រកបាន​បី​គ្រាប់​ទៅហើយ៕

Advertisement