Elon Musk ហាត់​ក្បាច់គុន​ជាមួយ​គ្រូបង្វឹក​បីនាក់​ក្នុងពេល​តែមួយ ដើម្បី​ផ្ដួល​​ម្ចាស់​ Facebook

រូប​ភាព​កាត់​ត​ស្ដី​ពី​លោក Elon Musk និង​លោក Mark Zuckerberg

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ទទួលយក​ការ​បង្វឹក​ពី​កំពូល​អ្នក​គុន​និយម UFC, កំពូល​អ្នក​ចំបាប់​ជនជាតិ​កាណាដា និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ ហើយ​ក៏បាន​បង្ហោះ​រូបថត​ចំអក​ឱ្យ Mark Zuckerberg ទៀតផង។

យោងតាម Business Insider មហាសេដ្ឋី Elon Musk កំពុងតែ​បង្ហាញ​ភាពម៉ឺងម៉ាត់​ក្នុងការ​រៀបចំ​គម្រោង​ផ្ដួល​មហាសេដ្ឋី Mark Zuckerberg នៅលើ​សង្វៀន​ប្រដាល់។ កាលពី​ថ្ងៃទី 04 កក្កដា កំពូល​អ្នក​ប្រដាល់​របស់ UFC លោក Georges St-Pierre បាន​បង្ហោះ​រូប​ដែល​លោក​បាន​ថត​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla, អ្នក​ចំបាប់​ជនជាតិ​កាណាដា លោក John Danaher និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ លោក Lex Fridman។

«ការហ្វឹកហាត់​ដ៏​អស្ចារ្យ​ជាមួយនឹង​បុរស​បីនាក់​ដែល​ខ្ញុំ​គាំទ្រ​បំផុត» លោក Georges St-Pierre សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះ។ ប៉ុន្តែ លោក​មិនបាន​ឱ្យដឹង​អំពី​ទីកន្លែង និង​ពេលវេលា​នៃ​ការហ្វឹកហាត់​នេះទេ។

ប៉ុន្មាន​ម៉ោង​ក្រោយមក លោក Musk ក៏​បញ្ចេញយោបល់៖ «ការហ្វឹកហាត់​នេះ​ពិតជា​សប្បាយ​ណាស់។ ជាក់ច្បាស់​ហើយ ខ្ញុំ​ត្រូវតែ​ហ្វឹកហាត់​ឱ្យបាន​ច្រើនជាង​នេះ»។

ការ​ភ្នាល់​ប្រកួត​វាយ​គ្នា​លើស​ង្វៀង​រវាង​ម្ចាស់ Twitter និង​ម្ចាស់ Facebook កើតឡើង​ដោយ​វិធី​ចម្លែក​ខុសគេ។ រឿងរ៉ាវ​ចាប់ផ្ដើម​ពី​ពេល​លោក Musk និយាយ​លេង​កាលពី​ថ្ងៃទី 21 មិថុនា​ថា លោក​នឹង​ទទួល​ការប្រកួត​ក្នុង​ទ្រុង​ជាមួយ​ម្ចាស់ Facebook។ មួយថ្ងៃ​ក្រោយមក CEO របស់ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook ក៏បាន​បង្ហោះ​សារ​លើ Instagram ថា «បញ្ជូន​ទីតាំង​មកឱ្យ​ខ្ញុំ» ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ថា Zuckerberg បានទទួល​យក​ការ​បបួល​ប្រកួត។

ក្នុង​រយៈពេល​ច្រើន​ថ្ងៃក្រោយ​មកទៀត ព័ត៌មាន​ស្ដីពី​ការប្រកួត​លើស​ង្វៀន​រវាង​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង និង​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​ជ្វី​ប ក៏​ចាប់ផ្ដើម​លេច​ឡើងជា​បន្តបន្ទាប់ ហើយ​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​មនុស្ស​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ៕

Advertisement