«លោតរំលង» Real ក្រុមបាល់ទាត់​មួយ​នេះ​ក្លាយជា​ក្លឹប​មានតម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក

កីឡាករ​របស់​ក្លឹប Manchester City

ដោយ​បាន​ជោគជ័យ​ច្រើន​ឆ្នាំ​បន្តបន្ទាប់ ពិសេស​គឺ​នៅ​រដូវ​កាល 2022/2023 នេះ តម្លៃ​របស់​ក្រុមបាល់ទាត់​អង់គ្លេស​មួយ​នេះ​បាន​កើន 15% និង​ក្លាយជា​ក្លឹប​បាល់ទាត់​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​នាបច្ចុប្បន្ន​។

បន្ទាប់ពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក English Premier League និង​ជ័យជម្នះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ FA Cup 2023 ក្លឹប Manchester City កំពុង​ស្ថិតនៅ​ចំពោះមុខ​ឱកាស​ធំ​ដែល​អាច​នាំទៅរក​ការលើក​ពាន​ទាំងបី​ក្នុង​ប្រវត្តិសាស្ត្រ​នា​រដូវ​កាល​នេះ។ ការប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង Inter Milan នៅ​ពានរង្វាន់ Champions League នា​ថ្ងៃទី 11 មិថុនា​ខាងមុខ នឹង​ជា​រនាំង​ចុងក្រោយ​ដែល​កូនសិស្ស និង​គ្រូបង្វឹក Pep Guardiola របស់ Man City ត្រូវ​ឆ្លង​ឱ្យ​ផុត ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​បី​ពាន់រង្វាន់​ក្នុង​មួយ​រដូវ​កាល។

ថ្មីៗនេះ អង្គការ Brand Finance បានប្រកាស​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​ក្លឹប​បាល់ទាត់​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក ក្នុងនោះ Man City ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់ ដោយសារ​ប្រាក់ចំណូល​កើន នាំឱ្យ​តម្លៃ​យីហោ​ក៏​កើន​បន្ថែម 13% ជួយ​ឱ្យ​តម្លៃ​សរុប​របស់​ក្លឹប​នេះ​លោត​ឡើងដល់ 1.51 ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ 2023។

តារាង​ចំណាត់​ថ្នាក់​របស់ Brand Finance

ចំណែក​ក្លឹប​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​​​លំដាប់​ទី​ពីរ​លើ​ពិភពលោក បាន​ទៅលើ Real Madrid ព្រោះតែ​តម្លៃ​យីហោ​បាន​ធ្លាក់​អស់ 4% មក​នៅត្រឹម 1.46 ពាន់​លាន​អឺរ៉ូ។

បណ្ដា​ក្លឹប​របស់​អេ​ស្ប៉ា​ញ បន្ត​រីកចម្រើន​ខ្លាំង​ក្នុងឆ្នាំនេះ ក្នុងនោះ Barcelona ជាប់​លេខ​បី, Atletico Madrid លេខ 12, Sevilla លេខ 25, Real Betis លេខ 34, Villareal លេខ 36 និង Real Sociedad លេខ 37។

Man United ជាប់​លេខ​បួន ដោយ​មាន​តម្លៃ 1.4 ពាន់​លាន​អឺរ៉ូ និង​នៅ​ពីលើ Liverpool ដែលមាន​តម្លៃ 1.4 ពាន់​លាន​អឺរ៉ូ​ដូច ប៉ុន្តែ Man United កើន 9% ខណៈ Liverpool កើន​តែ 7%។ Arsenal ជាប់​ចំណាត់ថ្នាក់​លេខ​ដប់ ខណៈ PSG ក៏មាន​ឈ្មោះ​ក្នុង Top 50៕

Advertisement