ការ​វិល​ត្រលប់​របស់ Messi ទៅ​កាន់​ក្លឹប Barcelona មាន​ភាគ​រយ​កាន់​តែ​​ច្រើន​

លោក Jorge ដែល​ជា​ឪទុក​របស់​ Lionel Messi បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ ដើម្បី​នាំ​កូន​ប្រុស​វិលត្រលប់​ទៅ​កាន់​កីឡដ្ឋាន​ Nou Camp វិញ មាន​ភាព​រលូន​។

នៅយប់​ថ្ងៃ​ទី 05 មិថុនា (ម៉ោង​នៅ​កម្ពុជា) លោក Jorge បាន​ជួប​ពិភាក្សា​ជាមួយ​ប្រតិភូ​របស់ក្លឹប​ Barca​​​ ដែល​ដឹក​នាំ​ដោយ​ប្រធាន Joan Laporta​។ យោង​តាម​អ្នក​ជំនាញ​ខាង​ព័ត៌មាន​ទិញ​ដូរ​កីឡាករ​ លោក Fabrizio Romano ដំណើរ​ការ​ចរចា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដែល​នេះបង្ហាញ​ថា ​លទ្ធភាព​វិល​ទៅ​កាន់​អេស្ប៉ាញ​របស់​​​កំពូលកីឡាករ​វ័យ 35 ឆ្នាំ​ M10​ កាន់​តែ​ច្បាស់​ថែម​មួយ​កម្រិត​ទៀត​។

«Leo ចង់​ត្រលប់ទៅ​កាន់ Barca ហើយ​ខ្ញុំ​ក៏​ចង់​បាន​ដូច្នេះ​។ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ជឿ​ជាក់​ថា​ ស្ថានភាព​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​។ អ្នក​ទាំង​ឡាយ​នឹង​បាន​ដឹង​អំពី​អនាគត​ឆាប់​ៗ​នេះ​» លោក Romano ដក​ស្រង់​សម្ដី​របស់​លោក Jorge ឱ្យដឹង​ដូច្នេះ​។

កាល​ពី​ឆ្នាំ 2021 Messi ត្រូវ​ចាក​ចេញ​ពី​ Barca ក្រោយ​រួម​សុខ​ទុក្ខ​នឹង​គ្នា​អស់ 21 ឆ្នាំ ព្រោះ​តែ​​ក្លឹប​នេះ​មិន​អាច​ធ្វើ​តាម​ការ​កំណត់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ La Liga​។

Messi នឹង​ក្លាយ​ជា​កីឡាករ​សេរី​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប​បារាំង PSG អស់សុពលភាពឆាប់ៗ​នេះ​។ Messi កំពុង​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​​ចាប់​អារម្មណ៍​ ក្នុង​នោះ​ក៏​មាន Barca, Inter Miami (អាម៉េរិក) និង​ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអូឌីត​។ ក្នុង​នោះ​ដែរ មាន​តែ​ភាគី​នៅ​អារ៉ាប៊ីសាអូឌី​មួយ​គត់​ដែល​ស្នើ​ជា​ផ្លូវ​ការ​សម្រាប់​ Messi ក្នុង​តម្លៃ​ 400 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​។

Lionel Messi បាន​ឆ្លងកាត់​ពីរ​រដូវ​កាល​ជាមួយនឹង PSG ក្នុងនោះ ពួកគេ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Ligue 1 ទាំងពីរ​រដូវ​កាល ក៏ដូចជា​ដណ្ដើមបាន​តំណែង​ជើងឯក Champions Trophy របស់​បារាំង​ឆ្នាំ 2022។ Messi ​ចូលរួម​ទាត់​ឱ្យ PSG បាន 74 ប្រកួត រកបាន 32 គ្រាប់ និង​បង្ក​ឱកាស​បាន 35 គ្រាប់។ ក៏ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​គាំទ្រ​របស់​ PSG តែង​តែ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​៕

Advertisement