U23 កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ថៃ នៅ​ព្រឹត្តិការណ៍​បាល់​ទាត់​​បុរស​អាយុ​ក្រោម​ 23 ឆ្នាំ របស់​​អាស៊ី​អាគ្នេយ៍​

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ 23 ឆ្នាំ (U23) របស់​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្នុង​ពូល​ A ជាមួយ​នឹង​ព្រុយណេ  មីយ៉ាន់ម៉ា និង​ម្ចាស់​ផ្ទះ​ថៃ​ បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​​កាល​ពី​​​ព្រឹក​​ថ្ងៃទី 29 ឧសភា​ 2023​ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ U23 អាស៊ី​អាគ្នេយ៍។

នៅ​ឯ​​ពូល​ B វិញ មាន​បី​ក្រុម​​ រួម​មាន​ ទីម័រ​ខាងកើត ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ ខណៈ​ដែល​ពូល​ C រួម​មាន វៀតណាម ហ្វ៊ីលីពីន និង​ឡាវ​។

ក្រុម​ទាំង​អស់​ត្រូវ​ប្រកួត​​​វិលមួយ​​ជុំ​ រួច​​បូក​ពិន្ទុ​​ដើម្បី​ដាក់​ចំណាត់​ថ្នាក់​។ បីក្រុម​ដែល​ជាប់​លេខ​មួយ​ក្នុង​ពូល​នីមួយ​ៗ​ រួម​នឹង​​ក្រុម​លេខ​ពីរ​មួយ​ក្រុម​ដែល​មាន​ថ្វី​ជើង​ល្អ​បំផុត ​នឹង​ដណ្ដើម​បាន​សិទ្ធិ​ឡើង​​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

យោង​តាម​ទំព័រ​បណ្ដាញ​សង្គម Cambodian Premier League ការប្រកួតរបស់កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃទី 17 ដល់ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2023​។

ការប្រកួត​បាល់​ទាត់​នៃពានរង្វាន់យុវជន​អាយុ​ក្រោម​ 23 ឆ្នាំនៅ​តំបន់អាស៊ាន (AFF U23 Championship 2023) នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី 17 សីហា ដល់ 26 សីហា​។ វៀតណាម​គឺ​​ជា​ក្រុម​​​ជើង​ឯក​ U23 អាស៊ី​អាគ្នេយ៍ឆ្នាំ 2022​ ដោយ​បាន​ផ្ដួល​ U23 ថៃ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​៕

Advertisement