M10 នឹង​ក្លាយជា​ម្ចាស់​មួយរូប​របស់​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក?

ក្រុម​កីឡាករ​របស់​ក្លឹប​ Inter Miami

Lionel Messi ថ្មីៗនេះ​បានប្រកាស​ជា​ផ្លូវការ​អំពី​ក្លឹប​បាល់ទាត់​ដែល​គាត់​នឹង​ចូល​ជា​សមាជិក​នៅក្នុង​រដូវ​កាល​ថ្មី នោះ​គឺ​ក្លឹប Inter Miami ដែល​ប្រកួត​នៅឯ​ពានរង្វាន់​អាជីព​អាម៉េរិក MLS។

ប្រភពព័ត៌មាន​ជាក់លាក់​របស់​ទំព័រ The Ahtletic បាន​ប្រាប់ថា កិច្ចព្រមព្រៀង​ថ្មី​របស់ Messi ក៏មាន​ទាំង​លក្ខខណ្ឌ​ទិញ​ភាគហ៊ុន​មួយចំនួន​របស់​ក្លឹប Inter Miami ផងដែរ ដែល​នេះ​មានន័យថា M10 គឺជា​កីឡាករ​ផង និង​ជា​ម្ចាស់​ផង។

ចំណែក​ទំព័រ ESPN វិញ បាន​រាយការណ៍​ថា រាល់​កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធិ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ រូបភាព និង​សម្លៀកបំពាក់​ដែលជា​ការឧបត្ថម្ភ​រប​ស់ Apple និង Adidas គឺ​សុទ្ធតែ​ក្លាយជា​យីហោ​ដែល​ត្រូវ​ចុះហត្ថលេខា​ជាមួយ​កីឡាករ ពោលគឺ​មិនមែន​គ្រាន់តែ​ទាក់ទិន​នឹង​គណៈកម្មការ​រៀបចំ​តែមួយ​ដូច​បច្ចុប្បន្ន​ឡើយ។ នេះ​គឺ​ដូច​ទៅនឹង​វិធី​ដែល​អឺរ៉ុប និង​បណ្ដា​តំបន់​ដទៃ​កំពុង​ធ្វើ ក្នុង​បំណង​ធ្វើឱ្យមាន​តុល្យភាព​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ក្លឹប​នឹង​ក្លឹប ក្នុង​បំណង​រក្សា​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​បាល់ទាត់ ហើយ​ការប្រកួតប្រជែង​នឹង​កើនឡើង ទំហំ​នៃ​ការប្រកួត​ក៏​ធំ​ឡើងជា​លំដាប់។

ជាង​នេះ វត្តមាន​របស់ Messi នៅឯ​ពានរង្វាន់ MLS ក៏​ជា «ដែក​ឆក់» ដ៏​ធំ ដើម្បីឱ្យ MLS អាច​ស្រូប​ទាញ​កីឡាករ​លំដាប់កំពូលៗរបស់​ពិភពលោក​បន្ថែមទៀត។

ទន្ទឹមនឹងនេះ World Cup 2026 នឹងត្រូវ​បានធ្វើ​ឡើង​នៅ​សហរដ្ឋ​អាម៉េរិក ដូច្នេះ វត្តមាន​របស់ Messi នឹង​រួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការចាប់ផ្ដើម​កម្ដៅ​ទីផ្សារ​នៅ​ទីនោះ ហើយ​វា​គឺជា​រឿង​សម​ហេតុផល។ Messi មិនមែនជា​អ្នកបើក​ផ្លូវ ប៉ុន្តែ​ជា​អ្នក​នាំ​ផ្លូវ​ដ៏​អស្ចារ្យ​សម្រាប់​ទីផ្សារ​បាល់ទាត់​នៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី David Beckham និង Zlatan Ibrahimovic៕

Advertisement