Ronaldo បង្ក​ការភ្ញាក់ផ្អើល​នៅ​អាស៊ីអាគ្នេយ៍ ក្រោយ​ចាក​ចេញពី​ក្លឹប Al Nassr

បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចាក​ចេញពី Al Nassr នៅមុន​អស់​រដូវ​កាល Cristiano Ronaldo បានធ្វើ​ដំណើរ​មកកាន់​ប្រទេសមួយ​នៅ​អាស៊ីអាគ្នេយ៍ ហើយក៏​បានបង្ក​ការ​​​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ទីនេះ។

ថ្មីៗនេះ Ronaldo ត្រូវបាន​គ្រូបង្វឹក​អនុញ្ញាតឱ្យ​ចាកចេញ​ពី​ក្លឹប Al Nassr ប៉ុន្តែ​មិនមែន​ដើម្បី​ទាត់​​ជុំ​ចុងក្រោយ​នៅ Saudi Pro League (SPL) ឡើយ ព្រោះថា នេះ​គ្រាន់តែ​ជាការ​ប្រកួត «បំពេញបែបបទ» ប៉ុណ្ណោះ ដោយសារតែ​ក្លឹប​នេះ​បាន​អស់​ឱកាស​ប្រកួតប្រជែង ហើយ​ត្រូវ​ឈរ​មើល Al Ittihad លើក​ពាន។

បើទោះជា​សូម​​ឈប់ និង​ចាក​ចេញពី Al Nassr មុន​ការបញ្ចប់​រដូវ​កាល ប៉ុន្តែ Ronaldo មិនបាន​ត្រលប់​ទៅ​ព័រទុយហ្កាល់​ដើម្បី​សម្រាក​នោះ​ទេ។ ជំនួស​មកវិញ កំពូល​តារាបាល់ទាត់​វ័យ 38 ឆ្នាំ​រូបនេះ​បែរជា​ធ្វើដំណើរ​មក​សិង្ហ​បុរី​ទៅវិញ កាលពី​ថ្ងៃទី 02 មិថុនា 2023។

 

តប​តាម​ការអញ្ជើញ​របស់ Peter Lim ដែលជា​អ្នកជំនួញ​ជនជាតិ​សិង្ហ​បុរី Ronaldo ក៏​ចូលរួម​ព្រឹត្តិការណ៍​ចែក​អាហារូបករណ៍​ដល់​កុមារ​នៅ​ប្រទេស​នេះ និង​ធ្វើជា​វាគ្មិន ចែករំលែក​បទពិសោធ​ន៍ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​យុវជន យុវនារី​ដែល​ស្ថិតក្នុង​ស្ថានភាព​លំបាក។

វត្តមាន​របស់ Ronaldo នៅ​សិង្ហ​បុរី ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង។ ទោះជា​បង្ហាញខ្លួន​ប្រហែល 15 នាទី​នៅ​ឧទ្យាន Singapore Botanic Gardens ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​ស្គាល់ និង​ដេញតាម​ពីក្រោយ​រថយន្ត​របស់ CR7 ដើម្បី​រក​ឱកាស​បាន​ថតរូប​ជាមួយ ឬ​ចង់ឃើញ​ផ្ទាល់​នឹង​ភ្នែក។

ក្រោយពី​បញ្ចប់​សកម្មភាព​នៅ​សិង្ហ​បុរី ទើប Ronaldo ត្រលប់​ទៅ​ស្រុកកំណើត​ដើម្បី​សម្រាក និង​ត្រៀមខ្លួន​សម្រាប់​​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ វគ្គ​ជម្រុះ Euro 2024 នាពេលខាងមុខ។ តាម​កាលវិភាគ នៅ​ថ្ងៃទី 18 និង 21 ខែ​នេះ ព័រទុយហ្កាល់​នឹង​ប្រកួត​បន្តបន្ទាប់​ជាមួយ​បូ​ស្នី និង​អ៊ី​ស្លង់៕

Advertisement