ព្រះ​ចន្ទ​អាច​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ 2035?

បាល់ទាត់​គឺជា​កីឡា​ដែល​ទទួលបាន​ការនិយម​ចូលចិត្ត​បំផុត​នៅលើ​ពិភពលោក ដូច្នេះ​តើ​វា​អាច​ត្រូវ​បានរៀបចំ​ការប្រកួត​នៅលើ​ភព ឬ​ទីឋាន​​ដទៃ​ក្រៅ​​ពី​ផែនដី ឬ​អត់?

នេះ​គឺជា​អ្វីដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​គិតដល់។ ពួកគេ​ជឿថា បាល់ទាត់​អាច​លេង​នៅលើ​ឋាន​ព្រះ​ចន្ទ​យ៉ាង​ឆាប់​នៅ​ឆ្នាំ 2035។

ក្រុម​អ្នកជំនាញ​មកពី​វិទ្យាស្ថាន​បច្ចេកទេស និង​បច្ចេកវិទ្យា (IET) ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​អង់គ្លេស បាន​រៀប​គម្រោង​ពិ​សេសមួយ​ស្ដីពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​នៅលើ​ឋាន​ព្រះ​ចន្ទ។ ពួកគេ​ថា ការប្រកួត​នេះ​នឹងមាន​ថេរវេលា 90 នាទី ប៉ុន្តែ​មិន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ធម្មតា​ដូច​នៅលើ​ផែនដី។

ការប្រកួត​នៅ​ខាងក្រៅ​ភពផែនដី​នឹង​ត្រូវបាន​ចែកចេញជា​បួន​តង់ ហើយ​ក្នុង​មួយតង់​មាន 10 នាទី និង​សម្រាក 20 នាទី​នៅ​ចន្លោះ​តង់នីមួយៗ។ ក្រុមបាល់ទាត់នីមួយៗនឹងមាន​កីឡាករ 5 នាក់។

សម្លៀកបំពាក់​កីឡា​ដូច​នៅលើ​ផែនដី​នឹង​ត្រូវបាន​ជំនួស​ដោយ​ឈុត​អ្នក​អវកាស ដែល​បំពាក់​មុខងារទំនើបៗជាច្រើន ក្នុងនោះ​មាន​ទាំង​ឧបករណ៍​បញ្ចុះ​កម្ដៅ​ផងដែរ។

ចំណែក​អាជ្ញាកណ្ដាល​វិញ នឹងមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​បច្ចេកវិទ្យា VAR។ ព្រោះថា ពួកគេ​នឹង​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​ក្នុង​ទម្រង់​ជា​រូបភាព 3D។

យោងតាម IET ការប្រកួត​បាល់ទាត់​លើ​ឋាន​ព្រះ​ចន្ទ​នឹង​ធ្វើឡើង​នៅពេល​ថ្ងៃត្រង់ ដើម្បី​ងាយស្រួល​មើល គ្រា​ដែល​ទំហំ​របស់​ទីលាន​ក៏​នឹង​ត្រូវបាន​បន្ថយ​មក​នៅ​ត្រឹម 1/8 នៃ​ទីលាន​នៅលើ​ផែនដី។

ខ្សែបន្ទាត់​ជុំវិញ​ទីលាន​អាច​ត្រូវបាន​គូសសញ្ញា​ដោយ​ធាតុ polymer ពណ៌​ខ្មៅ-ស។ ទីលាន​បាល់ទាត់​ក៏​នឹង​ត្រូវការ​បាំង​ដោយ​សំណាញ់ និង​ប្រក់​ដំបូល ដើម្បី​ជៀសវាង​បាល់​ខ្ទា​ត់​ចេញទៅ​បាត់។ រីឯ​គ្រាប់​បាល់​វិញ នឹង​ត្រូវមាន​ទំហំ​ធំ​ជាង​ជិត​ទ្វេដង ធៀប​នឹង​បាល់​ធម្មតា ដើម្បី​ងាយស្រួល​មើល។

ដើម្បី​គាំទ្រ​ដល់​គម្រោង​ខាងលើ IET កំពុងតែ​អំពាវនាវ​សូម​ឱ្យ​​​ក្មេង​នៅ​ប្រទេស​អង់គ្លេស​ដែលមាន​អាយុ​ពី 4 ទៅ 13 ឆ្នាំ ចូលរួម​ការ​រចនា​ឈុត​សម្លៀកបំពាក់​ផ្លូវការ​ដំបូង​គេ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​នៅលើ​ឋាន​ព្រះ​ចន្ទ៕

Advertisement