កីឡាករ​បាល់ទាត់​ពិភពលោក​ 13 រូប ​ដែល​អាច​ទៅ​ទាត់​នៅ Saudi Pro League

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​បញ្ចេញ​ទឹកប្រាក់​ក្នុង​រដូវ​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ នៅក្នុង​ការប្រឹងប្រែង​នាំយក​កំពូល​តារាបាល់ទាត់​នានា​របស់​ពិភពលោក និង​លើក​ពានរង្វាន់ Pro League របស់ខ្លួន​ឡើងទៅ​កាន់​ផែនទី​ពិភព​បាល់ ក្នុង​គ្រាដែល​ប្រទេស​នេះ​កំពុង​​ខិតខំ​សម្រាប់​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ World Cup 2030។

ថ្វីបើ​រដូវ​កាល​ដោះដូរ​កីឡាករ​ឆ្នាំ 2023 មិនទាន់​មកដល់ ប៉ុន្តែ​មួយ​ក្នុងចំណោម​ប្រធានបទ​ដែល​ត្រូវបាន​គេ​លើកឡើង​ញឹកញាប់​ជាងគេ​ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ គឺពាន​រង្វាន់​ Saudi Pro League។

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មិន​ធ្លាប់ជា​ទីសំចត​សំខាន់​របស់​កីឡាករ​បាល់ទាត់​ពិភពលោក ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​​កំពុង​តែ​ប្ដេជ្ញាចិត្ត​កែប្រែ​ប្រការនេះ។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ Saudi Pro League កំពុងតែ​ដើរតួនាទី​ជា​អ្នក​ទាក់ទាញ​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ ពានរង្វាន់​នេះ​ក៏​ធ្លាប់​ទាក់ទាញ​បាន Cristiano Ronaldo ដែល​ចូលរួម​ប្រកួត​តាំងពី​ខែធ្នូ 2022 ហើយថ្មីៗនេះ Karim Benzema ក៏បាន​សម្រេចចិត្ត​មក​ចូលរួម បន្ទាប់ពី​​ចាក​ចេញពី Real Madrid។

អា​រ៉ា​ប៊ី​សា​អូឌីត កំពុងតែ​ធ្វើ​សកម្មភាព​សម្រាប់​ការរៀបចំ World Cup 2023 ក្នុងនោះ ប្រទេស​នេះ​ក៏បាន​ត្រៀម​​រួចរាល់​សម្រាប់​ការចំណាយ​ប្រាក់​ដ៏​ច្រើន​ដើម្បី​អាច​ក្លាយជា​ប្រទេស​បាល់ទាត់។ Ronaldo កំពុង​ទទួលបាន 177 លាន​ផោន/ឆ្នាំ ពី​ក្លឹប​បាល់ទាត់ Al-Nassr ហើយ​នេះ​គឺជា​ប្រាក់បៀវត្សរ៍​ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ​មាន​ទាំង Lionel Messi ព្រោះថា M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ស្រាប់ ខណៈ​ទំនាក់ទំនង​រវាង​កីឡាករ​រូបនេះ​ជាមួយនឹង​ក្លឹប PSG ក៏​ជិត​ដាច់​ជា​ផ្លូវការ​ហើយ​ដែរ។ ពេលនេះ Messi អាច​យកតម្រាប់​តាម Ronaldo។

ក៏ប៉ុន្តែ Messi មិនមែនជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​កំពុង​ពិចារណា​លើ​ការ​មក​ទាត់​ឱ្យ​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប្រភពព័ត៌មាន​នៅ​ប្រទេស​បារាំង​ឱ្យដឹងថា ក្លឹប Al-Hilal ក៏បាន​លើកសំណើ​ជា​កិច្ចព្រមព្រៀង​ជាមួយនឹង Sergio Busquets, Jordi Alba និង Marco Verratti នៅក្នុង​ការប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល Messi ឱ្យមក​ចូលរួម​គម្រោង​របស់​ក្លឹប​នេះ។

M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត

ក្រៅពីនេះ​នៅមាន​កីឡាករ​ជាច្រើន​ទៀត រួមមាន​ដូចជា Hugo Lloris, Roberto Firmino, Luka Modric, Sergio Ramos, N’Golo Kante, Pierre-Emerick Aubameyang, Wilfried Zaha, Iago Aspas ជា​ដើម​ ក៏​ទទួលបាន​ការស្នើ ឬ​ការបញ្ចុះ​បញ្ចូល​ឱ្យមក​ទាត់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ។

ចលនា​ខាងលើនេះ មួយផ្នែក​ត្រូវបាន​ចាប់ផ្ដើម​ពី​ករណី មូលនិធិ​វិនិយោគសាធារណៈ (PIF) របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទិញ​ក្លឹប​បាល់ទាត់​ចំនួន​បួន​នៅ​ប្រទេស​នេះ ដែល​រួមមាន ក្លឹប Al-Ittihad, Al-Ahli, Al-Nassr និង Al-Hilal។ PIF ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់ Newcastle ដែរនោះ ហាក់​កំពុង​ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​វិស័យ​បាល់ទាត់ ដោយ​ការចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សម្រាប់​ទាក់ទាញ​កីឡាករ។

ទោះជា​យ៉ាងណាក៏ដោយ គេ​នៅតែ​ត្រូវ​រង់ចាំ​មើលថា តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់​ក្នុងចំណោម​កីឡាករ​ដែល​បាន​រៀបរាប់​ខាងលើ ព្រម​ទទួលយក​សំណើ​របស់​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត៕

Advertisement