ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

(ប្រទេស​ថៃ) – បន្ទាប់ពីបាន​​ផ្ដួល​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល 3-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ជម្រើសជាតិ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ដោយ​ការ​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទាត់ U17 ទ្វីបអាស៊ីលើក​ទី​បួន​។

ថ្វីបើ​ត្រូវបាន​វាយតម្លៃថា មាន​សមត្ថភាព​ទាប​ជាង ប៉ុន្តែ​កូរ៉េខាងត្បូង​​លេង​ដោយ​ភាពម្ចាស់ការ និង​គ្រប់គ្រង​បាល់​បានល្អ បន្ទាប់ពី​សំឡេង​ក​ញ្ចែ​​ចាប់ផ្ដើម​ការប្រកួត។

រហូតដល់​ចុង​តង់​ទីមួយ ទើប​ជប៉ុន​ដណ្ដើមបាន​ប្រៀប​ក្នុងការ​ប្រកួត។ របត់​សំខាន់​បានកើត​ឡើង​នៅ​នាទី​ទី 43 នៅពេល Ko Jong Huyn ទទួលបាន​កាត​លឿង​ទី​ពីរ បន្ទាប់ពី​បាន​បង្កកំហុស​លើ​កីឡាករ​ជប៉ុន។ ដោយសារ​ចំនួន​កីឡាករ​មិន​ស្មើគ្នា ក្រុម​ជប៉ុន​ក៏មាន​ប្រៀប​ជាង​ឆ្ងាយ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

ការទា​ត់បាល់​ពិន័យ​រកបាន​មួយ​គ្រាប់​របស់ Nawata ក្រោយ​ពីកីឡាករ​​ក្រុម​កូរ៉េខាងត្បូង​ទទួលបាន​កាត​ក្រហម គឺ​ជា​របត់​ដែល​ហាក់​បាន «កម្ទេច» អស់​ក្ដីសង្ឃឹម​របស់​ក្រុម​កូរ៉េខាងត្បូង។ ចូលដល់​តង់​ទី​ពីរ ជប៉ុន​ក៏បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង និង​វាយ​សម្រុក​លើ​ទី​របស់​គូប្រកួត​ជា​បន្តបន្ទាប់។

នាទី​ទី 67 Nawata ទទួលបាន​បាល់​ពី​មិត្ត​រួម​ក្រុម និង​បាន​យកឈ្នះ​លើ​អ្នកចាំទី​កូរ៉េខាងត្បូង ជួយ​ឱ្យ​ជប៉ុន​នាំមុខ 2-0។ ក្នុង​នាទី​ថែម​ម៉ោង Michiwaki រកបាន​មួយ​គ្រាប់ ជួយ​ឱ្យ​ជប៉ុន​ឈ្នះ 3-0។

ជ័យជម្នះ​នេះ​ជួយ​ឱ្យ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ដណ្ដើមបាន​តំណែង​ជើងឯកលើក​ទីបួន​នៅ​ U17 ទ្វីបអាស៊ី​ ក្រោយពី​ពានរង្វាន់​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង 19 លើក រាប់​ចាប់ពី​ឆ្នាំ 1985។ U17 ជប៉ុន ដណ្ដើមបាន​តំណែង​នេះ​ក្នុង​ឆ្នាំ 1994, 2006, 2018 និង 2023។ U17 ទ្វីបអាស៊ី​ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ថៃ។

Advertisement