Mbappe មិន​ព្រម​​ពន្យារ​សុពលភាព​កិច្ច​សន្យា​ជាមួយ​ក្លឹប​បារាំង PSG

Mbappe (រូប​ខាង​ស្ដាំ)

ក្លឹប​ PSG កំពុង​ពិចារណា​លើ​ការ​លក់​ Kylian Mbappe នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​បារាំង​រូប​នេះ​បាន​ប្រកាស​ថា នឹង​មិន​ពន្យារ​សុពលភាព​នៃ​កិច្ច​ព្រមព្រៀង​ដល់​ខែ​មិថុនា 2025​។

មុន​ពេល​រដូវ​កាល​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2022 ត្រូវ​បាន​ធ្វើ​ឡើង PSG បាន​ប្រកាស​ថា បន្ត​សុពលភាព​កិច្ច​ព្រម​ព្រៀង​បី​ឆ្នាំ​ជាមួយ​នឹង Mbappe។ ក៏ប៉ុន្តែ យោង​តាម​សារព័ត៌មាន​បារាំង L’Équipe កិច្ច​សន្យា​នេះ​មាន​រយៈ​ពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​មានការ​​កំណត់​ថា ឆ្នាំ​ចុង​ក្រោយ​ត្រូវ​ការ​ការ​យល់​ព្រម​ពី Mabppe ហើយ​មាន​សុពលភាព​ត្រឹម​តែ​ថ្ងៃទី 31 កក្កដា 2023​។

ក៏ប៉ុន្តែ សារព័ត៌មានបារាំង​​មួយ​ផ្សេង​ទៀត​ គឺ Le Parisien បាន​ផ្សាយ​ថា ថ្ងៃ​ទី 12 មិថុនា (ម៉ោង​នៅ​ប៉ារីស) Mbappe ផ្ញើ​សំបុត្រ​ទៅ​កាន់​គណៈ​គ្រប់​គ្រង​ក្លឹប PSG ដើម្បី​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​មិន​បន្ត​កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀតដែល​អូស​បន្លាយ​ដល់​ឆ្នាំ 2025 នោះ​ឡើយ​។

ប្រការ​ខាងលើ​នេះ​មាន​ន័យ​ថា ម្ចាស់​ជើង​ឯក​ World Cup 2018 អាច​នឹង​ចាក​ចេញ​ពី PSG ទៅ​តាម​ទម្រង់​សេរី​ នៅ​ក្នុង​រដូវ​​ក្ដៅ​ឆ្នាំ 2024​។ ដើម្បី​ចៀស​វាង​ហានិភ័យ​ត្រូវ​បាត់​បង់​​ទទេៗ ពេល​នោះ PSG នឹង​ត្រូវ​លក់ Mbappe នៅ​ក្នុង​ឆ្នាំ​នេះ​។

Advertisement