ក្លឹប​បាល់ទាត់​អេស្បាញ ក្លាយជា​ជើងឯក Europa League ពេល​បានឈ្នះ​ក្លឹប​អ៊ីតាលី

ក្រុម​ Sevilla (អាវពណ៌​ស)

(ហុង​គ្រី) – គ្រូបង្វឹក Jose Mourinho បាន​បរាជ័យ​ជា​លើកដំបូង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់ Europa League នៅពេល​ Roma ដែល​ជា​​ក្រុម​បាល់​ទាត់​របស់​ក្លឹប​អ៊ីតាលី បាន​ចាញ់​​ក្រុម​របស់​ក្លឹប​​អេស្បាញ Sevilla 1-4 ក្នុងការ​ទាត់​ប៉េ​ណាំង​ទី​ម្ដង​ម្នាក់​​នៅ​ចុង​ការ​ប្រកួត​។

កីឡាករ​ខ្សែបម្រើ​ពីររូប​គឺ Gianluca Mancini និង Roger Ibanez សុទ្ធតែ​ទាត់​បាល់​មិន​បាន​ល្អ ធ្វើឱ្យ Roma ចាញ់ 1-4 នៅក្នុង​ការ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់ ហើយក៏​បាត់បង់​តំណែង​ជើងឯក Europa League និង​មិនអាច​ចូលរួម​ប្រកួត​នៅ Champions League រដូវ​កាល​ក្រោយ។

កូនសិស្ស និង​គ្រូបង្វឹក Mourinho ប្រាកដជា​ស្ដាយក្រោយ​ខ្លាំង​ណាស់​ នៅពេល​ធ្វើឱ្យ​របូត​ឱកាសល្អ​ជាច្រើន​នៅក្នុង​តង់​ទីមួយ ទី​ពីរ ក៏ដូចជា​នៅក្នុង​ម៉ោង​បន្ថែម​ដែល​ទទួលបាន​លទ្ធផល 1-1 មុន​នឹង​ចាញ់​ 1-4 នៅក្នុង​ការ​ទាត់​ប៉េណាំងទី​។

ចំណែក Sevilla វិញ បានបង្ហាញ​ភាពខ្លាំង និង​ភាព​ជា​អ្នក​​សម្បូរ​សមិទ្ធផល​ជាងគេ​​​នៅ​​ក្នុង​ប្រវត្តិ Europa League ដោយ​​​​ការ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់​បានសម្រេច។ ក្រុម​នេះ​ក៏​សុទ្ធតែ​បានឈ្នះ​នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ទាំង 7 លើក​នៅ Europa League បើ​រាប់ទាំង​ជ័យជម្នះ​លើ Roma នៅ​លើក​នេះ​។

ជាថ្មី​ម្ដងទៀត បណ្ដា​ក្លឹប​តំណាង​របស់​អេ​ស្ប៉ា​ញ​បានបង្ហាញ «អំណាច» របស់ខ្លួន​នៅ​ទ្វីប​អា​រ៉ុ​ប ដោយសារ​បានឈ្នះ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន 18 លើកជាប់ៗគ្នា​នៅ​ចំពោះមុខ​គូប្រកួត​មកពី​ប្រទេសផ្សេង​ក្នុង​ទ្វីប​នេះ​។ បណ្ដា​ក្រុមបាល់ទាត់​របស់​អេ​ស្ប៉ា​ញ ក៏​មិនបាន​ចាញ់​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន 23 លើក​នៅ Champions League និង Europa League រាប់​ចាប់តាំងពី​ឆ្នាំ 2001។ សមិទ្ធផល​នេះ​នឹង​អូសបន្លាយពេល​​យូរ យ៉ាងហោច​ក៏​ដល់​ឆ្នាំ 2024៕

Advertisement