«ប៉ាស៊ូ!» ៖ សម្រែក​លើកទឹកចិត្តរ​បស់​កុមារា សាន រតនៈ ចំពោះ​​ឪពុក កំពុង​អង្រួន​ចិត្ត​សប្បុរសជន

នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក​ដែល​ប្រកួត​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ 5,000 ម៉ែត្រ T46 នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 12។

ថ្វីបើ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​អត្តពលកម្ម យី សុខសាន្ត មិន​ទទួលបាន​មេដាយ ប៉ុន្តែ ក្នុង​គ្រា​ដែល​ឪពុក​កំពុង​ប្រកួត និង​ពេល​បរាជ័យ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក។

សកម្មភាព​របស់​កុមារា សាន រតនៈ ដែល​ខំប្រឹង​លើកទឹកចិត្ត​ឪពុក បាន និង​កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ មហាជន​ក៏មាន​ការ​ក្ដុកក្ដួល​ចិត្ត ដោយសារ​នឹក​អាណិត​ផង និង​សរសើរ​​ផង​ ចំពោះ​កុមារ​កម្សត់​រូបនេះ។

កុមារា សាន រតនៈ កំពុងគាំទ្រចំពោះលោកឪពុក យី សុខសាន្ត

ទន្ទឹមនឹង​ការគាំទ្រ​ដល់​សកម្មភាព​របស់ សាន រតនៈ នៅលើ​បណ្ដាញ​សង្គម​ក៏មាន​ស្ថាប័នឯកជន​ខ្លះ មានបំណង​ជួយ​ដល់​កុមារ​រូបនេះ ក្នុងនោះ​ក៏មាន សាលារៀន​សុវណ្ណ​ភូមិ ផងដែរ។

នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ សាលារៀន​សុវណ្ណ​ភូមិ បានសរសេរថា «តើ​លោក​អ្នកមាន​ស្គាល់​លេខ​ទំនាក់ទំនង​គាត់​ទេ? សាលារៀន​សុវណ្ណ​ភូមិ​កំពុង​ស្វែងរក អត្ត​ព​លិ​ក សាន រតនៈ ក្នុង​គោលបំណង​ជួយ​កូនប្រុស​អត្ត​ព​លិ​ក។ ក្មួយប្រុស​នឹងមាន​អនាគត​ល្អ​ជាមួយ​សាលារៀន​សុវណ្ណ​ភូមិ»។

ប្រការ​ខាងលើនេះ​បាន​បញ្ជាក់ថា កុមារា​កម្សត់ សាន រតនៈ ដែលមាន​ឪពុក​ជា​អត្ត​ព​លិ​ក​ពិការ ឈ្មោះ យី សុខសាន្ត ប្រាកដជា​បាន​ជួបនឹង​សប្បុរសជន​នាពេលឆាប់ៗនេះ​មិន​ខាន៕

Advertisement