រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

Cristiano Ronaldo មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់​ពានរង្វាន់ Saudi Pro League ក្នុង​រដូវ​កាល 2022-2023 បើ​ទោះ​ទាត់​បញ្ចូល​ទី​បាន 14 គ្រាប់​ឱ្យ Al-Nassr។

Ronaldo មក​ទាត់​ឱ្យ​ក្លឹប Al-Nassr កាលពី​ខែមករា​ឆ្នាំនេះ តែ​មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​បំផុត​​នៅ​​ពានរង្វាន់​លំដាប់​កំពូល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នា​រដូវ​កាល 2022-2023។ ជំនួស​មកវិញ កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​កំពូល​កីឡាករ​ឆ្នើម​គឺ Odion Ighalo របស់​ក្លឹប Al-Hilal ក្រោយពី​រកបាន 19 គ្រាប់​នៅក្នុង 27 ប្រកួត រួម​នឹង​កីឡាករ​ដទៃ​ទៀត​។

ក្លឹប Al-Nassr អូសទាញ​បាន CR7 ក្រៅ​ពី​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ Manchester United។ បន្ទាប់មក Ronaldo បាន​ចូលរួម​ប្រកួត​ឱ្យ​ក្លឹប​ថ្មី​បាន 16 ប្រកួត និង​រកបាន 14 គ្រាប់។ ប៉ុន្តែ ទោះ​ជាមាន​វត្តមាន​រប​ស់ CR7 ក្លឹប​នៅ​រាជធានី​រី​យ៉ា​ដ នៅតែ​មិនអាច​ដណ្ដើមបាន​តំណែង​ជើងឯក ដោយបាន​ត្រឹមតែ​លេខ​ពីរ​បន្ទាប់ពី Al-Ittihad។

បើ​សិន​ជា​​គិត​រក​មធ្យម​ភាគ​នៃ​ចំនួន​គ្រាប់​បាល់​ដែល​ Odion Ighalo និង​ Cristiano Ronaldo រក​បាន​នៅ​ក្នុង​មួយ​ប្រកួត​ ​ឃើញ​ថា Ighalo រក​បាន​​ 0.703 គ្រាប់​​/ប្រកួត តិច​ជាង​ 0.172 គ្រាប់​/​ប្រកួត​ ​ធៀប​នឹង​ 0.875 គ្រាប់​​/​ប្រកួត​​របស់​ CR7។

ការដែល​ម្ចាស់​គ្រាប់​បាល់​មាស 5 គ្រាប់​មិនមាន​ឈ្មោះ​នៅក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់ Saudi Pro League បានធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួន​មិន​សប្បាយចិត្ត។

កីឡាករ​ឆ្នើម​ជាង​គេ​ប្រចាំ​ Saudi Pro League រដូវកាល​ 2022-2023

Ronaldo ប្រាកដជា​នឹង​ស្ដារ​សមិទ្ធផល​របស់ខ្លួន​នៅ​រដូវ​កាល​ក្រោយ និង​អាចជួយ​ឱ្យ Al-Nassr លើក​ពាន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ឆ្នាំ 2023-2024។ ក៏ប៉ុន្តែ ពួកគេ​នឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់ Al-Ittihad ជាថ្មី ដោយនៅ​ទីនោះ​នឹងមាន​វត្តមាន​របស់ Karim Benzema និង Kante ផងដែរ៕

Advertisement