ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

Messi និង PSG ទំនងជា​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា បន្ទាប់ពី M10 ចាកចេញ

ក្រោយពី​បាន​បញ្ជាក់ថា​នឹង​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami តារាបាល់ទាត់​ពិភពលោក Lionel Messi ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ទទួលបាន​សុភមង្គល​ក្នុង​រង្វង់​ពីរ​ឆ្នាំ​ដែល​លេង​ឱ្យ Paris Saint-Germain។

Messi ចាក​ចេញពី PSG ក្នុងនាម​ជា​កីឡាករ​សេរី​ក្នុងស្ថានភាព​ភាគី​ទាំងពីរ​សុទ្ធតែ​មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។ ពេលវេលា​នៅ​ជាមួយគ្នា​រវាង M10 និង PSG បានបញ្ចប់​ក្នុង​រយៈពេល​ពីរ​ម៉ោង នៅ​ពេល​ Messi ត្រូវបាន «ព្យួរ​ជើង​ក្នុង​ក្រុម» ព្រោះតែ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​បារាំង​ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្លឹប។ ចាប់ពីពេលនោះ​មក Messi បាន​យល់ព្រម​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami បើ​ទោះ​ចិត្ត​ចង់​ទាត់​ឱ្យ Barcelona នៅ​អេ​ស្ប៉ា​ញ។

«ពីរ​ឆ្នាំ​កន្លង​នៅ PSG គឺជា​ពេលវេលា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិនមាន​សុភមង្គល។ ខ្ញុំ​មិនអាច​ទទួលបាន​ជីវ​ភាពជា​របស់​ខ្លួនឯង។ ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​គ្រួសារ​ខ្ញុំ។ ពីរ​ឆ្នាំ​កន្លង ខ្ញុំ​ពិតជា​បាន​បាត់បង់​ពេលវេលា​ជា​ច្រើន​ដែល​អាច​​នៅ​ជាមួយកូនៗ…» Messi បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​បណ្ដាញសារព័ត៌មាន​អេ​ស្ប៉ា​ញ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ទំព័រ Mundo Deportivo និង Sport កាលពីពេលថ្មីៗនេះ។

Messi និង PSG ទំនងជា​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា បន្ទាប់ពី M10 ចាកចេញ និង​ក្រោយពី​កិច្ច​សម្ភាស​ខាងលើ។ ចំណែក​អ្នកគាំទ្រ​របស់ Barcelona វិញ​ក៏​កំពុង​អន់ចិត្ត​ព្រោះតែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​នេះ​មិន​អនុញ្ញាតឱ្យ​នាំយក Messi មក​ចូល​ជា​សមាជិក​ជាថ្មី។

រឿងរ៉ាវ​ម្ចាស់​ជើងឯក World Cup 2022 សម្រេចចិត្ត​ទាត់​ឱ្យ​ក្លឹប Inter Miami ត្រូវបាន​បញ្ជាក់​រួចហើយ។ បើតាម​គម្រោង M10 នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម​នេះ​ចាប់ពី​ខែកក្កដា​ខាងមុខ៕

Advertisement