ទិដ្ឋភាព Man City ដង្ហែ​ពាន​បី​ដំណាល​គ្នា​ អម​ដោយ​អ្នក​គាំទ្រ​រាប់​សែននាក់

(អង់គ្លេស) – អ្នក​គាំទ្រ​ប្រហែល 200,000 នាក់​របស់​ក្លឹប​បាល់​ទាត់​ Man City បាន​ចូល​រួម​ព្រឹត្តិការណ៍​ដង្ហែ​ពាន​ជើង​ឯក​ចំនួន​បី​គ្រឿង​ ​ដែល​ពួក​គេ​ទើប​តែ​ដណ្ដើម​បាន​ ក្នុង​នោះ​រួម​មាន ពាន​ English Premier League, FA Cup និង Champions League រដូវកាល 2022-2023 នៅ Manchester កាល​ពី​ថ្ងៃទី 12 មិថុនា។

ភ្លៀង​ធំធ្វើ​ឱ្យ​ពិធីដង្ហែ​ពាន​រង្វាន់​របស់ Man City ត្រូវ​ពន្យារ​ពេល​ 30 នាទីធៀប​នឹង​ការ​កំណត់មុន​នោះ​ដែល​ថា​នឹង​ធ្វើ​​នៅ​ម៉ោង 17 ថ្ងៃទី 12 មិថុនា (ម៉ោង​នៅ​ក្រុងឡុងដ៍)។ ក៏​ប៉ុន្តែ អ្នក​គាំទ្រ​ស្ទើរ​តែ​ទាំង​អស់​នៅ​តែ​ចេញ​ដើរ​​ក្រោម​ទឹក​ភ្លៀង​ ដើម្បី​អបអរសាទរ​ជ័យ​ជម្នះ​នេះ​។

មនុស្ស​ប្រហែល​ 200,000 នាក់​បាន​នាំ​គ្នា​ដង្ហែក្បួន​តាម​ដង​ផ្លូវ​នៅ​ក្បែរ​ទីលាន​ St Peter, Manchester។ ក្រុម​បាល់​ទាត់​អង់គ្លេស Man City ទើប​តែ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំធេង​ ដោយ​ដណ្ដើម​បាន​ពាន​ជើង​ឯក​ចំនួន​បី​​ក្នុង​មួយ​រដូវកាល (Treble) រួម​មាន​ពាន English Premiere League, FA Cup និង Champions League​។ Man City គឺជា​ក្រុម​បាល់​ទាត់​អង់គ្លេស​ទីពីរ​ដែល​ធ្វើ​បាន​ដូច្នេះ​ បន្ទាប់​ពី Man Utd ដែល​ធ្វើ​បាន​ដំបូង​គេ​កាល​ពី​រដូវ​កាល 1998-1999​។

Man City មិន​ត្រឹម​តែ​ដណ្ដើម​បាន​ងារ​ Treble នោះ​ទេ តែ​ក៏​ជា​អ្នក​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក​ Champions League លើក​ដំបូង​ផងដែរ​។ ក្លឹប​នេះ​គឺជា​ម្ចាស់​ជើង​ឯក​បាល់​ទាត់​អឺរ៉ុប​​ទី​ 6 របស់​អង់គ្លេស​ បន្ទាប់​ពីក្លឹប Liverpool, Man Utd, Chelsea, Nottingham Forest និង Aston Villa​។

ក្លឹប​ Man City ក៏​ជា​ម្ចាស់​ជើង​ឯក​​ទី 8 នៅ​អឺរ៉ុប​ដែល​ដណ្ដើម​បាន​ពាន​ជើង​ឯក​ទាំង​បី​ ក្រោយ​ពី​ក្លឹប Celtic, Ajax, PSV, Man Utd, Barca, Inter និង Bayern។

Advertisement