នៅ​លិ​គ​កំពូល​អង់គ្លេស (English Premier League) តើ​ក្រុមបាល់ទាត់នីមួយៗទទួលបាន​ប្រាក់​ប៉ុន្មាន?

ការបញ្ចេញថ្វីជើងរបស់ Erling Haaland នៅលិគកំពូលអង់គ្លេស (English Premier League) រដូវកាល 2022/2023

(អង់គ្លេស) – ក្លឹប​បាល់ទាត់នីមួយៗដែល​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​លិ​គ​កំពូល​អង់គ្លេស (English Premier League) រដូវ​កាល 2022/2023 ទទួលបាន​ជិត 160 លាន​ដុល្លារ​អាម៉េរិក​ពី​គណៈកម្មការ​រៀបចំ ក្នុងនោះ ម្ចាស់​ជើងឯក Man City ទទួលបាន​ប្រាក់​ច្រើនជាងគេ។

លិ​គ​កំពូល​អង់គ្លេស​ចែក​ប្រាក់រង្វាន់ និង​ប្រាក់ចំណូល​ពី​ការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់​ជាង 3 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅឱ្យ​ក្លឹប​ទាំង 20 ដែល​ចូលរួម​ការប្រកួត។ បើទោះជា​គណៈកម្មការ​រៀប​ចំ​មិន​ប្រកាស​តួលេខ​ជាក់លាក់​ជា​សាធារណៈ ប៉ុន្តែ​ប្រាក់ចំណូល​ដែល​បាន​ពី​ការផ្សាយ​ផ្ទាល់​ត្រូវបាន​បែងចែក​ស្ទើរតែ​ស្មើគ្នា។ យ៉ាងនេះ​ក៏ដោយ បណ្ដា​ក្លឹប​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​នៅ​អង់គ្លេស តែងតែ​រកបាន​ប្រាក់ចំណូល​ច្រើនជាង។

ក្លឹប​ទាំង 20 នៅ​លិគ​កំពូលអង់គ្លេស សុទ្ធតែ​ទទួលបាន​ការទូទាត់​ប្រាក់ចំណូល​គោល​ស្មើគ្នា​ពី​ការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់ ដែលមាន​តម្លៃ​ប្រហែល 100 លាន​ដុល្លារ​អាម៉េរិក ក្នុង​រដូវ​កាល​មុន ខណៈដែល​រដូវ​កាល​ឆ្នាំ 2022/2023 នេះ ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ខ្ពស់ជាង​មុន។ ប៉ុន្តែ ចំនួន​ប្រាក់​ដែល​ក្លឹបនីមួយៗទទួលបាន​នឹង​ខ្ពស់ជាង​នេះ អាស្រ័យ​លើ​ចំនួន​លើក​ដែល​ពួកគេ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងប្រទេស។

ទំព័រ Mirror បាន​ផ្សាយ​ថា ម្ចាស់​ជើងឯក Man City ទទួល​ប្រាក់រង្វាន់ 210 លាន​ដុល្លារ​អាម៉េរិក ច្រើនជាងគេបង្អស់​នៅ​លិ​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។ ចំណែក​នៅ​បាត​តារាង​វិញ Leicester, Leeds និង Southampton សុទ្ធតែ​រកបាន​ជាង 150 លាន​ដុល្លារ បើទោះជា​ត្រូវ​ធ្លាក់​ចំណាត់ថ្នាក់។

បើសិន Man City បានក្លាយ​ជា​ជើង​ឯក​​​នៅ FA Cup និង Champions League ដើម្បី​លើក​ពាន​បី​ក្នុង​មួយ​រដូវ​កាល (Treble) ចំនួន​ទឹកប្រាក់​នេះ​នឹង​កើនឡើង​ដល់​ជាង 330 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ តំណែង​ជើងឯក FA Cup នឹង​នាំមក​នូវ​ប្រាក់រង្វាន់ 4 លាន​ដុល្លារ គ្រា​ដែល Champions League នឹង​ជួយ​ឱ្យ Man City រកបាន 116 លាន​ដុល្លារ។

តារាង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​របស់​​បណ្ដា​ក្លឹប​នៅ​លិគ​កំពូល​អង់គ្លេស​

យោងតាម Mirror ប្រាក់ចំណូល​របស់​បណ្ដា​ក្លឹប​ដែល​ចូលរួម​ប្រកួត​នៅ​លិ​គ​កំពូល​អង់គ្លេស​រដូវ​កាល 2022/2023 រួមមាន៖ Man City ទទួលបាន 210 លាន​ដុល្លារ​អាម៉េរិក, Arsenal 207 លាន​ដុល្លារ, Man Utd 204 លាន, Newcastle 202 លាន, Liverpool 200 លាន, Brighton 196 លាន, Aston Villa 194 លាន, Tottenham 191 លាន, Brentford 188 លាន, Fulham 185 លាន, Crystal Palace 182 លាន, Chelsea 179 លាន, Wolves 177 លាន, West Ham 174 លាន, Bournemouth 171 លាន, Nottingham Forest 169 លាន, Everton 165 លាន, Leicester 163 លាន, Leeds 160 លាន, Southampton 158 លាន៕

Advertisement